និយាយដោយសង្ខេប
មានពេលមួយនោះ ខ្ញុំស្វែងយល់ឃើញថា សន្ទរកថាដ៏ល្បីមួយរបស់លោកអប្រាហាំលីងខិន មានតែពាក្យតិចជាង៣០០ប៉ុណ្ណោះ។ មានន័យថា មានពេលខ្លះយើងមិនចាំបាច់និយាយច្រើនពេកទេ ដើម្បីអោយគេចាំ។
ហេតុដូច្នេះហើយបានជាខ្ញុំចូលចិត្តទំនុកដំកើង ១១៧។ ការសង្ខេបខ្លីគឺជានិមិត្តសញ្ញាមួយ។ អ្នកនិពន្ធគម្ពីរទំនុកដំកើងសរសេរជា៣០ពាក្យ មានតែ១៧ពាក្យប៉ុណ្ណោះនៅក្នុងភាសាហេព្រើ ។ ឱសាសន៍ទាំងឡាយអើយ ចូរសរសើរដល់ព្រះយេហូវ៉ា ឱជនរាល់គ្នាអើយ ចូរដំកើងទ្រង់ចុះ ដ្បិតសេចក្តីសប្បុរសនៃទ្រង់ចំពោះយើងរាល់គ្នា នោះធំក្រៃលែង ហើយសេចក្តីពិតនៃព្រះយេហូវ៉ា ក៏ស្ថិតស្ថេរនៅជាដរាប ចូរសរសើរដល់ព្រះយេហូវ៉ាចុះ!
នេះជាដំណឹងល្អសម្រាប់អ្នករាល់គ្នា។ បទទំនុកដំកើងនេះ ជាព្រះរាជសារទៅកាន់សាសន៍ទាំងឡាយ ដ្បិតសេចក្តីសប្បុរសនៃទ្រង់ ដែលជាសេចក្តីស្រឡាញ់នៃសម្ពន្ធមេត្រីរបស់ទ្រង់ ធំក្រៃលែងចំពោះយើងរាល់គ្នា។ ចូរគិតមើល ថាតើសេចក្តីស្រឡាញ់របស់ទ្រង់មានន័យយ៉ាងណា ចំពោះយើង។ ទ្រង់ស្រឡាញ់យើង មុនពេលយើងកើតនៅផែនដីនេះ ទោះក្រោយយើងស្លាប់ក៏ទ្រង់នៅតែស្រឡាញ់យើងដែរ។ គ្មានអ្វីមួយអាចបំបែកយើងចេញពីក្តីស្រឡាញ់របស់ព្រះជាម្ចាស់មាននៅក្នុងអង្គព្រះគ្រីស្ទយេស៊ូវឡើយ(រ៉ូម ៨:៣៩)។ ព្រះទ័យទ្រង់ជាប្រភពទឹកនៃក្តីស្រឡាញ់ដែលហូរមិនចេះអស់មិនចេះហើយ។
ពេលខ្ញុំអានគម្ពីរទំនុកដំកើងដ៏ខ្លីនេះ ខ្ញុំគិតថាគ្មានការលើកទឹកចិត្តណា ពិសេសជាងការរំព្ញកពីក្តីសប្បុរសរបស់ព្រះជាម្ចាស់។ សរសើរតម្កើងព្រះអម្ចាស់! David Roper
មួករបស់ឪពុកខ្ញុំ
នៅក្នុងការប្រកួតកីឡាអូឡាំពិក មានសោកនាដកម្មមួយកើតឡើង។ ពិធីបើកការប្រកួតកីឡាអូឡាំពិកនារដូវក្តៅឆ្នាំ១៩៩២នៅក្នុងទីក្រុងបាសេឡូណា។ ក្រុមកីឡារបស់ប្រទេសនីមួយៗបានដើរជាក្បួនចូលក្នុងពហុកីឡាដ្ឋាន ដែលមានអ្នកអបអរចំនួន៦៥០០០នាក់។ តែនៅជ្រុងមួយនៃពហុកីឡាដ្ឋាន មានការរន្ធត់និងក្រៀមក្រំកើតឡើង ខណៈពេលលោកភីតធ័រ កាណុហ្វ ជាបិតាអ្នកហែលទឹកប្រចាំសហរដ្ឋអាមេរិកបានដួលស្លាប់ ដោយសារជំងឺគាំងបេះដូង។
៥ថ្ងៃក្រោយមក លោករ៉ូនបានបង្ហាញមុខ ក្នុងការប្រកួតដោយពាក់មួកឪពុករបស់គាត់ ដែលគាត់បានទុកវាមួយឡែកមុនពេលប្រកួតចាប់ផ្តើម។ ហេតុអ្វីបានជាគាត់ធ្វើដូច្នេះ? វាជាការដឹងគុណរបស់អ្នកហែលទឹកចំពោះឪពុកគាត់ ដែលគាត់រាប់ថាជាមិត្តដ៏ល្អម្នាក់។ មួកនោះពាក់លើក្បាលឪពុកគាត់ ពេលទៅស្ទួចត្រី និងធ្វើអ្វីផ្សេងទៀតជាមួយគ្នា។ ការពាក់មួកបង្ហាញថា គាត់គោរពចំពោះឪពុកដែលនៅក្បែរ លើកទឹកចិត្ត និងណែនាំគាត់។ ពេលលោករ៉ូនមុជចូលទៅក្នុងទឹក គាត់មិនបាច់មានវត្តមានឪពុកឡើយ តែគាត់ចងចាំទុកក្នុងចិត្ត។
នៅក្នុងថ្ងៃបុណ្យដឹងគុណឪពុក មានរបៀបជាច្រើនយើងគោរពឪពុក ដូចព្រះគម្ពីរមានបង្គាប់យើងស្រាប់ហើយ(អេភេសូរ ៦:២)។ មានរបៀបមួយយើងអាចគោរពគាត់ ទោះជាគាត់លែងនៅជាមួយយើងក៏ដោយ គឺយើងត្រូវផ្តល់តម្លៃនូវអ្វីដែលគាត់បានបង្រៀនយើង។ តើអ្នកអាចធ្វើអ្វីនៅថ្ងៃនេះបង្ហាញថាអ្នកគោរពលោកឪពុក ដូចដែលព្រះគម្ពីរបានបង្គាប់មក? Dave Branon
ផ្តោតការយកចិត្តទុកដាក់
ខ្ញុំចូលចិត្តលែងវាយកូនហ្គោល ដូច្នេះ យូរៗម្តង ខ្ញុំមើលវីដេអូគេបង្រៀនពីរបៀបលេង។ ទោះជាយ៉ាងក៏ដោយ មានវីដេអូមួយ ពេលមើលទៅខ្ញុំអត់សប្បាយចិត្តសោះ លោកគ្រូបង្រៀនបង្ហាញពីរបៀបវាយដែលមាន៨ចំនុច និងមានចំនុចតូចៗផេ្សងទៀត។ គេបង្រៀនច្រើនពេកហើយ។
ទោះជាខ្ញុំមិនមែនជាអ្នកលេងល្អក៏ដោយ តែក្រោយពេលលេងច្រើនឆ្នាំមកខ្ញុំដឹងថា៖ មុនពេលអ្នកវាយ បើអ្នកគិតច្រើនពេក អ្នកទំនងជាវាយមិនសូវចំគោលដៅល្អទេ។ អ្នកត្រូវតែបង្រួមគំនិតអោយតូច ហើយវាយអោយចំគោលដៅចង់បាន ដោយសម្លឹងមើលកូនបាល់។ គ្រូបង្វឹកភាគច្រើនវាយចំគោលដៅបានល្អ។
នៅក្នុងកីឡាវាយកូនហ្គោល និងជីវិតយើង យើងត្រូវផ្តោតលើអ្វីដែលសំខាន់ជាងគេ។ នៅក្នុងគម្ពីរភីលីពជំពូក៣ លោកប៉ូលពិព៌ណនាពីរបៀបយើងទាក់ទងជាមួយគ្រិស្តបរិស័ទ។ យើងគួរផ្តោតលើអ្វីដែលសំខាន់ជាងរឿងកំប៉ិកកំប៉ុក។ លោកប៉ូលមានប្រសាសន៍ថា៖ «តែមានសេចក្តីមួយនេះគឺថា ខ្ញុំបំភ្លេចសេចក្តីទាំងប៉ុន្មានដែលកន្លងទៅហើយ ក៏ខំមមុលឈោងទៅឯសេចក្តីខាងមុខទៀត ទាំងរត់ដំរង់ទៅឯទីដើម្បីអោយបានរង្វាន់នៃការងារដ៏ខ្ពស់របស់ព្រះក្នុងព្រះគ្រីស្ទយេស៊ូវ»។(ភីលីព ៣:១៣-១៤)។
«មានសេចក្តីតែមួយ»។ នៅក្នុងពិភពលោកពេញដោយការអាក្រក់នេះ ជាការសំខាន់ណាស់សម្រាប់កូនព្រះអង្គគ្រប់រូបផ្តោតការយកចិត្តទុកដាក់ ហើយគ្មានអ្វីដែលយើងគួរយកចិត្តទុកដាក់ជាងព្រះយេស៊ូគ្រិស្តនោះឡើយ។ តើទ្រង់សំខាន់សម្រាប់អ្នកដែរឬទេ? Bill Crowder
ទ្រព្យសម្បត្តិដ៏ពិតប្រាកដ
ប្រាក់ជាអំណាចមួយ ។ យើងខំធ្វើការរកប្រាក់ សន្សំប្រាក់ ចំណាយប្រាក់ និងប្រើវាបំពេញសេចក្តីត្រូវការនៅផែនដីនេះ រួចយើងប្រាថ្នាចង់បាន ហើយចង់បានទៀតមិនចេះចប់។ ព្រះយេស៊ូបង្រៀនយើងអោយយល់ដឹង ពីប្រាក់ជាងរឿងអ្វីផ្សេងទៀត។ នោះយើងនឹងដឹងថា ទ្រង់មិនបានស្វែងរកប្រាក់ដើម្បីប្រយោជន៍ខ្លួនឯងឡើយ។
ច្បាស់ណាស់ថា ទ្រង់មិនបានបង្រៀនដើម្បីរកប្រាក់ដាក់ហោប៉ៅទ្រង់ឡើយ។ ព្រះយេស៊ូព្រមានថា ការទុកចិត្តទ្រព្យសម្បត្តិ និងប្រើវាដើម្បីអំណាចខ្លួនឯង នឹងធ្វើឲ្យរាំងស្ទះការអភិវឌ្ឍន៍ខាងវិញ្ញណជាងអ្វីផ្សេងទៀត។ ព្រះយេស៊ូនិទានរឿងអំពី«អ្នកមានឆោតល្ងង់ម្នាក់» ហើយទ្រង់អោយគេស្វែងរកសម្បត្តិសួគ៌វិញ (លូកា ១២:១៣-២១) ដោយបញ្ជាក់ថា ទ្រង់អោយនិយមន័យទ្រព្យសម្បត្តិច្រើនជាងយើងគិតដល់។
តើសម្បត្តិសួគ៌មានន័យយ៉ាងដូចម្តេច? លោកប៉ូលប្រាប់ថា កុំអោយអ្នកនៅលោកីយ៍នេះអួតពីទ្រព្យគេ ដែលមិនទៀងនោះឡើយ (១ធីម៉ូថេ ៦:១៧) តែចូរបង្គាប់អោយគេធ្វើគុណ និងការល្អជាបរិបូរ ព្រមទាំងចែកទានដោយសទ្ធា ហើយប្រុងប្រយ័ត្ននឹងជួយគេផង (១ធីម៉ូថេ ៦:១៨)។
តើគួរអោយចាប់អារម្មណ៍ទេ? ព្រះជាម្ចាស់វាល់ទ្រព្យសម្បត្តិយើង ដោយគុណភាពនៃជីវិត និងការចែកទានរបស់យើង ដើម្បីអោយពរដល់អ្នកដទៃ មិនមែនដោយបទដ្ឋាននៃហិរញ្ញវត្ថុយើងឡើយ តែជាដំបូន្មានដ៏ល្អសម្រាប់អ្នកណាដែលគិតថា សន្តិសុខ និង កេរ្តិ៍ឈ្មោះយើងផ្សាភ្ជាប់ជាមួយនឹងគណនីធនាគារយើង ។ Joe Stowell
យើងបានសង្រ្គោះហើយ
ក្រោយពីការរញ្ជួយដី ដែលបានបំផ្លិចបំផ្លាញប្រទេសហៃទី បានបញ្ចប់កាលពីខែមករាឆ្នាំ២០១០ ទិដ្ឋភាពនៃការបំផ្លិចបំផ្លាញ និងចំនួនមនុស្សបាត់បង់ជីវិត ត្រូវបានស្តែងចេញពីការទាញមនុស្សទាំងរស់ ពីកំទេចថ្ម ទោះបីជាអ្វីៗហាក់បីដូចជាគ្មានសង្ឃឹមក្តី។ ជំនួយលាយនឹងទឹកភ្នែកបានសម្តែងពីការដឹងគុណយ៉ាងជ្រាលជ្រៅ អស់អ្នកដែលធ្វើការ២៤ម៉ោង ទោះជាត្រូវប្រថុយជីវិតខ្លួនឯងក៏ដោយ គឺធ្វើយ៉ាងណាផ្តល់ឱកាស អោយអ្នកដទៃមានឱកាសរស់រានមានជីវិត។
តើអ្នកគិតយ៉ាងណា បើវាកើតឡើងចំពោះរូបអ្នកផ្ទាល់? តើមានគេធ្លាប់ជួយសង្រ្គោះអ្នកដែរឬទេ? នៅក្នុងគម្ពីរកូល៉ុស ជំពូក១ លោកប៉ូលបានសរសេរទៅកាន់អ្នកជឿព្រះយេស៊ូគ្រិស្ត ហើយពួកគេរស់នៅដោយបង្ហាញពីភ័ស្តុតាងនៃជំនឿរបស់ពួកគេ។ គាត់បានអធិស្ឋានអោយពួកគេស្គាល់បំណងព្រះហប្ញទ័យព្រះជាម្ចាស់ និងផ្គាប់ព្រះទ័យព្រះជាម្ចាស់ បន្ទាប់មកលោកប៉ូលបានប្រើរូបភាពដ៏មានអំណាចមួយក្នុងការពិព៌ណនានូវអ្វី ដែលព្រះជាម្ចាស់បានធ្វើសម្រាប់ពួកគេ «ទ្រង់បានប្រោសយើងរួចពីអំណាចនៃសេចក្តីងងឹត ហើយផ្លាស់យើងមកក្នុងនគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់។ យើងរាល់គ្នាបានសេចក្តីប្រោសលោះក្នុងព្រះរាជបុត្រានោះ គឺជាសេចក្តីផ្តាច់បាប ដោយសារព្រះលោហិតទ្រង់» (កូល៉ុស ១:១៣-១៤)។
ដោយសារលោហិតព្រះគ្រិស្ត យើងបានសង្រ្គោះ! ទ្រង់បានរំដោះយើងពីគ្រោះថ្នាក់ ដាក់យើងនៅកន្លែងមានសុវត្ថិភាព រំដោះពីអំណាចអារក្ស ស្ថិតក្រោមអំណាចទ្រង់វិញ និង ពីសេចក្តីស្លាប់នំាទៅរកជីវិត។ បើមនុស្សទាំងអស់គិតពីសេចក្តីសង្រ្គោះរបស់ទ្រង់ ពិតជាមានតម្លៃណាស់ កាលណាយើងចេះអរព្រះគុណដល់ព្រះជាម្ចាស់ដែលបានផ្តល់ព្រះគុណ និងព្រះចេស្តាមកយើង ។ David McCasland
តើខ្ញុំត្រូវអានគម្ពីរលេវីវិន័យដែរ
តើខ្ញុំត្រូវតែអានគម្ពីរលេវីវិន័យដែរឬទេ? នាយកប្រតិបត្តិវ័យក្មេងម្នាក់សួរខ្ញុំនូវសំណួរនេះ ចេញពីចិត្ត ខណៈពេលពួកយើងពិភាក្សាគ្នា អំពីតម្លៃនៃការចំណាយពេលអានព្រះគម្ពីរ។ គាត់មានប្រសាសន៍ថា៖ «គម្ពីរសញ្ញាចាស់ពិបាកអាន និងគួរអោយធុញទ្រាន់ណាស់»។
មានគ្រិស្តបរិស័ទជាច្រើនក៏មានអារម្មណ៍បែបនេះដែរ។ តាមពិតទៅ គម្ពីរសញ្ញាចាស់រួមទាំងគម្ពីរលេវីវិន័យផងដែរ បានប្រាប់យើងពីពង្សាវតា ពិសេសផ្ទុយពីអ្វីដែលមានក្នុងគម្ពីរសញ្ញាថ្មី។ តែលោកអេសាយដាស់តឿនយើង អោយស្វែងរកព្រះជាម្ចាស់ (អេសាយ ៥៥:៦) ហើយលោកក៏បានសន្យាថា ព្រះបន្ទូលព្រះជាម្ចាស់នឹងសំរេច តាមសេចក្តីប៉ងប្រាថ្នារបស់ព្រះជាម្ចាស់(ខ១១) ហើយមានប្រយោជន៍សម្រាប់បង្រៀន ការរំព្ញកអោយដឹងខ្លួន និងការប្រដៅដំរង់ (២ធីម៉ូថេ ៣:១៦)។ ព្រះបន្ទូលព្រះជាម្ចាស់មិនដែលវិលមកវិញ ឥតកើតផលនោះឡើយ(អេសាយ ៥៥:៨-១១) តែជួនកាលព្រះបន្ទូលមិនទាន់កើតផល ដរាបណាចូលមកក្នុងចិត្តយើង ពេលយើងត្រូវការ។
ព្រះវិញ្ញាណបរិសុទ្ធនឹងប្រើសេចក្តីពិត ដែលយើងចងចាំពីការអានព្រះបន្ទូល ហើយទ្រង់នឹងជួយអោយយើងយកទៅអនុវត្តចំពេលត្រូវការ។ ឧទាហរណ៍ គម្ពីរលេវីវិន័យ ១៩:១០-១១ និយាយអំពីការប្រកួតប្រជែងក្នុងមុខជំនួញ និងការយកចិត្តទុកដាក់ដល់ទុគ៌តជន។ ព្រះវិញ្ញាណអាចក្រើនរំព្ញកយើងអំពីគំនិតទាំងអស់នេះ យើងនឹងចេះប្រើព្រះបន្ទូលនេះ បើយើងចំណាយពេលអានព្រះបន្ទូលព្រះ។
ការអានព្រះបន្ទូលផ្លាស់ប្តូរគំនិតយើងអោយចេះរក្សាទុកព្រះបន្ទូល ហើយព្រះវិញ្ញាណនឹងធ្វើការ។ នេះជាហេតុផលល្អជាងគេ សម្រាប់អោយយើងអានគម្ពីរលេវីវិន័យ និងគម្ពីរ៦៥កណ្ឌទៀត Randy Kilgore ។
បំពង់បង្ហូរខាងវិញ្ញាណរបស់អ្នក
បំពង់បង្ហូរឧស្ម័នត្រនអាឡាស្កា លាតសន្ធឹងប្រវែង៨០០ម៉ាយ កាត់តាមរដ្ឋអាឡាស្កា ហើយដោយសារតែគេសង់វា កាត់តាមតំបន់មានរញ្ជួយដី វិស្វករត្រូវតែប្រាកដថា បំពង់នេះអាចទប់ទល់នឹងការរញ្ជួយបាន។ ពួកគេត្រូវសង់បណ្តាញរំអិលថេឡុនដើម្បីកាត់បន្ថយរំញ័រ ពេលមានការរញ្ជួយនៅក្រោមបំពង់។ វិស្វករសប្បាយចិត្តណាស់ ពេលធ្វើការសាកល្បងលើកទីមួយបានជោគជ័យ។ កាលពីឆ្នាំ២០០២ មានការរញ្ជួយដីធំមួយកើតឡើង បណ្តាលអោយស្រទាប់ដីញែក១៨ហ្វ៊ីត។ ពេលនោះបណ្តាញរំអិលធ្វើចលនាយឺតៗ សម្របតាមការរញ្ជួយ ដោយមិនបណ្តាលអោយមានការខូចខាតដល់បំពង់ឡើយ។ ចំនុចពិសេសរបស់វា គឺការបត់បែន។
បំពង់បង្ហូរខាងវិញ្ញាណរបស់អ្នកជឿដែលនាំទៅរកស្ថានសួគ៌ បានសង់គ្រឹះយ៉ាងមាំនៅលើព្រះជាម្ចាស់។ ទោះជាយ៉ាងណាក៏ដោយ បើយើងចេះបត់បែនតាមរបៀបដែលព្រះជាម្ចាស់ធ្វើការ យើងអាចឆ្លងកាត់បញ្ហាបាន។ នៅពេលមានវិបត្តិកើតឡើង យើងយល់ច្រឡំដោយផ្លាស់ប្តូរពីការទុកចិត្តលើព្រះជាម្ចាស់ មកមើលកាលៈទេសៈឈឺចាប់វិញ ។ យើងគួរតែអធិស្ឋានបែបនេះវិញ៖ «ព្រះអង្គអើយ ខ្ញុំមិនយល់សោះថាតើហេតុអ្វីបានជាមានការឈឺចាប់កើតឡើង ចំពោះរូបខ្ញុំ តែខ្ញុំទុកចិត្តថា ទ្រង់អាចរំដោះខ្ញុំចេញពីបញ្ហាបាន ទោះជាបញ្ហានៅជុំជិតខ្ញុំក៏ដោយ»។ អ្នកនិពន្ធគម្ពីរទំនុកដំកើងបានសរសេរថា៖ «ព្រលឹងទូលបង្គំពឹងនៅក្នុងទ្រង់...ដរាបដល់សេចក្តីអន្តរាយទាំងនេះបានបាត់ទៅ»(ទំនុកដំកើង ៥៧:១)។
ពេលផែនដីរំកិលនៅក្រោមយើង ចូរយើងចេះបត់បែនតាមកាលៈទេសៈ ប៉ុន្តែចូរទុកចិត្តលើសេចក្តីស្រឡាញ់ និងការថែទាំដែលគ្មានការប្រែប្រួលរបស់ព្រះជាម្ចាស់វិញ Dennis Fisher ។
ការចម្រើនឡើងដូចដើមវិញ
យើងចូលចិត្តអានប្រវត្តិមនុស្ស ឬក្រុមហ៊ុនដែលជិតនឹងក្ស័យទុន មានឱកាសរីកចម្រើនឡើង ដូចដើមវិញបាន ដូចជាក្រុមហ៊ុនហ្វតម៉ូទ័រជាដើម។ កាលពីទសវត្សឆ្នាំ១៩៤០ ការស្ទាក់ស្ទើររបស់ថ្នាក់ដឹកនាំក្នុងការធ្វើទំនើបកម្មស្ទើរតែធ្វើអោយក្រុមហ៊ុនហ្វត ត្រូវរលាយអស់។ ជាការពិត រដ្ឋាភិបាលអាមេរិកស្ទើរតែកាន់កាប់ក្រុមហ៊ុន ព្រោះតែការបាត់បង់របស់ក្រុមហ៊ុន បានគំរាមកំហែងដល់កិច្ចខិតខំប្រឹង ក្នុងសង្រ្គាមរបស់អាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ពេលលោកហេនរី ហ្វតធូបានបញ្ចប់កាតព្វកិច្ចយោធា ហើយលោកក៏ចាប់ផ្តើមដឹកនាំក្រុមហ៊ុននេះឡើងវិញ អ្វីៗបានផ្លាស់ប្តូរទាំងអស់។ ហ្វតក្លាយជាសាជីវកម្មធំជាងគេមួយលើពិភពលោក។
យូរៗម្តងយើងត្រូវការរីកចម្រើនដូចដើមវិញ។ យើងចាំបាច់ត្រូវតែតម្រូវអោយចំទិសដៅឡើងវិញ ឬសងជំងឺចិត្តនូវការសម្រេចចិត្តខុស។ នៅក្នុងពេលវេលាបែបនោះ យើងមានឧទាហរណ៍លោកពេត្រុស។ បរាជ័យនៅជុំវិញខ្លួនគាត់។ ទីមួយ គាត់ភ័យខ្លាំងណាស់ ហើយចាប់ផ្តើមលិចទៅក្នុងទឹក។ រួចមក ពេលគាត់និយាយខុស ព្រះយេស៊ូហៅគាត់ថា៖«នែ មារសាតាំងអើយ!» (ម៉ាថាយ ១៦:២២-២៣)។ ទីបី ពេលព្រះយេស៊ូត្រូវការគាត់ គាត់បដិសេធមិនស្គាល់ទ្រង់សោះ (ម៉ាថាយ ២៦:៧៤)។
យ៉ាងណាក៏ដោយ រឿងនេះមិនទាន់ចប់នៅឡើយទេ ដោយសារអំណាចព្រះវិញ្ញាណបរិសុទ្ធ លោកពេត្រុសល្អដូចដើមវិញ។ នៅថ្ងៃបុណ្យទី៥០ លោកពេត្រុសប្រកាសដំណឹងល្អមានមនុស្សបីពាន់នាក់ជឿព្រះអង្គ (កិច្ចការ ២:១៤,៤១)។ លោកពេត្រុសត្រឡប់ជាមនុស្សមានឥទ្ធិពលឡើងវិញ ដោយសារជំនឿគាត់បានកែប្រែជាថ្មី គាត់ការពារនូវអ្វីគាត់ប្រកាស និងក្រោកឈរឡើងដើម្បីព្រះយេស៊ូ។ តើអ្នកកំពុងតែតស៊ូឬ? ប្រសិនលោកពេត្រុសអាចត្រឡប់មកវិញបាន អ្នកក៏ធ្វើបានដែរ។ Dave Branon
វិវាហមង្គលការរបស់កូនចៀម
ពិធីមង្គលការគឺជាឱកាសមួយបង្ហាញភាពហ៊ឺហា។ មង្គលការនាសម័យថ្មីនេះបានក្លាយជាឱកាសមួយសម្រាប់ស្ត្រីវ័យក្មេងបង្ហាញម៉ូថសម្លៀកបំពាក់ឡូយឆាយថាពួកគេជាម្ចាស់ក្សត្រីស្អាតជាងគេនៅថ្ងៃនោះ។ សម្លៀកបំពាក់ស្អាតៗ ចម្រុះព៌ណ រួមជាមួយនឹងម៉ូថសក់ ប្លែកៗ ផ្ការស្រស់ និង ម្ហូបអាហារសំបូរបែបញ៉ាំងអោយមិត្តសំឡាញ់ និងសមាជិកគ្រួសាររីករាយនឹងបរិយាកាសនៅថ្ងៃនោះ។ ឪពុកម្តាយជាច្រើនចាប់ផ្តើមសន្សំលុយកាក់ពីចម្ងាយ ដើម្បីអោយពួកគេអាចទិញសម្លៀកបំពាក់ថ្លៃៗក្នុងក្តីស្រមៃនៃកូនស្រីពួកគេ។ ចំណែកឯវិវាហមង្គលការរបស់រាជវង្សវិញ យើងជាមនុស្សសាមញ្ញកម្រនឹងឃើញណាស់។ ទោះជាយ៉ាងនេះក្តី កាលពីឆ្នាំ១៩៨១ យើងបានឈានឡើងដល់កំពូល ដោយបានឃើញការចាក់ផ្សាយពេញពិភពលោកនូវ ពិធីមង្គលការបស់ព្រះអម្ចាស់ ឆាល និង ម្ចាស់ក្សត្រីដាយអាណា។ មានវិវាហមង្គលការមួយទៀតគ្រោងនឹងរៀបចំឡើងពិសេសជាងគេទាំងអស់។ នៅក្នុងពិធីនោះ កូនកម្លោះជាមនុស្សពិសេសគឺជាព្រះគ្រិស្ត និង ក្រុមជំនុំទាំងអស់ជាកូនក្រមុំ ដែលជាអ្នកជឿទាំងអស់។ នៅក្នុងគម្ពីរវិវរណៈរបស់លោកយ៉ូហានប្រាប់យើងថា កូនក្រមុំបានតែងខ្លួនរួចជាស្រេចរង់ចាំកូនកម្លោះ(១៩:៧)ហើយសម្លៀកបំពាក់មង្គលការរបស់យើងគឺជាសេចក្តីសុចរិតរបស់ព្រះជាម្ចាស់(ខ៨) ទោះជាពិធីមង្គលការនៅផែនដីនេះស្ថិតស្ថេរនៅតែមួយរយៈខ្លីក្តី តែកូនក្រមុំទាំងអស់ខិតខំធ្វើការដើម្បីធ្វើអោយពិធីមង្គលការល្អឥតខ្ចោះ។ តើយើងជាកូនក្រមុំរបស់ព្រះគ្រិស្តនឹងត្រៀមខ្លួនយ៉ាងណាទៀត ដើម្បីចូលមង្គលការអស់កល្បជានិច្ច ដោយជូលៀ អាកឃ័រមែន លីង (Julie Ackerman Link)។
នាមប័ណ្ណ
នៅ ក្នុងវប្បធម៌ខ្លះ មុខតំណាងដែលដាក់ខាងក្រោមឈ្មោះរបស់អ្នកសំខាន់ណាស់ ព្រោះវាកំណត់អំពីឋានៈរបស់អ្នក។ មនុស្សម្នាគោរពអ្នករាល់គ្នាអាស្រ័យលើឋានៈរបស់អ្នកប្រៀបធៀបជាមួយមនុស្សនៅជុំវិញអ្នក។ បើសិនជានៅសម័យនោះ លោកប៉ូលមាននាមប័ណ្ណដែរ គាត់ប្រាកដជាមានឋានៈជាសាវក(១ធីម៉ូថេ ១:១)មានន័យថា មនុស្សម្នាក់ដែលព្រះជាម្ចាស់ចាត់បញ្ជូនមក។ គាត់មិនអាងឋានៈនោះទេ តែវាជាការអស្ចារ្យមកពីព្រះអម្ចាស់។ ឋានៈនេះបានមកមិនមែនដោយសារគាត់ខំប្រព្រឹត្តទេ តែគាត់បានទទួលមកពីព្រះយេស៊ូគ្រិស្តជាព្រះអង្គសង្រ្គោះនៃយើងវិញទេតើ។ ម្យ៉ាងវិញទៀត ឋានៈនេះមិនមែនមកពីមនុស្សទេ គឺជាការតែងតាំងមកពីព្រះជាម្ចាស់ កាលដើមឡើយលោកប៉ូលធ្លាប់ប្រមាថ បៀតបៀន និង ប្រព្រឹត្តអំពើឃោរឃៅ(ខ១៣)។ គាត់ចាត់ទុកខ្លួនឯងថាជាអ្នកប្រព្រឹត្តអំពើបាបលេខមួយ(ខ១៥)។ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់ ឥឡូវនេះគាត់ក្លាយជាសាវករបស់មហាក្សត្រគង់នៅអស់កល្បជានិច្ច (ខ១៧) ដែលបានបញ្ជូនគាត់អោយប្រកាសដំណឹងល្អដ៏មានសិរីរុងរឿង។ តែអ្វីដែលអស្ចារ្យជាងនេះគឺថា យើងមិនខុសពីសាវកប៉ូលទេ ដែលត្រូវបានចាត់បញ្ជូនទៅប្រកាសដំណឹងល្អគ្រប់ជាតិសាសន៍ដោយមហាក្សត្រលើអស់ទាំងមហាក្សត្រ (ម៉ាថាយ ២៨:១៨-២០ និង កិច្ចការ ១:៨)។ ចូរទទួលមហាបេសកកម្មដោយចិត្តទន់ទាប ដែលយើងមិនសក្តិសមសោះ។ យើងមានឯកសិទ្ធិបានធ្វើជាតំណាងព្រះអង្គ និង សេចក្តីពិតរបស់ទ្រង់តាមរយៈពាក្យសម្តី និងកាយវិការជារៀងរាល់ថ្ងៃជាមួយមនុស្សនៅជុំវិញយើង ដោយស៊ី ភី ហៃ (C.P. Hia)។