លោកអាប៉ូឡាពី (A-poe-la-pi) ជាសមាជិកពួកចាស់ទុំ នៃកុលសម្ព័ន្ធអាខា ដែលរស់នៅតំបន់ជួរភ្នំ នៃខេត្តយូណាន ប្រទេសចិន។ ពេលយើងបានទៅសួរសុខទុក្ខគាត់ ក្នុងដំណើរបេសកកម្មកាលពីពេលថ្មីៗនេះ គាត់បានប្រាប់យើងថា ពេលមានភ្លៀងធ្លាក់ខ្លាំង គាត់នឹកកាលយើងរៀនព្រះគម្ពីរប្រចាំសប្តាហ៍ជាមួយគ្នា។ ដូចនេះ គាត់ក៏បានសុំឲ្យយើង ចែកចាយព្រះបន្ទូលព្រះដល់គាត់ទៀត។ លោកអាប៉ូឡាពី មិនចេះអក្សរទេ ដូចនេះ ការជួបប្រជុំរៀនព្រះគម្ពីរប្រចាំសប្តាហ៍ មានសារៈសំខាន់ចំពោះគាត់ណាស់។ ពេលយើងអានព្រះគម្ពីរឲ្យគាត់ស្តាប់ គាត់បានស្តាប់ដោយយកចិត្តទុកដាក់។ ភាពឆេះឆួលរបស់គាត់ បានរំឭកខ្ញុំថា ពេលយើងស្តាប់រឿងក្នុងព្រះគម្ពីរដោយយកចិត្តទុកដាក់ គឺមានន័យថា យើងកំពុងថ្វាយការគោរពចំពោះទ្រង់។
ក្នុងបទគម្ពីរចោទិយកថា ជំពូក៤ លោកម៉ូសេបានជំរុញពួកអ៊ីស្រាអែល ឲ្យប្រុងត្រចៀកស្តាប់ យ៉ាងប្រុងប្រយ័ត្ន ចំពោះច្បាប់ និងបញ្ញត្តិ ដែលទ្រង់បានបង្រៀនពួកគេ(ខ.១)។ គាត់បានរំឭកពួកគេថា ប្រភព និងការបណ្តាលចិត្ត នៃការបង្រៀនក្នុងព្រះគម្ពីរ គឺសុទ្ធតែមកពីព្រះ ដែលបានមានបន្ទូលមកកាន់ពួកគេ ដោយ “ភ្លើង” នៅភ្នំស៊ីណៃ(ខ.១២)។ លោកម៉ូសេប្រាប់ពួកគេថា “ទ្រង់បានមានព្រះបន្ទូលប្រាប់ដល់ឯងរាល់គ្នាពីសេចក្តីសញ្ញារបស់ទ្រង់ ដែលទ្រង់បានបង្គាប់ឲ្យឯងរាល់គ្នាប្រព្រឹត្តតាម គឺជាក្រឹត្យទាំង១០ប្រការ ហើយទ្រង់ក៏ចារឹកកត់ក្រឹត្យទាំងនោះ ចុះទៅបន្ទះថ្ម២ផ្ទាំង”(ខ.១៣)។
សូមយើងទទួលការលើកទឹកចិត្ត ឲ្យមានចិត្តស្រេកឃ្លានចង់ស្តាប់ព្រះបន្ទូលព្រះ បន្ទាប់ពីយើងបានស្តាប់ទីបន្ទាល់របស់លោកអាប៉ូឡាពី។ គឺដូចដែលសាវ័កប៉ុលបានរំឭកយើង ក្នុងបទគម្ពីរ ២ធីម៉ូថេ ៣:១៥-១៦ ថា បទគម្ពីរដែលព្រះបានបណ្តាលឲ្យគេនិពន្ធ ត្រូវបានទ្រង់ប្រទានមកសម្រាប់ជាប្រយោជន៍ និងការលូតលាស់របស់យើង ពោលគឺដើម្បីឲ្យយើងមានប្រាជ្ញា នៅក្នុងសេចក្តីសង្រ្គោះ និងផ្លូវរបស់ព្រះ។-Poh Fang Chia