ក្នុង​ទីក្រុង​មីសូ ប្រទេស​ឥណ្ឌា មាន​អគារ​សាលា​រៀន​មួយ​ខ្នង សង់​ឡើង​ពី​ទូរថភ្លើង​ពីរ​ ដែល​គេ​បាន​ជួស​ជុល​តភ្ជាប់​គ្នា។ គ្រូ​បង្រៀន​ក្នុង​តំបន់​បាន​រួប​រួម​គ្នា ជា​មួយ​ក្រុម​ហ៊ុន​អយស្ម័យយាន​និរតី ដើម្បី​ទិញ និង​កែ​លម្អ​ទូរថភ្លើង​ដែល​គេ​បាន​ឈប់​ប្រើ​ប្រាស់​នោះ។ ទូរថភ្លើង​នោះ​ប្រៀប​ដូច​ជា​ប្រអប់​ដែក​ធំ​ៗ ដែល​គេ​មិន​អាច​ប្រើប្រាស់​បាន ទាល់​តែ​ពួក​ជាង​បាន​ដំឡើង​ជណ្តើរ កង្ហារ អំពូលភ្លើង និង​តុ​ហើយ​សិន។ ពួក​ជាង​ក៏​បាន​លាប​ពណ៌​ជញ្ជាំង និង​បន្ថែម​រូប​គំនូរ នៅ​លើ​ជញ្ជាំង​ខាង​ក្រៅ និង​ខាង​ក្នុង។ សព្វ​ថ្ងៃ​នេះ មាន​សិស្ស​៦០​នាក់​បាន​ចូល​រៀន ក្នុង​ថ្នាក់​រៀន​នោះ ដោយសារ​តែ​ការ​កែ​ប្រែ​ដ៏​អស្ចារ្យ ដែល​បាន​កើត​ឡើង។​

មាន​រឿង​អស្ចារ្យ​ជាង​នេះ​ទៀត កើត​ឡើង ពេល​ដែល​យើង​អនុវត្ត​តាម​ការ​បង្គាប់​របស់​សាវ័ក​ប៉ុល ឲ្យ “​ផ្លាស់​ប្រែ​ ដោយ​គំនិត​បាន​កែ​ជា​ថ្មី​ឡើង”(រ៉ូម ១២:២)។ ខណៈ​ពេល​ដែល​យើង​អនុញ្ញាត​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​កាត់​ផ្តាច់​យើង​ចេញពី​លោកិយ និង​ផ្លូវ​របស់​វា គំនិត និង​អាកប្ប​កិរិយា​របស់​យើង​ក៏​ចាប់​ផ្តើម​ផ្លាស់​ប្តូរ។ យើង​ផ្លាស់​ប្រែ ទៅ​ជា​មនុស្ស​ដែល​មាន​ក្តី​ស្រឡាញ់ ក្តី​សង្ឃឹម និង​សន្តិភាព​ក្នុង​ចិត្ត​កាន់​តែ​ខ្លាំង​(៨:៦)។

រឿង​ផ្សេង​ទៀត​ក៏​កើត​ឡើង​ផង​ដែរ។ ដំណើរ​ការ​នៃ​ការ​ផ្លាស់​ប្រែ​នេះ​នៅ​តែ​បន្ត​ទៅ​មុខ​ទៀត ហើយ​ជា​ញឹក​ញាប់ មាន​ការ​ឈប់ និង​ចាប់​ផ្តើម​ឡើង​វិញ​ជា​ញឹក​ញាប់​ជាង​ការ​ជិះ​រថ​ភ្លើង​ទៀត តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដំណើរ​ការ​នេះ នឹង​ជួយ​យើង​ឲ្យ​យល់​អំពី​ការ​អ្វី​ដែល​ព្រះ​​ទ្រង់​សព្វ​ព្រះ​ទ័យ សម្រាប់​ជីវិត​យើង។ ការ​ផ្លាស់​ប្រែ​នោះ​នាំ​យើង​ទៅ​កន្លែង ដែល​យើង “នឹង​រៀន​ស្គាល់​បំណង​ព្រះ​ទ័យ​ព្រះ” (១២:២)។ ការ​រៀន​ស្គាល់​បំណង​ព្រះ​ទ័យ​ព្រះ តែង​តែ​រាប់​បញ្ចូល​ការ​តម្រង់​ខ្លួន​យើង ឲ្យ​​ស្រប​នឹង​ចរិយា​សម្បត្តិ និង​ព្រះ​រាជ​កិច្ច​ដែល​ទ្រង់​មាន ក្នុង​លោកិយ​នេះ។​

សាលា​រៀន​ដែល​កើត​ឡើង​ពី​ការ​ផ្លាស់​ប្តូរ​នោះ មាន​ឈ្មោះ​ថា ណាលី ខាលី នៅ​ប្រទេស​ឥណ្ឌា មាន​ន័យ​ថា “ការរៀន​សូត្រ ដ៏​រីក​រាយ”។ តើ​អំណាច​នៃ​ការ​ផ្លាស់​ប្រែ​របស់​ព្រះ បាន​ដឹក​នាំ​អ្នក​យ៉ាង​ណា​ខ្លះ ដើម្បី​ឲ្យ​អ្នក​រៀន​ស្គាល់​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ ដោយ​អំណរ?—Jennifer Benson Schuldt