លោក​ឌែរល(Darryl) ជា​កីឡាករ​វាយ​កូន​បាល់​បេសប៊ល​ដ៏​ល្បី​ល្បាញ ​ស្ទើរ​តែ​បាន​បំផ្លាញ​ជីវិត​​ខ្លួន​ឯង ដោយ​សារ​ថ្នាំ​ញៀន។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​រំដោះ​គាត់​ឲ្យ​មាន​សេរីភាព ហើយ​គាត់​ក៏​បាន​ជ្រះ​ស្អាត​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ សព្វ​ថ្ងៃ​នេះ គាត់​កំពុង​ជួយ​អ្នក​ដទៃ ដែល​កំពុង​មាន​បញ្ហា​ញៀន​ថ្នាំ ហើយ​នាំ​ពួក​គេ​ឲ្យ​ស្គាល់​ព្រះ​យេស៊ូវ។ ពេល​គាត់​ក្រឡេក​មើល​ពេល​អតីត​កាល គាត់​បាន​បញ្ជាក់​ថា ព្រះ​ទ្រង់​បាន​កែ​ប្រែ​ភាព​រញ៉េរញ៉ៃ​របស់​គាត់ ឲ្យ​ក្លាយ​ជា​ឧបករណ៍​នាំ​ព្រះ​រាជ​សារ​របស់​ព្រះ​អង្គ ដល់​អ្នក​ដទៃ។​

គ្មាន​ការ​អ្វី​ដែល​ពិបាក​ពេក សម្រាប់​ព្រះ​នោះ​ឡើយ។ កាល​ព្រះ​យេស៊ូវ​យាង​ឡើង​ច្រាំង នៅ​ក្បែរ​កន្លែង​បញ្ចុះ​សព​មួយ បន្ទាប់​ពី​ព្រះ​អង្គ​ និង​ពួក​សិស្ស​បាន​ជួប​ខ្យល់​ព្យុះ​ នៅ​​សមុទ្រ​កាលីឡេ នោះ​មាន​បុរស​ម្នាក់​ដែល​អារក្ស​ចូល បាន​ស្ទុះ​មក​រក​ព្រះ​អង្គ។ ព្រះ​យេស៊ូវ​ក៏​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​អារក្ស​ដែល​នៅ​ក្នុង​គាត់ ហើយ​ក៏​បាន​បណ្តេញ​វិញ្ញាណ​អាក្រក់​ទាំង​នោះ​ចេញ ហើយ​ក៏​បាន​រំដោះ​គាត់​ឲ្យ​មាន​សេរីភាព។

កាល​ទ្រង់​បាន​យាង​ចុះ​ទូក នោះ​អ្នក​ដែល​អារក្ស​ចូល​ពី​ដើម គាត់​ក៏​សូម​ទៅ​ជា​មួយ​នឹង​ទ្រង់ តែ​ទ្រង់​មិន​អនុញ្ញាត​ទេ ដោយ​ព្រះបន្ទូល​ថា “ចូរ​ទៅ​ផ្ទះ​ទៅ ហើយ​ប្រាប់​បង​ប្អូន​ឯង​ពី​ការ​ធំ​ទាំង​ម៉្លេះ ដែល​ព្រះអម្ចាស់​បាន​មេត្តា​ប្រោស​ដល់​ឯង​វិញ”(ម៉ាកុស ៥:១៩)។

ព្រះ​គម្ពីរ​ក៏​មិន​បាន​និយាយ​អំពី​គាត់​ទៀត​ទេ តែ​បាន​បង្ហាញ​នូវ​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ។ ប្រជាជន​នៅ​តំបន់​នោះ បាន​អង្វរ​ព្រះ​យេស៊ូវ ដោយ​ការ​ភ័យ​ខ្លាច ឲ្យ​ព្រះ​អង្គ​ចាក​ចេញ​ពី​ភូមិ​ពួក​គេ​(ខ.១៧) ប៉ុន្តែ ពេល​ព្រះ​អង្គ​យាង​ត្រឡប់​មក​ភូមិ​នោះ​ម្តង​ទៀត ពួក​បណ្តាជន​មួយ​ហ្វូង​ធំ​បាន​ជួប​ជុំគ្នា​(៨:១)។ តើ​មនុស្ស​មក​ជួប​ជុំ​គ្នា​ច្រើន​យ៉ាង​នេះ ដើម្បី​មក​ស្តាប់​ព្រះ​អង្គ គឺ​ដោយ​សារ​ព្រះ​អង្គ​បាន​ចាត់​បុរស​នោះ​ឲ្យ​ទៅ​ប្រាប់​ពួក​គេ​ឬ? តើ​ដោយ​សារ​គាត់​ដែល​ធ្លាប់​អារក្ស​ចូល បាន​ក្លាយ​ជា​បេសកជន ដែល​នាំ​ដំណឹង​នៃ​សេចក្តី​សង្រ្គោះ​របស់​ព្រះយេស៊ូវ ទៅ​ប្រាប់​គេ​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​ឬ?

យើង​មិន​ដឹង​ថា រឿង​នេះ​បាន​កើត​ឡើង​យ៉ាង​ដូច​ម្តេច​ទេ។ តែ​យើង​អាច​ដឹង​ច្បាស់​ថា ពេល​ណា​ព្រះ​ទ្រង់​រំដោះ​យើង ឲ្យ​មាន​សេរីភាព ដើម្បី​បម្រើ​ព្រះ​អង្គ នោះ​ព្រះ​អង្គ​អាច​កែប្រែ​អតីតកាល​ដ៏​រញ៉េរញ៉ៃ​របស់​យើង ឲ្យ​ក្លាយ​ជា​ព្រះ​រាជ​សារ​នៃ​ក្តី​សង្ឃឹម និង​ក្តី​ស្រឡាញ់។​—James Banks