ក្នុង​អំឡុង​ពេល​នៃ​ការ​បិទ​ខ្ទប់​ទីក្រុង ដោយសារ​ជំងឺ​រាត​ត្បាត លោក​ជើរី(Jerry) បាន​បង្ខំ​ចិត្ត​បិទ​កន្លែង​ហាត់​ប្រាណ​របស់​គាត់ ហើយ​ក៏​បាត់​បង់​ប្រាក់​ចំណូល​អស់​ជា​ច្រើន​ខែ។ ថ្ងៃ​មួយ គាត់​បាន​ទទួល​សារ​ក្នុង​ទូរស័ព្ទ ពី​មិត្ត​ភក្តិ​ម្នាក់ ដែល​សុំ​ជួប​គាត់ នៅ​កន្លែង​ហាត់​ប្រាណ​របស់​គាត់ នៅ​ម៉ោង​៦​ល្ងាច។ លោក​ជើរី​មិន​បាន​ដឹង​អំពី​គោល​បំណង​នៃ​ការ​ជួប​នោះ​ទេ តែ​គាត់​ក៏​បាន​សម្រេច​ចិត្ត​ទៅ​ជួប​គេ។ មិន​យូរ​ប៉ុន្មាន មាន​ឡាន​ជា​ច្រើន​គ្រឿង​បាន​ចាប់​ផ្តើម​បើក​ចូល​ក្នុង​ចំណត​រថយន្ត។ អ្នក​បើក​បរ​ឡាន​ទី​មួយ ក៏​បាន​ដាក់​កញ្ច្រែង​មួយ នៅ​លើ​ចិញ្ចើម​ផ្លូវ នៅ​ក្បែរ​អគារ​នោះ។ បន្ទាប់​មក ឡាន​ក៏​បាន​បើក​កាត់​តាម​នោះ​ម្តង​មួយ​ៗ​(ប្រហែល​៥០​គ្រឿង)។ មនុស្ស​នៅ​ក្នុង​រថយន្ត​ទាំង​នោះ​បាន​គ្រវី​ដៃ​ដាក់​លោក​ជើរី ឬ​និយាយ​ពាក្យ​សួស្តី ទៅ​កាន់​គាត់ ហើយ​ឈប់​ឡាន​នៅ​ក្បែរ​កញ្ច្រែង​នោះ ដើម្បី​ទម្លាក់​កាត ឬ​ក្រដាស​ប្រាក់​ចូល​ក្នុង​កញ្ច្រែង​នោះ។ អ្នក​ខ្លះ​បាន​លះ​បង់​ប្រាក់​របស់​ខ្លួន តែ​ពួក​គេ​សុទ្ធ​តែ​បាន​ចំណាយ​ពេល​លើក​ទឹក​ចិត្ត​គាត់។

សេចក្តី​ស្រឡាញ់​ពិត​ប្រាកដ​មាន​ការ​លះ​បង់ នេះ​បើ​យោង​តាម​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល។ គាត់​បាន​ពន្យល់​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស​ថា ពួកជំនុំ​នៅ​ទីក្រុង​ម៉ាសេដូន​បាន “ស្ម័គ្រ​ចិត្ត​តាម​កំឡាំង​ ហើយ​ហួស​កំឡាំង​ផង” ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ពួក​សាវ័ក និង​អ្នក​ដទៃ​(២កូរិនថូស ៨:៣)។ ពួកគេ​ថែម​ទាំង​ទទូច​សុំ​សាវ័ក​ប៉ុល ឲ្យ​ផ្តល់​ឱកាស ឲ្យ​ពួក​គេ​ដាក់​ដង្វាយ​ដល់​ពួក​សាវ័ក និង​ដល់​រាស្រ្ត​របស់​ព្រះ។ ការ​លះ​បង់​របស់​ពួក​គេ គឺ​បាន​យក​គំរូ​តាម​ព្រះ​ទ័យ​របស់​ព្រះ​យេស៊ូវ ដែល​មាន​ការ​លះបង់។​ ព្រះអង្គ​បាន​បោះ​បង់​ចោល​ភាព​មាន​បាន នៅ​នគរ​ស្ថាន​សួគ៌ ដើម្បី​យាង​ចុះ​មក​ផែន​ដី ធ្វើ​ជា​អ្នក​បម្រើ ហើយ​លះបង់​ព្រះ​ជន្ម​ព្រះ​អង្គ។​ “​ទោះ​បើ​ទ្រង់​ជា​សេដ្ឋី​ក៏​ដោយ គង់​តែ​ទ្រង់​បាន​ត្រឡប់​ជា​ក្រ ដោយ​ព្រោះ​អ្នក​រាល់​គ្នា”(ខ.៩)។

ចូរ​យើង​ទូល​អង្វរ​ដល់​ព្រះ​ផង​ដែរ ដើម្បី​ឲ្យ​យើង “​បាន​ធ្វើ​គុណ​នេះ​រឹត​តែ​ច្រើន​ឡើង”(ខ.៧) ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​អ្នក​ដទៃ។​—Anne Cetas