ពេលដែលអ្វីៗហាក់ដូចជាបាត់បង់អស់
ក្នុងរយៈពេលតែ៦ខែសោះ ជីវិតរបស់លោកជើរល(Gerald) បានជួបរឿងធំផ្ទួនៗ។ វិបត្តិសេដ្ឋកិច្ចបានបំផ្លាញមុខជំនួញ និងទ្រព្យសម្បត្តិរបស់គាត់ ហើយទន្ទឹមនឹងនោះ គ្រោះថ្នាក់ដ៏សោកសៅបានឆក់យកជីវិតរបស់កូនប្រុសគាត់ទៀត។ រឿងដ៏តក់ស្លត់នេះ បានធ្វើឲ្យម្តាយរបស់គាត់គាំងបេះដូងស្លាប់ ភរិយារបស់គាត់ក៏មានជម្ងឺធ្លាក់ទឹកចិត្ត ហើយគេនៅតែមិនអាចកម្សាន្តចិត្តកូនស្រីទាំងពីរនាក់ ដែលនៅក្មេងនៅឡើយ។ ពេលនោះ គាត់មិនដឹងថា ត្រូវធ្វើអ្វីឡើយ ក្រៅពីទូលសួរព្រះជាម្ចាស់ តាមអ្នកនិពន្ធកណ្ឌទំនុកដំកើងថា “ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់លះចោលទូលបង្គំ?”(ទំនុកដំកើង ២២:១)។
លោកជើរលអាចបន្តដំណើរទៅមុខទៀតបាន គឺដោយសារតែគាត់មានសង្ឃឹមថា ព្រះដែលបានប្រោសព្រះយេស៊ូវ ឲ្យមានព្រះជន្មរស់ឡើងវិញ នឹងរំដោះគាត់ និងគ្រួសារគាត់ ឲ្យរួចពីការឈឺចាប់ ហើយនឹងទទួលបានក្តីអំណរដ៏អស់កល្បជាជំនួសវិញ។ គឺគាត់សង្ឃឹមថា ព្រះជាម្ចាស់នឹងឆ្លើយតប ចំពោះគាត់ ពេលដែលគាត់ស្រែករកជំនួយពីទ្រង់។ ក្នុងពេលដែលគាត់អស់សង្ឃឹម គាត់បានប្តេជ្ញាចិត្តថា នឹងទុកចិត្តព្រះ ក្នុងពេលដែលគាត់មានទុក្ខវេទនា គឺមិនខុសពីស្តេចដាវីឌដែលជាអ្នកនិពន្ធព្រះគម្ពីរទំនុកដំកើងនោះឡើយ។ គាត់បានប្រកាន់ខ្ជាប់នូវក្តីសង្ឃឹមថា ព្រះជាម្ចាស់នឹងរំដោះ ហើយសង្រ្គោះគាត់(ខ.៤-៥)។
ក្តីសង្ឃឹមនោះ បានចម្រើនកម្លាំងលោកជើរល។ ប៉ុន្មានឆ្នាំក្រោយមក ពេលគេសួរគាត់ថា តើគាត់សុខសប្បាយទេ គាត់គ្រាន់តែអាចឆ្លើយថា គាត់កំពុងតែទុកចិត្តព្រះ។
ដោយសារគាត់បានទុកចិត្តទ្រង់ នោះទ្រង់ក៏បានប្រទានគាត់នូវការកម្សាន្តចិត្ត កម្លាំង និងសេចក្តីក្លាហាន ដើម្បីបន្តដំណើរទៅមុខ ក្នុងរយៈពេលប៉ុន្មានឆ្នាំនោះ។ ក្រុមគ្រួសារគាត់ក៏បានមានភាពល្អប្រសើរឡើងវិញបន្តិចម្តងៗ បន្ទាប់ពីសោកនាដកម្មនោះបានកើតឡើង ហើយមិនយូរប៉ុន្មាន លោកជើរលក៏បានស្វាគមន៍កំណើតរបស់ចៅទីមួយរបស់គាត់។ គាត់បានយំដោយអំណរ ជាទីបន្ទាល់…
តើព្រះអង្គគង់នៅទីនេះទេ?
ពេលដែលភរិយារបស់លោកមៃឃល(Michael)មានជម្ងឺ ដល់តំណាក់កាលចុងក្រោយ គាត់ចង់ឲ្យភរិយាគាត់ពិសោធនឹងសន្តិភាព ដែលគាត់បានទទួល តាមរយៈទំនាក់ទំនងជាមួយព្រះជាម្ចាស់។ គាត់ក៏បានចែកចាយអំពីជំនឿរបស់គាត់ ដល់នាង តែនាងមិនចាប់អារម្មណ៍សោះ។ ថ្ងៃមួយ ខណៈពេលដែលគាត់កំពុងដើរ ក្នុងបណ្ណាគារ ប្រចាំតំបន់ គាត់ក៏បានចាប់អារម្មណ៍ចំពោះសៀវភៅមួយក្បាល ដែលមានចំណងជើងថា ព្រះអង្គអើយ តើទ្រង់គង់នៅទីនេះទេ? គាត់មិនដឹងថា ភរិយាគាត់នឹងឆ្លើយតបយ៉ាងណា ចំពោះសៀវភៅនោះទេ បានជាគាត់ដើរចេញចូលៗ ក្នុងបណ្ណាគារនោះជាច្រើនដង ទំរាំតែគាត់សម្រេចចិត្តទិញវា នៅទីបញ្ចប់។ គាត់ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលនាងទទួលយកសៀវភៅនោះ។
សៀវភៅនោះបានធ្វើឲ្យនាងប៉ះពាល់ចិត្ត ហើយនាងក៏បានចាប់ផ្តើមអានព្រះគម្ពីរផងដែរ។ ពីរសប្តាហ៍ក្រោយមក ភរិយារបស់លោកមៃឃលក៏បានលាចាកលោក ដោយមានសន្តិភាពជាមួយព្រះជាម្ចាស់ ហើយបានសម្រាក ក្នុងការធានាថា ទ្រង់នឹងមិនចាកចេញ ឬបោះបង់ចោលនាងឡើយ។
ពេលដែលព្រះជាម្ចាស់ត្រាសហៅលោកម៉ូសេ ឲ្យដឹកនាំរាស្រ្តទ្រង់ ចេញពីនគរអេស៊ីព្ទ ទ្រង់មិនបានសន្យាថា ទ្រង់នឹងប្រទានអំណាចចេស្តាដល់គាត់ឡើយ។ ផ្ទុយទៅវិញ ទ្រង់បានសន្យាថា “ទ្រង់នឹងគង់នៅជាមួយគាត់ជានិច្ច”(និក្ខមនំ ៣:១២)។ មុនពេលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង ទ្រង់បានមានបន្ទូលទៅកាន់ពួកសិស្សទ្រង់ ដោយសន្យាថា នឹងប្រទានព្រះវត្តមានដ៏អស់កល្បរបស់ព្រះ ដែលពួកគេអាចទទួលតាមរយៈព្រះវិញ្ញាណបរិសុទ្ធ(យ៉ូហាន ១៥:២៦)។
មានការជាច្រើនដែលព្រះអាចប្រទានយើង ដើម្បីជួយឲ្យយើងអាចឆ្លងកាត់បញ្ហាប្រឈម ក្នុងជីវិត ដែលមានដូចជា ការកម្សាន្តចិត្តផ្នែកសម្ភារៈ ការប្រោសឲ្យជា និងដំណោះស្រាយភ្លាមៗសម្រាប់បញ្ហារបស់យើងជាដើម។ ប៉ុន្តែ អំណោយល្អបំផុត គឺព្រះវត្តមានរបស់ព្រះអង្គ។ យើងអាចមានការកម្សាន្តចិត្តដ៏ប្រសើរបំផុត…
គោលបំណង នៅក្នុងការឈឺចាប់ឬ?
មានពេលមួយអ្នកស្រីស៊ូ ហ្វេន(Siu Fen)បានទៅពិនិត្យសុខភាព រកឃើញថា គាត់មានជម្ងឺខូចតម្រងនោម ហើយត្រូវទៅលាងឈាមជាប្រចាំ អស់មួយជីវិត។ ពេលនោះ គាត់ចង់បោះបង់ចោលការព្យាបាល។ ដោយសារគាត់ចូលនិវត្តន៍ ហើយនៅលីវ និងជាអ្នកជឿព្រះ តាំងពីយូរមកហើយ គាត់ក៏បានគិតថា គាត់មិនត្រូវការពន្យាជីវិតទេ។ ប៉ុន្តែ មិត្តភក្តិរបស់គាត់បានលើកទឹកចិត្តគាត់ ឲ្យបន្តតស៊ូ ហើយទៅលាងឈាមឲ្យទៀតទាត់ ដោយទុកចិត្តថា ព្រះជាម្ចាស់នឹងជួយគាត់។
ពីរឆ្នាំក្រោយមក គាត់ក៏បានប្រើបទពិសោធន៍របស់គាត់ដើម្បីលើកទឹកចិត្តអ្នកដទៃ នៅពេលដែលគាត់ទៅសួរសុខទុក្ខមិត្តភក្តិម្នាក់ ដែលទៅថ្វាយបង្គំនៅព្រះវិហារជាមួយគាត់។ ស្រ្តីនោះមានជម្ងឺចុះខ្សោយកម្លាំង ហើយមានអារម្មណ៍ឯកោ ដោយសារមានមនុស្សតិចណាស់ ដែលពិតជាអាចយល់ អំពីការអ្វីដែលនាងកំពុងឆ្លងកាត់។ ប៉ុន្តែ អ្នកស្រីស៊ូ ហ្វ៊ែន អាចយល់អំពីការឈឺចាប់ ក្នុងផ្លូវកាយ និងផ្លូវអារម្មណ៍របស់គាត់ ហើយអាចមានទំនាក់ទំនងផ្ទាល់ខ្លួន ជាមួយគាត់ផងដែរ។ បទពិសោធន៍របស់អ្នកស្រីស៊ូ ហ្វ៊ែន បានជួយឲ្យគាត់អាចរួមដំណើរជាមួយស្រ្តីនោះ ហើយធ្វើឲ្យគាត់អាចផ្តល់ឲ្យការកម្សាន្តចិត្តជាច្រើន ដែលមនុស្សជាច្រើនមិនអាចផ្តល់ឲ្យបាន។ គាត់ក៏បានមានប្រសាសន៍ថា ពេលនេះ គាត់ដឹងហើយថា ព្រះទ្រង់នៅតែអាចប្រើគាត់។
យើងអាចពិបាកយល់អំពីមូលហេតុ ដែលយើងមានការឈឺចាប់។ តែព្រះជាម្ចាស់អាចប្រើទុក្ខលំបាករបស់យើង តាមរបៀបដែលយើងមិននឹកស្មានដល់។ ពេលដែលយើងងាកទៅរកទ្រង់ ដើម្បីទទួលការកម្សាន្តចិត្ត និងសេចក្តីស្រឡាញ់ ក្នុងពេលដែលយើងមានទុក្ខលំបាក ទ្រង់នឹងចម្រើនកម្លាំងយើង ឲ្យអាចជួយអ្នកដទៃ។ ហេតុនេះហើយ បានជាសាវ័កប៉ុលបានមើលឃើញបំណងព្រះទ័យព្រះ នៅក្នុងទុក្ខលំបាករបស់គាត់។…
ដំណឹងដ៏អស្ចារ្យ!
មានពេលមួយខ្ញុំបានអានកាសែតប្រចាំតំបន់ ឃើញមានអត្ថបទដ៏ខ្លីមួយ តែវាបានធ្វើឲ្យខ្ញុំមានអារម្មណ៍កក់ក្តៅ។ អត្ថបទនោះបានពិពណ៌នាថា បន្ទាប់ពីអ្នកទោសមួយក្រុមបានចូលរួម ក្នុងកម្មវិធីរឹតចំណងគ្រួសារ ផ្អែកទៅលើសេចក្តីជំនឿលើព្រះ ពួកគេក៏បានទទួលការអនុញ្ញាតដ៏កម្រ ឲ្យជួបជុំក្រុមគ្រួសាររបស់ខ្លួន ដោយបើកចំហ។ ក្នុងចំណោមពួកគេ មានអ្នកខ្លះមិនបានជួបកូនៗរបស់ខ្លួនអស់ជាច្រើនឆ្នាំ។ ថ្ងៃនោះ ពួកគេមិនបានជួបគ្នា នៅក្នុងបន្ទប់ ដែលមានកញ្ចក់ខណ្ឌជាពីរនោះឡើយ ផ្ទុយទៅវិញ ពួកគេអាចប៉ះ និងឱបមនុស្សជាទីស្រឡាញ់របស់ខ្លួន។ ទឹកភ្នែកពួកគេក៏បានស្រក់ចុះមក ខណៈពេលដែលពួកគេមានភាពស្និទ្ធស្នាល កាន់តែខ្លាំងជាមួយក្រុមគ្រួសាររបស់ខ្លួន ហើយរបួសរបស់ពួកគេក៏បានចាប់ផ្តើមទទួលការប្រោសឲ្យជា។
សម្រាប់អ្នកអានភាគច្រើន នេះគ្រាន់តែជារឿងប៉ុណ្ណោះ។ ប៉ុន្តែ សម្រាប់ក្រុមគ្រួសារទាំងនោះ ការឱបគ្នាជាព្រឹត្តិការណ៍ដែលធ្វើឲ្យជីវិតផ្លាស់ប្រែ ហើយសម្រាប់អ្នកខ្លះទៀត ដំណើរការនៃការអត់ឱនទោស និងការផ្សះផ្សាក៏បានចាប់ផ្តើម។
ការអត់ទោសបាប ដែលព្រះជាម្ចាស់មានសម្រាប់យើង និងការផ្សះផ្សាដែលទ្រង់បានប្រទាន តាមរយៈព្រះរាជបុត្រាទ្រង់ គឺមិនគ្រាន់តែជាសេចក្តីពិតដ៏សាមញ្ញ នៃជំនឿគ្រីស្ទបរិស័ទប៉ុណ្ណោះទេ។ អត្ថបទកាសែតនៅថ្ងៃនោះ បាននិយាយអំពីការផ្សៈផ្សា ដែលបានរំឭកយើងថា ការលៈបង់របស់ព្រះយេស៊ូវ គឺជាដំណឹងដ៏អស្ចារ្យ មិនគ្រាន់តែសម្រាប់លោកិយប៉ុណ្ណោះទេ តែក៏សម្រាប់អ្នក និងខ្ញុំផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ពេលណាយើងមានអារម្មណ៍ថា ពិបាកពេក ដោយសារកំហុសដែលយើងបានធ្វើ នោះយើងអាចតោងឲ្យជាប់សេចក្តីមេត្តារបស់ព្រះ។ សេចក្តីមេត្តាដ៏ស្ថិតស្ថេររបស់ទ្រង់ គឺជាដំណឹងល្អដែលប្រកាសថា ដោយសារព្រះយេស៊ូវបានសុគតជំនួសយើង នោះយើងអាចចូលមករកព្រះវរបិតា ដោយឲ្យទ្រង់លាងសម្អាតបាបរបស់យើង ឲ្យ “សដូចព្រិល”(ទំនុកដំកើង ៥១:៧)។ ស្ថិតក្នុងពេលបែបនោះ ពេលដែលយើងដឹងថា…
ការរៀបចំ សម្រាប់ធ្វើការល្អ
មានពេលមួយ ខ្ញុំនិងភរិយារបស់ខ្ញុំបានធ្វើដំណើរកម្សាន្តវិស្សមកាល នៅប្រទេសក្រៅ។ ពេលដែលយើងកំពុងតែដើរតាមផ្លូវ មានមនុស្សមាឌធំម្នាក់ ដែលយើងមិនដែលស្គាល់ បានដើរមករកយើង ធ្វើឲ្យយើងរាថយ ដោយការភ័យខ្លាច។ ដំណើរកម្សាន្តរបស់យើងលើកនោះបានជួបរឿងអាក្រក់ជាច្រើនមកហើយ។ យើងត្រូវគេស្រែកគំហកដាក់ ត្រូវគេបោកប្រាស់ និងត្រូវគេកេងប្រវ័ញ្ចជាច្រើនលើកច្រើនសារ។ តើយើងនឹងត្រូវជួបរឿងដែលគួរឲ្យភ័យខ្លាចមួយទៀតឬ? ពេលនោះ គួរឲ្យភ្ញាក់ផ្អើលណាស់ តាមពិតបុរសនោះ គ្រាន់តែចង់បង្ហាញកន្លែង ដែលយើងអាចមើលទេសភាពដ៏ស្រស់ស្អាតបំផុតរបស់ទីក្រុងរបស់គាត់ប៉ុណ្ណោះ។ បន្ទាប់មក គាត់ក៏បានហុចដុំស្ករសូកូឡាមួយដុំមកយើង ដោយទឹកមុខញញឹម ហើយក៏បានចាកចេញទៅ។ អំពើល្អដ៏តូចនេះបានធ្វើឲ្យយើងមានអារម្មណ៍រីករាយពេញមួយថ្ងៃ និយាយរួម ការនេះបានធ្វើឲ្យការធ្វើដំណើរកម្សាន្តរបស់យើងមានន័យ។ រឿងនេះបានធ្វើឲ្យយើងមានការដឹងគុណ ចំពោះបុរសម្នាក់នោះ និងចំពោះព្រះជាម្ចាស់ ដែលបានធ្វើឲ្យយើងមានអំណរឡើងវិញ។
តើហេតុអ្វី បានជាបុរសម្នាក់នោះដើរមករកមនុស្សពីរនាក់ ដែលគាត់មិនដែលស្គាល់ នៅថ្ងៃនោះ? តើគាត់កំពុងតែដើររកនរណាម្នាក់ ដែលគាត់អាចឲ្យស្ករសូកូឡានោះ ដើម្បីឲ្យគេសប្បាយចិត្តឬ?
វាពិតជាអស្ចារ្យណាស់ ដែលអំពើល្អដ៏តូចបំផុត អាចនាំមកនូវស្នាមញញឹមស្រស់បំផុត ហើយថែមទាំងអាចនាំនរណាម្នាក់ ទៅរកព្រះជាម្ចាស់។ ព្រះគម្ពីរបាននិយាយសង្កត់ធ្ងន់ អំពីសារៈសំខាន់ នៃការធ្វើការល្អ(យ៉ាកុប ២:១៧,២៤)។ បើយើងបានទទួលការជម្រុញចិត្ត ឲ្យធ្វើការល្អ នោះយើងមានការធានាថា ព្រះជាម្ចាស់មិនគ្រាន់តែជួយឲ្យយើងអាចធ្វើការល្អប៉ុណ្ណោះឡើយ តែថែមទាំងបាន “រៀបចំទុកជាមុន ដើម្បីឲ្យយើងធ្វើការល្អ” ទៀតផង(អេភេសូរ ២:១០)។
ថ្ងៃនេះ ព្រះជាម្ចាស់ប្រហែលជាបានរៀបចំយើង ឲ្យទៅជួបនរណាម្នាក់ ដែលកំពុងតែត្រូវការពាក្យលើកទឹកចិត្ត នៅថ្ងៃនេះ…
ពេលដែលព្រះជាម្ចាស់មានបន្ទូលថា ទេ
ពេលដែលខ្ញុំបានចូលធ្វើទាហាន នៅអាយុ១៨ឆ្នាំ ដូចយុវជនសឹង្ហបូរីទំាងអស់ ខ្ញុំក៏បានអធិស្ឋាន ដោយចិត្តស្រេកឃ្លានចង់បានមុខនាទីដែលស្រួលៗ ដូចជា អ្នកធ្វើការក្នុងការិយាល័យ ឬអ្នកបើកបរជាដើម។ ដោយសារខ្ញុំមិនមានកាយសម្បទារឹងមាំ ខ្ញុំសង្ឃឹមថា គេនឹងមិនឲ្យខ្ញុំឆ្លងកាត់ការហ្វឹកហាត់ការប្រយុទ្ធ ដែលពិបាកៗឡើយ។ ប៉ុន្តែ នៅពេលល្ងាចថ្ងៃមួយ ខណៈពេលដែលខ្ញុំកំពុងអានព្រះគម្ពីរ មានខគម្ពីរមួយបានលេចឡើង ចេញពីទំព័រព្រះគម្ពីរ គឺខគម្ពីរដែលចែងថា “គុណរបស់អញល្មមដល់ឯងហើយ … ”(២កូរិនថូស ១២:៩)។
មុននោះ ខ្ញុំបានធ្លាក់ទឹកចិត្ត ប៉ុន្តែ ខ្ញុំមិនចាំបាច់ត្រូវមានអារម្មណ៍បែបនេះទៀតឡើយ។ ព្រះទ្រង់បានឆ្លើយតបការអធិស្ឋានរបស់ខ្ញុំហើយ។ បើសិនជាគេចាត់តាំងឲ្យខ្ញុំធ្វើអ្វីដែលពិបាក នោះទ្រង់នឹងថែរក្សា ហើយផ្គត់ផ្គង់ខ្ញុំមិនខាន។
ដូចនេះ ទីបំផុត គេក៏បានចាត់តាំងឲ្យខ្ញុំហ្វឹកហាត់ក្នុងកងរថពាសដែក ដោយឲ្យខ្ញុំធ្វើអ្វីដែលខ្ញុំមិនតែងតែចូលចិត្តធ្វើ។ សព្វថ្ងៃនេះ ពេលខ្ញុំក្រឡេកមកមើលអនុស្សាវរីយ៍កាលនៅហ្វឹកហាត់ទាហាន ខ្ញុំក៏បានអរព្រះគុណព្រះអង្គ ដែលទ្រង់មិនបានប្រទាននូវអ្វីដែលខ្ញុំចង់បាន ក្នុងអំឡុងពេលនោះ។ ការហ្វឹកហាត់ទាហាន និងបទពិសោធន៍ទាំងនោះ បានជួយឲ្យខ្ញុំមានភាពរឹងមាំផ្នែកផ្លូវកាយ ផ្លូវចិត្ត ហើយបានជួយឲ្យខ្ញុំមានទំនុកចិត្ត ដើម្បីចូលទៅក្នុងភាពពេញវ័យ។
ក្នុងបទគម្ពីរអេសាយ ២៥:១-៥ បន្ទាប់ពីហោរាអេសាយបានថ្លែងទំនាយ អំពីការដាក់ទោសមកលើជនជាតិអ៊ីស្រាអែល និងការរំដោះឲ្យរួចពីខ្មាំងសត្រូវរបស់ពួកគេ នៅពេលបន្ទាប់មកទៀត គាត់ក៏បានសរសើរដំកើងព្រះជាម្ចាស់ សម្រាប់ផែនការដែលទ្រង់មានសម្រាប់ពួកគេ។ លោកអេសាយក៏បានកត់សំគាត់ផងដែរថា ព្រះជាម្ចាស់ “បានរៀបផែនការតាំងពីយូរមកហើយ” ដើម្បីឲ្យ“ការដ៏អស្ចារ្យទាំងនោះ” បានកើតឡើង(ខ.១) ប៉ុន្តែ ទន្ទឹមនឹងនោះ…
សេចក្តីស្រឡាញ់របស់ម្តាយ
ពេលដែលឪពុកម្តាយរបស់អ្នកស្រីស៊ូ(Sue)លែងលះគ្នា កាលគាត់នៅតូច ជម្លោះផ្លូវច្បាប់ទាក់ទងនឹងសិទ្ធិអាណាព្យាបាល និងបញ្ហារបស់គាត់ជាច្រើនទៀត ក៏បានកើតឡើង ហើយគេក៏បានសម្រេចឲ្យគាត់ទៅរស់នៅ ក្នុងមណ្ឌលកុមារកំព្រាមួយរយៈ។ នៅទីនោះ គាត់ត្រូវក្មេងធំជាងធ្វើបាប ធ្វើឲ្យគាត់មានអារម្មណ៍ថា ឯកោ ដូចត្រូវគេបោះបង់ចោល។ ម្តាយរបស់គាត់បានមកមើលគាត់តែមួយខែម្តងប៉ុណ្ណោះ ហើយនាងស្ទើរតែមិនដែលបានឃើញមុខប៉ារបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ ប៉ុន្មានឆ្នាំក្រោយមក ម្តាយរបស់គាត់ក៏បានប្រាប់គាត់ថា បទបញ្ជារបស់ផ្ទះនោះបានរារាំងមិនឲ្យគាត់ មកលេងគាត់ឲ្យបានញឹកញាប់ តែគាត់បានមកឈរនៅក្បែររបងផ្ទះនោះជារៀងរាល់ថ្ងៃ ដោយសង្ឃឹមថា នឹងបានឃើញកូនស្រីគាត់ តែបន្តិចក៏អស់ចិត្ត។ គាត់និយាយថា ជួនកាល គាត់គ្រាន់តែចង់ឃើញកូនស្រីគាត់លេងនៅក្នុងសួនច្បារ ហើយចង់ដឹងថា នាងសុខសប្បាយឬទេ។
ពេលដែលអ្នកស្រីស៊ូចែកចាយអំពីរឿងនេះដល់ខ្ញុំ ខ្ញុំក៏បាននឹកចាំអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ ជួនកាល យើងប្រហែលជាមានអារម្មណ៍ថា ត្រូវគេបោះបង់ចោល និងឯកោ នៅក្នុងពេលដែលមានទុក្ខលំបាក។ យើងមានការកម្សាន្តចិត្តណាស់ ដែលបានដឹងថា តាមពិត ព្រះជាម្ចាស់កំពុងតែថែរក្សាយើងគ្រប់ពេលវេលា(ទំនុកដំកើង ៣៣:១៨)។ ទោះយើងមិនអាចមើលទ្រង់ឃើញក៏ដោយ ក៏ទ្រង់នៅតែគង់ក្បែរយើងជានិច្ច។ ព្រះនេត្រ និងព្រះទ័យរបស់ទ្រង់ តែងតែនៅជាប់នឹងយើងជានិច្ច ទោះយើងទៅទីណាក៏ដោយ គឺមិនខុសពីឪពុកម្តាយដែលស្រឡាញ់កូននោះទេ។ តែដោយសារទ្រង់ជាព្រះ នោះទ្រង់អាចជួយយើងបានគ្រប់ពេល ។
បទគម្ពីរទំនុកដំកើង ជំពូក៩១ បានពិពណ៌នា អំពីការដែលព្រះទ្រង់រំដោះ ការពារ និងលើកកូនរបស់ទ្រង់ឡើង។ ព្រះអង្គមិនគ្រាន់តែជាទីជ្រកកោន និងជម្រកប៉ុណ្ណោះឡើយ។ ខណៈពេលដែលយើងដើរកាត់ជ្រលងដ៏ងងឹតនៃជីវិត យើងអាចមានការកម្សាន្តចិត្ត…
មិនបញ្ឈប់ការសាងសង់
ពេលដែលលោកសាយម៉ុនមានឱកាសទទួលមុខនាទីថ្មី នៅកន្លែងធ្វើការ គាត់ជឿថា វាជាឱកាស ដែលព្រះទ្រង់ប្រទាន។ បន្ទាប់ពីគាត់បានអធិស្ឋាន សូមព្រះទ្រង់ជួយគាត់ ក្នុងការសម្រេចចិត្ត និងការដឹកនាំ គាត់ក៏បានដឹងថា ព្រះអង្គកំពុងតែប្រទានឲ្យគាត់មានឱកាស ដើម្បីមានការទទួលខុសត្រូវកាន់តែធំជាងមុន។ អ្វីៗក៏មានភាពរលូន ហើយចៅហ្វាយរបស់គាត់ ក៏បានគាំទ្រការសម្រេចចិត្តរបស់គាត់។ ប៉ុន្តែ បន្ទាប់មក អ្វីៗក៏បានចាប់ផ្តើមមានបញ្ហា។ មិត្តរួមការងាររបស់គាត់ខ្លះ មិនពេញចិត្តនឹងការឡើងតំណែងរបស់គាត់ ហើយក៏បានបដិសេធន៍មិនព្រមសហការណ៍ជាមួយគាត់។ គាត់ក៏ចាប់ផ្តើមឆ្ងល់ថា តើគាត់គួរតែបោះបង់ចោលឬអត់?
ពេលដែលពួកអ៊ីស្រាអែលវិលត្រឡប់មកទីក្រុងយេរូសាឡិម ដើម្បីកសាងដំណាក់របស់ព្រះឡើងវិញ ពួកខ្មាំងសត្រូវក៏បានព្យាយាមធ្វើឲ្យពួកគេមានការភ័យខ្លាច និងការបាក់ទឹកចិត្ត(អែសរ៉ា ៤:៤)។ ពួកអ៊ីស្រាអែលក៏បានផ្អាកការសាងសង់ ប៉ុន្តែ ពួកគេក៏បានធ្វើបន្តទៀត ពេលដែលព្រះទ្រង់លើកទឹកចិត្តពួកគេ តាមរយៈហោរាហាកាយ និងហោរាសាការី(៤:២៤-៥:២)។
ពួកខ្មាំងសត្រូវក៏បានមករករឿងពួកគេជាថ្មីម្តងទៀត។ ប៉ុន្តែ លើកនេះ ពួកគេបានអត់ទ្រាំ ដោយដឹងថា “ព្រះនេត្រនៃព្រះរបស់ពួកគេ បានទតមើលពួកគេ”(៥:៥)។ ពួកគេក៏បានប្រកាន់ខ្ជាប់ តាមការណែនាំរបស់ព្រះជាម្ចាស់ ហើយក៏បានទុកចិត្តថា ទ្រង់នឹងចម្លងពួកគេ ឲ្យឆ្លងកាត់ការប្រឆាំង ដែលពួកគេកំពុងជួបប្រទះ។ ជាការពិតណាស់ ព្រះទ្រង់ក៏បានប៉ះពាល់ព្រះទ័យរបស់ស្តេចពើរស៊ី ឲ្យគាំទ្រការសាងសង់ព្រះវិហារ ដល់ចប់សព្វគ្រប់(ខ.១៣-១៤)។
យ៉ាងណាមិញ លោកសាយមុនក៏បានស្វែងរកប្រាជ្ញាពីព្រះជាម្ចាស់ ក្នុងសម្រេចចិត្តថា តើគាត់គួរតែបន្តការងាររបស់គាត់ ឬត្រូវស្វែងរកមុននាទីថ្មី។ ពេលគាត់ដឹងថា ព្រះទ្រង់កំពុងត្រាសហៅគាត់ ឲ្យបន្តនៅធ្វើការ គាត់ក៏បានពឹងផ្អែកលើកម្លាំងរបស់ទ្រង់…
តែងតែស្វាគមន៍ជានិច្ច
បន្ទាប់ពីអែនជី(Angie) បានតស៊ូ នៅក្នុងការរៀនសូត្រឲ្យបានចំណាត់ថ្នាក់ល្អ អស់បីបួនឆ្នាំមក ទីបំផុត គេបានដកនាងចេញពីសាលាបឋមសិក្សាដែលឈានមុខគេ ហើយក៏បានផ្ទេរទៅសាលា “ធម្មតា”។ នៅក្នុងប្រព័ន្ធអប់រំដែលមានការប្រកួតប្រជែងដ៏ខ្លាំងក្លា នៅប្រទេសសឹង្ហបូរី គេសង្ឃឹមថា ការបានទៅរៀននៅសាលា “ល្អ” នឹងនាំឲ្យពួកគេមានអនាគតល្អ ហេតុនេះហើយ មនុស្សជាច្រើនក៏បានគិតថា ការផ្ទេរចេញពីសាលាដ៏ឈានមុខនេះ គឺជាបរាជ័យរបស់អេនជី។
ឪពុកម្តាយរបស់អេនជី មានការខកចិត្ត ហើយអេនជីក៏មានអារម្មណ៍ថា នាងហាក់ដូចជាត្រូវគេទម្លាក់អញ្ចឹង។ ប៉ុន្តែ បន្ទាប់ពីនាងបានចូលរៀននៅសាលាថ្មី មិនទាន់បានយូរប៉ុន្មានផង ក្មេងស្រីអាយុ៩ឆ្នាំម្នាក់នេះ ក៏បានដឹងថា ការទៅរៀនជាមួយសិស្សចំណាត់ថ្នាក់មធ្យម មានន័យយ៉ាងណាចំពោះខ្លួននាង។ នាងក៏បានប្រាប់ម្តាយនាងថា នាងចង់រៀននៅសាលាថ្មីនេះ។ ទីបំផុត នាងមានអារម្មណ៍ថា គេបានទទួលស្វាគមន៍នាងហើយ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីលោកសាខេ ដែលមានអារម្មណ៍រំភើបយ៉ាងខ្លាំង ពេលដែលព្រះយេស៊ូវសព្វព្រះទ័យនឹងយាងចូលផ្ទះរបស់អ្នកយកពន្ធម្នាក់នេះ(លូកា ១៩:៥)។ ព្រះគ្រីស្ទសព្វព្រះទ័យនឹងសោយអាហារជាមួយ អ្នកដែលបានដឹងថាខ្លួនមានចំណុចខ្វះខាត ហើយមិនស័ក្តិសមនឹងទទួលព្រះគុណរបស់ព្រះ(ខ.១០)។ ព្រះយេស៊ូវបានរកយើង ហើយស្រឡាញ់យើង ទោះយើងមានលក្ខណៈដូចម្តេចក៏ដោយ ហើយទន្ទឹមនឹងនោះ ទ្រង់បានសន្យាថា យើងនឹងបានល្អឥតខ្ចោះ តាមរយៈការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់។ ទ្រង់ធ្វើឲ្យយើងមានភាពល្អឥតខ្ចោះ តាមរយៈព្រះគុណរបស់ទ្រង់តែមួយប៉ុណ្ណោះ។
ជាញឹកញាប់ ខ្ញុំបានសង្កេតឃើញថា ការធ្វើដំណើរខាងវិញ្ញាណរបស់ខ្ញុំ គឺជាការតស៊ូជាប្រចាំ ដោយដឹងថា ជីវិតរបស់ខ្ញុំបានខ្វះមិនដល់សិរីល្អរបស់ព្រះជាម្ចាស់។ តែខ្ញុំមានការកម្សាន្តចិត្តណាស់ ពេលដែលបានដឹងថា…
សួរព្រះជាម្ចាស់ជាមុនសិន
ក្នុងរយៈពេលដំបូង នៃជីវិតអាពាហ៍ពិពាហ៍របស់ខ្ញុំ ខ្ញុំបានខិតខំស្វែងយល់ អំពីចំណង់ចំណូលចិត្ដរបស់ភរិយាខ្ញុំ។ តើគាត់ចង់ញ៉ាំអាហារពេលល្ងាច ដ៏ស្ងប់ស្ងាត់នៅផ្ទះ ឬទៅញ៉ាំអាហារ នៅភោជ្ជនីយដ្ឋានថ្លៃៗ? តើវាមិនអីទេឬ ដែលខ្ញុំទៅចំណាយពេលជាមួយមិត្តភក្តិប្រុសៗ ឬគាត់រំពឹងថា ខ្ញុំនឹងទុកពេលទំនេរ ចុងសប្តាហ៍សម្រាប់គាត់? មានពេលមួយ ខ្ញុំមិនបានទាយស្មាន និងធ្វើការសម្រេចចិត្តតែម្នាក់ឯងទេ ផ្ទុយទៅវិញ ខ្ញុំក៏បានសួរគាត់ថា តើគាត់ចង់បានមួយណា?
គាត់ក៏បានឆ្លើយ ដោយញញឹមយ៉ាងកក់ក្តៅថា ខ្ញុំរើសយកមួយណា ក៏បានដែរ។ គាត់សប្បាយចិត្តណាស់ ដែលខ្ញុំបានគិតដល់គាត់។
ពេលខ្លះ ខ្ញុំពិតជាចង់ដឹងច្បាស់ថា ព្រះទ្រង់សព្វព្រះទ័យឲ្យខ្ញុំធ្វើអ្វី ហើយតើទ្រង់សព្វព្រះទ័យ ឲ្យខ្ញុំជ្រើសរើសការងារមួយណា។ បើគ្រាន់តែអធិស្ឋានទូលសូមការដឹកនាំ និងអានព្រះគម្ពីរ គឺមិនទាន់គ្រប់គ្រាន់ល្មម នឹងឲ្យខ្ញុំទទួលចម្លើយដ៏ជាក់លាក់ណាមួយឡើយ។ ប៉ុន្តែ មានចម្លើយមួយ ដែលខ្ញុំដឹងច្បាស់ នោះគឺខ្ញុំត្រូវទុកចិត្តលើព្រះអម្ចាស់ ហើយត្រូវមានក្ដីអំណរក្នុងទ្រង់ ព្រមទាំងត្រូវថ្វាយគ្រប់ទាំងផ្លូវរបស់ខ្ញុំដល់ទ្រង់ (ទំនុកដំកើង ៣៧:៣-៥)។
គឺពេលនោះហើយ ដែលខ្ញុំដឹងថា តាមធម្មតា ព្រះជាម្ចាស់បានប្រទាន ឲ្យយើងមានសេរីភាព ក្នុងការជ្រើសរើស ឲ្យតែយើងព្យាយាមយកផ្លូវទ្រង់ជាទីមួយ ជាជាងរើសយកផ្លូវខ្លួនឯង។ បានសេចក្តីថា យើងត្រូវជម្រុះចោលជម្រើសណាដែលខុស ឬទ្រង់មិនសព្វព្រះទ័យ ដូចជា អំពើអសីលធម៌ អំពើបាប ឬអំពើដែលមិនចម្រើន ដល់ទំនាក់ទំនងរបស់យើង ជាមួយទ្រង់។ បើមានជម្រើសណាទៀត ដែលគាប់ព្រះហប្ញទ័យព្រះ…