ក្នុងទីក្រុងមីសូ ប្រទេសឥណ្ឌា មានអគារសាលារៀនមួយខ្នង សង់ឡើងពីទូរថភ្លើងពីរ ដែលគេបានជួសជុលតភ្ជាប់គ្នា។ គ្រូបង្រៀនក្នុងតំបន់បានរួបរួមគ្នា ជាមួយក្រុមហ៊ុនអយស្ម័យយាននិរតី ដើម្បីទិញ និងកែលម្អទូរថភ្លើងដែលគេបានឈប់ប្រើប្រាស់នោះ។ ទូរថភ្លើងនោះប្រៀបដូចជាប្រអប់ដែកធំៗ ដែលគេមិនអាចប្រើប្រាស់បាន ទាល់តែពួកជាងបានដំឡើងជណ្តើរ កង្ហារ អំពូលភ្លើង និងតុហើយសិន។ ពួកជាងក៏បានលាបពណ៌ជញ្ជាំង និងបន្ថែមរូបគំនូរ នៅលើជញ្ជាំងខាងក្រៅ និងខាងក្នុង។ សព្វថ្ងៃនេះ មានសិស្ស៦០នាក់បានចូលរៀន ក្នុងថ្នាក់រៀននោះ ដោយសារតែការកែប្រែដ៏អស្ចារ្យ ដែលបានកើតឡើង។
មានរឿងអស្ចារ្យជាងនេះទៀត កើតឡើង ពេលដែលយើងអនុវត្តតាមការបង្គាប់របស់សាវ័កប៉ុល ឲ្យ “ផ្លាស់ប្រែ ដោយគំនិតបានកែជាថ្មីឡើង”(រ៉ូម ១២:២)។ ខណៈពេលដែលយើងអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធកាត់ផ្តាច់យើងចេញពីលោកិយ និងផ្លូវរបស់វា គំនិត និងអាកប្បកិរិយារបស់យើងក៏ចាប់ផ្តើមផ្លាស់ប្តូរ។ យើងផ្លាស់ប្រែ ទៅជាមនុស្សដែលមានក្តីស្រឡាញ់ ក្តីសង្ឃឹម និងសន្តិភាពក្នុងចិត្តកាន់តែខ្លាំង(៨:៦)។
រឿងផ្សេងទៀតក៏កើតឡើងផងដែរ។ ដំណើរការនៃការផ្លាស់ប្រែនេះនៅតែបន្តទៅមុខទៀត ហើយជាញឹកញាប់ មានការឈប់ និងចាប់ផ្តើមឡើងវិញជាញឹកញាប់ជាងការជិះរថភ្លើងទៀត តែទោះជាយ៉ាងណាក៏ដោយ ដំណើរការនេះ នឹងជួយយើងឲ្យយល់អំពីការអ្វីដែលព្រះទ្រង់សព្វព្រះទ័យ សម្រាប់ជីវិតយើង។ ការផ្លាស់ប្រែនោះនាំយើងទៅកន្លែង ដែលយើង “នឹងរៀនស្គាល់បំណងព្រះទ័យព្រះ” (១២:២)។ ការរៀនស្គាល់បំណងព្រះទ័យព្រះ តែងតែរាប់បញ្ចូលការតម្រង់ខ្លួនយើង ឲ្យស្របនឹងចរិយាសម្បត្តិ និងព្រះរាជកិច្ចដែលទ្រង់មាន ក្នុងលោកិយនេះ។
សាលារៀនដែលកើតឡើងពីការផ្លាស់ប្តូរនោះ មានឈ្មោះថា ណាលី ខាលី នៅប្រទេសឥណ្ឌា មានន័យថា “ការរៀនសូត្រ ដ៏រីករាយ”។ តើអំណាចនៃការផ្លាស់ប្រែរបស់ព្រះ បានដឹកនាំអ្នកយ៉ាងណាខ្លះ ដើម្បីឲ្យអ្នករៀនស្គាល់បំណងព្រះទ័យព្រះអង្គ ដោយអំណរ?—Jennifer Benson Schuldt