“សូម​មក​ជា​បន្ទាន់។ នាវា​យើង​បាន​បុក​ផ្ទាំង​ទឹកកក​ហើយ”។ នេះ​ជា​ពាក្យ​សម្តី​ទីមួយ ដែល​លោក​ហារល ខូថាម(Harold Cottam) ដែល​ជា​អ្នក​កាន់​វិទ្យុ​ទាក់ទង​នៅ​លើ​នាវា RMS ខាផាធា បាន​ទទួល​ពី​នាវា​ទីតានិច ដែល​កំពុង​លិច ​នៅ​ម៉ោង​១២:២៥ យប់ ថ្ងៃ១៥ ខែ​មេសា ឆ្នាំ​១៩១២។ នាវា​ខាផាធា​គឺ​ជា​នាវា​ទីមួយ ដែល​បាន​ទៅ​ដល់​កន្លែង​ដែល​មាន​គ្រោះ​មហន្ត​រាយ​នោះ​មុន​គេ ដោយ​បាន​សង្រ្គោះ​ជីវិត​មនុស្ស​បាន​៧០៦​នាក់។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក នៅ​ចំពោះ​មុខ​ព្រឹទ្ធសភា​អាមេរិក លោក​កាពីទែន អាធ័រ រ៉ូស្រ្តុន(Arthur Rostron) បាន​បក​ស្រាយ​ថា “រឿង​នេះ​ទាំង​មូល គឺ​ពិត​ជា​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ… កាល​នោះ អ្នក​កាន់​វិទ្យុ​ទាក់ទង ​កំពុង​តែ​នៅ​ក្នុង​កាប៊ីន​របស់​គាត់ គឺ​មិន​ស្ថិត​ក្នុង​ពេល​បំពេញ​ភារកិច្ច​ឡើយ តែ​គាត់​គ្រាន់​តែ​ស្តាប់​វិទ្យុ​ទាក់​ទង​ដែល​បាន​បើក​ចោល ខណៈ​ពេល​ដែល​គាត់​កំពុង​ផ្លាស់​សំលៀក​បំពាក់…  ហើយ​បើ​គាត់​ចូល​គេង ក្នុង​រយៈ​ពេល​១០​នាទី​ទៀត នោះ​យើង​ក៏​មិន​បាន​ទទួល​សារ​ពី​នាវា​ទីតានិច​ដែរ”។​

ការ​ស្តាប់​មាន​សារៈ​សំខាន់ ជា​ពិសេស​ការ​ស្តាប់​ព្រះ​សូរ​សៀង​ព្រះ។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៨៥ ដែល​ជា​កូន​ៗ​របស់​លោក​កូរេ​បាន​ជំរុញ​ឲ្យ​មាន​ការ​ស្តាប់​បង្គាប់​ព្រះ ដោយ​យក​ចិត្ត​ទុក​ដាក់។ គឺ​ដូច​ដែល​ពួក​គេ​បាន​សរសេរ​ថា “ខ្ញុំ​នឹង​ស្តាប់​សេចក្តី​ដែល​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ ទ្រង់​នឹង​មាន​ព្រះបន្ទូល​មក ដ្បិត​ទ្រង់​នឹង​មាន​ព្រះបន្ទូល​ពី​សេចក្តី​សុខ​ដល់​រាស្ត្រ​ទ្រង់ និង​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់ កុំ​ឲ្យ​តែ​គេ​វិល​ត្រឡប់​ទៅ​ឯ​សេចក្តី​ចំកួត​ទៀត​ឡើយ ពិត​ប្រាកដ​ជា​សេចក្តី​សង្គ្រោះ​របស់​ទ្រង់ នៅ​ជិត​នឹង​អស់​អ្នក​ដែល​កោតខ្លាច​ដល់​ទ្រង់”(ខ.៨-៩)។ ការ​ដាស់​តឿន​របស់​ពួក​គេ សំខាន់​ណាស់ ព្រោះ​បុព្វបុរស​របស់​ពួកគេ​បាន​បះបោរ​ទាស់​នឹង​ព្រះ ហើយ​ក៏​បាន​វិនាស​នៅ​វាល​រហោស្ថាន​(ជនគណនា ១៦:១-៣៥)។

នៅ​យប់​ដែល​នាវា​ទីតានិច​លិច មាន​នាវា​មួយ​ទៀត ដែល​ស្ថិត​នៅ​ចម្ងាយ​ជិត​ជាង ប៉ុន្តែ អ្នក​កាន់​វិទ្យុ​នៃនាវា​នោះ​បាន​ចូល​គេង។ បើ​គាត់​បាន​ស្តាប់​ឮ​សម្លេង​គេ​ទាក់​ទង​សុំ​ជំនួយ នោះ​គេ​អាច​ជួយ​សង្រ្គោះ​ជីវិត​មនុស្ស​បាន​ច្រើន​ជាង​នេះ​ទៀត។ ពេល​ណា​យើង​ស្តាប់​ព្រះ ដោយ​ស្តាប់​បង្គាប់​តាម​ការ​បង្រៀន​របស់​ព្រះ​អង្គ នោះ​ទ្រង់​នឹង​ជួយ​យើង​ឆ្លង​កាត់​ទឹក​ដ៏​គ្រោះ​ថ្នាក់​បំផុត​នៃ​ជីវិត។—James Banks