មាន​អ្នក​ជំនួញ​ម្នាក់ ដែល​ជា​គ្រីស្ទ​បរិស័ទ បាន​ចែក​ចាយ​ទី​បន្ទាល់​របស់​គាត់ នៅ​ព្រះ​វិហារ​របស់​ខ្ញុំ។ គាត់​បាន​ចែក​ចាយ ដោយ​គ្មាន​លាក់​លៀម អំពី​ការ​តស៊ូ​របស់​គាត់ ក្នុង​ក្តី​ជំនឿ និង​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​បរិបូរ។ គាត់​មាន​ប្រសាសន៍​ថា “ទ្រព្យ​សម្បត្តិ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច!” គាត់​ក៏​បាន​ដក​ស្រង់​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ​ថា “ដ្បិត​ដែល​សត្វ​អូដ្ឋ​នឹង​ចូល​ទៅ​តាម​ប្រហោង​ម្ជុល នោះ​ងាយ​ជា​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ​ទៅ​ទៀត”(លូកា ១៨:២៥)​។ គាត់​ក៏​បាន​ដក​ស្រង់​បទ​គម្ពីរ​លូកា ១៦:១៩-៣១ ដែល​និយាយ​អំពី​បុរស​អ្នក​មាន​ម្នាក់ និង​លោក​ឡាសា និង​អំពី​ការ​ដែលបុរស​អ្នក​មាន​នោះ បាន​ធ្លាក់​ស្ថាន​នរក។ រឿង​ប្រៀប​ប្រដូច ​អំពី “អ្នក​មាន​ដែល​ល្ងង់​ខ្លៅ” (លូកា ១២:១៦-២១) បាន​ប៉ះ​ពាល់​ចិត្ត​គាត់​យ៉ាង​ខ្លាំង។ ប៉ុន្តែ អ្នក​ជំនួញ​រូប​នេះ​បាន​បញ្ជាក់​ថា តាម​ការ​បង្រៀន​របស់​ស្តេច​សាឡូម៉ូន ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​បរិបូរ សុទ្ធ​តែ “គ្មាន​ន័យ”(សាស្តា ២:១១a)។ គាត់​ក៏​បាន​តាំង​ចិត្ត​ថា គាត់​នឹង​មិន​បណ្តោយ​ឲ្យ​ទ្រព្យ​សម្បត្តិ​រា​រាំង ការ​ប្តេជ្ញា​ចិត្ត​ដែល​គាត់​មាន​ចំពោះ​ព្រះ​ឡើយ។ ផ្ទុយ​ទៅ​វិញ គាត់​ចង់​បម្រើ​ព្រះ ដោយ​ប្រើ​ទ្រព្យ​សម្បត្តិ​របស់​គាត់ ហើយ​ជួយ​អ្នក​ដែល​ខ្វះ​ខាត។

អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ព្រះ​ពរ​ជា​សម្ភារៈ ដល់​មនុស្ស​មួយ​ចំនួន។ ជាក់​ស្តែង​បទ​គម្ពីរ ២​របាក្សត្រ ១៧:៥ បាន​ចែង​អំពី​ស្តេច​យ៉ូសាផាត​យ៉ាង​ដូច​នេះ​ថា “​ព្រះយេហូវ៉ា​ទ្រង់​តាំង​រាជ្យ ឲ្យ​មាំមួន​ក្នុង​អំណាច​យ៉ូសាផាត … ទ្រង់​មាន​ព្រះរាជ្យទ្រព្យ និង​កិត្តិយស​ជា​បរិបូរ”។ ទ្រង់​មិន​បាន​ប្រែ​ជាមាន​អំណួត ឬ​ធ្វើ​បាប​អ្នក​ដទៃ ដោយ​ប្រើ​ទ្រព្យ​សម្បត្តិ​របស់​ទ្រង់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ “ព្រះ​ទ័យ​​ទ្រង់​បាន​តាំង​ឡើង ក្នុង​អស់​ទាំង​ផ្លូវ​នៃ​ព្រះយេហូវ៉ា”(ខ.៦)។ ម្យ៉ាង​ទៀត “ទ្រង់​ដើរ​តាម​ផ្លូវ​របស់​អេសា ជា​ព្រះបិតា​ទ្រង់ ឥត​ងាក​បែរ​ចេញ​ឡើយ ក៏​ប្រព្រឹត្ត​អំពើ​ដែល​ត្រឹមត្រូវ នៅ​ព្រះនេត្រ​ព្រះយេហូវ៉ា”(២០:៣២)។

ព្រះ​អម្ចាស់​មិន​មាន​ព្រះ​ទ័យ​ទាស់​ប្រឆាំង​នឹង​ទ្រព្យ​សម្បត្តិ​ទេ ដ្បិត​ទ្រង់​បាន​ប្រទាន​ពរ​អ្នក​ខ្លះ ឲ្យ​មាន​ទ្រព្យ​សម្បត្តិ តែ​ទ្រង់​ពិត​ជា​ប្រឆាំង​នឹង​ការ​ស្វែង​រក និង​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ​តាម​ផ្លូវ​ខុស។ ទ្រង់​សក្តិ​សម​នឹង​ឲ្យ​អ្នក​ដើរ​តាម​ទ្រង់​ទាំង​អស់​ ថ្វាយ​ចិត្ត​ដាច់​ដល់​ទ្រង់។-Lawrence Darmani