ព្រះអង្គហៅចំឈ្មោះយើង
នៅដើមឆ្នាំសិក្សារបស់សាលារៀនមួយកន្លែង ក្នុងទីក្រុងរបស់ខ្ញុំ លោកនាយកសាលាបានសន្យាថា គាត់នឹងរៀនស្គាល់ឈ្មោះរបស់សិស្សទាំង៦០០នាក់ក្នុងសាលារបស់គាត់ ឲ្យចាំទាំងអស់។ បើសិនជាមិនជឿគាត់ទេ គេអាចពិនិត្យមើលកំណត់ត្រារបស់គាត់កាលពីមុន។ កាលពីឆ្នាំមុន គាត់បានចាំឈ្មោះសិស្ស៧០០នាក់ នៅសាលារបស់គាត់ ហើយមុនឆ្នាំនោះ គាត់ក៏បានចាំឈ្មោះក្មេង៤០០នាក់ នៅសាលាផ្សេងទៀត។ ដូចនេះ សូមយើងគិតមើល តើការនេះមានន័យយ៉ាងណា ចំពោះសិស្សទាំងនេះ ដែលនាយកសាលាបានស្គាល់ឈ្មោះគេម្នាក់ៗ ហើយទទួលស្វាគមន៍ ដោយហៅចំឈ្មោះពួកគេ។
នៅក្នុងរឿងលោកសាខេជួបព្រះយេស៊ូវ(លូកា ១៩:១-១០) លោកសាខេក៏មានចិត្តរំភើបផងដែរ ពេលដែលព្រះយេស៊ូវហៅឈ្មោះគាត់។ ពេលដែលព្រះយេស៊ូវយាងកាត់តាមទីក្រុងយេរីខូ មានអ្នកយកពន្ធដែលមានស្តុកស្តម្ភម្នាក់ ឈ្មោះសាខេ បានឡើងដើមឈើ ដើម្បីឲ្យបានឃើញព្រះអង្គ។ “កាលព្រះយេស៊ូវយាងមកដល់ នោះទ្រង់ងើបព្រះនេត្រឡើងឃើញ ហើយមានព្រះបន្ទូលទៅគាត់ថា សាខេ ចូរអ្នកចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះអ្នក”(ខ.៥)។ ត្រង់ចំណុចនេះ ព្រះអង្គមិនបានធ្វើព្រងើយ ដាក់លោកសាខេ ហើយក៏មិនបានមានបន្ទូលដាក់គាត់ថា “នែ អ្នកនៅលើដើមឈើ” ផ្ទុយទៅវិញ ព្រះអង្គបានហៅឈ្មោះគាត់។ ចាប់តាំងពីពេលនោះមក ជីវិតរបស់គាត់ក៏ចាប់ផ្តើមផ្លាស់ប្រែ។
ពេលដែលយើងមានអារម្មណ៍ថា ហាក់ដូចជាគ្មាននរណាម្នាក់ស្គាល់យើង ឬយកចិត្តទុកដាក់ចំពោះយើង នោះសូមនឹកចាំអំពីព្រះយេស៊ូវចុះ។ ព្រះអង្គស្គាល់ឈ្មោះយើង ហើយសព្វព្រះទ័យឲ្យយើងស្គាល់ព្រះអង្គ ហើយប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ ដោយផ្ទាល់ៗខ្លួន។ ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ទតមកមើលយើងដោយព្រះនេត្រនៃសេចក្តីស្រឡាញ់ និងយកព្រះទ័យទុកដាក់ ចំពោះផ្នែកទាំងអស់នៃជីវិតរបស់យើង។-David McCasland
តើអ្នកកាន់ខាងណា?
ក្នុងអំឡុងពេលសង្រ្គាមស៊ីវិលដ៏ក្តៅគគុក នៅសហរដ្ឋអាមេរិក ទីប្រឹក្សាម្នាក់ ក្នុងចំណោមទីប្រឹក្សាជាច្រើនរបស់លោកប្រធានាធិបតីលីនខិន(Lincoln) បានមានប្រសាសន៍ថា គាត់អរព្រះគុណព្រះខ្លាំងណាស់ ដែលព្រះអង្គបានកាន់ខាងកងទ័ពរបស់គាត់។ ពេលនោះ លោកលីនខិនបានឆ្លើយតបថា “លោក ខ្ញុំមិនខ្វល់ថា ព្រះកាន់ខាងយើងឬក៏អត់ទេ តែអ្វីដែលខ្ញុំខ្វល់បំផុតនោះគឺ តើយើងនៅកាន់ខាងព្រះអង្គឬអត់? ដ្បិតព្រះទ្រង់តែងតែកាន់ខាងមនុស្សត្រូវជានិច្ច”។
យើងប្រហែលជាគិតថា ព្រះអង្គគំាទ្រផែនការ ទស្សនវិស័យ ការសម្រេចចិត្ត និងសេចក្តីប៉ងប្រាថ្នារបស់យើង។ ប៉ុន្តែ វាមិនងាយស្រួលដូចយើងគិតទេ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសាសន៍របស់លោកលីនខិន បានរំឭកយើងថា សូម្បីតែផែនការដ៏ល្អបំផុតរបស់យើង ក៏ប្រហែលជាមិនបានធ្វើឲ្យព្រះសព្វព្រះទ័យសូម្បីតែបន្តិច។
ជាការពិតណាស់ អ្នកនិពន្ធទំនុកដំកើងចង់កាន់នៅខាងព្រះ បានជាគាត់ទូលអង្វរព្រះអង្គថា “ឱព្រះអង្គអើយ សូមពិនិត្យមើល ឲ្យបានស្គាល់ចិត្តទូលបង្គំផង សូមល្បងលឲ្យបានជ្រាបអស់ទាំងគំនិតនៃទូលបង្គំចុះ សូមទតមើលបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំ ហើយនាំទូលបង្គំតាមផ្លូវដ៏នៅអស់កល្បជានិច្ច”(ទំនុកដំកើង ១៣៩:២៣-២៤)។ ពេលដែលយើងយកគំរូតាមអ្នកនិពន្ធទំនុកដំកើង ដោយ “ចូលទៅជិតព្រះអង្គ”(៧៣:២៨) នោះយើងអាចដឹងច្បាស់ថា ព្រះអង្គកាន់ខាងយើង ដោយព្រះវិញ្ញាណព្រះអង្គជួយឲ្យយើង ថ្លឹងថ្លែងចិត្តគំនិត និងសកម្មភាពរបស់ខ្លួនឯង ឲ្យត្រូវតាមផ្លូវព្រះអង្គ ដែលតែងតែត្រឹមត្រូវជានិច្ច។
ដូចនេះ សូមយើងសួរខ្លួនឯងថា តើយើងកាន់នៅខាងព្រះអង្គទេ? ការកាន់នៅខាងព្រះអង្គ គឺមានន័យថា យើងនឹងបង្ហាញចេញនូវសេចក្តីស្រឡាញ់របស់ព្រះអង្គ ដល់លោកិយដែលនៅជុំវិញខ្លួនយើង នៅក្នុងទំនាក់ទំនងជាមួយអ្នកដទៃ។ ការចូលទៅជិតព្រះអង្គ នឹងនាំឲ្យយើងចេះអត់ទោសឲ្យ និងប្រព្រឹត្តចំពោះអ្នកដទៃ ដោយយុត្តិធម៌ ហើយស្វែងរកសន្តិភាព។…
វង្វេងចេញពីសេចក្តីពិត
មានក្រុមហ៊ុនមេធាវីមួយ នៅទីក្រុងញូយ៉កបានធ្វើការស្ទង់មតិ តាមប្រព័ន្ធអ៊ីនធឺណែត ហើយបានរកឃើញថា ៥២ភាគរយ នៃអ្នកជំនួញវលស្ទ្រីត ឈ្មួញកណ្តាល ធនាគាវិនិយោក និងពួកអ្នកអជីពផ្នែកហិរញ្ញវត្ថុដទៃទៀត បានប្រព្រឹត្តអំពើខុសច្បាប់ ឬយល់ថា ខ្លួនប្រហែលជាចាំបាច់ត្រូវប្រព្រឹត្តខុសច្បាប់នោះ ដើម្បីឲ្យមានជោគជ័យក្នុងមុខជំនួញ។ ការស្ទង់មតិនេះបានសន្និដ្ឋានថា អ្នកដឹកនាំផ្នែកហិរញ្ញវត្ថុទាំងនេះ “បានធ្វើហួសព្រំដែននៃក្រមសីលធម៌” ឬបាន “យល់ឃើញថា ទង្វើខុសឆ្គងរបស់ក្រុមហ៊ុន ជាអំពើអាក្រក់ដែលគេចាំបាច់ត្រូវធ្វើ”។
ពេលដែលសាវ័កប៉ុល កំពុងបណ្តុះបណ្តាលលោកធីម៉ូថេ ដែលជាយុវជន គាត់បានដាស់តឿនលោកធីម៉ូថេថា ការស្រឡាញ់លុយ និងការចង់ក្លាយជាអ្នកមាន បានបណ្តាលឲ្យអ្នកខ្លះវង្វេងចេញពីសេចក្តីពិត។ ពួកគេបានចាញ់ការល្បួង ហើយបានឱបក្រសោបយកសេចក្តីប៉ងប្រាថ្នា “ដ៏ល្ងង់ល្ងើ និងគ្រោះថ្នាក់”ជាច្រើន(១ធីម៉ូថេ ៦:៩)។ សាវ័កប៉ុលបានដឹងថា “ការស្រឡាញ់លុយ” ជាប្រភពនៃ “ការអាក្រក់គ្រប់យ៉ាង”(ខ.១០) ជាពិសេស គឺការទុកចិត្តលើលុយ ជាជាងពឹងផ្អែកលើព្រះគ្រីស្ទ។
ពេលដែលយើងរៀនទទួលស្គាល់ថា ព្រះគ្រីស្ទជាប្រភពនៃអ្វីៗគ្រប់យ៉ាងដែលយើងមាន យើងនឹងរកបានការស្កប់ចិត្តក្នុងព្រះអង្គ ជាជាងស្កប់ចិត្ត នៅក្នុងការមានរបស់ទ្រព្យសម្បត្តិ ជាកម្មសិទ្ធិ។ ពេលដែលយើងស្វែងរកការគោរពប្រតិបត្តិព្រះ ជាជាងស្វែងរកភាពមានបាន យើងនឹងមានចិត្តដែលចង់ស្មោះត្រង់ ចំពោះរបស់អ្វីដែលយើងបានទទួល។
ចូរយើងរៀនស្កប់ចិត្ត នៅក្នុងព្រះ ហើយចុះចូលចំពោះព្រះអង្គ ដោយចិត្តស្មោះត្រង់ ដ្បិតព្រះអង្គ នឹងផ្គត់ផ្គង់ ហើយមើលថែរយើង។-Marvin Williams
ការតយុទ្ធនឹងការញៀន
មានពេលមួយ លោកអេរិក(Eric)បានតយុទ្ធនឹងការញៀនថ្នាំ។ មិត្តភ័ក្តិ និងក្រុមគ្រួសារគាត់ ក៏បានលើកទឹកចិត្តគាត់ឲ្យផ្តាច់គ្រឿងញៀន។ ពេលនោះ គាត់បានទទួលស្គាល់ថា ការផ្តាច់គ្រឿងញៀនមានប្រយោជន៍បំផុតសម្រាប់សុខភាព និងទំនាក់ទំនងដែលគាត់មានជាមួយអ្នកដទៃ ប៉ុន្តែ គាត់មានអារម្មណ៍ថា មិនអាចផ្តាច់វាបានទេ។ ពេលដែលអ្នកដទៃប្រាប់គាត់ ពីរបៀបដែលពួកគេបញ្ឈប់ការញៀន គាត់ក៏បានឆ្លើយតបថា “អ្នកអាចបញ្ឈប់វាបាន ខ្ញុំសូមជួយអរ តែខ្ញុំហាក់ដូចជាមិនអាចផ្តាច់វាបានសោះ! បើសិនជាខ្ញុំមិនដែលត្រូវល្បួង ឲ្យប្រើគ្រឿងញៀនតាំងពីដំបូងមក នោះខ្ញុំក៏មិនធ្លាក់ខ្លួនញៀនថ្នាំដែរ។ ខ្ញុំចង់ឲ្យព្រះដកការញៀនថ្នាំ ចេញពីជីវិតខ្ញុំ ក្នុងពេលឥឡូវនេះតែម្តង”។
អ្នកខ្លះបានរួចពីចំណងអ្វីមួយភ្លាមៗ តែមនុស្សភាគច្រើនត្រូវមានការតយុទ្ធជារៀងរាល់ថ្ងៃ ទំរាំតែអាចមានសេរីភាព។ យើងប្រហែលជាឆ្ងល់ថា ហេតុអ្វីបានជាការល្បួងមិនចេញឆ្ងាយពីយើង ប៉ុន្តែ ទន្ទឹមនឹងនោះ យើងក៏ត្រូវដឹងផងដែរថា យើងអាចងាកបែរទៅរកព្រះបានគ្រប់ពេល ទោះជាយើងកំពុងដើរតាមផ្លូវខុសយ៉ាងណាក៏ដោយ។ ហើយការនេះអាចជាផ្នែកដ៏សំខាន់បំផុត នៃការតយុទ្ធរបស់យើង។ យើងត្រូវរៀនលះបង់ការពឹងផ្អែកលើកម្លាំងខ្លួនឯង ហើយងាកមករកការពឹងផ្អែកទាំងស្រុងទៅលើព្រះវិញ។
ព្រះយេស៊ូវក៏ធ្លាប់ត្រូវល្បួងផងដែរ គឺមិនខុសពីយើងទេ ដូចនេះ ព្រះអង្គយល់ពីអារម្មណ៍របស់យើង(ម៉ាកុស ១:១៣)។ ព្រះអង្គអាណិតដល់សេចក្តីកម្សោយរបស់យើង(ហេព្រើ ៤:១៥) បានជាយើងអាច “ចូលមកបល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹងទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការ”(ខ.១៦)។ ព្រះអង្គក៏ប្រើអ្នកដទៃ ឲ្យជួយយើង តាមអំណោយទានរបស់ពួកគេផងដែរ។
ទោះថ្ងៃនេះ យើងកំពុងតយុទ្ធនឹងការអ្វីក៏ដោយ សូមយើងចាំថា ព្រះអង្គស្រឡាញ់យើង លើសពីការនឹកគិតរបស់យើងទៅទៀត ហើយព្រះអង្គស្មោះត្រង់ ប្រយោជន៍នឹងជួយយើងរាល់គ្នា។-Anne Cetas
ក្នុងព្រះហស្តព្រះអង្គ
មានពេលមួយខ្ញុំ និងមិត្តភ័ក្ររបស់ខ្ញុំ បានដឹកដៃក្មេងតូចៗដើរឆ្លងផ្លូវថ្មល់ដ៏មមាញឹកមួយ។ យើងបានឲ្យពួកគេកាន់ដៃរបស់យើង ហើយប្រាប់ពួកគេថា “សូមកាន់ដៃឲ្យជាប់” ហើយពួកគេក៏ខំកាន់ដែយើងយ៉ាងណែន។ ប៉ុន្តែ បើគ្រាន់តែឲ្យពួកគេកាន់ដៃយើងតែម្យ៉ាង នោះខ្ញុំមិនមានទំនុកចិត្តទេ ព្រោះពួកគេអាចរបូតដៃ បានជាយើងដែលជាមនុស្សធំ ចាំបាច់ត្រូវកាន់ដៃពួកគេឲ្យជាប់ ដើម្បីឲ្យពួកគេអាចមានសុវត្ថិភាព។ ហេតុនេះហើយបានជាសាវ័កប៉ុលបានមានប្រសាសន៍ថា “ព្រះគ្រីស្ទយេស៊ូវបានចាប់ខ្ញុំឲ្យបាន”(ភីលីព ៣:១២)។ ឬអាចនិយាយបានម្យ៉ាងទៀតថា “ព្រះគ្រីស្ទបានកាន់ដៃខ្ញុំជាប់!”
ត្រង់ចំណុចនេះ យើងអាចដឹងច្បាស់ថា យើងមានសុវត្ថិភាព មិនមែនដោយសារយើងបានតោងព្រះហស្តព្រះអង្គឡើយ តែគឺដោយសារព្រះអង្គបានកាន់ដៃយើងជាប់ ដោយសារអំណាចចេស្តារបស់ព្រះអង្គទៅវិញទេ។ គ្មាននរណាម្នាក់ អាចទាញដៃយើងចេញពីព្រះហស្តព្រះអង្គបានឡើយ សូម្បីតែវិញ្ញាណអាក្រក់ ឬខ្លួនយើងក៏មិនអាចទាញចេញបានដែរ។ ដរាបណាព្រះអង្គបានកាន់ដៃយើងហើយ ព្រះអង្គនឹងមិនព្រលែងឡើយ។ គឺដូចដែលព្រះអង្គបានធានាដល់យើងថា “ខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់វា វាមិនត្រូវវិនាសនៅអស់កល្បរៀងទៅ ក៏គ្មានអ្នកណាឆក់យកវាពីដៃខ្ញុំបានទេ ព្រះវរបិតានៃខ្ញុំ ដែលប្រទានវាមកខ្ញុំ ទ្រង់ធំលើសជាងទាំងអស់ គ្មានអ្នកណាអាចនឹងឆក់វាចេញពីព្រះហស្តរបស់ព្រះវរបិតាខ្ញុំបាន ឡើយ”(យ៉ូហាន ១០:២៨-២៩)។
បទគម្ពីរនេះបានបញ្ជាក់ថា យើងមានសុវត្ថិភាពទ្វេរដង ព្រោះព្រះវរបិតាកាន់ដៃយើងម្ខាង ហើយព្រះយេស៊ូវដ៏ជាព្រះសង្រ្គោះនៃយើង កាន់ដៃយើងម្ខាងទៀត។ ព្រះហស្តព្រះអង្គជាព្រះហស្តដែលបានបង្កើតភ្នំ មហាសមុទ្រ ហើយបានដាក់ហ្វូងផ្កាយក្នុងលំហរអវកាស។ គ្មានអ្វី “អាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាបានឡើយ” ទោះជាក្នុងមួយជីវិតនេះ ឬបន្ទាប់ពីយើងលាចាកលោកនេះទៅក្តី(រ៉ូម ៨:៣៩)។—David Roper
សប្បាយលាយទុក្ខ
ពេលដែលខ្ញុំ និងម៉ាលីន(Marlene) រៀបការ យើងទាំងពីរនាក់ មានអារម្មណ៍ “សប្បាយលាយទុក្ខ”។ តែសូមកុំយល់ច្រឡំ។ មង្គលការរបស់យើងទាំងពីរ នៅថ្ងៃនោះ ជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ក្នុងជីវិតយើង បានជាយើងនៅតែបន្តអបអរសាទរមង្គលការនេះ ជាង៣៥ឆ្នាំមកហើយ។ យើងមានអារម្មណ៍លាយឡំគ្នាដូចនេះ ពេលដែលម្តាយរបស់ម៉ាលីបានលាចាកលោក ដោយសារជម្ងឺមហារីក បានពីរបីសប្តាហ៍ មុនពេលយើងរៀបការ។ ពេលនោះ ម្តាយមីងរបស់ម៉ាលីនក៏បានមកជំនួសម្តាយរបស់នាង ក្នុងនាមជា “ម្តាយរបស់កូនក្រមុំ” ប៉ុន្តែ ក្នុងថ្ងៃមង្គលការរបស់យើងទាំងពីរ យើងដឹងច្បាស់ថា យើងកំពុងខ្វះអ្វីមួយដ៏សំខាន់។ គឺយើងខ្វះវត្តមានរបស់អ្នកម្តាយរបស់ម៉ាលីន ហើយការនេះបានមានផលប៉ះពាល់មកលើការគ្រប់យ៉ាង ក្នុងថ្ងៃនោះ។
បទពិសោធន៍មួយនេះ ជារឿងដែលកើតឡើងជាធម្មតា ក្នុងលោកិយដែលបាក់បែក។ មនុស្សម្នាក់ៗរស់នៅ ដោយអំណរ លាយឡំនឹងទឹកភ្នែក ការអាក្រក់លាយឡំនឹងការល្អ។ នេះជាការពិតមែន បានជាស្តេចសាឡូម៉ូនបានមានបន្ទូលថា “នៅវេលាកំពុងតែសើចសប្បាយ គង់តែចិត្តមានសេចក្តីសៅសោកដែរ ហើយចុងបំផុតនៃសេចក្តីអំណរគឺជាធ្ងន់ទ្រូងវិញ”(សុភាសិត ១៤:១៣)។ ចិត្តដែលកំពុងតែសប្បាយ ច្រើនតែប្រែជាមានទុក្ខ ព្រោះជីវិតបានតម្រូវឲ្យមាន រឿងបែបនេះកើតឡើងជាធម្មតា។
ទោះបីជាយ៉ាងណាក៏ដោយ យើងអរព្រះគុណព្រះ ដែលសេចក្តីទុក្ខ មិនលាយឡំនឹងអំណរ ក្នុងជីវិតយើងជារហូតឡើយ។ ព្រោះអ្នកដែលនៅក្នុងព្រះគ្រីស្ទ បានទទួលសេចក្តីសន្យាថា ពេលដែលយើងលាចាកលោកនេះទៅ “ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ និងគ្មានសេចក្តីស្លាប់ ឬសេចក្តីសោកសង្រេង ឬសេចក្តីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ…
សំបុត្រផ្ញើរទៅក្មេងប្រុសម្នាក់
លោកស៊ី អេស លូវីស(C.S.Lewis) ជាអ្នកដែលមានចំណូលចិត្ត ចំពោះការថែរទាំការលូតលាស់ខាងវិញ្ញាណ របស់គ្រីស្ទបរិស័ទវ័យក្មេងទាំងឡាយ គឺសូម្បីតែនៅពេលដែលគាត់ ជិតដល់ចុងបញ្ចប់នៃជីវិតក៏ដោយ។ ពេលដែលគាត់កំពុងមានជម្ងឺជាទម្ងន់ គាត់នៅតែចំណាយពេលសរសេរសំបុត្រតបទៅក្មេងប្រុសម្នាក់ ឈ្មោះ ភីលីព។ នៅក្នុងសំបុត្រនោះ លោកលូវីសបានកោតសរសើរក្មេងប្រុសនោះ ដែលបានពិពណ៌នា នៅក្នុងសំបុត្រនោះបានល្អ បានជាគាត់សរសេរតបថា គាត់មានការសប្បាយចិត្ត ពេលដែលបានដឹងថា ភីលីពមានការយល់ដឹងថា នៅក្នុងរឿងនិទានពង្សាវតានៃនគរណានៀ តួអង្គសត្វតោឈ្មោះអ័ស្លាន ជាតំណាងឲ្យព្រះយេស៊ូវគ្រីស្ទ។ ក្នុងថ្ងៃបន្ទាប់ លោកលូវីសក៏បានលាចាកលោក ក្នុងគេហដ្ឋានរបស់គាត់ ក្នុងសង្កាត់ឃឺន ក្រុងអក់ស្វើត ប្រទេសអង់គ្លេស គឺមុនពេលដែលថ្ងៃខួបកំណើតគម្រប់៦៥ឆ្នាំរបស់គាត់ នៅមួយសប្តាហ៍ទៀត។
យ៉ាងណាមិញ សាវ័កយ៉ូហានក៏បានសរសេរសំបុត្រ ផ្ញើទៅកូនខាងវិញ្ញាណរបស់គាត់ ពេលដែលគាត់មានវ័យចាស់ជរា។ ក្នុងសំបុត្រនោះ យើងឃើញគាត់ពិពណ៌នាអំពីសេចក្តីអំណរ ដែលគាត់មាន ក្នុងនាមជាគ្រីស្ទបរិស័ទដែលពេញវ័យខាងវិញ្ញាណ ដែលបានលើកទឹកចិត្តសិស្សរបស់គាត់ ដែលមានភាពវ័យក្មេងខាងវិញ្ញាណជាងគាត់ ឲ្យពួកគេដើរ ក្នុងសេចក្តីពិត ហើយដើរតាមព្រះគ្រីស្ទ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “គ្មានសេចក្តីណាដែលនាំឲ្យខ្ញុំអរសប្បាយ លើសជាងសេចក្តីនេះទេ គឺដែលឮនិយាយថា ពួកកូនខ្ញុំកំពុងតែប្រព្រឹត្តតាមសេចក្តីពិតនោះឯង”(៣យ៉ូហាន ១:៤)។ សំបុត្ររបស់លោកយ៉ូហាន បានបង្ហាញអំពីក្តីអំណរ ដែលកើតមាន ពីការមើលថែរ និងឃើញអ្នកជំនាន់ក្រោយ មានការលូតលាស់ខាងវិញ្ញាណ។
គ្រីស្ទបរិស័ទដែលពេញវ័យខាងវិញ្ញាណ គួរតែលើកទឹកចិត្តអ្នកជំនាន់ក្រោយ ឲ្យមានការយល់ដឹង និងមានការលូតលាស់ខាងវិញ្ញាណ។…
ការដាក់បង្ហាញ
ភរិយារបស់ខ្ញុំ ជាអ្នកពូកែធ្វើម្ហូបណាស់។ បន្ទាប់ពីខ្ញុំធ្វើការពេញមួយថ្ងៃ ជាញឹកញាប់ ខ្ញុំច្រើនតែត្រឡប់មកផ្ទះវិញ ដោយរំពឹងថានឹងបានធំក្លិនដ៏ឈ្ងុយឈ្ងប់នៃម្ហូបដែលនាងបានចម្អិន ដែលជាសញ្ញាបញ្ចាក់ថា ខ្ញុំនឹងបានញាំអាហារដ៏ឈ្ងុយឆ្ងាញ់ទៀតហើយ។ នាងមិនគ្រាន់តែចេះរបៀបធ្វើម្ហូបប៉ុណ្ណោះទេ តែនាងក៏ជាអ្នកជំនាញខាងតម្រៀបអាហារនៅលើតុបាយផងដែរ។ បានជានាងតែងតែរៀបចំអាហារនៅក្នុងចាន ឲ្យត្រូវនឹងពណ៌របស់សាច់ បាយ និងបន្លែ នៅលើតុអាហារ ដើម្បីស្វាគមន៍ខ្ញុំ ចូលអង្គុយញាំអាហារដែលនាងចម្អិនផ្ទាល់ដៃ ដោយអំណរ។ បើសិនជានាងមិនបានចម្អិន ហើយរៀបចំអាហារឲ្យមានរបៀបទេ នោះយើងមិនអាចញាំអាហារនោះកើត ហើយវាក៏មិនសូវទាក់ទាញឡើយ។ ព្រោះសាច់ឆៅ ត្រូវការការចម្អិនឲ្យបានឆ្អិនល្អ ហើយអង្ករក៏ត្រូវការដាំឲ្យក្លាយជាបាយ រីឯបន្លែវិញ គឺត្រូវការការលាងសម្អាត និងកាត់តម្រឹមឲ្យស្អាតផងដែរ។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីកិច្ចការដែលព្រះយេស៊ូវបានធ្វើ ដោយព្រះគុណព្រះអង្គ សម្រាប់ខ្ញុំ។ ខ្ញុំដឹងច្បាស់ថា ខ្ញុំងាយនឹងធ្លាក់ចូលក្នុងអំពើបាប។ ខ្ញុំក៏ដឹងផងដែរថា ខ្លួនខ្ញុំផ្ទាល់មិនសក្តិសមនៅឈរនៅចំពោះព្រះអង្គឡើយ។ តែពេលដែលខ្ញុំបានទទួលសេចក្តីសង្រ្គោះហើយ ព្រះយេស៊ូវបានធ្វើឲ្យខ្ញុំមានជីវិតថ្មី(២កូរិនថូស ៥:១៧)។ ព្រះអង្គទទួលខ្ញុំ ទោះបីខ្ញុំមានបាបយ៉ាងណាក៏ដោយ ហើយបានធ្វើឲ្យខ្ញុំក្លាយជាដង្វាយដ៏ “បរិសុទ្ធ ឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន នៅចំពោះទ្រង់” តាមដែលសមគួរ(កូល៉ុស ១:២២)។ ព្រះអង្គកែឆ្នៃនិងរៀបចំខ្លួនខ្ញុំ សម្រាប់បង្ហាញដល់ព្រះវរបិតា ឲ្យសមជាដង្វាយដែលព្រះអង្គសព្វព្រះទ័យនឹងទទួល។
ពេលដែលព្រះអង្គជួយឲ្យជីវិតយើងមានការផ្លាស់ប្រែ សូមព្រះអង្គបណ្តាលចិត្តយើង ឲ្យរស់នៅក្នុងជីវិតថ្មី ហើយបន្ទាបខ្លួន ដោយការដឹងគុណ ចំពោះព្រះគ្រីស្ទ សម្រាប់ព្រះរាជកិច្ចដែលព្រះអង្គបានធ្វើសម្រេចក្នុងជីវិតយើង!—Joe Stowell
ការពិបាក ដែលយើងមិនអាចទៅណារួច
មានពេលមួយ លោកខេន ដៀល(Ken Deal) ដែលមានអាយុ៨៦ឆ្នាំ បានឡើងអធិប្បាយព្រះបន្ទូលថ្ងៃអាទិត្យ ជាលើកចុងក្រោយ ដោយនិយាយរៀបរាប់ជាសរុប អំពីការងារស្ម័គ្រចិត្តដែលគាត់បានធ្វើ ក្នុងព័ន្ធកិច្ចពន្ធធនាគា។ ពេលនោះគាត់បានមានប្រសាសន៍ថា គាត់បានបង្រៀនព្រះបន្ទូលដល់អ្នកទោសទំាងឡាយ អំពីការបម្រើព្រះ ក្នុងអំឡុងពេលដែលពួកគេកំពុងជាប់ឃុំ។ គាត់បានលើកឡើងអំពីទីបន្ទាល់ជាច្រើន របស់អ្នកទោស ដែលក្នុងចំណោមនោះ មានអ្នកខ្លះត្រូវជាប់ពន្ធធនាគាអស់មួយជីវិត។ នរណាក៏ចង់ចាកចេញពីកន្លែងនោះដែរ ប៉ុន្តែ គាត់បានលើកទឹកចិត្តពួកគេ ឲ្យមានការលូតលាស់ខាងវិញ្ញាណ ហើយផ្សាយដំណឹងល្អ អំពីព្រះគ្រីស្ទ ដល់អ្នកឯទៀត នៅក្នុងពន្ធធនាគា។
ដោយសារជនជាតិយូដា មិនស្តាប់បង្គាប់ព្រះអម្ចាស់ ព្រះអង្គក៏បានបើកឲ្យស្តេចនេប៊ូក្នេសា លើកទ័ពចូលមកក្នុងនគររបស់ពួកគេ ហើយចាប់ពួកគេជាឈ្លើយ ដឹកយកទៅចក្រភពបាប៊ីឡូន។ លោកហោរាយេរេមា ក៏បាននាំព្រះរាជសាររបស់ព្រះអម្ចាស់ មកប្រកាស់ដល់ពួកគេថា “ចូរឲ្យឯងរាល់គ្នាសង់ផ្ទះ ហើយអាស្រ័យនៅចុះ ចូរដាំដំណាំ ហើយស៊ីផលនោះទៅ ចូរយកប្រពន្ធ ហើយបង្កើតកូនប្រុសកូនស្រី ព្រមទាំងរកប្រពន្ធឲ្យកូនប្រុសឯង ហើយលើកកូនស្រីរបស់ឯងឲ្យមានប្តីផង … ចូរឲ្យចំរើនជាច្រើនឡើងនៅទីនោះ កុំឲ្យថយចំនួនឯងឡើយ(យេរេមា ២៩:៥-៦)។
យើងប្រហែលជាជួបស្ថានភាពដែលពិបាកខ្លះៗ នៅថ្ងៃនេះ ដែលធ្វើឲ្យយើងមិនអាចទៅណារួច។ ទោះបីជាវាកើតឡើងពីបរាជ័យរបស់យើង ឬក៏ទោះជាវាមិនមែនជាកំហុសរបស់យើងក៏ដោយ ក៏យើងនៅតែអាច “ឆ្លងកាត់” ឬស្វែងរកកម្លាំងមកពីព្រះ ដើម្បី “លូតលាស់” តាមរយៈការលំបាកនោះ។ ការពិបាកដែលធ្វើឲ្យយើងទៅណាមិនរួច គឺជាឱកាសដើម្បីរីកចម្រើន…
ការនៅកំដរ
ក្នុងឆ្នាំ២០១២ មានការសម្លាប់រង្គាល ក្នុងសាលារៀនមួយ ក្នុងរដ្ឋខូណែធូខាត់ ដែលបណ្តាលឲ្យកុមារ២០នាក់ និងបុគ្គលិកសាលា៦នាក់បាត់បង់ជីវិត។ ពេលនោះសហរដ្ឋអាមេរិកទាំងមូល មានការតក់ស្លត់យ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍ដ៏គួរឲ្យរន្ធត់នេះ។ ប្រជាពលរដ្ឋទាំងឡាយបានគិតអំពីសោកនាដកម្មនេះ ហើយមានសំណួរជាច្រើនបានចោទឡើងថា ឃាតករនោះ ជាមនុស្សប្រភេទណា ដែលអាចធ្វើទង្វើដ៏ព្រៃផ្សៃយ៉ាងនេះ ហើយតើគាត់ធ្វើដើម្បីអ្វី? តើយើងអាចធ្វើដូចម្តេច ដើម្បីការពារកុំឲ្យមានហេតុការណ៍ដូចនេះ កើតឡើងទៀត?តើយើងអាចជួយអ្នកដែលបានរួចជីវិត ពីការសម្លាប់រង្គាលនោះដោយរបៀបណាខ្លះ?
ស្ថិតក្នុងពេលដ៏ច្របូកច្របល់នោះ មានក្រុមលើកទឹកចិត្តមួយក្រុម ដែលខុសពីការរំពឹងទុករបស់យើង បាននាំឲ្យមានភាពធូរស្រាលឡើង។ ក្រុមមួយនោះ ជាប្រភេទសត្វឆ្កែប្រម៉ាញ់ដ៏គួរឲ្យស្រឡាញ់ ដែលគេបានបង្វឹកយ៉ាងពិសេស ដែលធ្វើឲ្យមនុស្សមានការស្រឡាញ់ចូលចិត្តពួកវា។ សត្វឆ្កែមិនចេះនិយាយស្តីដូចមនុស្សទេ។ ពួកវាគ្រាន់តែអាចនៅកំដរប៉ុណ្ណោះ។ ក្មេងៗដែលមានការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ ដោយសារអំពើហឹង្សាដ៏តក់ស្លត់ ដែលបានកើតឡើងនៅថ្ងៃនោះ មិនបានបង្ហាញចេញនូវការភ័យខ្លាច និងអារម្មណ៍ ដល់មនុស្សធំឡើយ ប៉ុន្តែ ពួកគេបានបើកចំហរចិត្តចំពោះសត្វឆ្កែទាំងនោះ ដោយបង្ហាញចេញនូវអារម្មណ៍ទាំងនោះដល់ពួកវា។ ទាក់ទងនឹងបញ្ហានេះ លោកធីម ហេតស៍ន័រ(Tim Hetzner) ដែលជានាយកនៃអង្គការមនុស្សធម៌ពួកជំនុំលូស័ររិន បានមានប្រសាសន៍ថា “ចំណុចសំខាន់បំផុតនៃការបង្វឹកសត្វឆ្កែរទាំងនេះ គឺយើងបង្រៀនពួកវាឲ្យចេះមានភាពស្ងាត់ស្ងៀម ដើម្បីជួយអ្នកដែលកំពុងសោកសង្រេង”។
យ៉ាងណាមិញ ពេលដែលយើងសិក្សាព្រះគម្ពីរយ៉ូប យើងឃើញថា មនុស្សដែលកំពុងសោកសង្រេង មិនតែងតែត្រូវការការលើកទឹកចិត្ត ដោយពាក្យសម្តីជានិច្ចឡើយ។ ជួនកាល ពួកគេគ្រាន់តែត្រូវការនរណាម្នាក់អង្គុយយ៉ាងស្ងាត់ស្ងៀមនៅក្បែរពួកគេប៉ុណ្ណោះ ដោយរង់ចាំស្តាប់ពាក្យពេចន៍អ្វីដែលពួកគេចង់និយាយចេញ និងឱបពួកគេពេលដែលទុក្ខព្រួយរបស់ពួកគេ ប្រែក្លាយជាការខ្សិបខ្សួល។
មានពេលខ្លះ ព្រះប្រហែលជាមិនធ្វើការអ្វីមួយ ដើម្បីកែប្រែស្ថានភាពដ៏ឈឺចាប់…