យុវជន​ម្នាក់​មាន​ក្តី​ស្រមៃ​ចង់​ជោគជ័យ ក្នុង​អាជីព​ជា​កីឡាករ។ ពេល​ដែល​ក្តី​ស្រមៃ​នោះ​ ជួប​ការ​ខកខាន​ជា​បណ្តោះ​អាសន្ន គាត់​ក៏​បាន​ផ្ញើ​សារ​ទៅ​ម្តាយ​របស់​គាត់​ថា “កូន​មិន​យល់​ផែនការ​របស់​ព្រះ​អង្គ​ទេ។ កូន​បាន​ថ្វាយ​ជីវិត​ដាច់​ដល់​ព្រះ​អង្គ​ហើយ។ ហេតុ​អ្វី​រឿង​នេះ​បាន​កើត​ឡើង​ចំពោះ​កូន?” ក្នុង​ចំណោម​យើង តើ​មាន​នរណា​ខ្លះ​ដែល​បាន​ជួប​រឿង​ខក​ចិត្ត ខុស​ពី​ការ​រំពឹង​គិត ធ្វើ​ឲ្យ​គំនិត​យើង​ជោរជន់​ទៅ​ដោយ​ការ​រអ៊ូរទាំ ឬ​សំណួរ? ឧទាហរណ៍ សមាជិក​គ្រួសារ​បាន​កាត់​ផ្តាច់​ទំនាក់​ទំនង ដោយ​គ្មាន​មូល​ហេតុ សុខភាព​ស្រាប់​តែ​ចុះ​ខ្សោយ​វិញ​ភ្លាម​ៗ ការ​បាត់​បង់​ការងារ ឬ​គ្រោះ​ថ្នាក់​ដែល​បាន​ផ្លាស់​ប្តូរ​ការ​រស់​នៅ។​

បទ​គម្ពីរ​យ៉ូប ១-២ បាន​ចែង​អំពី​សោកនាដកម្ម និង​ភាព​អន់​ថយ​ដែល​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់ ក្នុង​ជីវិត​លោក​យ៉ូប។ តាម​ស្តង់​ដារ​របស់​មនុស្ស មុន​ពេល​ដែល​ជីវិត​គាត់​ធ្លាក់​ចុះ ជីវិត​របស់​លោក​យ៉ូប​ហាក់​ដូច​ជា​មិន​មាន​បញ្ហា​អ្វី​ទេ។ លោក​យ៉ូប “ជា​អ្នក​គ្រប់​លក្ខណ៍ ហើយ​ទៀង​ត្រង់ ដែល​គោរព​កោតខ្លាច​ដល់​ព្រះ ក៏​ចៀស​ចេញ​ពី​សេចក្តី​អាក្រក់”(យ៉ូប ១:១)។ ប៉ុន្តែ​ ជីវិត​មនុស្ស​មិន​តែង​តែ​មាន​ដំណើរ​ការ ដូច​អ្វី​ដែល​យើង​ចង់​បាន គឺ​មិន​ខុស​ពី​ជីវិត​របស់​លោក​យ៉ូប​ឡើយ។ ពេល​ដែល​ភរិយា​គាត់​ប្រាប់​គាត់​ឲ្យ “ប្រមាថ​ដល់​ព្រះ ហើយ​ស្លាប់”(២:៩) លោក​យ៉ូប​ក៏​បាន​ឆ្លើយ​តប​ចំពោះ​នាង ដោយ​ពាក្យ​សម្តី​ប្រកប​ដោយ​ប្រាជ្ញា និង​ការ​ប្រៀន​ប្រដៅ ហើយ​សក្តិសម​នឹង​ឲ្យ​យើង​យក​គំរូ​តាម។ បាន​ជា​ពេល​ណា​រឿង​ហេតុ​កើត​ឡើង ទោះ​តូច​ឬ​ធំ​ក្តី ដែល​យើង​មិន​ចង់​ជួប ចូរ​យើង​ពោល​ថា “យើង​ទទួល​សេចក្តី​ល្អ​មក​ពី​ព្រះ តើ​មិន​ត្រូវ​ទទួល​សេចក្តី​អាក្រក់​ដែរ​ទេ​ឬ?” គ្រប់​ទាំង​សេចក្តី​ទាំង​នោះ យ៉ូប​មិន​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង ដោយ​បបូរ​មាត់​ទេ(ខ.១០)។

ដោយ​ពឹង​អាង​កម្លាំង​របស់​ព្រះ ចូរ​យើង​នៅ​តែ​ទុក​ចិត្ត និង​គោរព​កោត​ខ្លាច​ព្រះ​អង្គ សូម្បី​តែ​នៅ​ពេល​ដែល​យើង​មិន​អាច​យល់ អំពី​របៀប​ដែល​ព្រះអង្គ​កំពុង​ធ្វើ​ការ ក្នុង​អំឡុង​ពេល​ដ៏​ពិបាក​នៃ​ជីវិត។​—Arthur Jackson