បានដោះសោរឲ្យរួច
ក្មេងប្រុសម្នាក់បានមានជម្ងឺពិការខួរក្បាលពីកំណើត បានជាគាត់មិនអាចនិយាយ ឬទំនាក់ទំនងជាមួយគេឯងបានទេ។ ប៉ុន្តែ ម្តាយរបស់គាត់ គឺអ្នកស្រី ចាន់ថល ប្រាយអិន(Chantal Bryan) មិនដែលបោះបង់ការតស៊ូឡើយ ហើយនៅពេលដែលគាត់មានអាយុ១០ឆ្នាំ ម្តាយគាត់បានរកឃើញវិធីទំនាក់ទំនងជាមួយគាត់ តាមរយៈចលនាភ្នែកគាត់ និងក្តាខៀនដែលមានអក្សរ។
បន្ទាប់ពីការរកឃើញដំណោះស្រាយនេះ ម្តាយគាត់ក៏បានមានប្រសាសន៍ថា “សោររបស់គាត់ត្រូវបានដោះចេញ ឲ្យគាត់អាចទំនាក់ទំនងបាន ហើយឥឡូវនេះ យើងអាចសួរសំណួរអីក៏បានទៅកាន់គាត់?” សព្វថ្ងៃនេះ យ៉ូណាថានអាចអាន និងសរសេរអត្ថបទជាច្រើន រាប់បញ្ចូលទាំងបទកំណាព្យ ដោយធ្វើការទំនាក់ទំនង តាមរយៈភ្នែករបស់គាត់។ ពេលយើងសួរគាត់ថា តើគាត់មានអារម្មណ៍យ៉ាងណា ពេលដែលគាត់អាច “ជជែក” ជាមួយក្រុមគ្រួសារ និងមិត្តភក្តិគាត់ គាត់ក៏បានឆ្លើយថា “វាពិតជាអស្ចារ្យណាស់ ដែលខ្ញុំអាចនិយាយប្រាប់ពួកគេថា ខ្ញុំស្រឡាញ់ពួកគេ”។
រឿងរបស់កុមារយ៉ូណាថាន ពិតជាបានប៉ះពាល់ចិត្តខ្ញុំណាស់ ហើយក៏បាននាំឲ្យខ្ញុំពិចារណា អំពីរបៀបដែលព្រះទ្រង់បានបើកសោរ ដើម្បីដោះយើង ឲ្យរួចពីគុកនៃអំពើបាប។ គឺដូចដែលសាវ័កប៉ុលបានសរសេរសំបុត្រផ្ញើទៅគ្រីស្ទបរិស័ទ នៅក្រុងកូល៉ុសថា “យើង ពីដើម ត្រូវពង្រាត់ចេញ”(កូល៉ុស ១:២១) គំនិតអាក្រក់របស់យើងបានធ្វើឲ្យយើងក្លាយជាខ្មាំងសត្រូវទ្រង់ ប៉ុន្តែ តាមរយៈការសុគតរបស់ព្រះគ្រីស្ទនៅលើឈើឆ្កាង ឥឡូវនេះ ទ្រង់បានថ្វាយយើងរាល់គ្នា ជាដង្វាយបរិសុទ្ធ ឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន នៅចំពោះទ្រង់(ខ.២២)។ សព្វថ្ងៃនេះ យើងអាច “រស់នៅបែបគួរនឹងព្រះអម្ចាស់”…
ហៅយើងចំឈ្មោះ
អ្នកផ្សាយពាណិជ្ជកម្មបានធ្វើការសន្និដ្ឋានថា ពាក្យសម្តីដែលទាក់ទាញអារម្មណ៍ទស្សនិកជនបំផុត គឺឈ្មោះរបស់ពួកគេ។ ហេតុនេះហើយ ប៉ុស្ទទូរទស្សន៍មួយ នៅចក្រភពអង់គ្លេស ក៏បានចាប់ផ្តើមការផ្សាយពាណិជ្ជកម្មមានលក្ខណៈផ្ទាល់ខ្លួន ជាលើកដំបូង តាមរយៈសេវ៉ាកម្មចាក់ផ្សាយតាមបណ្តាញអ៊ីនធើណិតរបស់ខ្លួន។
យើងប្រហែលជាសប្បាយចិត្ត ពេលបានឮឈ្មោះយើង នៅក្នុងការផ្សាយក្នុងទូរទស្សន៍ ប៉ុន្តែ វាមិនសូវមានន័យសម្រាប់យើងទេ បើសិនជាអ្នកដែលបានហៅឈ្មោះយើងនោះ មិនបានស្រឡាញ់យើងទេនោះ។
នាងម៉ារា ដែលជាអ្នកស្រុកម៉ាក់ដាឡា បានទៅមើលផ្នូរដែលគេបានបញ្ចុះព្រះសពព្រះយេស៊ូវ បន្ទាប់ពីទ្រង់បានសុគតនៅលើឈើឆ្កាង។ ពេលនោះ នាងមានអំណរយ៉ាងខ្លាំង ដោយបានឮទ្រង់មានបន្ទូលហៅឈ្មោះនាង (យ៉ូហាន ២០:១៦)។ គ្រាន់តែបានឮឈ្មោះនាង នាងក៏បានងាកទៅរកគ្រូ ដែលនាងបានស្រឡាញ់ និងដើរតាម។ ពេលនោះ នាងប្រាកដជាមានការភ្ញាក់ផ្អើល ហើយមានអំណរជាខ្លាំងណាស់។ ការដែលទ្រង់បានហៅឈ្មោះនាង ដោយភាពស្និទ្ធស្នាលដូចនេះ គឺបានផ្តល់ឲ្យនូវការបញ្ជាក់ ដល់នាងថា ព្រះដែលបានស្គាល់នាង គ្មានកន្លែងចន្លោះ ទ្រង់នៅមានព្រះជន្មរស់ ហើយសុគតទៀតទេ។
នាងម៉ារាបានឃើញ និងបានឮព្រះយេស៊ូវមានបន្ទូលដោយផ្ទាល់ ក្នុងពេលដ៏ពិសេសនោះ ប៉ុន្តែ ព្រះទ្រង់ក៏បានស្រឡាញ់យើងផ្ទាល់ៗខ្លួនផងដែរ។ ព្រះយេស៊ូវបានប្រាប់នាងម៉ារាថា ទ្រង់នឹងយាងឡើងទៅព្រះវរបិតាទ្រង់វិញ(ខ.១៧) ប៉ុន្តែ ទ្រង់បានប្រាប់ពួកសិស្សទ្រង់ផងដែរថា ទ្រង់នឹងមិនទុកឲ្យពួកគេឯកកោឡើយ(យ៉ូហាន ១៤:១៥-១៨)។ ព្រះទ្រង់នឹងចាត់ព្រះវិញ្ញាណបរិសុទ្ធ ឲ្យគង់នៅ ក្នុងចិត្តកូនរបស់ទ្រង់(កិច្ចការ ២:១-១៣)។
រឿងរបស់ព្រះអម្ចាស់ មិនបានផ្លាស់ប្តូរឡើយ។ ទោះនៅក្នុងអតីតកាល ឬនៅពេលបច្ចុប្បន្នក្តី ទ្រង់នៅតែស្គាល់អ្នក…
ព្រះទ្រង់កំពុងធ្វើការទ្រង់
មានពេលមួយ ខ្ញុំបានសួរមិត្តភក្តិមួយចំនួនថា “តើអ្នកបានឃើញព្រះទ្រង់ធ្វើការយ៉ាងដូចម្តេចខ្លះ នៅពេលថ្មីៗនេះ?” មានម្នាក់ឆ្លើយថា គាត់ឃើញទ្រង់កំពុងធ្វើការរបស់ទ្រង់ ពេលដែលគាត់អានខគម្ពីរ រៀងរាល់ពេលព្រឹក។ គាត់ឃើញទ្រង់កំពុងធ្វើការទ្រង់ ខណៈពេលដែលទ្រង់ជួយគាត់ឲ្យប្រឈមមុខនឹងថ្ងៃថ្មី ។ គាត់ឃើញទ្រង់កំពុងធ្វើការរបស់ទ្រង់ ពេលដែលគាត់ដឹងថា ទ្រង់បានគង់នៅជាមួយគាត់ គ្រប់ជំហាន និយាយរួម គាត់ដឹងពីរបៀបដែលទ្រង់បានជួយគាត់ ឲ្យប្រឈមមុននឹងឧបស័គ្គ ហើយទន្ទឹមនឹងនោះ ទ្រង់ប្រទានឲ្យគាត់មានក្តីអំណរ។ ខ្ញុំពេញចិត្តនឹងចម្លើយមួយនេះ ព្រោះវាបានឆ្លុះបញ្ចាំងឲ្យយើងដឹងថា ព្រះទ្រង់គង់នៅក្បែរ និងធ្វើការនៅក្នុងអ្នកដែលស្រឡាញ់ទ្រង់ តាមរយៈព្រះបន្ទូលទ្រង់ និងព្រះវត្តមាននៃព្រះវិញ្ញាណដែលគង់នៅក្នុងអ្នកនោះ។
ការដែលព្រះទ្រង់ធ្វើការនៅក្នុងអ្នកដើរតាមទ្រង់ គឺជាសេចក្តីអាថ៌កំបំាងដ៏អស្ចារ្យ ដែលអ្នកនិពន្ធព្រះគម្ពីរហេព្រើរបានបកស្រាយ ខណៈពេលដែលគាត់បានបញ្ចប់សំបុត្ររបស់គាត់ ដោយសូមឲ្យ “ទ្រង់ធ្វើការក្នុងពួកគេ ដែលគាប់ដល់ព្រះហឫទ័យនៃទ្រង់ ដោយសារព្រះយេស៊ូវគ្រីស្ទ(ហេព្រើរ ១៣:២១)។ នៅក្នុងសេចក្តីបញ្ចប់នៃសំបុត្រនេះ អ្នកនិពន្ធបាននិយាយសង្កត់ធ្ងន់ អំពីអត្ថន័យដ៏សំខាន់នៃសំបុត្រនេះថា ព្រះទ្រង់នឹងបំពាក់សមត្ថភាពរាស្រ្តទ្រង់ ដើម្បីឲ្យដើរតាមទ្រង់ ហើយថា ព្រះទ្រង់នឹងធ្វើការក្នុង និងតាមរយៈពួកគេ ដើម្បីជាសិរីល្អដល់ទ្រង់។
ការដែលព្រះទ្រង់ធ្វើការក្នុងយើង គឺជាអំណោយ ដែលអាចធ្វើឲ្យយើងមានការភ្ញាក់ផ្អើល ដូចជា នៅពេលយើងអត់ទោសឲ្យនរណាម្នាក់ ដែលបានធ្វើខុសមកលើយើង ឬនៅពេលដែលយើងបង្ហាញភាពអត់ធ្មត់ ដល់អ្នកដែលធ្វើឲ្យយើងមានការពិបាកជាដើម។ ព្រះនៃយើង “ជាព្រះនៃសេចក្តីសុខសាន្ត”(ខ.២០) ទ្រង់បានបំពេញយើងដោយសេចក្តីស្រឡាញ់ និងសេចក្តីសុខសាន្ត នៅក្នុង និងតាមរយៈយើង។ តើអ្នកបានឃើញព្រះទ្រង់ធ្វើការរបស់ទ្រង់ យ៉ាងណាខ្លះ…
ការនៅជាប់ព្រះបន្ទូលព្រះ
បន្ទាប់ពីខ្ញុំបានជូនកូនស្រីខ្ញុំ ដល់សាលាហើយ ខ្ញុំបានដើរជាច្រើនគីឡូម៉ែត្រ ត្រឡប់មកផ្ទះវិញ។ ការនេះបាននាំឲ្យខ្ញុំ មានឱកាសទន្ទេញខគម្ពីរមួយចំនួន ប្រសិនបើខ្ញុំ ចង់ទន្ទេញខគម្ពីរទាំងនោះ។ ពេលដែលខ្ញុំចំណាយពេលប៉ុន្មាននាទីនោះ ដើម្បីរំឭកព្រះបន្ទូលព្រះ ក្នុងគំនិតខ្ញុំ ជាញឹកញាប់ ខ្ញុំសង្កេតឃើញថា ព្រះបន្ទូលទ្រង់ច្រើនតែវិលត្រឡប់មករកខ្ញុំទៀត នៅថ្ងៃដដែលនោះ ដែលនាំឲ្យខ្ញុំមានការកម្សាន្តចិត្ត និងប្រាជ្ញា។
ពេលលោកម៉ូសេនំាពួកអ៊ីស្រាអែល ឲ្យត្រៀមខ្លួនចូលទឹកដីសន្យា គាត់បានជំរុញពួកគេ ឲ្យនៅជាប់នឹងព្រះរាជបញ្ជា និងក្រឹត្យវិន័យរបស់ព្រះអម្ចាស់(ចោទិយកថា ៦:១-២)។ គាត់ចង់ឲ្យពួកគេមានភាពសម្បូរសប្បាយ បានជាគាត់ប្រាប់ពួកគេថា ពួកគេគួរតែរំឭកក្រឹត្យវិន័យរបស់ព្រះ នៅក្នុងគំនិតរបស់ពួកគេ ហើយបង្រៀនកូនចៅពួកគេ ឲ្យចេះក្រឹត្យវិន័យទ្រង់ផងដែរ(ខ.៦-៧)។ គាត់ថែមទាំងបានប្រាប់ពួកគេ ឲ្យសរសេរក្រឹត្យវិន័យទ្រង់នៅលើស្លាក ហើយចងវានៅលើកដៃ និងលើថ្ងាសផងដែរ(ខ.៨)។ គាត់មិនចង់ឲ្យពួកគេភ្លេចព្រះរាជបញ្ជារបស់ព្រះ ដែលបានបង្គាប់ពួកគេឲ្យរស់នៅ ជារាស្រ្ត ដែលថ្វាយព្រះកិត្តិនាម ដល់ព្រះអម្ចាស់ ហើយអរសប្បាយនឹងព្រះពរទ្រង់។
តើអ្នកចង់ពិចារណាអំពីព្រះបន្ទូលព្រះ ដោយរបៀបណា នៅថ្ងៃនេះ? សូមសរសេរខគម្ពីរ យ៉ាងហោចណាស់ឲ្យបានមួយខ ហើយពេលណាអ្នកលាងដៃ ឬបរិភោគទឹក សូមសូត្រព្រះបន្ទូលទ្រង់ ហើយរំឭកខគម្ពីរនៅក្នុងគំនិតអ្នក។ ពុំនោះទេ ចូរពិចារណាអំពីបទគម្ពីរដ៏ខ្លីមួយ ទុកជាសកម្មភាពចុងក្រោយ ប្រចាំថ្ងៃ មុនពេលចូលគេង។ មានវិធីសាស្រ្តជាច្រើនទៀត ដើម្បីឲ្យព្រះបន្ទូលព្រះ នៅជាប់ក្នុងចិត្តយើង! —AMY BOUCHER PYE
ការកាត់ផ្តាច់ច្រវ៉ាក់
មានពេលមួយ ខ្ញុំបានទៅទស្សនាព្រះវិហារធំមួយ ដែលមានឈ្មោះថា ព្រះវិហារព្រះគ្រីស្ទ នៅក្រុងស្តូនថោន ក្នុងតំបន់ហ្សានហ្ស៊ីបា ហើយខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពេលដែលខ្ញុំដឹងថា ព្រះវិហារនេះមានទីតាំងនៅលើកន្លែង ដែលជាអតីតផ្សាទាសករដ៏ធំបំផុត នៅតំបន់អាហ្រ្វិកខាងកើត។ អ្នកគូរប្លង់រចនាព្រះវិហារធំនេះបានប្រើនិមិត្តសញ្ញាមួយ ដើម្បីបង្ហាញអំពីរបៀបដែលដំណឹងល្អ បានវាយបំបាក់ច្រវ៉ាក់នៃរបបទាសភាព។ កន្លែងនោះមិនមែនជាកន្លែងនៃការអាក្រក់ និងភាពសាហាវព្រៃផ្សៃទៀតឡើយ ប៉ុន្តែ ជាកន្លែងដែលគ្របដណ្តប់ទៅដោយព្រះគុណព្រះ។
អ្នកសាងសង់ព្រះវិហារធំនោះ ចង់បង្ហាញអំពីដំណើរនៃការសុគតរបស់ព្រះយេស៊ូវ នៅលើឈើឆ្កាង ដែលបានរំដោះយើងឲ្យរួចពីបាប គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ នៅក្នុងសំបុត្រ ដែលគាត់បានសរសេរផ្ញើទៅពួកជំនុំក្រុងអេភេសូរថា “យើងបានសេចក្តីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់”(អេភេសូរ ១:៧)។ ត្រង់ចំណុចនេះ គាត់បានប្រើពាក្យ ប្រោសលោះ ដែលគេនិយមប្រើ នៅក្នុងផ្សា នៅគ្រាសញ្ញាចាស់ ដែលមានការបង់ប្រាក់លោះមនុស្ស ឬវត្ថុណាមួយ។ ព្រះយេស៊ូវបានបង់ថ្លៃលោះ យើងម្នាក់ៗ ឲ្យរួចពីជីវិតជាទាសករ នៃអំពើបាប និងការប្រព្រឹត្តខុស។
ក្នុងដើមដំបូងនៃសំបុត្ររបស់សាវ័កប៉ុល(ខ.៣-១៤) គាត់បង្ហាញពីក្តីអំណរដ៏ពោរពេញ ដែលបានមកពីការគិត អំពីសេរីភាព ក្នុងព្រះគ្រីស្ទ។ គាត់បានចង្អុលបង្ហាញ អំពីព្រះរាជកិច្ចនៃព្រះគុណព្រះ ដែលបានប្រទានមកយើង តាមរយៈការសុគតរបស់ព្រះយេស៊ូវ ដែលបានរំដោះយើងឲ្យរួចពីចំណងនៃអំពើបាប។ យើងមិនចាំបាច់ត្រូវធ្វើជាទាសករនៃអំពើបាបទៀតទេ ដ្បិតទ្រង់បានរំដោះយើងឲ្យមានសេរីភាព ដើម្បីរស់នៅថ្វាយព្រះ និងថ្វាយសិរីល្អទ្រង់។—AMY BOUCHER PYE
កុំទាន់ប្រញាប់
លោកគ្រូដាឡាស វីឡាត(Dallas Willard)ធ្លាប់មានប្រសាសន៍ នៅក្នុងសេចក្តីបង្រៀនរបស់គាត់ថា “អ្នកត្រូវតែកំចាត់ភាពប្រញាប់ប្រញាល់ ដោយមិនបន្ធូរដៃ”។ ពេលដែលមិត្តភក្តិរបស់ខ្ញុំពីរនាក់ បានដកស្រង់សម្តីនេះ មកប្រាប់ខ្ញុំ ម្តងហើយម្តងទៀត ខ្ញុំក៏បានដឹងថា ខ្ញុំចាំបាច់ត្រូវយកវាមកពិចារណា។ តើខ្ញុំកំពុងតែខ្ជះខ្ជាយពេលវេលា និងកម្លាំង ត្រង់ចំណុចណាខ្លះ? ដែលសំខាន់ជាងនេះទៀតនោះ តើខ្ញុំកំពុងតែប្រញាប់ប្រញាល់ទៅណា ដោយមិនបានស្វែងរកការដឹកនាំ និងជំនួយមកពីព្រះ? ជាច្រើនសប្តាហ៍ ជាច្រើនខែក្រោយមក ខ្ញុំក៏បាននឹកចាំ អំពីពាក្យសម្តីទាំងនោះ ហើយក៏បានរៀបចំខ្លួន ឲ្យងាកបែរមករកព្រះអម្ចាស់ និងប្រាជ្ញារបស់ទ្រង់វិញ។ ខ្ញុំក៏បានរំឭកខ្លួនឯង ឲ្យទុកចិត្តទ្រង់ ជាជាងពឹងផ្អែកទៅលើគំនិតខ្លួនឯង។
សរុបមក ការប្រញាប់ប្រញាល់ យ៉ាងវឹកវរ ហាក់ដូចជា ផ្ទុយនឹង “សេចក្តីសុខ ឬសន្តិភាពដ៏ពេញខ្នាត” ដែលហោរាអេសាយ បានមានប្រសាសន៍។ ព្រះអម្ចាស់ប្រទានអំណោយនៃសេចក្តីសុខសាន្តដ៏ពេញខ្នាត ដល់ “អ្នកដែលមានគំនិតជាប់តាមទ្រង់” ព្រោះពួកគេបានទុកចិត្តទ្រង់ (ខ.៣)។ ហើយទ្រង់សក្តិសមនឹងឲ្យយើងទុកចិត្ត នៅថ្ងៃនេះ ថ្ងៃស្អែក និងជារៀងរហូត “ដ្បិតព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ជាថ្មដាដ៏នៅអស់កល្បជានិច្ច”(ខ.៤)។ ការទុកចិត្តព្រះ ដោយមានគំនិតជាប់តាមទ្រង់ គឺជាថ្នាំព្យាបាលជីវិតដែលមានភាពប្រញាប់ប្រញាល់។
ចុះចំណែកយើងវិញ? តើយើងមានអារម្មណ៍ថា យើងមានភាពប្រញាប់ប្រញាល់ ឬតក់ក្រហល់ឬទេ? យើងប្រហែលជាមានអារម្មណ៍ថា ខ្លួនមានសេចក្តីសុខសាន្ត ឬសន្តិភាពក្នុងចិត្ត។ ពុំនោះទេ យើងប្រហែលជាស្ថិតនៅចន្លោះកណ្តាល…
ម្កុដរបស់ស្តេច
មានពេលមួយ យើងបានអង្គុយនៅតុមួយ ដោយម្នាក់ៗបានយកឈើចាក់ធ្មេញ ដែលស្រួចៗដូចបន្លាដោតពីលើចានដែលធ្វើពីស្នោ ដែលនៅមុខយើង។ ក្នុងពេលដែលយើងញាំអាហារពេលល្ងាចថ្ងៃនោះ នៅសប្តាហ៍ដែលឈានទៅរកបុណ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ យើងក៏បានបង្កើតបានភួងបន្លាមួយ ដែលឈើចាក់ធ្មេញនីមួយៗជាតំណាងឲ្យការអ្វីដែលយើងបានប្រព្រឹត្ត តែព្រះគ្រីស្ទបានបង់ថ្លៃលោះយើងរួចហើយ។ ការអនុវត្តន៍ដូចនេះ បាននាំឲ្យយើងនឹកចាំថា យើងបានធ្វើអំពើបាបជាច្រើន បានជាយើងត្រូវការព្រះសង្រ្គោះមួយអង្គ ហើយយើងក៏នឹកចាំអំពីរបៀបដែលព្រះយេស៊ូវបានរំដោះយើងឲ្យរួចពីបាប ដោយការសុគតរបស់ទ្រង់ នៅលើឈើឆ្កាង។
ភួងបន្លាដែលគេបានក្រងឲ្យព្រះយេស៊ូវពាក់ ជាផ្នែកមួយនៃល្បែងដ៏ព្រៃផ្សៃ ដែលពួកទាហានរ៉ូម៉ាំងបានលេង មុនពេលគេយកទ្រង់ទៅឆ្កាង។ ពួកគេក៏បានឲ្យទ្រង់ពាក់រ៉ូបដូចស្តេច ហើយថ្វាយដំបងមួយ ធ្វើជាដំបងរាជរបស់ស្តេច តែក្រោយមក ពួកគេក៏បានយកដំបងនោះវាយទ្រង់។ ពួកគេបានចម្អកឲ្យទ្រង់ ដោយហៅទ្រង់ថា “ស្តេចនៃសាសន៍យូដា”(ម៉ាថាយ ២៧:២៩) ដោយមិនបានដឹងទេថា ទង្វើរបស់ពួកគេ នឹងត្រូវគេចងចាំអស់រាប់ពាន់ឆ្នាំក្រោយមកទៀត។ ទ្រង់មិនមែនជាក្សត្រធម្មតាឡើយ។ ទ្រង់ជាស្តេចលើអស់ទាំងស្តេច ដែលការសុគត និងការមានព្រះជន្មឡើងវិញរបស់ទ្រង់ បានប្រទានឲ្យយើងនូវជីវិតអស់កល្ប។
នៅពេលព្រឹកថ្ងៃបុណ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ពួកជំនុំរបស់ខ្ញុំបានអបអរសាទរ ដល់អំណោយនៃការអត់ទោសបាប និងជីវិតថ្មី ដោយប្រើឈើចាក់ធ្មេញ និងផ្កា ធ្វើជានិមិត្តរូប។ យើងពិតជាមានអំណរណាស់ ដោយដឹងថាព្រះបានលប់បាបយើងចោល ហើយប្រទានឲ្យយើងមានសេរីភាព និងជីវិតរស់នៅជារៀងរហូតជាមួយទ្រង់! —AMY BOUCHER PYE
ចានក្លាំនៃសេចក្តីស្រឡាញ់
ថ្ងៃមួយ នៅក្នុងថ្នាក់រូបវិទ្យាអស់កាលជាច្រើនឆ្នាំមកហើយ គ្រូបង្រៀន បានប្រាប់យើងកុំឲ្យងាកបែរក្រោយ ហើយសួរយើងថា “តើជញ្ជាំងខាងក្រោយរបស់ថ្នាក់រៀនយើង មានពណ៌អ្វី?” បើយើងមិនដែលបានចាប់អារម្មណ៍នឹងពណ៌របស់ជញ្ជាំងនោះទេ នោះយើងមិនអាចឆ្លើយសំណួរនេះបានឡើយ។
ជួនកាល យើងមិនបានចាប់អារម្មណ៍ ឬមើលរំលង “អ្វីមួយ” ដែលមានក្នុងជីវិតយើង ដោយសារយើងមិនអាចចាប់អារម្មណ៍ឲ្យបានគ្រប់ជ្រុងជ្រោយ។ ជួនកាល យើងមិនបានដឹងទេថា របស់នោះបាន នៅទីនោះ តាំងពីពេលណាមកទេ។
កាលពីពេលថ្មីៗនេះ ខ្ញុំបានអានសារឡើងវិញ នូវបទគម្ពីរដែលនិយាយអំពីព្រះយេស៊ូវលាងជើងឲ្យពួកសាវ័ក ហើយក្នុងរឿងនេះ មានចំណុចមួយចំនួន ដែលខ្ញុំមិនបានចាប់អារម្មណ៍កាលពីមុន។ ខ្ញុំមានការយល់ដឹងច្រើន អំពីរឿងនេះ ព្រោះគេច្រើនតែយករឿងនេះមកអាន ក្នុងអំឡុងពេលសប្តាហ៍នៃការរំឭកអំពីការរងទុក្ខរបស់ទ្រង់។ យើងមានការភ្ញាក់ផ្អើល ពេលដែលបានដឹងថា ព្រះសង្រ្គោះ និងព្រះដ៏ជាព្រះមហាក្សត្រនៃយើង ទ្រង់បានបន្ទន់ព្រះកាយចុះ ដើម្បីលាងជើងឲ្យពួកសាវ័ករបស់ទ្រង់។ នៅទឹកដីអ៊ីស្រាអែលសម័យនោះ សូម្បីតែអ្នកបម្រើ ក៏គេមិនឲ្យធ្វើកិច្ចការនេះដែរ ព្រោះគេយល់ថា វាជាកិច្ចការថោកទាបពេក។ ប៉ុន្តែ អ្វីដែលខ្ញុំមិនបានចាប់អារម្មណ៍ពីមុនមកនោះ គឺព្រះយេស៊ូវ ដែលជាមនុស្សផង និងជាព្រះផង ទ្រង់បានលាងជើងឲ្យយូដាស។ ទោះទ្រង់ជ្រាបថា យូដាសនឹងក្បត់ទ្រង់ក៏ដោយ ក៏ទ្រង់នៅតែបន្ទាបព្រះកាយ លាងជើងឲ្យយូដាស គឺដូចដែលមានចែងក្នុងបទគម្ពីរ យ៉ូហាន ១៣:១១។
សេចក្តីស្រឡាញ់របស់ទ្រង់បានបង្ហូរចូលទៅក្នុងទឹក គឺសេចក្តីស្រឡាញ់ដែលទ្រង់បានប្រទានឲ្យមនុស្សគ្រប់គ្នា សូម្បីតែអ្នកដែលក្បត់ទ្រង់ក៏ដោយ។ ខណៈពេលដែលយើងជញ្ជឹងគិត អំពីព្រឹត្តិការណ៍នៃសប្តាហ៍នេះ ដែលកំពុងឈានទៅរកពិធីរំឭកអំពីការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវ…
ការបំបាត់ការភ័យខ្លាច
រូបកាយរបស់យើងមានប្រតិកម្ម តាមអារម្មណ៍ភ័យខ្លាចរបស់យើង។ ការបុកពោះ ទន្ទឹមនឹងបេះដូងដែលលោតញាប់ ខណៈពេលដែលយើងដកដង្ហើមដង្ហក់ សុទ្ធតែជាសញ្ញាបង្ហាញថា យើងកំពុងមានការភ័យខ្លាច ឬថប់បារម្មណ៍ហើយ។ លក្ខណៈនៃរូបកាយរបស់យើង បានរារាំងមិនឲ្យយើងព្រងើយកន្តើយ ចំពោះអារម្មណ៍ដ៏ពិបាកនេះ។
ពួកសាវ័កបានជួបការភ័យខ្លាច នៅពេលយប់មួយ បន្ទាប់ពីព្រះយេស៊ូវបានធ្វើការអស្ចារ្យ ដោយប្រទានអាហារដល់មនុស្ស៥ពាន់នាក់ កាលពីពេលថ្ងៃ។ ព្រះអម្ចាស់ទ្រង់បានចាត់ពួកគេ ឲ្យទៅក្រុងបេតសៃដា ដើម្បីឲ្យទ្រង់មានពេលអធិស្ឋានម្នាក់ឯង។ ក្នុងអំឡុងពេលយប់នោះ ពួកគេបានអុំទូកបញ្ច្រាស់ខ្យល់ ហើយភ្លាមនោះ ពួកគេក៏បានឃើញទ្រង់ដើរនៅលើទឹក។ ពួកគេស្មានថា ខ្មោចលង បានជាពួកគេមានការភ័យខ្លាចយ៉ាងខ្លាំង(ម៉ាកុស ៦:៤៩-៥០)។
ប៉ុន្តែ ព្រះយេស៊ូវទ្រង់ក៏បានមានបន្ទូលធានាដល់ពួកគេ ដោយប្រាប់ពួកគេកុំឲ្យមានការភ័យខ្លាច ហើយឲ្យមានចិត្តក្លាហានឡើង។ ខណៈពេលដែលទ្រង់យាងចូលក្នុងទូក ខ្យល់ក៏បានស្ងប់ ហើយពួកគេក៏បានធ្វើដំណើរទៅដល់ច្រាំង។ ខ្ញុំយល់ថា ពេលនោះ ពួកគេក៏លែងមានអារម្មណ៍ភ័យខ្លាចទៀត ខណៈពេលដែលពួកគេបានឱបក្រសោបយកសន្តិភាព ដែលទ្រង់ប្រទាន។
ពេលដែលយើងមានអារម្មណ៍ថា យើងមានដង្ហើមដង្ហក់ ដោយសារការថប់បារម្មណ៍ ឬការភ័យខ្លាច យើងអាចសម្រាក ដោយទុកចិត្តព្រះចេស្តារបស់ព្រះយេស៊ូវ។ ទ្រង់អាចធ្វើឲ្យរលកនៃការភ័យខ្លាចរបស់យើងស្ងប់ ឬចម្រើនកម្លាំងយើង ឲ្យអាចប្រឈមមុខនឹងការភ័យខ្លាច ហើយជាងនេះទៅទៀត ទ្រង់នឹងប្រទានដល់យើង នូវអំណោយនៃសេចក្តីសុខសាន្ត ឬសន្តិភាពរបស់ទ្រង់ “ដែលហួសលើសពីអស់ទាំងគំនិត”(ភីលីព ៤:៧)។ ហើយពេលដែលទ្រង់រំដោះយើង ឲ្យរួចពីការភ័យខ្លាចរបស់យើង វិញ្ញាណ និងរូបកាយរបស់យើងអាចវិលត្រឡប់ទៅរកការសម្រាកវិញ។—AMY BOUCHER PYE
ពាក្យសម្តីចុងក្រោយ
ថ្ងៃមួយ ក្នុងអំឡុងពេលម៉ោងទស្សនវិជ្ជា នៅសកលវិទ្យាល័យ មានសិស្សម្នាក់បានបញ្ចេញមតិអុជអាល មកលើទស្សនៈរបស់សាស្រ្តាចារ្យ។ សិស្សដទៃទៀតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលលោកគ្រូអរគុណគាត់ ហើយក៏បានឲ្យសិស្សម្នាក់ទៀតបញ្ចេញមតិ។ ក្រោយមក ពេលគេសួរគាត់ថា ហេតុអ្វីគាត់មិនបានបញ្ចេញប្រតិកម្មចំពោះសិស្សម្នាក់នោះ? គាត់ក៏បានប្រាប់គេថា គាត់កំពុងរៀនជៀសវាងការនិយាយឥតបើគិត។
គ្រូបង្រៀនម្នាក់នេះបានស្រឡាញ់ ហើយថ្វាយព្រះកិត្តិនាមដល់ព្រះ ហើយគាត់ចង់ប្រកាន់ខ្ជាប់នូវវិញ្ញាណនៃការបន្ទាបខ្លួន ខណៈពេលដែលគាត់បង្ហាញចេញនូវសេចក្តីស្រឡាញ់របស់ទ្រង់។ ព្រះបន្ទូលទ្រង់បានរំឭកខ្ញុំ អំពីគ្រូបង្រៀនម្នាក់ទៀត ដែលបានរស់នៅកាលពីសម័យយូរណាស់មកហើយ។ គាត់ជាអ្នកនិពន្ធព្រះគម្ពីរសាស្តា។ ទោះគាត់មិនបានលើកឡើងពីរបៀបប្រឈមុខដាក់មនុស្សមានកំហឹងក៏ដោយ ក៏គាត់បានមានប្រសាសន៍ថា ពេលយើងចូលទៅជិតព្រះអម្ចាស់ យើងគួរតែបោះជំហានដោយប្រយ័ត្ន ហើយ “ចូលទៅជិត ដើម្បីស្តាប់” ជាជាងប្រញាប់និយាយស្តី ហើយមានចិត្តដែលរហ័សតបត។ ការធ្វើដូចនេះ គឺមានន័យថា យើងទទួលស្គាល់ថា ទ្រង់ជាព្រះអម្ចាស់ ហើយយើងជាអ្នកដែលទ្រង់បានបង្កើត(សាស្តា ៥:១-២)។
តើអ្នកចូលទៅជិតព្រះ ដោយរបៀបណា? បើអ្នកដឹងថា អ្នកអាចកែប្រែអត្តចរិកខ្លួនឯង ហេតុអ្វីបានជាអ្នកមិនចំណាយពេលពិចារណា អំពីភាពអស្ចារ្យ និងភាពធំប្រសើររបស់ព្រះអម្ចាស់? ពេលយើងជញ្ជឹងគិត អំពីប្រាជ្ញា អំណាច និងព្រះវត្តមានដែលគ្មានដែនកំណត់របស់ទ្រង់ យើងអាចមានអារម្មណ៍ថា ស្ញែងខ្លាច និងចង់សរសើរដំកើងព្រះអម្ចាស់ ដោយសារសេចក្តីស្រឡាញ់ដ៏ហូរហៀរ ដែលទ្រង់មានចំពោះយើង។ កាលណាយើងមានអត្តចរិកដែលបន្ទាបខ្លួនដូចនេះ យើងនឹងអាចចៀសវាងការនិយាយពាក្យឥតបើគិត។-AMY BOUCHER PYE