បាត់បង់តែរកឃើញវិញ
មកដល់ថ្ងៃដែលខ្ញុំរកឃើញវិញ ទើបខ្ញុំដឹងថាខ្ញុំជាមនុស្សបាត់បង់។ ខ្ញុំធ្វើការងាររកស៊ីជាធម្មតា ផ្លាស់ប្តូរពីការងារមួយទៅការងារមួយទៀត។ ប៉ុន្តែទើបតែខ្ញុំបានទទួលអ៊ីម៉ែលមួយមានចំណងជើងថា៖ «ខ្ញុំគិតថាអ្នកជាបងប្អូនជីដូនមួយរបស់ខ្ញុំ»។ ពេលខ្ញុំអានសារក្នុងសំបុត្រនោះ នាងនិងបងប្អូនជីដូនមួយម្នាក់ទៀត ស្វែងរកមើលស្រឡាយគ្រួសាររបស់ខ្ញុំអស់រយៈពេល១០ឆ្នាំមកហើយ។ បងប្អូនជីដូនមួយម្នាក់ទៀតបានសន្យាជាមួយនឹងឪពុកគាត់មនុស្សស្លាប់ថានឹងស្វែងរកសាច់ញាតិរបស់គាត់អោយឃើញ។
ខ្ញុំមិនបានធ្វើអ្វីសោះ ដែលបញ្ជាក់ថាខ្ញុំជាមនុស្សបាត់បង់ អោយគេរកខ្ញុំឃើញ ខ្ញុំក៏មិនត្រូវធ្វើអ្វីដែរ គ្រាន់តែទទួលស្គាល់ថាខ្ញុំជាមនុស្សដែលគេកំពុងតែស្វែងរក។ ខ្ញុំដឹងថា ពួកគេចំណាយពេល និង ថាមពលជាច្រើនស្វះស្វែងរកគ្រួសាររបស់ខ្ញុំ ធ្វើអោយខ្ញុំមានអារម្មណ៍ថាខ្លួនឯងពិសេសណាស់។
រឿងនេះធ្វើអោយខានពិតពីរឿងប្រស្នារកូនពៅវង្វេងពុំបានឡើយ(លូកា ១៥)ក្នុងនោះក៏មានរឿងចៀមវង្វេង និងប្រាក់ដួងដែលបាត់បង់ ពេលណាយើងឃ្លាតឆ្ងាយចេញពីព្រះអង្គ ទោះជាមានចេតនាដូចកូនពៅវង្វេង ឬអចេតនាដូចជាចៀមវង្វេងបាត់ក្តី ព្រះជាម្ចាស់ស្វែងរកអ្នក។
ទោះជាយើងមិនដឹងថា ខ្លួនជាមនុស្សបាត់បង់ ហើយយើងគ្មានទំនាក់ទំនងជាមួយព្រះអង្គ នោះយើងជាមនុស្សបាត់បង់ហើយ។ ដើម្បីអោយទ្រង់រកយើងឃើញវិញ យើងត្រូវទទួលស្គាល់ថា ព្រះជាម្ចាស់កំពុងតែស្វែងរកយើង (លូកា ១៩:១០)។ ដោយបោះបង់ផ្លូវរឹងទទឹងចោល យើងអាចរួមជាមួយព្រះគ្រិស្ត ហើយទ្រង់នឹងស្តារគ្រួសារយើងឡើងវិញ ។ Julie Ackerman Link
បើគ្មានសង្ឃឹម ចូរមករកព្រះអង្គចុះ
នៅក្នុងសៀវភៅមួយក្បាលមានចំណងជើងថា ឆ្លងកាត់ជ្រលងភ្នំខ្វៃ ដែលនិពន្ធដោយលោកអ៊សណេស ហ្គោដិនជាមន្ត្រីជនជាតិស្កុតដែលជាប់ពន្ធធនាគារក្នុងអំឡុងសង្គ្រាមលោកលើកទី២។ បុរសវ័យ៦២ឆ្នាំរូបនេះរងការឈឺចាប់ដោយសារជំងឺ គ្រុនចាញ់ ខាន់ស្លាក់ គ្រុនពោះវៀន កង្វះវីតាមីនស៊ី រាគរូស ជំងឺដំបៅ និងការធ្វើការហួសកម្លាំង កង្វះអាហារ ធ្វើអោយគាត់ស្រកទំងន់អស់ជាច្រើន។
មន្ទីរពេទ្យក្នុងពន្ធធនាគារមានគោលដៅធ្វើអោយលោកអ៊សណេសអស់សង្ឃឹម រង់ចាំគេផ្លាស់ប្តូរទីតាំង ទីកន្លែងថ្មី។ សម្រាកនៅក្នុងផ្ទះមរណរង់ចំាក្តីស្លាប់ ដែលពេញដោយធូលីដី។ ប៉ុន្តែជារៀងរាល់ថ្ងៃមានអ្នកទោសដូចគ្នា មកលាងដំបៅរបស់គាត់ ហើយលើកទឹកចិត្តគាត់ អោយបរិភោគចំណែករបស់គាត់។ មួយរយៈក្រោយមក សុខភាពគាត់បានត្រឡប់មករកភាពដើមវិញ។ គាត់បានពិភាក្សាជាមួយអ្នកមិនជឿព្រះជនជាតិស្កុតឡែន អំពីជំនឿដ៏មាំមួនរបស់គាត់លើព្រះជាម្ចាស់ ហើយបង្ហាញថា នៅកណ្តាលនៃការឈឺចាប់នោះ មានក្តីសង្ឃឹមក្នុងនោះ។
ក្តីសង្ឃឹមដែលយើងបានអាននៅក្នុងបទគម្ពីរមិនមែនជាក្តីសង្ឃឹមស្រពេចស្រពិល និងទុទិដ្ឋិនិយមនោះឡើយ។ ផ្ទុយទៅវិញក្តីសង្ឃឹមក្នុងព្រះគម្ពីរមាំមួន គួរទុកចិត្តបាន ដែលទ្រង់បានសន្យាថានឹងសម្រេចជាក់ជាមិនខានឡើយ។ សេចក្តីទុក្ខលំបាកបង្កើតអោយមានសេចក្តីទ្រាំទ្រ សេចក្តីទ្រាំទ្របង្កើតអោយមានសេចក្តីស៊ាំថ្នឹក សេចក្តីស៊ាំថ្នឹកបង្កើតអោយមានសេចក្តីសង្ឃឹម (រ៉ូម ៥:៣-៤)។
៧០ឆ្នាំកន្លងផុតទៅ លោកហ្គោដិនបានរៀនអំពីសេចក្តីពិតនេះ រួចលោកមានប្រសាសន៍ថា៖ «ជំនឿធ្វើអោយយើងរឹងមាំ ទោះជាគ្មានសេចក្តីសង្ឃឹម យើងនៅតែសង្ឃឹមព្រះជាម្ចាស់ជានិច្ច (រ៉ូម ៨:២៤-២៥)។ Cindy Hess Kasper
សម្លឹងមើលទៅមុខ
នៅកំឡុងពេលសង្រ្គាមត្រជាក់ (១៩៤៧-១៩៩១)ជាពេលដ៏តានតឹងបំផុតរបស់មហាអំណាចលើពិភពលោក។ លោកអលប៊ត អេស្តេនមានប្រសាសន៍ថា៖ «ខ្ញុំមិនដឹងថា គេនឹងប្រើអាវុធប្រភេទណា ក្នុងសង្គ្រាមលោកលើកទី៣ទេ? ចំណែកឯសង្គ្រាមលោកលើកទី៣វិញ គេនឹងប្រើដំបង និងដុំថ្មជំនួសវិញ»។ ខណៈពេលនោះមហាអំណាចផ្តោតលើផលវិបាកនៃអាវុធនុយក្លេអ៊ែរ។ ដោយមិនគិតអំពីការសម្រេចចិត្តបែបនោះទេ នោះអ្វីៗនឹងត្រូវបំផ្លាញអស់រលីង។ គួរអោយស្តាយណាស់ ដោយមិនដឹងជាមុននូវការបញ្ជាក់អះអាងអ្វីឡើយ។ ជួនកាលការសម្រេចចិត្តរបស់យើង ពិបាកទាយដឹងមុនណាស់។ ជួនកាលយើងគិតតែមួយភ្លែត។
យោងតាមគម្ពីរហេព្រើរ ១១:២៤-២៦ ចែងថា៖ «លោកម៉ូសេសម្លឹងមើលទៅមុខ ដោយផ្អែកលទ្ធផលជាក់លាក់មួយ។ ដោយសារជំនឿ លុះលោកធំហើយ លោកស៊ូរងទុក្ខលំបាកជាមួយនឹងរាស្រ្តរបស់ព្រះ ជាជាងមានអំណរខាងអំពើបាប។ ទុកជាសម្បត្តិប្រសើរជាងអស់ទាំងរបស់ថ្លៃវិសេសនៅស្រុកអេស៊ីព្ទ ដ្បិតលោកសម្លឹងចំទៅឯរង្វាន់វិញ»។
ជម្រើសលោកម៉ូសេមិនងាយស្រួលទេ តែគាត់បានសម្រេចចិត្តយ៉ាងច្បាស់ ពីព្រោះគាត់ដឹងថាបញ្ហាដែលគាត់ប្រឈមមុខ ធ្វើអោយគាត់ចេះស៊ូទ្រាំ រហូតទាល់តែបានរង្វាន់នៅខាងមុខ។ កាលណាយើងសម្លឹងមើលទៅមុខ តើយើងពេញចិត្តនឹងស៊ូទ្រាំនឹងសេចក្តីដំនៀលដល់ព្រះគ្រិស្ត គឺជាពេលដ៏លំបាកដែលមកជាមួយនឹងព្រះយេស៊ូ ដើម្បីផ្លាស់ប្តូររង្វាន់ដែលទ្រង់បានសន្យាជាមួយយើងរាល់គ្នា។ Bill Crowder
តើអ្នកបានដឹងអ្វីខ្លះ?
នៅសម័យចក្រភពរ៉ូម សាសន៍ដទៃស្រែកអង្វររកព្រះនាមព្រះ នៅពេលដែលពួកគេមានឱកាសភ្នាល់ល្បែងស៊ីសងតែប៉ុណ្ណោះ។ ឈ្មោះស្តេចល្បែងដ៏ពេញនិយមជាងគេ គឺអេប្រូឌី ជាភាសាក្រិកមានន័យថា ព្រះនៃសេចក្តីស្រឡាញ់។ ពេលគេបង្វិលគ្រាប់ឡុកឡាក់ គេស្រែកឡើងថា៖ «អេប៉ាប្រូឌីត» តាមន័យត្រង់គឺ «អេប្រូឌីត»។
នៅក្នុងគម្ពីរភីលីព យើងបានអានអំពីអ្នកជឿជនជាតិក្រិកម្នាក់ ឈ្មោះអេប៉ាប្រូឌីត។ គាត់ជាមិត្តដ៏ជិតស្និទ្ធរបស់លោកប៉ូល ដែលបានបម្រើយ៉ាងល្អនៅក្នុងបេសកកម្ម។ លោកប៉ូលបានសរសេរទៅកាន់មិត្តសំឡាញ់គាត់ថា៖ «អេប៉ាប្រូឌីតគាត់ជាបងប្អូន ជាគូកនធ្វើការ ហើយធ្វើទាហានជាមួយនឹងខ្ញុំ» (ភីលីព ២:២៥)។
លោកអេប៉ាប្រូឌីតជាបងប្អូនរួមជំនឿក្នុងព្រះគ្រិស្ត និងជាគូកនបម្រើព័ន្ធកិច្ច ជាទាហានរបស់ព្រះគ្រិស្ត ព្រមទាំងជាអ្នករត់សំបុត្រទៅកាន់ក្រុមជំនុំនៅក្រុងភីលីព។ គាត់បង្ហាញគំរូភាតរភាព ក្រមសីលធម៌ការងារ ការតស៊ូខាងវិញ្ញាណ និងការបម្រើព័ន្ធកិច្ច។ តាមពិតទៅលោកអេប៉ាប្រូឌីតមានកេរ្តិ៍ឈ្មោះល្អ ដែលបង្ហាញថាគាត់មិនបានរស់តាមរបៀបសាសន៍ដទៃឡើយ គឺគាត់រស់នៅដោយជំនឿលើព្រះគ្រិស្ត។
អ្វីដែលសំខាន់ជាងឈ្មោះទៅទៀតគឺ គុណតម្លៃជាគ្រិស្តបរិស័ទនៅក្នុងជីវិតយើងម្នាក់ៗរួមមាន៖ ការដែលអាចពឹងផ្អែកបាន ការយកចិត្តទុកដាក់ ការលើកទឹកចិត្ត និងប្រាជ្ញា។ តើអ្នកចង់អោយអ្នកដទៃពិព៌ណនាអ្នកថាយ៉ាងម៉េច? Dennis Fisher
ចូរសម្រាក
ការហាត់ប្រាណលាតសន្ធឹងដៃ និងពត់ខ្លួនដែលខ្ញុំចូលចិត្តជាងគេ គឺនៅ៥នាទីចុងក្រោយ។ គឺពេលយើងពត់ខ្លួនទៅក្រោយ អោយទាបនៅលើកម្រាលដើម្បីអោយយើងបានសម្រាក។ ក្នុងពេលវេលាបែបនោះ គ្រូបង្វឹកនិយាយដោយស្រទន់ថា៖ «ស្វែងរកកន្លែងសម្រាករៀងខ្លួនចុះ»។ ខ្ញុំស្រាប់គិតដល់កន្លែងសម្រាកល្អបំផុត គឺជាកំនាព្យមួយបទតែងដោយក្លេឡែន ប៊ី ម៉ាកហ្វ៊ី មានចំណងជើងថា៖ «នៅក្បែរព្រះទ័យទ្រង់»។
មានកន្លែងសម្រាកមួយយ៉ាងស្ងប់ស្ងាត់
នៅក្បែរព្រះទ័យព្រះអម្ចាស់
នៅកន្លែងនោះគ្មានអំពើបាបទាល់តែសោះ
គឺនៅក្បែរព្រះទ័យព្រះអម្ចាស់។
ព្រះយេស៊ូជាព្រះអង្គសង្រ្គោះដ៏មានពរ
ដែលព្រះបិតាបានចាត់បញ្ជូនមក
មករកអស់អ្នកដែលរង់ចាំព្រះអង្គ
នៅក្បែរព្រះទ័យព្រះអម្ចាស់។
កំនាព្យនេះត្រូវបានតែងឡើងក្នុងឆ្នាំ១៩០១ ក្រោយមរណភាពរបស់ក្មួយស្រីលោកម៉ាកហ្វ៊ីពីរនាក់ដោយសារជំងឺខាន់ស្លាក់។ ក្រុមថ្វាយបង្គំច្រៀងចម្រៀងនេះនៅខាងក្រៅផ្ទះរបស់បងប្រុសគាត់ ដោយផ្តល់ក្តីសង្ឃឹមពីការយកចិត្តទុកដាក់របស់ព្រះជាម្ចាស់។ លោកប៉ូលប្រាប់យើងថា ព្រះជាម្ចាស់មានព្រះទ័យស្រឡាញ់ដល់យើង (រ៉ូម ៨:៣១-៣៩)។ គ្មានអ្វីមួយទោះជាទុក្ខលំបាក សេចក្តីវេទនា សេចក្តីបៀតបៀន សេចក្តីអត់ឃ្លាន សេចក្តីអាក្រាត សេចក្តីអន្តរាយ ឬដាវអី ទោះជាស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅខាងមុខ ឬឥទ្ធិប្ញទ្ធិអ្វី ទីមានកំពស់ ទីជំរៅ ឬរបស់អ្វីដែលកើតមកឯទៀតក្តី ពុំអាចពង្រាត់យើងចេញពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់បានឡើយ។ «បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន» (ខ៣១)។
មិនថាអ្នកមានការធុញថប់ ឬបារម្ភប៉ុណ្ណាទេ ព្រះទ័យរបស់ព្រះជាម្ចាស់ជាកន្លែងយើងសម្រាកបាន។ ចូរពឹងផ្អែកលើព្រះអង្គចុះ «ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា (១ពេត្រុស ៥:៧)។ Anne Cetas…
គិតលេខសារជាថ្មី
នៅតាមផ្លូវ ពេលធ្វើដំណើរកម្សាន្តជាមួយមិត្តសំឡាញ់ យើងប្រើជីភីអេសដើម្បីប្រាប់ផ្លូវពេលបើកបររថយន្ត។ បន្ទាប់ពីចូលដល់គោលដៅ ហើយនៅលើអេក្រង់មានសម្លេងប្រាប់យើងពីផ្លូវត្រូវទៅ ទៅពេលណា និងត្រូវបត់នៅកន្លែងណា។ នៅពេលបើកចេញពីផ្លូវ មិនថាមានគ្រោះថ្នាក់ ឬ មានគម្រោងទុកជាមុន មានសម្លេងប្រាប់យើងថា៖ «គិតលេខសារជាថ្មី»។ រួចសម្លេងនោះប្រាប់ផ្លូវយើងត្រឡប់ទៅផ្លូវត្រឹមត្រូវវិញ។
បទគម្ពីរ២ធីម៉ូថេ ៣:១៦ ពិពណ៌នាអំពីប្រព័ន្ធប្រាប់ទិសខាងវិញ្ញាណសម្រាប់ដំណើរជីវិតយើងម្នាក់ៗ។«គ្រប់ទាំងបទគម្ពីរគឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលអោយតែងទេ ក៏មានប្រយោជន៍សម្រាប់ការបង្រៀន ការរំព្ញកអោយដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ខាងឯសេចក្តីសុចរិត»។ ការបង្រៀនប្រាប់យើងថា ផ្លូវណាត្រូវទៅ ការរំព្ញកអោយដឹងខ្លួនប្រាប់យើង ពេលណាយើងធ្វើដំណើរចេញពីផ្លូវ ការប្រដៅដំរង់ប្រាប់យើង អោយត្រឡប់មករកផ្លូវត្រូវវិញ ហើយការបង្ហាត់ខាងឯសេចក្តីសុចរិតប្រាប់យើងអោយនៅជាប់ក្នុងផ្លូវរបស់ព្រះជាម្ចាស់។ កំហុស និងជម្រើសផ្សេងៗបង្វែរយើងចេញពីផ្លូវរបស់ព្រះអម្ចាស់។ តែបរាជ័យកម្រធ្វើអោយយើងស្លាប់ណាស់ ហើយការសម្រេចចិត្តជម្រើសចុងក្រោយ។ ខណៈណាយើងផ្លាស់ប្តូរទិសដៅរបស់ខ្លួន នោះព្រះវិញ្ញាណបរិសុទ្ធគិតលេខសារជាថ្មី ហើយជំរុញយើងអោយត្រឡប់ទៅផ្លូវព្រះបិតាវិញ។
បើយើងរសាត់អណ្តែតចេញពីទិសដៅរបស់ព្រះជាម្ចាស់ គ្មានពេលណាល្អជាងនេះទេ ចូរស្តាប់ព្រះសូរសៀងព្រះជាម្ចាស់ ហើយត្រឡប់មករកផ្លូវព្រះអម្ចាស់វិញចុះ ។ David McCasland
ពីព្រោះ
ថ្ងៃមួយ កូនរបស់ខ្ញុំដែលទើបតែដើរតតេះតតាស់និយាយថា៖ «ខ្ញុំស្រឡាញ់ម៉ាក់»។ ខ្ញុំឆ្ងល់ណាស់ ហេតុអ្វីបានជាក្មេងប្រុសអាយុ៣ឆ្នាំនិយាយបែបនេះ។ កូនខ្ញុំឆ្លើយថា៖ «ពីព្រោះប៉ាលេងឡានជាមួយខ្ញុំ»។ ពេលខ្ញុំសួរថា តើមានហេតុផលអីទៀតទេ កូនខ្ញុំឆ្លើយថា៖ «អត់មានទៀតទេ»។ ពាក្យឆ្លើយបែបខ្ញុំញញឹមទាំងពេញចិត្តណាស់។ តែខ្ញុំក៏គិតទៅដល់របៀបខ្ញុំទាក់ទងជាមួយព្រះអង្គ។ តើខ្ញុំស្រឡាញ់ និងទុកចិត្តព្រះអង្គនូវអ្វីដែលទ្រង់បានធ្វើសម្រាប់ខ្ញុំដែរឬទេ? តើយើងនៅតែស្រឡាញ់ និងទុកចិត្តលើទ្រង់ទេ ពេលមិនមានព្រះពរ?
លោកយ៉ូបត្រូវតែឆ្លើយនូវសំណួរទាំងនេះ ពេលគ្រោះមហន្តរាយឆក់យកជីវិតកូនគាត់ ហើយបំផ្លាញទ្រព្យសម្បត្តិគាត់អស់រលីង។ ប្រពន្ធគាត់ប្រាប់ប្តីថា៖ «ប្រមាថព្រះជាម្ចាស់ ហើយស្លាប់ទៅ ប្រសើរជាង» (២:៩)ផ្ទុយទៅវិញ លោកយ៉ូបឆ្លើយតបថា៖ «យើងទទួលសេចក្តីល្អមកពីព្រះ តើមិនត្រូវទទួលសេចក្តីអាក្រក់ដែរទេឬ?» (ខ១០)។ ពិតមែនលោកយ៉ូបត្រូវជំនះគ្រប់ឧបសគ្គ ក្រោយពេលសោកនាដកម្ម គាត់ខឹងនឹងមិត្តសំឡាញ់ ដែលចោទសួរពីព្រះដ៏មានប្ញទ្ធានុភាព។ គាត់សន្យានៅចំពោះព្រះជាម្ចាស់ថា៖ «ទោះបីទ្រង់សម្លាប់ខ្ញុំក៏ដោយ គង់តែខ្ញុំនឹងទុកចិត្តដល់ទ្រង់ដែរ»(១៣:១៥)។
សេចក្តីស្រឡាញ់របស់លោកយ៉ូប ចំពោះព្រះបិតាគង់នៅស្ថានសួគ៌ មិនមែនផ្អែកលើដំណោះស្រាយបែបហ្នឹងទេ។ ផ្ទុយទៅវិញ គាត់ស្រឡាញ់ និងទុកចិត្តព្រះជាម្ចាស់ ពីព្រោះទ្រង់ជាព្រះលើទាំងអស់។ លោកយ៉ូបមានប្រសាសន៍ថា៖ «ទ្រង់មានព្រះហប្ញទ័យប្រកបដោយប្រាជ្ញា ក៏មានឥទ្ធិប្ញទ្ធិដ៏ក្រៃលែង (៩:៤)។
សេចក្តីស្រឡាញ់របស់យើងចំពោះព្រះជាម្ចាស់ មិនមែនអាស្រ័យលើព្រះពរទេ តែដោយសារទ្រង់គឺជាព្រះលើទាំងអស់ ។ Jennifer Benson Schuldt
កំណែទម្រង់ និងការក្រឡាប់ចាក់
គុណតម្លៃនៃព្រះរាជ្យដែលព្រះយេស៊ូបានយាងមកបង្កើត ពិតជាខុសពីសម័យរបស់ទ្រង់។ ពួកផារីស៊ី និងគ្រូក្រិត្យវិន័យទាមទារចង់បានការកោតសរសើរពីមហាជន។ ហើយពួកគេច្រើននៅតែធ្វើដូច្នេះរហូតដល់សព្វថ្ងៃនេះ។
នៅក្នុងគម្ពីរលូកា១៤ ព្រះយេស៊ូបង្រៀនជាប្រស្នាដល់ពួកអ្នកដើរតាមព្រះអង្គ កុំអោយធ្វើដូច្នោះឡើយ។ នៅក្នុងប្រស្នានោះ មានមនុស្សដែលចង់អង្គុយកន្លែងមានកិត្តិយសជាងគេ នៅក្នុងពិធីមង្គលការ(ខ៧-៨)។ ទ្រង់មានបន្ទូលថា ពួកគេនឹងអាម៉ាស បើគេប្រកាសជាសាធារណៈអោយទៅអង្គុយកន្លែងមួយសមនឹងឋានៈគាត់(ខ៩)ព្រះយេស៊ូមានព្រះបន្ទូលតទៀតស្តីអំពីអ្នកដែលត្រូវគេអញ្ជើញក្នុងពិធីជប់លៀង។ ទ្រង់មានបន្ទូលថា ពួកគេមិនគួរអញ្ជើញមិត្តសំឡាញ់ និងក្រុមគ្រួសារឡើយ តែពេលអ្នករៀបចំពិធីជប់លៀង គួរអញ្ជើញអ្នកក្រ អ្នកពិការ អ្នកខ្ញើច និងអ្នកខ្វាក់វិញ យ៉ាងនោះអ្នកនឹងបានពរពិត ដ្បិតមនុស្សទាំងនោះ គ្មានអ្វីនឹងសងអ្នកវិញទេ(ខ១៣-១៤)។
ពេលឮពាក្យនេះ តើអ្នកបាក់ទឹកចិត្តឬ ដែលអ្នកមិនបានអញ្ជើញក្រុមអ្នកមាន នៅក្នុងក្រុមជំនុំ ឬ អ្នកជិតខាងអ្នក? ជាប់គាំងនៅកាំទី២ ដែលអ្នកគួរឡើងដល់កាំទី៨ ឬយ៉ាងហោចណាស់ដល់កាំដែលមានមុខមានមាត់មែនទេ? ចូរស្តាប់ព្រះបន្ទូលព្រះយេស៊ូវិញ៖ «ដ្បិតអស់អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើងវិញ» (ខ១១)។ នេះហើយជាការផ្លាស់ប្តូរ ហើយរាជ្យរបស់ព្រះជាម្ចាស់ ខុសពីរាជ្យរបស់យើងរាល់គ្នា។ Dave Egner
ប្រឈមមុខនឹងភាពភ័យខ្លាច
អ្នកម្តាយម្នាក់ប្រាប់កូនប្រុសអាយុ៥ឆ្នាំ អោយទៅយកស៊ុបប៉េងប៉ោះមួយកំប៉ុងនៅក្នុងទូរ។ កូនប្រុសបដិសេធនិងតវ៉ាថា៖ «វាងងឹតណាស់នៅទីនោះ»។ ម្តាយប្រាប់ចន្នីជាកូនថា៖ វាមិនអីទេ កុំខ្លាចអី។ ព្រះយេស៊ូនៅទីនោះ។ ដូច្នេះ ចន្នីបើកទ្វារយឺតៗ ហើយឃើញថា វាងងឹតមើលមិនឃើញសោះ ចន្នីស្រែកថា៖ «ព្រះយេស៊ូអើយ ជួយហុចស៊ុបប៉េងប៉ោះខ្ញុំមួយកំប៉ុង?»។
សាច់រឿងដ៏គួរអោយអស់សំណើចនេះ ធ្វើអោយខ្ញុំនឹកដល់លោកគេឌាន។ ព្រះអម្ចាស់លេចមកគេឌាន ដោយហៅគាត់ថា៖ «នែអ្នកពូកែក្លាហានអើយ ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងឯង» (ចៅហ្វាយ ៦:១២) ហើយគាត់អោយរំដោះជនជាតិអ៊ីស្រាអែលចេញពីកណ្តាប់ដៃរបស់ពួកម៉ាឌាន(ខ១៤)។ តែគេឌានទូលព្រះអម្ចាស់ថា៖ «ទូលបង្គំជាគ្រួក្រជាងគេក្នុងពួកម៉ាណាសេ ហើយទូលបង្គំក៏ជាអ្នកតូចបំផុតក្នុងពួកផ្ទះឪពុកទូលបង្គំផង» (ខ១៥)។ ទោះជាព្រះអម្ចាស់មានបន្ទូលតបថា៖ «អញនឹងនៅជាមួយនឹងឯង ឯងនឹងវាយសាសន៍ម៉ាឌាន ដូចជាវាយនឹងមនុស្សតែម្នាក់» (ខ១៦) តែគាត់នៅតែភ័យខ្លាច។ នោះគាត់ទទូចសុំទ្រង់សម្តែងព្រះគុណ និងទីសំគាល់អោយគាត់បានដឹងផង(ខ១៧; ៣៦-៤០)។ ដូច្នេះហេតុអ្វីបានជាព្រះអម្ចាស់ហៅគេឌានដែលភ័យខ្លាចថា អ្នកពូកែក្លាហានទៅវិញ? ពីព្រោះថ្ងៃមួយគេឌាននឹងក្លាយជាមនុស្សក្លាហានដោយសារទ្រង់ជួយគាត់។
យើងមិនខុសពីគេឌានដែលសង្ស័យពីសមត្ថភាព និងសក្តានុពលរបស់ខ្លួន។ តែកុំអោយសង្ស័យថា ព្រះជាម្ចាស់មិនអាចធ្វើអ្វីនឹងអ្នកបានឡើយ បើកាលណាយើងទុកចិត្ត និងស្តាប់បង្គាប់ទ្រង់។ ព្រះរបស់គេឌានក៏ដូចជាព្រះរបស់យើងដែរ បើព្រះអាចជួយគេឌានបាន ព្រះអង្គក៏អាចជួយយើងបានដែរ។ Albert Lee
ព្រះពរបង្ហូរលើសពីការស្មាន
នាងណាអូមី និងនាងរស់បានឆ្លងកាត់ស្ថានភាពដ៏លំបាកលំបិន។ គ្រួសារនាងណាអូមីសុខចិត្តចាកចេញពីប្រទេសអ៊ីស្រាអែលទៅម៉ូអាប់ ព្រោះតែគ្រោះទុរ្ភិក្ស។ ខណៈពេលពួកគេរស់នៅទីនោះ កូនប្រុសទាំងពីររបស់នាងក៏រៀបការជាមួយសាសន៍ម៉ូអាប់គឺនាងអ័រប៉ា និងនាងរស់។ ក្រោយមកប្តីនាងណាអូមី និងកូនប្រុសទាំងពីរក៏ស្លាប់បាត់ទៅ។ តាមវប្បធម៌របស់ម៉ូអាប់ ស្រ្តីពឹងផ្អែកលើបុរស ជាហេតុធ្វើអោយស្រ្តីបីនាក់ត្រូវនៅម៉េម៉ាយយ៉ាងលំបាកលំបិន។
ព្រះបន្ទូលក៏មកដល់នាងណាអូមីថា គ្រោះទុរ្ភិក្សនៅអ៊ីស្រាអែលបានបញ្ចប់ហើយ ដូច្នេះនាងសម្រេចចិត្តធ្វើដំណើរត្រឡប់ទៅវិញ។ នាងអ័រប៉ា និងនាងរស់តាមមកតាមម្តាយក្មេក តែនាងណាអូមីប្រាប់អោយពួកគេត្រឡប់ទៅផ្ទះវិញ ដោយនាងនិយាយទាំងក្តុលក្តួលថា៖ «ព្រះហស្តនៃព្រះយេហូវ៉ាបានលូកមកពាល់អញហើយ» (នាងរស់ ១:១៣)។
នាងអ័រប៉ាសុខចិត្តត្រឡប់ទៅផ្ទះវិញ តែនាងរស់ព្រមទៅតាមម្តាយ ដោយបញ្ជាក់ថា៖ «សាសន៍របស់អ្នកម្តាយនឹងបានជាសាសន៍ខ្ញុំ ហើយព្រះរបស់អ្នកម្តាយនឹងបានជាព្រះរបស់ខ្ញុំដែរ» (១:១៥-១៨)។ នាងផ្លាស់ប្តូរទិសដៅរបស់ខ្លួន ដោយសារក្តីសប្បុរសរបស់នាងណាអូមីចំពោះនាងរស់ (១:១៦-១៧; ២:១១-១២) និងរបស់លោកបូអូសចំពោះនាងរស់(២:១៣-១៤)។
វាដូចជាមិនទំនងសោះចំពោះមនុស្សពីរនាក់៖ ស្រ្តីសាសន៍យូដា និងសាសន៍ដទៃ ហើយនឹងបូអូសជាកូនរបស់ស្រ្តីពេស្យា(យ៉ូស្វេ ២:១; ម៉ាថាយ ១:៥)។ជារឿងអន្តរាគមន៍ដែលមិនអាចពន្យល់បានគឺថា គាប់ជួនជានាងរស់ទៅក្នុងស្រែរបស់បូអូស (២:៣)។ សាច់រឿងនេះបញ្ចប់ដោយទទួលព្រះពរនឹកស្មានមិនដល់ គឺថា នាងទទួលបានកូនមួយ ដែលជាខ្សែស្រឡាយរបស់ព្រះមែស៊ី(៤:១៦-១៧)។
ព្រះជាម្ចាស់សម្តែងការអស្ចារ្យនូវអ្វីដែលយើងគិតថាមិនសូវសំខាន់៖ ជំនឿដែលផុយស្រួយ មិនសូវមានចិត្តសប្បុរស និងជាមនុស្សសាមញ្ញម្នាក់ ។ Julie Ackerman Link