មាន​យុវជន​ជាង​១​លាន​នាក់ បាន​ចូល​រួម នៅ​ក្នុង​ការ​ប្រកួត​សរសេរ​សំបុត្រ​អន្តរ​ជាតិ​ រៀង​រាល់​ឆ្នាំ។ នៅ​ឆ្នាំ​២០១៨ គេ​បាន​ឲ្យ​បេកជន​ទាំង​អស់​សរសេរ​សំបុត្រ ដោយ​ស្រមៃ​ថា បើ​សិន​ពួក​គេ​ជា​សំបុត្រ​មួយ​ច្បាប់ ដែល​កំពុង​តែ​ធ្វើដំណើរ​ឆ្លង​កាត់​ពេល​វេលា​ពី​សម័យ​មួយ ទៅ​សម័យ​មួយ​ទៀត  ​តើ​ពួក​គេ​នឹង​សរសេរ​សារ​អ្វី នៅ​ក្នុង​សំបុត្រ​នោះ ទៅ​កាន់​អ្នក​អាន​របស់​ខ្លួន?

ក្នុង​ព្រះ​គម្ពីរ​ប៊ីប មាន​កណ្ឌ​គម្ពីរ​សំបុត្រ​ជា​ច្រើន ដែល​បាន​ឆ្លង​កាត់​សម័យ​កាល​ជា​ច្រើន ទំរាំ​តែ​បាន​មក​ដល់​យើង ព្រោះ​កណ្ឌ​គម្ពីរ​ទាំង​នោះ​ត្រូវ​បាន​សរសេរ​ឡើង តាម​ការ​បណ្តាល​ចិត្ត និង​ការ​ដឹក​នាំ ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ខណៈ​ពេល​ដែល​ពួក​ជំនុំ​របស់​ព្រះ​គ្រីស្ទ មាន​ការ​រីក​លូត​លាស់ ពួក​សាវ័ក​របស់​ព្រះ​អង្គ ក៏​បាន​សរសេរ​សំបុត្រ​ទាំង​នោះ ផ្ញើទៅ​ពួក​ជំនុំ​ប្រចាំ​តំបន់ នៅ​ក្នុង​ទ្វីប​អឺរ៉ុប និង​តំបន់​អាស៊ី​មីន័រ ដើម្បី​ជួយ​ពួក​គេ​ឲ្យ​យល់​ អំពី​របៀប​រស់​នៅ​ក្នុង​ជីវិត​ថ្មី​ក្នុង​ព្រះ​គ្រីស្ទ ហើយ​ក្នុង​ចំណោម​សំបុត្រ​ទាំង​នោះ មាន​សំបុត្រ​ជា​ច្រើន​ត្រូវ​បាន​គេ​ប្រមូល​ផ្តុំ ធ្វើ​ជា​កណ្ឌ​គម្ពីរ​សំបុត្រ ក្នុង​ព្រះ​គម្ពីរ​ប៊ីប សម្រាប់​ឲ្យ​យើង​អាន រហូត​មក​ដល់​ពេល​សព្វ​ថ្ងៃ។​

តើ​អ្នក​និពន្ធ​សំបុត្រ​ទាំង​នោះ ចង់​និយាយ​អ្វី​ខ្លះ ទៅ​កាន់​អ្នក​អាន​សំបុត្រ​របស់​ខ្លួន? ត្រង់​ចំណុច​នេះ តាម​សំបុត្រ​ទីមួយ​របស់​លោក​យ៉ូហាន គាត់​បាន​លើក​ឡើង​អំពី “សេចក្តី​ដែល​មាន​តាំង​ពី​ដើម​មក ដែល​គាត់​បាន​ឮ ហើយ​ភ្នែក​បាន​ឃើញ ក៏​បាន​មើល ហើយ​ដៃ​បាន​ប៉ះពាល់ ខាង​ឯ​ព្រះបន្ទូល​នៃ​ជីវិត”។ បាន​សេចក្តី​ថា គាត់​បាន​សរសេរ​ អំពី​បទ​ពិសោធន៍​ដែល​គាត់​មាន​ជា​មួយ​ព្រះ​គ្រីស្ទ ដែល​មាន​ព្រះ​ជន្ម​រស់​(១យ៉ូហាន ១:១)។  គាត់​សរសេរ ដើម្បី​ឲ្យ​អ្នក​អាន​សំបុត្រ​គាត់ អាច​ប្រកប​គ្នា និង​ប្រកប​ជា​មួយ​ព្រះ​វរបិតា ហើយ​និង​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​ទ្រង់”(ខ.៣)។ គាត់​ថា ពេល​ណា​យើង​មាន​ការ​ប្រកប​គ្នា នោះ​ក្តី​អំណរ​យើង​នឹង​បាន​ពោរ​ពេញ​ឡើង។

កណ្ឌ​គម្ពីរ​សំបុត្រ ក្នុង​ព្រះ​គម្ពីរ​ប៊ីប បាន​នាំ​អ្នក​ជឿ នៅ​គ្រប់​សម័យ​កាល ចូល​ទៅ​ក្នុង​ការ​ប្រកប​គ្នា និង​ប្រកបជា​មួយ​ព្រះ​ដ៏​អស់​កល្ប។​—Amy Peterson