សណ្ឋាគារ ឌែន នៅ​ទីក្រុង​យេរូសាឡិម បាន​ផ្លាស់​ប្តូរ​ឈ្មោះ​ថ្មី ក្នុង​ឆ្នាំ​២០២០ ទៅ​ជា “សណ្ឋាគារ​កូរ៉ូណា”។ រដ្ឋាភិបាល​ប្រទេស​អ៊ីស្រាអែល បាន​សម្រេច​ប្រើ​ប្រាស់​សណ្ឋាគារ​នេះ សម្រាប់​ឲ្យ​អ្នក​ជំងឺ​កូវីត​១៩ សម្រាក​ព្យាបាល ហើយ​គេ​ក៏​បាន​ទទួល​ស្គាល់​ថា សណ្ឋាគារ​នេះ​ជា​ទីកន្លែង​ដ៏​កម្រ ដែល​មាន​ក្តី​អំណរ និង​ការ​រួប​រួម ក្នុង​ពេល​ដ៏​ពិបាក​នេះ។ ដោយសារ​អ្នក​ដែល​មក​ស្នាក់​នៅ​ទីនោះ សុទ្ធ​តែ​មាន​វីរុស​កូវីត ដូចនេះ​ពួក​គេ​អាច​ច្រៀង រាំ និង​សើច​សប្បាយ​ជា​មួយ​គ្នា ដោយ​សេរី។ ខណៈ​ពេល​ដែល​ភាព​តាន​តឹង​ ក្នុង​ប្រទេស​នេះ កំពុង​តែ​មាន​ការ​កើន​ឡើង រវាង​ក្រុម​នយោបាយ និង​សាសនា​ផ្សេង​ៗ  អ្នក​ជំងឺ​ទាំង​នោះ​ក៏​កំពុង​តែ​ស្ថិត​នៅ​ក្នុង​រឿង​វិបត្តិ​តែ​មួយ ដែល​នាំ​ឲ្យ​ពួក​គេ​មាន​ឱកាស​មើល​គ្នា​ទៅ​វិញ​ទៅ​មក ឃើញ​ភាព​ជា​មនុស្ស ក្នុង​ពួក​គេ​ម្នាក់​ៗ ហើយ​ថែម​ទាំង​ក្លាយ​ជា​មិត្ត​ភក្តិ​ផង​ដែរ។​

វា​ជា​រឿង​ធម្មតា​ទេ ដែល​យើង​ជួប​ការ​ទាក់​ទាញ ឲ្យ​ងាក​ទៅ​រក​អ្នក​ដែល​យើង​យល់​ថា មាន​លក្ខណៈ​ស្រដៀង​យើង  គឺ ​មនុស្ស​ដែល​យើង​សង្ស័យ​ថា មាន​បទ​ពិសោធន៍ និង​គោល​តម្លៃ​ស្រដៀង​នឹង​យើង។ ប៉ុន្តែ ដូច​ដែល​សាវ័ក​ប៉ុល​ច្រើន​តែ​និយាយ​សង្កត់​ធ្ងន់ ដំណឹង​ល្អ​គឺ​ជា​ការ​ប្រឆាំង​មក​លើ​រនាំង​នៃ​ទំនាក់​ទំនង​រវាង​មនុស្ស និង​មនុស្ស ដែល​យើង​មើល​ឃើញ​ថា “ជា​រឿង​ធម្មតា”(២កូរិនថូស ៥:១៥)។ តាម​រយៈ​កញ្ចក់​ឆ្លុះ​មើលនៃ​ដំណឹង​ល្អ យើង​មើល​ឃើញ​រូប​ភាព ដែល​ធំ​ជាង​ភាព​ខុស​គ្នា​របស់​យើង គឺ​ឃើញ​បញ្ហា​ដែល​យើង​មាន​ដូច​គ្នា ដែល​មាន​ដូច​ជា ភាព​ប្រេះ​បែក ការ​ស្រេក​ឃ្លាន និង​ការ​ត្រូវ​ការ​ការ​ប្រោស​ឲ្យ​ជា ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ដើម។​

បើ​យើង​ជឿ​ថា​ ព្រះ​គ្រីស្ទ​បាន​សុគត​សម្រាប់​មនុស្ស​ទាំង​អស់ នោះ​យើង​ក៏​មិន​អាចពេញ​ចិត្ត នឹង​ការ​សន្និដ្ឋាន​រាក់​កំភែល មក​លើ​អ្នក​ដទៃ​ដែរ​។ ផ្ទុយ​ទៅ​វិញ “សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​បាន​ជំរុញ​ចិត្ត​យើង”(ខ.១៤) ឲ្យ​ចែក​ចាយ​សេចក្តី​ស្រឡាញ់ និង​បេសកកម្ម​របស់​ទ្រង់ ដល់​អ្នក​ដែល​ព្រះ​ទ្រង់​បាន​ស្រឡាញ់ ហួស​​ការ​ស្រមៃ​របស់​យើង ពោល​គឺ ព្រះ​អង្គ​ស្រឡាញ់​យើង​រាល់​គ្នា​ខ្លាំង​ណាស់។—Monica La Rose