អ្នកដឹកនាំព្រះវិហារម្នាក់គេងមិនលក់។ ខណៈពេលដែលសង្រ្គាមលោកលើកទី២កំពុងតែរាលដាលកាន់តែខ្លាំង គាត់ក៏បានប្រាប់ទាហានអាមេរិកមួយក្រុមតូចថា ពួកគេមិនអាចយកសពមិត្តរួមអាវុធរបស់ពួកគេ ទៅបញ្ចុះក្នុងរបងទីបញ្ចុះសពរបស់ព្រះវិហារបស់គាត់បានទេ។ ទីបញ្ចុះសពនោះសម្រាប់តែសមាជិកព្រះវិហារប៉ុណ្ណោះ។ ដូចនេះ ទាហានទាំងនោះក៏បានបញ្ចុះសពរបស់មិត្តសំឡាញ់ខ្លួន នៅក្រៅរបងព្រះវិហារ។
ទោះជាយ៉ាងណាក៏ដោយ ព្រឹកឡើង ទាហានទាំងនោះមិនអាចរកឃើញផ្នូរនោះ។ ទាហានម្នាក់ក៏បានទៅសួរលោកគ្រូគង្វាលថា “លោកគ្រូ តើមានរឿងអ្វីកើតឡើង? ផ្នូរនោះបាត់ហើយ”។ គាត់ប្រាប់ទាហាននោះថា “អូហ៍ ផ្នូរនោះនៅកន្លែងដដែលទេ”។ ទាហាននោះក៏មានការភ័ន្តភាំង ប៉ុន្តែ គាត់ក៏បានពន្យល់ថា “កាលពីយប់មិញ ខ្ញុំបានក្រោកឡើង ហើយក៏បានរើរបងព្រះវិហារចេញ”។
ព្រះទ្រង់ក៏អាចផ្តល់ឲ្យយើងនូវទស្សនៈថ្មីៗ សម្រាប់បញ្ហាប្រឈមក្នុងជីវិតរបស់យើងផងដែរ បើសិនជាយើងស្វែងរកប្រាជ្ញាពីព្រះអង្គ។ នេះក៏ជាអ្វីដែលហោរាអេសាយ បាននិយាយទៅកាន់រាស្រ្តអ៊ីស្រាអែល ដែលកំពុងទទួលរងការសង្កត់សង្កិន។ ពួកគេមិនត្រូវងាកទៅរកអតីតកាលទេ ផ្ទុយទៅវិញ ត្រូវបែរមករកព្រះ មើលព្រះអង្គធ្វើការអស្ចារ្យថ្មីៗ និងនាំពួកគេដើរតាមផ្លូវថ្មី។ ព្រះអង្គបានជំរុញពួកគេថា “កុំឲ្យឯងរាល់គ្នានឹងចាំពីការទាំងប៉ុន្មានដែលកន្លងទៅហើយ …មើល អញនឹងធ្វើការ១ថ្មីវិញ”(អេសាយ ៤៣:១៨-១៩)។ ព្រះអង្គជាប្រភពនៃក្តីសង្ឃឹម ក្នុងអំឡុងពេលដែលយើងមានការសង្ស័យ និងសង្រ្គាម។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “អញឲ្យមានទឹកនៅក្នុងទីរហោស្ថាន និងទន្លេនៅសមុទ្រខ្សាច់ ដើម្បីឲ្យរាស្ត្រអញ គឺជាពួកជ្រើសរើសនោះបានទឹកផឹក”(ខ.២០)។
កាលណាយើងមានទស្សនៈថ្មីពីព្រះ នោះយើងក៏អាចមើលឃើញទិសដៅថ្មីមកពីព្រះអង្គ ក្នុងជីវិតយើង។ ចូរយើងប្រើភ្នែកថ្មីរបស់យើង មើលផ្លូវថ្មីរបស់ព្រះអង្គ។ បន្ទាប់មក ចូរយើងបោះជំហានដោយចិត្តក្លាហាន ចូលទៅក្នុងទឹកដីថ្មី ដើម្បីដើរតាមព្រះអង្គ។—Patricia Raybon