“សូមមកជាបន្ទាន់។ នាវាយើងបានបុកផ្ទាំងទឹកកកហើយ”។ នេះជាពាក្យសម្តីទីមួយ ដែលលោកហារល ខូថាម(Harold Cottam) ដែលជាអ្នកកាន់វិទ្យុទាក់ទងនៅលើនាវា RMS ខាផាធា បានទទួលពីនាវាទីតានិច ដែលកំពុងលិច នៅម៉ោង១២:២៥ យប់ ថ្ងៃ១៥ ខែមេសា ឆ្នាំ១៩១២។ នាវាខាផាធាគឺជានាវាទីមួយ ដែលបានទៅដល់កន្លែងដែលមានគ្រោះមហន្តរាយនោះមុនគេ ដោយបានសង្រ្គោះជីវិតមនុស្សបាន៧០៦នាក់។
ប៉ុន្មានថ្ងៃក្រោយមក នៅចំពោះមុខព្រឹទ្ធសភាអាមេរិក លោកកាពីទែន អាធ័រ រ៉ូស្រ្តុន(Arthur Rostron) បានបកស្រាយថា “រឿងនេះទាំងមូល គឺពិតជាស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះ… កាលនោះ អ្នកកាន់វិទ្យុទាក់ទង កំពុងតែនៅក្នុងកាប៊ីនរបស់គាត់ គឺមិនស្ថិតក្នុងពេលបំពេញភារកិច្ចឡើយ តែគាត់គ្រាន់តែស្តាប់វិទ្យុទាក់ទងដែលបានបើកចោល ខណៈពេលដែលគាត់កំពុងផ្លាស់សំលៀកបំពាក់… ហើយបើគាត់ចូលគេង ក្នុងរយៈពេល១០នាទីទៀត នោះយើងក៏មិនបានទទួលសារពីនាវាទីតានិចដែរ”។
ការស្តាប់មានសារៈសំខាន់ ជាពិសេសការស្តាប់ព្រះសូរសៀងព្រះ។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ជំពូក៨៥ ដែលជាកូនៗរបស់លោកកូរេបានជំរុញឲ្យមានការស្តាប់បង្គាប់ព្រះ ដោយយកចិត្តទុកដាក់។ គឺដូចដែលពួកគេបានសរសេរថា “ខ្ញុំនឹងស្តាប់សេចក្តីដែលព្រះយេហូវ៉ាដ៏ជាព្រះ ទ្រង់នឹងមានព្រះបន្ទូលមក ដ្បិតទ្រង់នឹងមានព្រះបន្ទូលពីសេចក្តីសុខដល់រាស្ត្រទ្រង់ និងពួកអ្នកបរិសុទ្ធរបស់ទ្រង់ កុំឲ្យតែគេវិលត្រឡប់ទៅឯសេចក្តីចំកួតទៀតឡើយ ពិតប្រាកដជាសេចក្តីសង្គ្រោះរបស់ទ្រង់ នៅជិតនឹងអស់អ្នកដែលកោតខ្លាចដល់ទ្រង់”(ខ.៨-៩)។ ការដាស់តឿនរបស់ពួកគេ សំខាន់ណាស់ ព្រោះបុព្វបុរសរបស់ពួកគេបានបះបោរទាស់នឹងព្រះ ហើយក៏បានវិនាសនៅវាលរហោស្ថាន(ជនគណនា ១៦:១-៣៥)។
នៅយប់ដែលនាវាទីតានិចលិច មាននាវាមួយទៀត ដែលស្ថិតនៅចម្ងាយជិតជាង ប៉ុន្តែ អ្នកកាន់វិទ្យុនៃនាវានោះបានចូលគេង។ បើគាត់បានស្តាប់ឮសម្លេងគេទាក់ទងសុំជំនួយ នោះគេអាចជួយសង្រ្គោះជីវិតមនុស្សបានច្រើនជាងនេះទៀត។ ពេលណាយើងស្តាប់ព្រះ ដោយស្តាប់បង្គាប់តាមការបង្រៀនរបស់ព្រះអង្គ នោះទ្រង់នឹងជួយយើងឆ្លងកាត់ទឹកដ៏គ្រោះថ្នាក់បំផុតនៃជីវិត។—James Banks