មាន​ពេល​មួយ​ខ្ញុំ​បាន​អាន​កាសែត​ប្រចាំ​តំបន់ ឃើញ​មាន​អត្ថ​បទ​ដ៏​ខ្លី​មួយ តែ​វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​កក់​ក្តៅ។ អត្ថ​បទ​នោះ​បាន​ពិពណ៌នា​ថា បន្ទាប់​ពី​អ្នក​ទោស​មួយ​ក្រុម​បាន​ចូល​រួម ក្នុង​កម្ម​វិធី​រឹត​ចំណង​គ្រួសារ ផ្អែក​ទៅ​លើ​សេចក្តី​ជំនឿ​លើ​ព្រះ ពួក​គេ​ក៏​បាន​ទទួល​ការ​អនុញ្ញាត​ដ៏​កម្រ ឲ្យ​ជួប​ជុំ​ក្រុម​គ្រួសារ​របស់​ខ្លួន ដោយ​បើក​ចំហ។ ក្នុង​ចំណោម​ពួក​គេ មាន​អ្នក​ខ្លះ​មិន​បាន​ជួប​កូន​ៗ​របស់​ខ្លួន​អស់​ជា​ច្រើន​ឆ្នាំ។ ថ្ងៃ​នោះ ពួក​គេ​មិន​បាន​ជួប​គ្នា នៅ​ក្នុង​បន្ទប់ ដែល​មាន​កញ្ចក់​ខណ្ឌ​ជា​ពីរ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ពួក​គេ​អាច​ប៉ះ និង​ឱប​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្លួន។ ទឹក​ភ្នែក​ពួក​គេ​ក៏​បាន​ស្រក់​ចុះ​មក ខណៈ​ពេល​ដែល​ពួក​គេ​មាន​ភាព​ស្និទ្ធ​ស្នាល កាន់​តែ​ខ្លាំង​ជា​មួយ​ក្រុម​គ្រួសារ​របស់​ខ្លួន ហើយ​របួស​របស់​ពួក​គេ​ក៏​បាន​ចាប់​ផ្តើម​ទទួល​ការ​ប្រោស​ឲ្យ​ជា។

សម្រាប់​អ្នក​អាន​ភាគ​ច្រើន នេះ​គ្រាន់​តែ​ជា​រឿង​ប៉ុណ្ណោះ។ ប៉ុន្តែ សម្រាប់​ក្រុម​គ្រួសារ​ទាំង​នោះ ការ​ឱប​គ្នា​ជា​ព្រឹត្តិ​ការណ៍ដែល​ធ្វើ​ឲ្យ​ជីវិត​ផ្លាស់​ប្រែ ហើយ​សម្រាប់​អ្នក​ខ្លះ​ទៀត ដំណើរ​ការ​នៃ​ការ​អត់​ឱន​ទោស និង​ការ​ផ្សះផ្សា​ក៏​បាន​ចាប់​ផ្តើម។

ការ​អត់​ទោស​បាប ដែល​ព្រះ​ជា​ម្ចាស់​មាន​សម្រាប់​យើង និង​ការ​ផ្សះផ្សា​ដែល​ទ្រង់​បាន​ប្រទាន តាម​រយៈ​ព្រះ​រាជ​បុត្រា​ទ្រង់ គឺ​មិន​គ្រាន់​តែ​ជា​សេចក្តី​ពិត​ដ៏​សាមញ្ញ នៃ​ជំនឿ​គ្រីស្ទ​បរិស័ទ​ប៉ុណ្ណោះ​ទេ។ អត្ថ​បទ​កាសែត​នៅ​ថ្ងៃ​នោះ បាន​និយាយ​អំពី​ការ​ផ្សៈផ្សា ដែល​បាន​រំឭក​យើង​ថា ការ​លៈ​បង់​របស់​ព្រះ​យេស៊ូវ គឺ​ជា​ដំណឹង​ដ៏​អស្ចារ្យ មិន​គ្រាន់​តែ​សម្រាប់​លោកិយ​ប៉ុណ្ណោះ​ទេ តែ​ក៏​សម្រាប់​អ្នក និង​ខ្ញុំ​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​ណា​យើង​មាន​អារម្មណ៍​ថា ពិបាក​ពេក ដោយ​សារ​កំហុស​ដែល​យើង​បាន​ធ្វើ នោះយើង​អាច​តោង​ឲ្យ​ជាប់​សេចក្តី​មេត្តា​របស់​ព្រះ​។ សេចក្តី​មេត្តា​ដ៏​ស្ថិត​ស្ថេរ​របស់​ទ្រង់ គឺ​ជា​ដំណឹង​ល្អ​ដែល​ប្រកាស​ថា ដោយ​សារព្រះ​យេស៊ូវ​បាន​សុគត​ជំនួស​យើង នោះ​យើង​អាច​ចូល​មក​រក​ព្រះ​វរបិតា ដោយ​ឲ្យ​ទ្រង់​លាង​សម្អាត​បាប​របស់​យើង ឲ្យ “សដូច​ព្រិល”(ទំនុកដំកើង ៥១:៧)។ ស្ថិត​ក្នុង​ពេល​បែប​នោះ ពេល​ដែល​យើង​ដឹង​ថា យើង​មិន​សម​នឹង​ទទួល​សេចក្តី​មេត្តា​របស់​ទ្រង់ យើង​អាច​តោង​ឲ្យ​ជាប់​សេចក្តី​មួយ​ដែល​យើង​អាច​ពឹង​ផ្អែក គឺ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​មេត្តា​ដ៏​ស្ថិត​ស្ថេរ​របស់​ព្រះ​ជា​ម្ចាស់​(ខ.១)។—LESLIE KOH