មាន​ពេល​មួយ លោក​រ៉ូបឺត(Robert) បាន​មក​ចូល​រួម​ការ​ប្រជុំ ដែល​មាន​ការ​ញំា​អាហារ​ពេល​ព្រឹក។ គាត់​មាន​អារម្មណ៍​ថា ខ្មាស​គេ ពេល​ដឹង​ខ្លួន​ថា គាត់​បាន​ភ្លេច​យក​កាបូប​លុយ​មក។ បញ្ហា​នេះ​បាន​រំខាន​គាត់​ជា​ខ្លាំង ដល់​ថ្នាក់​គាត់​គិត​ថា តើ​គាត់​គួរ​តែ​កុំ​ញាំ​អាហារ​ពេល​ព្រឹក​ ឬ​គ្រាន់​តែ​រក​អ្វី​ផឹក​បាន​ហើយ។ បន្ទាប់​ពី​មិត្ត​ភក្តិ​គាត់​បាន​លើក​ទឹក​ចិត្ត​គាត់​ហើយ គាត់​ក៏​បាន​សម្រួល​ឥរិយាបថ។  គាត់ និង​មិត្ត​ភក្តិ​គាត់​ក៏​បាន​ញាំ​អាហារ​ពេល​ព្រឹក ដោយ​អំណរ ហើយ​មិត្ត​ភក្តិ​គាត់​ក៏​បាន​ចេញ​ថ្លៃ​អាហារ​ឲ្យ​គាត់​យ៉ាង​រីករាយ។

អ្នក​ប្រហែល​ជា​ធ្លាប់​ជួប​រឿង​នេះ ឬ​រឿង​ផ្សេង​ទៀត ដែល​ធ្វើ​ឲ្យ​អ្នក​ចាំ​បាច់​ត្រូវ​ទទួល​ជំនួយ​ពី​អ្នក​ដទៃ។ វា​ជា​រឿង​ធម្មតា​ទេ ដែល​យើង​ចង់​ចេញ​លុយ ដោយ​ខ្លួន​ឯង ប៉ុន្តែ នៅ​ពេល​ខ្លះ យើង​ត្រូវ​តែ​បន្ទាប​ខ្លួន ទទួល​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​មក​យើង ដោយ​ព្រះ​គុណ​ទ្រង់។​

ការ​តប​ស្នង​ប្រភេទ​ខ្លះ អាច​ជា​អ្វី​ដែល​កូន​ពៅ​វង្វេង​បាន​គិត​ដល់ ក្នុង​បទ​គម្ពីរ ១៥:១៧-២៤ ខណៈ​ពេល​ដែល​គាត់​ពិចារណា អំពី​ពាក្យ​ដែល​គាត់​ត្រូវ​និយាយ​ទៅ​កាន់​ឪពុក​គាត់។ គឺ​ដូច​ដែល​គាត់​បាន​និយាយ​ថា “ខ្ញុំ​នេះ​មិន​គួរ​ឲ្យ​គេ​ហៅ​ជា​កូន​លោក​ឪពុក​ទៀត​ទេ សូម​ទទួល​ខ្ញុំ ទុក​ដូច​ជា​ជើង​ឈ្នួល​លោក​ឪពុក​វិញ​ចុះ”(ខ.១៩)។ តើ​គេ​ត្រូវ​ចាត់​ទុក​គាត់​ជា​ជើង​ឈ្នួល​ឬឪពុក​គាត់ មិន​ធ្វើ​ដូច​នេះ​ទេ! ក្នុង​កែវ​ភ្នែក​របស់​ឪពុក​គាត់ គាត់​ជា​កូន​ជា​ទីស្រឡាញ់ ដែល​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ។ ហេតុ​នេះ​ហើយ គាត់​ក៏​បាន​ទទួល​ការ​ឱប​ថើប​ដោយ​ក្តី​ស្រឡាញ់​ពី​ឪពុក​គាត់​(ខ.២០)។ នេះ​ជា​រូបភាព​ដ៏​មាន​ន័យ នៅ​ក្នុង​ដំណឹង​ល្អ។  វា​បាន​រំឭក​យើង​ថា ដោយសារ​ការ​សុគត​របស់​ព្រះ​យេស៊ូវ នោះ​ព្រះ​អង្គ​បាន​បើក​បង្ហាញ​ព្រះ​វរបិតា​ដែល​មាន​ក្តី​ស្រឡាញ់ ដែល​បើក​ព្រះ​ពាហុ​ចំហ ទទួល​ស្វាគមន៍​កូន​របស់​ទ្រង់ ដែល​វិល​ត្រឡប់​មក​វិញ ដោយ​ដៃ​ទទេ។ អ្នក​និពន្ធ​ទំនុក​សកល​ម្នាក់​បាន​បក​ស្រាយ​យ៉ាង​ដូច​នេះ​ថា “ទូល​បង្គំ​ចូល​មក ដោយ​គ្មាន​អ្វី​ក្នុង​ដៃ គឺ​គ្រាន់​តែ​ចង់​តោង​ឈើ​ឆ្កាង​ព្រះ​អង្គ​ឲ្យ​ជាប់”។—Arthur Jackson