លោកឌែរល(Darryl) ជាកីឡាករវាយកូនបាល់បេសប៊លដ៏ល្បីល្បាញ ស្ទើរតែបានបំផ្លាញជីវិតខ្លួនឯង ដោយសារថ្នាំញៀន។ ប៉ុន្តែ ព្រះយេស៊ូវបានរំដោះគាត់ឲ្យមានសេរីភាព ហើយគាត់ក៏បានជ្រះស្អាតអស់ជាច្រើនឆ្នាំមកហើយ។ សព្វថ្ងៃនេះ គាត់កំពុងជួយអ្នកដទៃ ដែលកំពុងមានបញ្ហាញៀនថ្នាំ ហើយនាំពួកគេឲ្យស្គាល់ព្រះយេស៊ូវ។ ពេលគាត់ក្រឡេកមើលពេលអតីតកាល គាត់បានបញ្ជាក់ថា ព្រះទ្រង់បានកែប្រែភាពរញ៉េរញ៉ៃរបស់គាត់ ឲ្យក្លាយជាឧបករណ៍នាំព្រះរាជសាររបស់ព្រះអង្គ ដល់អ្នកដទៃ។
គ្មានការអ្វីដែលពិបាកពេក សម្រាប់ព្រះនោះឡើយ។ កាលព្រះយេស៊ូវយាងឡើងច្រាំង នៅក្បែរកន្លែងបញ្ចុះសពមួយ បន្ទាប់ពីព្រះអង្គ និងពួកសិស្សបានជួបខ្យល់ព្យុះ នៅសមុទ្រកាលីឡេ នោះមានបុរសម្នាក់ដែលអារក្សចូល បានស្ទុះមករកព្រះអង្គ។ ព្រះយេស៊ូវក៏បានមានបន្ទូលទៅកាន់ពួកអារក្សដែលនៅក្នុងគាត់ ហើយក៏បានបណ្តេញវិញ្ញាណអាក្រក់ទាំងនោះចេញ ហើយក៏បានរំដោះគាត់ឲ្យមានសេរីភាព។
កាលទ្រង់បានយាងចុះទូក នោះអ្នកដែលអារក្សចូលពីដើម គាត់ក៏សូមទៅជាមួយនឹងទ្រង់ តែទ្រង់មិនអនុញ្ញាតទេ ដោយព្រះបន្ទូលថា “ចូរទៅផ្ទះទៅ ហើយប្រាប់បងប្អូនឯងពីការធំទាំងម៉្លេះ ដែលព្រះអម្ចាស់បានមេត្តាប្រោសដល់ឯងវិញ”(ម៉ាកុស ៥:១៩)។
ព្រះគម្ពីរក៏មិនបាននិយាយអំពីគាត់ទៀតទេ តែបានបង្ហាញនូវរឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយ។ ប្រជាជននៅតំបន់នោះ បានអង្វរព្រះយេស៊ូវ ដោយការភ័យខ្លាច ឲ្យព្រះអង្គចាកចេញពីភូមិពួកគេ(ខ.១៧) ប៉ុន្តែ ពេលព្រះអង្គយាងត្រឡប់មកភូមិនោះម្តងទៀត ពួកបណ្តាជនមួយហ្វូងធំបានជួបជុំគ្នា(៨:១)។ តើមនុស្សមកជួបជុំគ្នាច្រើនយ៉ាងនេះ ដើម្បីមកស្តាប់ព្រះអង្គ គឺដោយសារព្រះអង្គបានចាត់បុរសនោះឲ្យទៅប្រាប់ពួកគេឬ? តើដោយសារគាត់ដែលធ្លាប់អារក្សចូល បានក្លាយជាបេសកជន ដែលនាំដំណឹងនៃសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ ទៅប្រាប់គេយ៉ាងមានប្រសិទ្ធិភាពឬ?
យើងមិនដឹងថា រឿងនេះបានកើតឡើងយ៉ាងដូចម្តេចទេ។ តែយើងអាចដឹងច្បាស់ថា ពេលណាព្រះទ្រង់រំដោះយើង ឲ្យមានសេរីភាព ដើម្បីបម្រើព្រះអង្គ នោះព្រះអង្គអាចកែប្រែអតីតកាលដ៏រញ៉េរញ៉ៃរបស់យើង ឲ្យក្លាយជាព្រះរាជសារនៃក្តីសង្ឃឹម និងក្តីស្រឡាញ់។—James Banks