ក្មេង​ប្រុស​ម្នាក់​បាន​មាន​ជម្ងឺ​ពិការ​ខួរ​ក្បាល​ពី​កំណើត បាន​ជា​គាត់​មិន​អាច​និយាយ ឬ​ទំនាក់​ទំនង​ជា​មួយ​គេ​ឯង​បាន​ទេ។ ប៉ុន្តែ ម្តាយ​របស់​គាត់ គឺ​អ្នក​ស្រី ចាន់ថល ប្រាយអិន(Chantal Bryan) មិន​ដែល​បោះ​បង់​ការ​តស៊ូ​ឡើយ ហើយនៅ​ពេល​ដែល​គាត់​មាន​អាយុ​១០​ឆ្នាំ ម្តាយ​គាត់​បាន​រក​ឃើញ​វិធី​ទំនាក់​ទំនង​ជា​មួយ​គាត់ តាម​រយៈ​ចលនា​ភ្នែក​គាត់ និង​ក្តាខៀន​ដែល​មាន​អក្សរ។

បន្ទាប់​ពី​ការ​រក​ឃើញ​ដំណោះ​ស្រាយ​នេះ ម្តាយ​គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា “សោរ​របស់​គាត់​ត្រូវ​បាន​ដោះ​ចេញ ឲ្យគាត់​អាច​ទំនាក់​ទំនង​បាន ហើយ​ឥឡូវ​នេះ យើង​អាច​សួរ​សំណួរ​អី​ក៏​បាន​ទៅ​កាន់​គាត់?” សព្វ​ថ្ងៃ​នេះ យ៉ូណាថាន​អាច​អាន និង​សរសេរ​អត្ថ​បទ​ជា​ច្រើន រាប់​បញ្ចូល​ទាំង​បទ​កំណាព្យ ដោយ​ធ្វើ​ការ​ទំនាក់​ទំនង តាម​រយៈ​ភ្នែក​របស់​គាត់​។ ពេល​យើង​សួរ​គាត់​ថា តើ​គាត់​មាន​អារម្មណ៍​យ៉ាង​ណា ពេល​ដែល​គាត់​អាច “ជជែក” ​ជា​មួយ​ក្រុម​គ្រួសារ និង​មិត្តភក្តិ​គាត់ គាត់​ក៏​បាន​ឆ្លើយ​ថា “វា​ពិត​ជា​អស្ចារ្យ​ណាស់ ដែល​ខ្ញុំ​អាច​និយាយ​ប្រាប់​ពួក​គេ​ថា ខ្ញុំ​ស្រឡាញ់​ពួក​គេ”។

រឿង​របស់​កុមារ​យ៉ូណាថាន ពិត​ជា​បាន​ប៉ះ​ពាល់​ចិត្ត​ខ្ញុំ​ណាស់ ហើយ​ក៏​បាន​នាំ​ឲ្យ​ខ្ញុំ​ពិចារណា អំពី​របៀប​ដែល​ព្រះ​ទ្រង់​បាន​បើក​សោរ ដើម្បី​ដោះ​យើង ឲ្យ​រួច​ពី​គុក​នៃ​អំពើ​បាប។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​គ្រីស្ទ​បរិស័ទ នៅ​ក្រុង​កូល៉ុស​ថា “យើង ពីដើម ត្រូវ​ពង្រាត់​ចេញ”(កូល៉ុស ១:២១) គំនិត​អាក្រក់​របស់​យើង​បាន​ធ្វើ​ឲ្យ​យើងក្លាយ​ជា​ខ្មាំង​សត្រូវ​ទ្រង់ ប៉ុន្តែ តាម​រយៈ​ការ​សុគត​របស់​ព្រះ​គ្រីស្ទ​នៅ​លើ​ឈើ​ឆ្កាង ឥឡូវ​នេះ ​ទ្រង់​បាន​ថ្វាយ​យើង​រាល់​គ្នា​ ជា​ដង្វាយ​បរិសុទ្ធ ឥត​សៅហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន នៅ​ចំពោះ​ទ្រង់(ខ.២២)។ សព្វ​ថ្ងៃ​នេះ យើង​អាច “រស់​នៅ​បែប​គួរ​នឹង​ព្រះ​អម្ចាស់” ដោយ​បង្កើត​ផល​ផ្លែ​ខាង​វិញ្ញាណ លូត​លាស់​នៅ​ក្នុង​ការ​ស្គាល់​ទ្រង់ ហើយ​បាន​ចម្រើន​កម្លាំង ដោយ​ព្រះ​ចេស្តា​ទ្រង់(ខ.១០-១១)។

យើង​អាច​ប្រើ​សម្លេង​របស់​យើង​ដែល​ទ្រង់​បាន​រំដោះ​ឲ្យ​រួច​ពី​បាប ដើម្បី​សរសើរ​ដំកើង​ព្រះ ហើយ​ផ្សាយ​ដំណឹង​ល្អ​របស់​ទ្រង់ ឲ្យ​គេ​ដឹង​ថា យើង​មិន​រស់​នៅ​ក្នុង​ចំណង​នៃ​អំពើ​បាប​ទៀត​ទេ។ ខណៈ​ពេល​ដែល​យើង​បន្ត​ដំណើរ​ ក្នុង​សេចក្តី​ជំនឿ យើង​អាច​ប្រកាន់​ខ្ជាប់​នឹង​សេចក្តី​សង្ឃឹម ដែល​យើង​មាន​ក្នុង​ព្រះ​គ្រីស្ទ។—AMY BOUCHER PYE