មាន​ពេល​មួយ មែហ្គិន(Megan) បាន​កាត់​ដើម​ផ្កា​មួយ​ដើម ហើយ​ជ្រលួក​មុខ​កាត់​នោះ ចូល​ទៅ​ក្នុង​ទឹក​ឃ្មំ ហើយ​យក​វា​ទៅដោត នៅ​ក្នុង​ផើង​មួយ ដែល​មាន​ពេញ​ទៅ​ដោយ​ជី​កំប៉ុស។ គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​ថា ការ​ដាំ​ផ្កា​ប្រភេទ​នេះ មាន​ភាព​ងាយ​ស្រួល​អញ្ចឹង​ឯង។​ គាត់​បាន​បង្រៀន​ខ្ញុំ ពី​របៀប​ដាំ​ដើម​ផ្កា ដោយ​ធ្វើ​ឲ្យ​ដើម​ផ្កា​មួយ​ដើម​ ដែល​មាន​សុខភាព​ល្អ ក្លាយ​ជា​ដើម​ផ្កា​ជា​ច្រើន ដើម្បី​ឲ្យ​ខ្ញុំ​មាន​ផ្កា​ជា​ច្រើន​ទង សម្រាប់​ចែក​រំលែក​ជា​មួយ​អ្នក​ដទៃ។ គាត់​ថា ទឹក​ឃ្មុំ​ជួយ​ឲ្យ​ដើម​ដែល​នៅ​ខ្ចី​ចេញ​ឫស។

ពេល​ដែល​ខ្ញុំ​មើល​គាត់​ធ្វើ​ការ​ដាំ​ដុះ ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា តើ​មាន​អ្វី​ខ្លះ ដែល​ជួយ​ឲ្យ​យើង​ចាក់​ឫស​ខាង​វិញ្ញាណ បាន​រឹង​មាំ។ តើ​មានអ្វី​ជួយ​យើង​ឲ្យ​ពេញ​វ័យ​ខាង​វិញ្ញាណ ដោយ​ក្លាយ​ជា​មនុស្ស​នៃ​សេចក្តី​ជំនឿ ដែល​រឹង​មាំ និង​ចម្រើន​ឡើង? តើ​មាន​អ្វី​ដែលការពារ​យើង មិន​ឲ្យ​ក្រៀម​ស្វិត? ពេល​ដែល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ក្រុង​អេភេសូរ គាត់​បាន​មាន​ប្រសាសន៍​ថា “​ព្រះគ្រីស្ទ​បាន​សណ្ឋិត​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដោយសារ​សេចក្តី​ជំនឿ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចាក់​ឫស ហើយ​តាំង​មាំមួន​ក្នុង​សេចក្តី​ស្រឡាញ់” (អេភេសូរ ៣:១៧)។ សេចក្តី​ស្រឡាញ់​នេះ​មាន​ប្រភព​មក​ពី​ព្រះ ដែល​បាន​ចម្រើន​កម្លំាង​យើង ដោយ​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ មក​យើង។ ព្រះ​គ្រីស្ទ​គង់​នៅ​ក្នុង​ចិត្ត​យើង។ ហើយ​ខណៈ​ពេល​ដែលយើង “​យល់ពី​ទទឹង បណ្តោយ ជំរៅ និង​កំពស់​នៃ​សេចក្តី​ស្រឡាញ់​”(ខ.១៨) នោះ​យើង​អាច​ពិសោធ​នឹង​ព្រះ​វត្ត​មាន​ព្រះ ដោយយើង​បាន “​​ពេញ ដល់​គ្រប់​ទាំង​សេចក្តី​ពោរពេញ​របស់​ផង​ព្រះ”(ខ.១៩)។

ការ​លូត​លាស់​ខាង​វិញ្ញាណ​តម្រូវ​ឲ្យ​យើង​ចាក់​ឫស​ចូល​ទៅ​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដោយ​ជញ្ជឹង​គិត​អំពី​សេចក្តី​ពិត ដែល​ចែង​ថា យើង​ជា​កូន​ស្ងួន​ភ្ងា​របស់​ព្រះ ដែល​ទ្រង់​អាច​ធ្វើ “​ហួស​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្តី​ដែល​យើង​សូម ឬ​គិត​ក្តី”(ខ.២០)។ នេះ​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​អស្ចារ្យ​នៃ​សេចក្តី​ជំនឿ​របស់​យើង!—Amy Peterson