មាន​ស្រ្តី​ពីរ​នាក់​អង្គុយ​នៅ​កៅអី​សង្ខាង​ផ្លូវ​ដើរ​ក្នុង​យន្ត​ហោះ។ ការ​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​នេះ មាន​រយៈ​ពេល​២​ម៉ោង ដូច​នេះ ទោះ​ចង់​ឬ​មិន​ចង់ ខ្ញុំ​ក៏​បាន​ឃើញ​ការ​ទំនាក់​ទំនង​រវាង​អ្នក​ទាំង​ពីរ។ ខ្ញុំ​អាច​មើល​ឃើញ​ច្បាស់​ថា ពួក​គេ​ស្គាល់​គ្នា ហើយ​អាច​ជា​សាច់​ញាតិ​នឹង​គ្នា។ អ្នក​ដែល​ក្មេង​ជាង​គេ ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​(ប្រហែល​មាន​អាយុ​៦០​ឆ្នាំ​ប្លាយ) ចេះ​តែ​លូកដៃ​ចូល​ទៅ​ក្នុង​ថង់ យក​ចំណិត​ផ្លែ​ប៉ោម ចែក​ឲ្យ​ស្រ្តី​ដែល​មាន​វ័យ​ចាស់​ជាង​(ប្រហែល​៩០​ឆ្នាំ​ប្លាយ) បន្ទាប់​មក ក៏​បាន​ហុច​នំ​សាំង​វិច​តូច​ៗ រួច​ក៏​បាន​ឲ្យ​ក្រដាស​សើម​សម្រាប់​ជូត​សម្អាត ហើយ​ទី​បំផុត ក៏​បាន​ចែក​កាសែត​ញូយ៉ក​ថែម ឲ្យ​មើល​ទៀត។​ ការ​ហុច​ឲ្យ​មួយ​លើក​ៗ ត្រូវ​បាន​ធ្វើ​ឡើង យ៉ាង​ទន់​ភ្លន់ ដោយ​ភាព​ថ្លៃ​ថ្នូរ​យ៉ាង​ខ្លាំង។ ខណៈ​ពេល​ដែល​យើង​ក្រោក​ឡើង ដើម្បី​ចាក​ចេញ​ពី​យន្ត​ហោះ ខ្ញុំ​ក៏​បាន​ប្រាប់​ស្រ្តី​ដែល​មាន​វ័យ​ក្មេង​ជាង​ថា “ខ្ញុំ​បាន​កត់​សំគាល់​ឃើញ ​អ្នក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់។ អ្នក​ពិត​ជា​ចិត្ត​ល្អ​ណាស់”។ នាង​ក៏​បាន​ឆ្លើយ​តប​ថា “គាត់​ជា​មិត្ត​ល្អ​បំផុត​របស់​ខ្ញុំ។ គាត់​ជា​ម្តាយ​ខ្ញុំ”។​

តើ​វា​អស្ចារ្យ​ប៉ុណ្ណា បើ​សិន​ជា​យើង​សុទ្ធ​តែ​អាច​និយាយ​ដូច​គាត់? ឪពុក​ម្តាយ​ខ្លះ ប្រៀប​ដូច​ជា​មិត្ត​ល្អ​បំផុត​របស់​យើង។ តែ​ឪពុក​ម្តាយ​ខ្លះ​មិន​ដូច្នោះ​ទេ។ តាម​ពិត ទំនាក់​ទំនង​ទាំង​នោះ ច្រើន​តែ​មាន​ភាព​ស្មុគ​ស្មាញ។ សំបុត្រ​ដែល​សាវ័ក​ប៉ុល​សរសេរ​ផ្ញើ​ទៅ​លោក​ធីម៉ូថេ មិន​បាន​មិន​អើពើ ចំពោះ​ភាព​ស្មុគស្មាញ​នេះ​ឡើយ តែ​បាន​បង្រៀន​យើង ឲ្យ​ថែរក្សា​ឪពុក​ម្តាយ និង​ជីដូន​ជីតា ឬ​សាច់​ញាតិ​របស់​យើង និយាយ​រួម​គឺ​ក្រុម​គ្រួសារ​យើង​(១ធីម៉ូថេ ៥:៤,៨)។

មាន​ពេល​ជា​ញឹក​ញាប់​ពេក​ហើយ ដែល​យើង​ធ្វើការ​ថែរក្សា​ដូច​នេះ បើ​សិន​ជា​សមាជិក​គ្រួសារ​យើង​ធ្វើ​ល្អ​ចំពោះ​យើង។ ឬ​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា យើង​ធ្វើ​ដូច​នេះ បើ​សិន​ជា​យើង​គិត​ថា ពួក​គាត់​សក្តិសម​នឹង​ទទួល​វា។ ប៉ុន្តែ សាវ័ក​ប៉ុល​បាន​ផ្តល់​ឲ្យ​នូវ​ហេតុ​ផល​ដ៏​ល្អ ដែល​យើង​ត្រូវ​តប​ស្នង​ពួក​គេ។ យើង​ថែរក្សា​ពួក​គេ គឺ​ដោយ​សារ ការ​នេះ​ធ្វើ​ឲ្យ​ព្រះ​ទ្រង់​គាប់​ព្រះ​ទ័យ​(ខ.៤)។—John Blasé