ពន្លឺក្នុងភាពងងឹត
ក្នុងអំឡុងពេលដំណើរកម្សាន្ត នៅប្រទេសពេរូ ខ្ញុំបានទៅមើលរូងភ្នំមួយ ក្នុងចំណោមរូងភ្នំជាច្រើន ដែលគេឃើញមាន នៅទូទាំងប្រទេសមួយនេះ ដែលសំបូរទៅដោយតំបន់ភ្នំ។ អ្នកនាំផ្លូវយើងបានប្រាប់យើងថា គេបានចូលរុករក ក្នុងរូងភ្នំប្រភេទនេះ បានជម្រៅជាង ១៤គីឡូម៉ែត្រហើយ នៅតែមិនទាន់ទៅដល់បាតរបស់វា។ យើងបានចូលមើលសត្វប្រជៀវដ៏គួរឲ្យចាប់ចិត្ត សត្វបក្សីរាត្រីចរ និងផ្ទាំងថ្ម ដែលមានរូបរាង្គចម្លែកៗ។ ទោះជាយ៉ាងណាក៏ដោយ មិនយូរប៉ុន្មាន យើងក៏បានទៅដល់កន្លែងដែលងងឹតខ្លាំង ធ្វើឲ្យយើងមិនហ៊ានចូលទៅជ្រៅជាងនោះទៀត ហើយយើងស្ទើរតែថប់ដង្ហើមផង បានជាយើងប្រញាប់ចេញមកក្រៅវិញ។ ខ្ញុំមានអារម្មណ៍ធូរស្រាលយ៉ាងខ្លាំង ពេលដែលយើងបានវិលត្រឡប់មកខាងក្រៅរូងភ្នំ ហើយបានឃើញពន្លឺថ្ងៃឡើងវិញ។
បទពិសោធន៍នៅថ្ងៃនោះ បានរំឭកខ្ញុំថា តើភាពងងឹតនាំឲ្យមានការភ័យខ្លាចកំរិតណា ហើយយើងម្នាក់ៗត្រូវការពន្លឺខ្លាំងប៉ុណ្ណា។ យើងកំពុងរស់នៅក្នុងពិភពលោក ដែលប្រែជាងងឹត ដោយសារអំពើបាប គឺលោកិយដែលបានទាស់ប្រឆាំងនឹងព្រះដែលបានបង្កើតខ្លួន។ ហើយយើងត្រូវការពន្លឺ។
ព្រះយេស៊ូវទ្រង់ក៏បានយាងមក ដើម្បីស្អាងអ្វីៗឡើងវិញ ជាពិសេសគឺស្រោចស្រង់មនុស្សជាតិ ឲ្យបានចូលទៅរស់នៅក្នុងពន្លឺរបស់ទ្រង់(យ៉ូហាន ៨:១២)។ គឺដូចដែលទ្រង់បានមានបន្ទូលថា “ខ្ញុំបានមកក្នុងលោកីយ៍ជាពន្លឺភ្លឺ ដើម្បីកុំឲ្យអ្នកណាដែលជឿដល់ខ្ញុំ ត្រូវនៅក្នុងសេចក្តីងងឹតឡើយ”(យ៉ូហាន ១២:៤៦)។
នៅក្នុងទ្រង់ យើងមិនគ្រាន់តែទទួលបាននូវពន្លឺនៃសេចក្តីសង្រ្គោះប៉ុណ្ណោះទេ តែថែមទាំងបានទទួលពន្លឺ ដែលនាំឲ្យយើងដើរតាមផ្លូវទ្រង់ កាត់តាមភាពងងឹតខាងវិញ្ញាណរបស់លោកិយ។-Bill Crowder
ពាក្យសម្តីប្រកបដោយប្រាជ្ញា
តើសាច់ដុំអ្វី ដែលខ្លំាងជាងគេ ក្នុងរាង្គកាយមនុស្ស? អ្នកខ្លះឆ្លើយថា សាច់ដុំអណ្តាតខ្លាំងជាងគេ តែយើងពិបាកនឹងកំណត់ថា សាច់ដុំណា ដែលខ្លាំងជាងគេ ព្រោះសាច់ដុំនីមួយៗ មិនធ្វើការតែម្នាក់ឯងទេ។
ប៉ុន្តែ យើងអាចដឹងថា អណ្តាតជាសាច់ដុំដ៏ខ្លាំង។ វាជាសាច់ដុំដ៏តូចទេ តែអាចធ្វើឲ្យមានការខូចខាតជាច្រើន។ សរីរាង្គដ៏តូច និងសកម្មមួយនេះជួយឲ្យយើងញាំអាហារ លេប ដឹងរស់ជាតិ ហើយចាប់ផ្តើមការរំលាយអាហារ តែយើងចេះតែប្រើវា ដើម្បីនិយាយអ្វីដែលយើងមិនគួរនិយាយ។ គេបានប្រើអណ្តាត ដើម្បីនិយាយបញ្ជោរ ជេរ កុហក់ អួត និងវាយប្រហារអ្នកដទៃ ។ល។
ដូចនេះ តើអណ្តាតជាសាច់ដុំ ដែលគ្រោះថ្នាក់ណាស់មែនទេ? ប៉ុន្តែ គេក៏អាចប្រើអណ្តាត ធ្វើការល្អជាច្រើន។ ពេលយើងបានទទួលការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ អណ្តាតអាចផ្លាស់ប្រែទៅជាឧបករណ៍ដ៏ល្អក្រៃលែង។ យើងអាចប្រើអណ្តាត ដើម្បីនិយាយអំពីភាពសុចរិត(ទំនុកដំកើង ៣៥:២៨) និងភាពយុត្តិធម៌របស់ព្រះ(៣៧:៣០)។ យើងអាចប្រើអណ្តាត និយាយអំពីសេចក្តីពិត(១៥:២) បង្ហាញសេចក្តីស្រឡាញ់(១យ៉ូហាន ៣:១៨) និងសារភាពបាបនៅចំពោះព្រះ(១យ៉ូហាន ១:៩)។
យើងអាចប្រើអណ្តាតឲ្យមានប្រយោជន៍បំផុត គឺដូចដែលបទគម្ពីរសុភាសិត ១២:១៨ បានចែងថា “សម្តីរបស់មនុស្សប្រាជ្ញជាថ្នាំផ្សះវិញ”។ ព្រះទ្រង់បានបង្កើតអណ្តាតយើងមក ដើម្បីនាំមកនូវការប្រោសឲ្យជា ដល់អ្នកដទៃ មិនមែនដើម្បីបង្កររបួសដល់ពួកគេឡើយ។ កាលណាយើងប្រើអណ្តាតត្រូវតាមបំណងព្រះទ័យទ្រង់ គឺមានន័យថា យើងកំពុងថ្វាយសិរីល្អដល់ទ្រង់ហើយ។-Dave Branon
ការវិលត្រឡប់យ៉ាងអស្ចារ្យ
លោកឆាត ផែននីងតុន(Chad Pennington) ជាអតីតៈកីឡាករបាល់ទាត់អាមេរិក ដែលធ្លាប់មានរបួសជាច្រើនលើក ដែលជាការគំរាមកំហែង មកលើអាជីពរបស់គាត់។ របួសរបស់គាត់បាននាំឲ្យគាត់ ជួបការពិបាកពីរលើក ដែលមានដូចជា ការវះកាត់ ការព្យាបាលផ្លូវកាយជាច្រើនខែ និងការហ្វឹកហាត់ឡើងវិញអស់ជាច្រើនខែ មុននឹងត្រឡប់ទៅទីលានប្រកួតវិញ។ ប៉ុន្តែ បន្ទាប់ពីបានព្យាបាលរបួសទាំងពីរលើកនោះ គាត់មិនគ្រាន់តែបានត្រឡប់មកការប្រកួតវិញប៉ុណ្ណោះទេ តែថែមទាំងបានទទួលលទ្ធផលដ៏ល្អប្រសើរណាស់ ក្នុងកំរិតដ៏ខ្ពស់មួយ ដែលនាំឲ្យគេដាក់រហ័សនាមគាត់ថា កីឡាករដែលត្រឡប់មកការប្រកួតប្រចាំឆ្នាំ ក្នុងសហព័ន្ធបាល់ទាត់ជាតិ។ សម្រាប់ខ្លួនលោកភែនធីងតុនផ្ទាល់ ការប្រឹងប្រែងរបស់គាត់ ជាការបង្ហាញអំពីការដែលគាត់បានប្តេជ្ញាត្រឡប់មកការប្រកួតបាត់ទាត់វិញ។
បើយើងប្រៀបធៀបរឿងនេះ មកជីវិតខាងវិញ្ញាណវិញ នោះយើងសង្កេតឃើញថា ពេលដែលអំពើបាប និងបរាជ័យបំបែកទំនាក់ទំនងដែលយើងមានជាមួយព្រះ និងធ្វើឲ្យប៉ះពាល់ដល់ការងារបម្រើព្រះអង្គ នោះយើងត្រូវតែមានការប្តេជ្ញាចិត្តឡើងវិញ ដើម្បីស្អាងទំនាក់ទំនងជាមួយព្រះអង្គឡើងវិញ ហើយធ្វើខ្លួនឲ្យមានប្រយោជន៍ចំពោះនគរព្រះអង្គ។ ពេលដែលយើងវង្វេងចេញ ដោយសារអំពើបាប នោះដើម្បីរកផ្លូវត្រឡប់មកវិញ យើងក៏ត្រូវលន់តួបាបផងដែរ។ “បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង”(១យ៉ូហាន ១:៩)។
ដើម្បីឲ្យយើងអាចជាសៈស្បើយ ពីបរាជ័យខាងវិញ្ញាណរបស់យើង យើងត្រូវតែពឹងផ្អែកទាំងស្រុង ទៅលើព្រះអង្គ ដែលបានលះបង់ព្រះជន្ម ដើម្បីយើងរាល់គ្នា។ ហើយការនេះនាំឲ្យយើងមានសង្ឃឹមឡើង។ ព្រះគ្រីស្ទដែលបានសុគតជួសយើង ព្រះអង្គបានស្រឡាញ់យើង ដោយក្តីស្រឡាញ់អស់កល្បជានិច្ច ហើយនឹងឆ្លើយតប ដោយព្រះគុណ ពេលដែលយើងសារភាពទោសកំហុសរបស់យើង…
ការផ្តោតទៅលើដំណើរការ
លោកវីលៀម ហ្ស៊ីនស័រ(Williams Zinsser) បាននិពន្ធសៀវភៅដែលមានចំណងជើងថា ការសរសេរបានល្អ ដែលក្នុងនោះ គាត់បានមានប្រសាសន៍ថា អ្នកនិពន្ធជាច្រើនបរាជ័យ ដោយសារពួកគេ “គិតអំពីការលក់សៀវភៅរបស់ខ្លួនខ្លាំងពេក”។ ពួកគេខ្វល់អំពីការលក់អត្ថបទ ឬសៀវភៅរបស់ខ្លួនខ្លាំងណាស់ បានជាពួកគេមិនបានអើពើរ ចំពោះការរៀនសូត្រអំពីដំណើរការនៃសរសេរ ដែលត្រូវគិត ធ្វើគម្រោង និងរៀបចំការសរសេរឲ្យបានល្អ។ លោកហ្ស៊ីនស័រជឿថា អ្នកនិពន្ធសរសេរមិនបានល្អ ពេលដែលពួកគេ “សរសេរ ដូចកីឡាករដែលផ្តោតទៅលើគោលដៅពេក ហើយមិនបានគិតពីរបៀបរត់ប្រណាំងឲ្យបានល្អ”។ ត្រង់ចំណុចនេះ លោកអេ ដាប់ប៊លយូ តូហ្ស័រ(A. W. Tozer) ដែលជាអ្នកនិពន្ធ និងអ្នកបម្រើព្រះ បានមានប្រសាសន៍ថា យើងក៏ប្រើគោលការណ៍ដូចនេះ ក្នុងជីវិតខាងវិញ្ញាណរបស់យើងផងដែរ។ គាត់បាននិពន្ធសៀវភៅមានចំណងជើងថា ឫសគល់ នៃពួកបរិសុទ្ធ ដែលក្នុងនោះ គាត់បានរៀបរាប់អំពីការដែលយើងច្រើនតែខ្វល់អំពីផលផ្លែ … ហើយមិនបានអើពើចំពោះឫសគុល ដែលនាំឲ្យមានផលផ្លែនោះទេ”។
យ៉ាងណាមិញ សាវ័កពេត្រុសបានរំឭកពួកជំនុំ នៅសតវត្សរ៍ទី១ថា ការរស់នៅដែលមានលក្ខណៈដូចព្រះគ្រីស្ទ និងការធ្វើការបម្រើព្រះដែលមានប្រសិទ្ធិភាព គឺជាលទ្ធផលដែលទទួលបាន ដោយសារមានដំណើរការល្អ។ គាត់បានលើកទឹកចិត្តពួកគេឲ្យមានការលូតលាស់ ក្នុងផ្នែកទាំង៨ នៃការលូតលាស់ខាងវិញ្ញាណ ដែលមានដូចជា សេចក្តីជំនឿ គុណធម៌ ចំណេះដឹង ការដឹងខ្នាត ការអត់ធ្មត់ ការគោរពប្រតិបត្តិព្រះ ការរាប់អានគ្នាជាបងប្អូន…
ធ្វើឲ្យមានភាពទាក់ទាញ
មានរឿងមួយបានដំណាលថា តាំងពីយូរមកហើយ មានក្មេងប្រុសម្នាក់បានឡើងជិះរថភ្លើង ក្នុងបំណងរកកំរៃ ពីការលក់ផ្លែប៉ោម។ វាក៏បានដើរកាត់តាមទូរថភ្លើង ដោយអំពាវនាវថា “ផ្លែប៉ោម អើយ ផ្លែប៉ោម មាននរណាចង់ទិញផ្លែប៉ោមទេ?” វាដើររហូតដល់កន្ទុយរថភ្លើងហើយ នៅតែលក់មិនបានផ្លែប៉ោមមួយសោះ។
មានសុភាពបុរសម្នាក់បានកត់សំគាល់ អំពីការលំបាករបស់វា ក៏បានហៅវាឲ្យមកក្បែរគាត់ ហើយសុំមើលផ្លែប៉ោមមួយផ្លែ។ គាត់ក៏បានយកផ្លែប៉ោមនោះ ដើរទៅក្បាលរថភ្លើង ដោយយកកូនកន្សែងជូតផ្លែប៉ោមនោះ ឲ្យភ្លឺរលោង រួចក៏ដើរកាត់តាមទូរថភ្លើងបណ្តើរ ញាំផ្លែប៉ោមនោះបណ្តើរ ព្រមទាំងលាន់មាត់ថា ផ្លែប៉ោមនោះនៅស្រស់ ហើយឆ្ងាញ់ណាស់។ បន្ទាប់មក គាត់ក៏បានប្រាប់ក្មេងប្រុសនោះ ឲ្យសាកដើរលក់ម្តងទៀត។ ពេលនេះ វាក៏បានលក់ផ្លែប៉ោមអស់ពីក្នុងស្បោង។ តើលោកអ្នកឃើញមានអ្វីប្លែកទេ? បុរសម្នាក់នោះបានធ្វើឲ្យផ្លែប៉ោមមានភាពទាក់ទាញយ៉ាងខ្លាំង ដល់អ្នកទិញដ៏មានសក្តានុពលទាំងឡាយ។
រឿងនេះបានរំឭកយើង អំពីវីធីដែលយើងអាចនាំអ្នកដទៃ ឲ្យចាប់អារម្មណ៍ចំពោះដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ គឺធ្វើឲ្យដំណឹងល្អមានភាពទាក់ទាញចំពោះពួកគេ ដោយបង្ហាញពួកគេអំពីការផ្លាស់ប្រែ ដែលដំណឹងល្អបានធ្វើឲ្យមាន ក្នុងជីវិតយើង។ យើងអាចធ្វើឲ្យគេមានការទាក់ទាញបំផុត ពេលដែលយើងអនុវត្តតាមការបង្រៀនរបស់សាវ័កប៉ុល ក្នុងបទគម្ពីរ កូល៉ុស ៤:៥ ដែលបានចែងថា “ចូរប្រព្រឹត្តនឹងពួកអ្នកក្រៅដោយប្រាជ្ញា ទាំងលៃយកឱកាសឲ្យទាន់ពេលផង”។ បើយើងបង្ហាញចេញនូវចិត្តសប្បុរស សេចក្តីស្រឡាញ់ និងក្តីអាណិត ដល់អ្នកដទៃ នោះអ្នកដែលសង្កេតមើលយើងនឹងឆ្ងល់ថា ហេតុអ្វីបានជាយើងមានចរិយាសម្បត្តិល្អដូចនេះ ហើយពេលនោះ យើងនឹងមានឱកាស ប្រាប់ពួកគេអំពីសេចក្តីស្រឡាញ់ដ៏អស្ចារ្យ ដែលព្រះអង្គមានចំពោះពួកគេ។-Dave Branon
ហាមបំពាន
លោកហ៊ីប៉ូក្រាធី(Hippocrates) ជាគ្រូពេទ្យរបស់ជនជាតិក្រិកសម័យបុរាណ។ មានមនុស្សជាច្រើនបានចាត់ទុកគាត់ ជាបិតានៃពេទ្យរបស់បច្ចឹមប្រទេស។ គាត់បានយល់អំពីសារៈសំខាន់នៃការអនុវត្តតាមក្រមសីលធម៌ នៅក្នុងការប្រើជំនាញពេទ្យ ហើយគេបានទទួលស្គាល់គាត់ នៅក្នុងការនិពន្ធ សៀវភៅដែលមានចំណងជើងថា ការធ្វើសច្ចាប្រណិធាណតាមបែបហ៊ីប៉ូក្រាទី ដែលនៅតែបានធ្វើជាលំនាំនៃក្រមសីលធម៌ សម្រាប់វេជ្ជបណ្ឌិតទាំងឡាយ ក្នុងសម័យបច្ចុប្បន្ន។ គន្លឹះសំខាន់នៃការធ្វើសច្ចាប្រណិធាណនោះ គឺ “មិនត្រូវធ្វើបំពាន”។ មានន័យថា គ្រូពេទ្យត្រូវធ្វើតែការអ្វី ដែលគាត់គិតថា មានប្រយោជន៍ចំពោះអ្នកជម្ងឺ។
យើងក៏អាចយកគោលការណ៍នៃការមិនធ្វើបំពាន មកប្រើនៅក្នុងទំនាក់ទំនង ជាមួយអ្នកដទៃ ក្នុងការរស់នៅជាប្រចាំថ្ងៃផងដែរ។ តាមពិតភាពសប្បុរសជាចំណុចស្នូល នៃការបង្រៀនក្នុងព្រះគម្ពីរសញ្ញាថ្មី អំពីការស្រឡាញ់អ្នកដទៃ។ សាវ័កប៉ុលដឹងថា ក្រឹត្យវិន័យនីមួយៗសុទ្ធតែបង្កប់សេចក្តីស្រឡាញ់របស់ព្រះ ដូចនេះ សេចក្តីស្រឡាញ់បានឆ្លុះបញ្ចាំង អំពីក្រឹត្យវិន័យរបស់ព្រះ។ ហេតុនេះហើយបានជាគាត់មានប្រសាសន៍ថា “សេចក្តីស្រឡាញ់មិនដែលធ្វើអាក្រក់ដល់អ្នកជិតខាងឡើយ ដូច្នេះ សេចក្តីស្រឡាញ់ ជាកិច្ចសម្រេចតាមក្រឹត្យវិន័យហើយ”(រ៉ូម ១៣:១០)។
ជារៀងរាល់ថ្ងៃ ពេលយើងដើរតាមព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះសង្រ្គោះនៃយើង យើងតែងតែត្រូវធ្វើការសម្រេចចិត្ត ដែលអាចប៉ះពាល់ដល់ជីវិតអ្នកដទៃ។ ពេលយើងសម្រេចចិត្តធ្វើអ្វីមួយ ហើយគួរតែសួរខ្លួនឯងថា “តើការនេះ ឆ្លុះបញ្ចាំងអំពីសេចក្តីស្រឡាញ់ ដែលព្រះគ្រីស្ទមានចំពោះមនុស្សទាំងឡាយឬទេ តើខ្ញុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនឬ?” ការចេះគិតបានវែងឆ្ងាយយ៉ាងដូចនេះ បង្ហាញឲ្យគេឃើញសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ដែលតែងតែសព្វព្រះទ័យនឹងប្រោសមនុស្សដែលជួបការឈឺចាប់ និងជួយដល់អ្នកដែលត្រូវការជំនួយ។-Dennis Fisher
អ្នកជួយនៅតាមជញ្ចើមផ្លូវ
មានពេលមួយ មិត្តភ័ក្ររបស់ខ្ញុំម្នាក់ បានទៅបរបាញ់សត្វ ជាមួយមិត្តភ័ក្ររបស់គាត់ នៅក្បែរតំបន់ប៊លម៉ូរ៉ល ដែលជាកម្មសិទ្ធិរបស់ក្សត្រីនៃចក្រភពអង់គ្លេស។ ពេលពួកគេកំពុងដើរ គាត់ស្រាប់តែគ្រិចជើងយ៉ាងធ្ងន់ធ្ងរ បានជាគាត់មិនអាចបន្តដំណើរទៅមុខទៀត ដូចនេះ គាត់ក៏បានប្រាប់មិត្តភ័ក្រគាត់ឲ្យទៅមុន ហើយគាត់នឹងអង្គុយចាំនៅតាមជញ្ជើមផ្លូវ។
ពេលគាត់កំពុងអង្គុយ មានឡានមួយគ្រឿងបានបើកតាមផ្លូវនោះ ក៏បានបន្ថយល្បឿន ឈប់នៅជិតគាត់។ ស្ត្រីដែលជាអ្នកបើកបររថយន្តនោះ ក៏បានបើកកញ្ចក់ទ្វារឡាន ហើយក៏បានសួរនាំគាត់ ក្រែងលោមានអ្វីដែលអាចជួយបាន។ គាត់បានពន្យល់ប្រាប់នាងថា គាត់កំពុងរង់ចាំមិត្តភ័ក្រគាត់ត្រឡប់មករកគាត់វិញ។ នាងក៏ប្រាប់គាត់ ឲ្យឡើងឡាន ដើម្បីឲ្យនាងជូនគាត់ទៅកន្លែងស្នាក់នៅរបស់គាត់។ គាត់ក៏បានដើរខ្ញើចជើង ទៅរកឡាន ហើយក៏បើកទ្វារឡាន។ គាត់ក៏បានដឹងថា តាមពិតស្រ្តីនោះជាក្សត្រីអេលីហ្សាបេត(Elizabeth)សោះ!
បើសិនជាក្សត្រីនៃចក្រភពអង់គ្លេស មកជួយយើងដោយផ្ទាល់ដូចនេះ យើងក៏ប្រហែលជាមានការភ្ញាក់ផ្អើលផងដែរ។ តែទោះជាយ៉ាងណាក៏ដោយ យើងមានជំនួយដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀត។ ព្រះដែលបានបង្កើតចក្រវាល បានយាងចុះមកក្នុងលោកិយនេះ ព្រះអង្គបានទតឃើញទុក្ខលំបាករបស់យើង ហើយបានលះបង់ព្រះជន្មព្រះអង្គ ដើម្បីជួយសង្រ្គោះយើង ឲ្យរួចពីបាប។ គឺដូចដែលអ្នកនិពន្ធទំនុកដំកើងបានបញ្ជាក់យ៉ាងច្បាស់ថា “ព្រះទ្រង់ជាទីពឹងជ្រក ក៏ជាកំឡាំងនៃយើងខ្ញុំ ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន”(ទំនុកដំកើង ៤៦:១)។ ព្រះសង្រ្គោះនៃយើងជួយយើង ដោយប្រទានព្រះគុណ សម្រាប់ឲ្យយើងទ្រាំអត់ ប្រទានព្រះបន្ទូលដើម្បីទ្រទ្រង់យើង ប្រទានមិត្តភ័ក្រដើម្បីលើកទឹកចិត្ត និងអធិស្ឋានឲ្យយើង ហើយប្រទាននូវទំនុកចិត្តថា ព្រះអង្គផ្សំការទាំងអស់ សម្រាប់ជាប្រយោជន៍ខាងវិញ្ញាណរបស់យើង។
ពេលដែលអ្នកមានអារម្មណ៍ថា កំពុងជាប់គាំងដំណើរ នៅតាមវិថីជីវិត នោះចូរក្រឡេកទៅរកព្រះដ៏ជាជំនួយរបស់អ្នកចុះ។-Joe Stowell
ប្រាជ្ញាមកពីស្ថានសួគ៌
ពេលអ្នកស្រីខេរ៉ា វីលម៉ត់(Kiera Wilmot) រៀននៅវិទ្យាល័យ នាងបានធ្វើការពិសោធន៍ជាតិគីមី ក្នុងការប្រឡង តែមិនបានទទួលពន្ទុះល្អទេ។ ផ្ទុយទៅវិញ នាងបែរជាមានកំហុស ដែលបានធ្វើឲ្យមានបន្ទុះជាតិគីមីផ្អើលពេញសាលា។ ទោះបីជានាងមានគម្រោង ធ្វើការពិសោធន៍ ដើម្បីឲ្យបានការទទួលស្គាល់ពីគ្រូបង្រៀនរបស់នាងក៏ដោយ ក៏នាងបែរជាទៅធ្វើការពិសោធន៍ខាងក្រៅថ្នាក់រៀន តាមការជំរុញរបស់មិត្តរួមថ្នាក់របស់នាងទៅវិញ។ នាងបានលាយជាតិគីមី ក្នុងដបជ័រមួយ ហើយវាក៏ផ្ទុះឡើង ធ្វើឲ្យមិត្តរួមថ្នាក់របស់នាងមួយចំនួន មានការភ័យខ្លាច។ តែនាងមិនមានចេតនាទេ។
យ៉ាងណាមិញ ព្រះគម្ពីរសញ្ញាចាស់ក៏បានចែង អំពីបញ្ហាដែលកើតឡើង ពីការជំរុញរបស់មនុស្សនៅជុំវិញខ្លួនផងដែរ។ មានពេលមួយ ដាវីឌ និងគ្នីគ្នារបស់គាត់ បានទៅលាក់ខ្លួន ពីស្តេចសូល ក្នុងរូងភ្នំមួយ(១សាំយ៉ូអែល ២៤)។ ពេលស្តេចសូលចូលក្នុងរូងភ្នំនោះ គ្នីគ្នារបស់គាត់បានប្រាប់ដាវីឌថា ព្រះបានប្រគល់ស្តេចសូលមកក្នុងកណ្តាប់ដៃពួកគេហើយ ហើយពួកគេក៏បានជំរុញឲ្យដាវីឌសម្លាប់ស្តេចសូល(ខ.៤,១០)។ បើសិនជាដាវីឌធ្វើគុតស្តេចសូលនៅពេលនោះ នោះពួកគេអាចឈប់លាក់ខ្លួនទៀត ហើយដាវីឌអាចឡើងធ្វើស្តេចផង។ តែដាវីឌមិនព្រមសម្លាប់ស្តេចសូលឡើយ ព្រោះទ្រង់ជា“អ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំង”(ខ.៦)។
ជួនកាល មានអ្នកដែលស្និទ្ធស្នាលនឹងយើង បានប្រាប់ឲ្យយើងធ្វើការអ្វីមួយ ដែលហាក់ដូចជាកិច្ចការដ៏ត្រឹមត្រូវ ឬសមហេតុផលបំផុត សម្រាប់ពេលនោះ។ ប៉ុន្តែ ប្រាជ្ញាខាងវិញ្ញាណ ខុសពីប្រាជ្ញារបស់លោកិយ(១កូរិនថូស ២:៦-៧)។ ប្រាជ្ញាដែលមកពីស្ថានលើ “នោះមុនដំបូងហៅថាបរិសុទ្ធ រួចមកមានមេត្រីចិត្ត សេចក្តីសំឡូត ចិត្តទន់ ក៏ពេញដោយសេចក្តីមេត្តាករុណា”(យ៉ាកុប ៣:១៧)។ ពេលដែលអ្នកដទៃជំរុញឲ្យយើងធ្វើការអ្វីមួយ នោះយើងអាចសូមប្រាជ្ញាពីព្រះ…
សសៃព្រះលោហិតរបស់ព្រះ
ពេលខ្ញុំទៅទស្សនាតំបន់ខុតស៍វូលដ៍ ដែលមានទេសភាពដ៏ស្រស់ស្អាត នៅប្រទេសអង់គ្លេស ខ្ញុំបានទិញពែងទឹកព័រសឺឡែនមួយចំនួន សម្រាប់ធ្វើជាវត្ថុអនុស្សាវរីយ។ ខ្ញុំបានប្រើពែងទឹកទាំងនោះយ៉ាងប្រុងប្រយ័ត្ន តែទីបំផុត ខ្ញុំបានធ្វើឲ្យពែងទឹកមួយធ្លាក់បែក ក្នុងកន្លែងលាងចាន។ ថ្មីៗនេះ ខ្ញុំបាននឹកគិតអំពីពែងទឹកមួយនោះ ពេលដែលខ្ញុំបានស្វែងយល់អំពីសិល្បៈនៃការជួសជុលពែងរបស់ជនជាតិជប៉ុន។ តាមធម្មតា ពេលយើងមានរបស់អ្វីមួយបែកបាក់ យើងមានចិត្តសប្បាយនឹងជួសជុលវា ល្មមនឹងអាចប្រើវាទៀត។ ប៉ុន្តែ កាលពីរាប់រយឆ្នាំមុខ មានសិល្បៈករជប៉ុនម្នាក់បានតាំងចិត្តថា គាត់នឹងជួសជុលព័រសឺឡែន ដែលបែកបាក់ ឲ្យក្លាយជាវត្ថុដ៏ស្រស់ស្អាត។ ដូច្នេះហើយ គាត់ក៏បានចាប់ផ្តើមប្រើកាវដែលមានជាតិមាស បិទបំណែកនីមួយៗឲ្យចូលគ្នាវិញ។ ការជួសជុលព័រសឺឡែនតាមវិធីសាស្រ្តនេះ បានធ្វើឲ្យព័រសឺឡែននោះមានសសៃពណ៌មាសដ៏គួរឲ្យគយគន់។
ក្នុងដើមដំបូងនៃប្រវត្តិសាស្រ្តមនុស្សជាតិ អំពើបាបបានចូលមកក្នុងលោកិយ(លោកុប្បត្តិ ៣)។ អ្នកប្រាជ្ញផ្នែកទេវវិជ្ជា បានហៅហេតុការណ៍នោះថា “ការធ្លាក់ចូលក្នុងអំពើបាប”។ ការធ្លាក់ចូលនេះបានបណ្តាលឲ្យមានការបែកបាក់ ដោយជៀសមិនរួច។ ជីវិតរបស់មនុស្សមានការឈឺចាប់ ដោយសារយើងចេះតែបន្តមានការឈឺចាប់ និងធ្វើឲ្យអ្នកដទៃមានការឈឺចាប់ ដោយបំណែកដ៏មុតស្រួចរឆេករឆូចរបស់យើង។ ប៉ុន្តែ ព្រះមិនសព្វព្រះទ័យឲ្យយើង នៅបន្តរស់ក្នុងភាពបែកបាក់នោះទៀតទេ ហើយការជួសជុលរបស់ព្រះអង្គ ធ្វើឲ្យភាពបែកបាក់របស់យើង ក្លាយជាភាពស្រស់ស្អាតវិញ។
សិល្បៈករអាចជួសជុលពែងព័រសឺឡែនដែលបែក ឲ្យប្រែក្លាយជាវត្ថុដ៏ស្រស់ស្អាត ប៉ុន្តែ ព្រះជួសជុលយើង ឲ្យមានជីវិតថ្មីឡើង ដោយប្រើព្រះលោហិតរបស់ព្រះរាជបុត្រាព្រះអង្គ ដែលមានតម្លៃលើសមាសឬប្រាក់។ ស្នាមបែករបស់យើងមិនត្រូវបានលម្អរដោយសសៃធ្វើពីមាសទេ តែបំណែកនេះត្រូវបានភ្ជាប់ចូលគ្នាវិញ ដោយព្រះលោហិត ដែលបានហូរចេញពីសសៃលោហិតរបស់ព្រះគ្រីស្ទ។ “ដ្បិតបើយើងបានជាប់ជាមួយនឹងទ្រង់ ក្នុងការដែលជាគំរូពីសេចក្តីសុគតរបស់ទ្រង់ នោះក៏នឹងបានជាប់ក្នុងសេចក្តីរស់ឡើងវិញរបស់ទ្រង់ដែរ”(រ៉ូម ៦:៥)។…
ស្អាងឡើងវិញ ដោយព្រះអម្ចាស់
អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ដែលគេបានព្យាយាមជាច្រើនលើកច្រើនសារ ក្នុងការជួសជុល ស្នាដៃសិល្បៈចាស់ៗដ៏ល្អឯក ដែលបានខូច ឲ្យមានលក្ខណៈល្អដូចដើមវិញ។ កិច្ចប្រឹងប្រែងក្នុងការជួសជុលខ្លះ បានអភិរក្សស្នាដៃដើមរបស់សិល្បៈករ យ៉ាងប៉ិនប្រសប់ តែទន្ទឹមនឹងនោះ មានការជួសជុលខ្លះបានធ្វើឲ្យខូចខាតស្នាដៃសិល្បៈជាច្រើនរបស់ពួកអ្នកប្រាជ្ញ ដែលក្នុងនោះមានរូបចម្លាក់បុរាណរបស់ជនជាតិក្រិក និងយ៉ាងហោចណាស់បានធ្វើឲ្យខូចផ្ទាំងគំនូរពីរផ្ទាំងរបស់លោកដាវីនស៊ីជាដើម។
ពេលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅគ្រីស្ទបរិស័ទ នៅក្រុងកូល៉ុស គាត់បានពិពណ៌នា អំពីដំណើរការនៃការស្អាងឡើងវិញខាងវិញ្ញាណ ដែលគេមិនអាចធ្វើបាន នៅក្នុងពិភពសិល្បៈឡើយ។ គឺការស្អាងរាស្រ្តរបស់ព្រះឡើងវិញ។ គឺដូចដែលសាវ័កប៉ុលបានសរសេរថា “អ្នករាល់គ្នាបានដោះមនុស្សចាស់ និងអំពើរបស់វាចោលចេញហើយ ចូរប្រដាប់ខ្លួនដោយមនុស្សថ្មីវិញ ដែលកំពុងតែកែឡើងខាងឯសេចក្តីចេះដឹង ឲ្យបានត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក”(កូល៉ុស ៣:៩-១០)។ ត្រង់ចំណុចនេះ គាត់មិនមែនកំពុងតែនិយាយ អំពីការជួសជុលស្នាដៃសិល្បៈរបស់សិល្បៈករដែលបានស្លាប់ទៅហើយទេ។ តែជាការស្អាងជីវិតរបស់កូនព្រះអង្គ ឲ្យផ្លាស់ប្រែជាថ្មីឡើង ដែលជាកិច្ចការរបស់ព្រះ ដែលបានបង្កើតយើង ហើយប្រទានឲ្យយើងមានជីវិតថ្មី ក្នុងព្រះរាជបុត្រាព្រះអង្គ ព្រះនាមយេស៊ូវគ្រីស្ទ។ ការអត់ទោសបាបរបស់ព្រះអង្គ បានធ្វើឲ្យជីវិតរបស់យើងមានពណ៌ភ្លឺស្រស់ល្អឡើង ហើយទន្ទឹមនឹងនោះ ព្រះគុណរបស់ព្រះអង្គបានជួយគូសវាសខ្សែជីវិតយើង តាមបំណងព្រះទ័យព្រះអង្គ។
ផ្ទាំងគំនូរនៃជីវិតរបស់យើង គឺជាស្នាព្រះហស្តដ៏ប៉ិនប្រសប់របស់ព្រះអម្ចាស់នៃយើង ដែលបានជ្រាបថា ព្រះអង្គនឹងរចនាយើងឲ្យក្លាយមនុស្សប្រភេទណា។ ទោះបីជាយើងត្រូវអំពើបាប អាចធ្វើឲ្យខូច និងកខ្វក់យ៉ាងណាក៏ដោយ ក៏យើងនៅតែមានសង្ឃឹមថា នឹងបានផ្លាស់ប្រែជាថ្មី និងបានស្អាងឡើងវិញ។ ព្រះដែលជាកំពូលសិល្បៈករ មានព្រះជន្មគង់នៅ ហើយកំពុងធ្វើការក្នុងជីវិតយើង។-David McCasland