សកម្មភាព និងលទ្ធផល
នៅ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៧១ មានបុរសម្នាក់ដែលគេស្គាល់នៅបច្ចុប្បន្នថាជា ចោរប្លន់យន្តហោះពាណិជ្ជកម្មឈ្មោះ ឌី ប៊ី គូព័រ ដោយការគំរាមបំផ្ទុះយន្តហោះ រហូតទាស់តែទទួលបានប្រាក់គ្រប់គ្រាន់។ បន្ទាប់ពីចុះចតទទួលបានប្រាក់គ្រប់គ្រាន់ហើយ គាត់ក៏បញ្ជាឲ្យយន្តហោះ ហោះឡើងវិញ។ នៅពេលជណ្តើរខាងក្រោយយន្តហោះ៧២៧បន្ទាបបន្តិច គាត់ក៏លោតឆ័ត្រយោងចុះមកទាំងយប់។ ប៉ូលិសមិនដែលចាប់គាត់បានទេ ហើយគ្មានអ្នកណាបំបែករឿងក្តីនេះបានទេ។ ទង្វើបែបនេះ បង្ខំឲ្យមានការពង្រឹងសន្តិសុខនៅព្រលានយន្ត ដើម្បីផ្តល់ទំនុកចិត្ត និងបំបាត់ភាពភ័យខ្លាចដល់អ្នកដំណើរ។ អ្វីដែលគាត់បានធ្វើជះឥទ្ធិពលដល់យើងរាល់គ្នា។
ព្រះគម្ពីរពិព៌ណនាអំពីសកម្មភាពពីរយ៉ាង ដែលធ្វើឲ្យពិភពលោកមានការផ្លាស់ប្រែ។ ទីមួយគឺជាជម្រើសរបស់អ័ដាំម បានធ្វើឲ្យអំពើបាប និងសេចក្តីស្លាប់ចូលមកក្នុងពិភពលោក ហើយសេចក្តីស្លាប់រីករាលដាលដល់មនុស្សទាំងអស់ គ្រប់គ្នាបានធ្វើបាប (រ៉ូម ៥:១២)។ ទីពីរ ផ្ទុយទៅវិញ ដោយសារព្រះយេស៊ូវថ្វាយអង្គទ្រង់ជាយញ្ញបូជានៅលើឈើឆ្កាង ព្រះជាម្ចាស់បានលោះយើងរួចពីបាប «ដូច្នេះ ដែលមនុស្សទាំងអស់ត្រូវទោស ដោយព្រោះអំពើរំលងតែមួយ នោះមនុស្សទាំងអស់ក៏បានរាប់ជាសុចរិត ឲ្យបានជីវិតវិញ ដោយសារអំពើសុចរិតតែមួយ បែបដូច្នោះដែរ» (ខ.១៨)។
ព្រះគ្រីស្ទបានលោះយើងរាល់គ្នាពីអំណាចបាប ដោយការសុគត និងរស់ឡើងវិញ ដែលគ្មាននរណាម្នាក់អាចធ្វើបានឡើយ។ ទ្រង់បានលើកលែងទោសបាប និងផ្តល់ជីវិតអស់កល្បជានិច្ច ដល់អស់អ្នកណាដែលទទួលទ្រង់។ ហេតុដូច្នេះហើយ បានជាយើងអាចអរព្រះគុណព្រះអង្គអស់ពីចិត្តយើង ។-David McCasland
ចូរគោពមាតាបិតា
ថ្មីៗនេះ ឪពុកខ្ញុំឈានចូលអាយុ៩០ឆ្នាំផ្លាយ ហើយរូបកាយក៏ចុះទន់ខ្សោយដែរ។ គាត់អាចធ្វើចលនាបានដោយប្រើប្រអប់ឈើ ប៉ុន្តែគាត់ត្រូវការមនុស្សម្នាក់ចំអិន ម្ហូប និងជួយកិច្ចការផ្សេងទៀតឲ្យគាត់។ បងប្រុសច្បងរបស់ខ្ញុំឈ្មោះស្ទីវ និងប្រពន្ធគាត់ឈ្មោះជូឌី រស់នៅក្បែរគាត់ ដូច្នេះ ពួកគេក៏សម្រេចចិត្ត រើទៅនៅមើលថែទាំគាត់។ ដោយមានបំណងចង់មើលថែទាំឪពុករបស់យើង ខ្ញុំនិងប្រពន្ធខ្ញុំត្រូវជិះយន្តហោះមកមើលគាត់ ដើម្បីទុកឱកាសឲ្យបងខ្ញុំនិងប្រពន្ធគាត់ចេញទៅក្រៅម្តងម្កាល។ យើងសប្បាយចិត្តនឹងចំណាយពេលជាមួយគាត់ ហើយយើងសប្បាយចិត្តណាស់ ដែលបានសម្រាលបន្ទុកបងប្រុសខ្ញុំ និងប្រពន្ធគាត់ ទោះបីជាពីរបីថ្ងៃក៏ដោយ។
ព្រះគម្ពីរចែងថា៖ «ចូរគោរពប្រតិបត្តិដល់មាតាបិតាខ្លួន»(អេភេសូរ ៦:២)។ អ្នកអត្ថាធិប្បាយព្រះគម្ពីរសម្ពន្ធមេត្រីថ្មីម្នាក់មានប្រសាសន៍ថា ដើម្បីលើកកិត្តិយស អ្នកណាម្នាក់ យើងត្រូវគោរពអ្នកនោះដោយ «សេចក្តីគោរព ចិត្តសប្បុរស ការគួរសម និងការស្តាប់បង្គាប់ ដែលជាចំនុចសំខាន់នៃជីវិត»។
ចំពោះកុមារតូចៗវិញ មានន័យថាការស្តាប់បង្គាប់ឪពុកម្តាយ។ ចំពោះក្មេងជំទង់វិញ មានន័យថា ការគោរពចំពោះឪពុកម្តាយ ទោះបីជាអ្នកគិតថា អ្នកចេះជាងពួកគាត់ក៏ដោយ ចំពោះយុវវ័យវិញ មានន័យថា រាប់បញ្ចូលឪពុកម្តាយជាចំណែកនៃជីវិតពួកគេ។ ចំពោះមនុស្ស វ័យកណ្តាល និងលើសពីនេះ មានន័យថា ការយកចិត្តទុកដាក់ថែទាំឪពុកម្តាយ ពេលឈានចូលវ័យចាស់ និងផ្តល់ថ្នាំសង្កូវដល់គាត់។
នៅសប្តាហ៍នេះ តើអ្នកនឹងគោរពមាតាបិតារបស់អ្នកដោយរបៀបណា? ។-Dennis Fisher
ចូរធ្វើអ្វីដែលត្រឹមត្រូវ
នៅ ពេលខ្ញុំធ្វើដំណើរចេញក្រៅប្រទេស ខ្ញុំបានជួបមេធាវីម្នាក់មកពីស្រុកកំណើតរបស់ខ្ញុំ។ យើងភ្ញាក់ផ្អើលមែនទែន ដោយសារយើងមានលក្ខណៈដូចគ្នាច្រើន។ ក្នុងពេលសន្ទនាជាមួយគាត់ គាត់សួរថា៖ «អ្នកនិយាយ ថាអ្នកឈ្មោះស្ទៀលវែលមែនទេ? ខ្ញុំឆ្លើយថា៖ «ទេ ខ្ញុំឈ្មោះស្តូវែល»។ រួចមកគាត់ប្រាប់ខ្ញុំថា គាត់មានអតិថិជនម្នាក់ឈ្មោះ ស្ទៀលវែល។ ខ្ញុំសួរថា៖ «តើអាតស្ទៀលវែលនេះនៅល្អទេ? គាត់ឆ្លើយថា៖ «បាទ»។ លោកអាតស្ទៀលវែលទៅថ្វាយបង្គំនៅព្រះវិហារខ្ញុំ ហើយគាត់ជាអ្នកជំនួញដ៏មានឥទ្ធិពលមួយរូបក្នុងសហគមន៍។
លោកមេធាវីទទួលស្គាល់ថា គាត់គ្មានអតិថិជនដូចលោកអាតវែលទេ។ គាត់បានពន្យល់ប្រាប់ថា អតិថិជនរបស់គាត់ភាគច្រើន ចង់ឲ្យគាត់ធ្វើអ្វីៗដើម្បីដោះស្រាយបញ្ហាបានយ៉ាងឆាប់ តែលោកអាតធ្វើខុសគេខុសឯង នៅពេលគេសុំឲ្យគាត់ធ្វើអ្វីមួយ គាត់តែងតែឆ្លើយថា៖ «ចូរធ្វើអ្វីដែលត្រឹមត្រូវចុះ»។ ពិតណាស់ ពាក្យនេះធ្វើឲ្យលោកមេធាវីភ្ញាក់ខ្លួនព្រឺត។
ចូរបង្កើតផលថ្វាយព្រះគ្រីស្ទគ្រប់ទាំងបំណងចិត្ត និងការសម្រេចចិត្តដោយមិនគិតពីលទ្ធផល ដែលព្រះអម្ចាស់បានញែកយើងពីពិភព ដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។ កាលយើងរស់ក្នុងជីវិតមួយមិនមានការចោទប្រកាន់ នោះធ្វើឲ្យយើងឆ្លុះបញ្ចាំងភាពស្អាតស្អំ សេចក្តីស្រឡាញ់ និងព្រះគុណព្រះយេស៊ូវគ្រីស្ទ យើងជា«ពន្លឺបំភ្លឺពិភពលោក»(ភីលីព ២:១៥)។
ដូច្នេះ បើអ្នកចង់បំភ្លឺពិភពលោក អ្នកគ្រាន់តែ «ចូរធ្វើអ្វីដែលត្រឹមត្រូវ»។- Joe Stowell
តើអ្នកកំសត់ទុគ៌តមែនទេ?
មិនថាអ្នកប្រើក្នុងស្ថានភាពមួយណា យើងអាចយកទំនុកដំកើង ៨៦:១ ដែលព្រះបាទដាវីឌមានព្រះបន្ទូលថា «ទូលបង្គំទាល់ក្រ ហើយខ្វះខាត»។ សូម្បីតែអ្នកមាននៅក្នុងចំណោមយើងរាល់គ្នា ក៏យល់ថាភាពក្រខ្សត់នៅទីនេះសំដៅទៅលើអ្នកក្រខ្សត់ខាងវិញ្ញាណ ជាងអ្នកក្រខ្សត់មាសប្រាក់។ មហាសេដ្ឋីឈ្មោះ រីកឌីវ៉ូសតែងតែនិយាយថា៖ «ខ្ញុំជាមនុស្សមានបាប តែបានសង្រ្គោះដោយសារព្រះគុណព្រះអង្គ»។
បទគម្ពីរទំនុកដំកើង៨៦ ប្រាប់យើងថា ជំនួយមកពីព្រះជាម្ចាស់មិនអាចវាស់វែងបាន ដោយបញ្ជីកត់ចំណូលនោះទេ។ បើយើងទទួលស្គាល់ការនេះមែន នោះយើងជាអ្នកកំសត់ទុរគ៌ត នោះព្រះជាម្ចាស់នឹងមិនប្រទានរបស់មានតម្លៃមកឲ្យយើងទេ។ ទេ ព្រះជាម្ចាស់នឹងប្រទានរបស់មានតម្លៃថែមទៀតមកយើង។
តើព្រះជាម្ចាស់បានធ្វើអ្វីខ្លះសម្រាប់មនុស្សកំសត់ទុគ៌ត? ទ្រង់នឹងទុកជីវិតយើង សង្រ្គោះជីវិតអស់អ្នក ដែលទុកចិត្តលើព្រះអង្គ(ខ.២) ទ្រង់នឹងផ្តល់ក្តីមេត្តា និងអត់ទោសជានិច្ច(ខ.៣ ខ.៥)។ ទ្រង់នឹងស្តាប់ព្រមទាំងឆ្លើយតបពាក្យអធិស្ឋានរបស់យើង(ខ.៦-៧)។
តែយើងមិនត្រឹមតែទទួលព្រះពរពីព្រះជាម្ចាស់ប៉ុណ្ណោះទេ គឺយើងចេះថ្វាយទ្រង់ វិញ។ យើងរៀនតាមរបៀបព្រះអង្គ ដើរក្នុងសេចក្តីពិត គោរពកោតខ្លាចព្រះអង្គ សរសើរព្រះអម្ចាស់ និងថ្វាយសិរីរុងរឿងដល់ព្រះនាមទ្រង់ (ខ.១១-១២)។
តើអ្នកចាត់ទុកខ្លួនឯងថាជាមនុស្សកំសត់ទុគ៌តទេ? បើអញ្ចឹងមែន យើងសូមស្វាគមន៍។ សូមកុំឲ្យយើងភ្លេចពីព្រះពរខាងវិញ្ញាណណាមួយ ដែលព្រះអង្គបានប្រទានមកយើង ហើយនឹងការឆ្លើយតបចំពោះព្រះទ័យសប្បុរសរបស់ព្រះអង្គឡើយ ។-Dave Branon
ចានចេះច្រៀង
លោក ម៉ៃឃល ហ្ល៊ីន ជាវិចិត្រករ និងជាអ្នកវិទ្យសាស្ត្របានរចនារូបចានចេះច្រៀងដាក់បង្ហាញក្នុងការប្រកួតសិល្បៈជាលក្ខណៈអន្តរជាតិមួយនៅរដ្ឋមីស៊ីគេន សហរដ្ឋអាមេរិក។ ចាននេះមិនប្រើអគ្គិសនីទេ តែមានរបស់មួយជួយផ្គត់ផ្គង់ភ្លើងដល់វាគឺ ការសហការ។
ខណៈពេលខ្ញុំសង្កេតមើលមនុស្សព្យាយាមធ្វើចានឲ្យចេះច្រៀងនេះ ខ្ញុំមានការភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះគ្មាននរណាម្នាក់ចំណាយពេលអានសេចក្តីណែនាំនោះឡើយ។ ផ្ទុយទៅវិញគេគ្រាន់តែចង់ស្តាប់ភ្លេង ហើយរក្សាគំនិតល្អនេះទុកក្នុងចិត្តប៉ុណ្ណោះ។ ពីរបីនាទីក្រោយមក ពួកគេដើរចេញទៅដោយមិនអស់ចិត្តសោះ ថាតើមានអ្វីមួយធ្វើឲ្យចាននេះចេះច្រៀងបាន។
ខ្ញុំឆ្ងល់ណាស់ តើខ្ញុំមានការធុញទ្រាន់នឹងជីវិតប៉ុន្មានដង នៅពេលដែលជីវិតខ្ញុំមិនដើរតាមការគិតទុករបស់ខ្ញុំ? យើងគិតថា យើងធ្វើត្រូវហើយ តែអ្វីៗមិនត្រូវទាល់តែសោះ។ ផ្ទុយទៅវិញយើងមិនធ្វើតាមផ្លូវរបស់ព្រះជាម្ចាស់ឡើយ គឺធ្វើតាមចិត្តខ្លួនឯង។
ចានចេះច្រៀងនេះរំលឹកខ្ញុំឲ្យដឹងថា យើងមិនអាចរំពឹងថាជីវិតយើងល្អប្រសើរឡើយ បើយើងមិនទទួលយកការណែនាំរបស់អ្នករចនានោះ (ចោទិយកថា ៤:៤០)។ ការមិនស្តាប់បង្គាប់ធ្វើឲ្យយើងឃ្លាតឆ្ងាយពីគ្នា និងឃ្លាតចាកឆ្ងាយពីព្រះជាម្ចាស់ទៀតផង។ ដើម្បីសម្រេចតាមផែនការនៃសេចក្តីសង្រ្គោះរបស់ព្រះអង្គសម្រាប់ពិភពលោកនេះ(ទំនុកដំកើង ៦៧:២) យើងត្រូវធ្វើតាមការណែនាំអំពីជីវិត និងការងារដោយសន្តិភាពជាមួយគ្នា។ ពេលណាជីវិតមិនបានប្រសើរ ប្រហែលជាមកពីយើងមិនធ្វើតាមផែនការរបស់ព្រះអង្គ ។-Julie Ackerman Link
ចូរស្វែងរកក្តីសង្ឃឹម
ការសិក្សាស្រាវជ្រាវមួយនៅសាកលវិទ្យាល័យ រកឃើញថា ក្មេងជំទង់ជនជាតិអាមេរិកជិត១៥% មានអារម្មណ៍ថា ពួកគេទំនងជាស្លាប់មុនពេលខួបកំណើត៣៥ឆ្នាំ។ ការប្រមើលមើលបែបទុទិដ្ឋិនិយមបែបនេះ ទំនងជាផ្សាភ្ជាប់ទៅនឹងអត្តចរិតធ្វេសប្រហែសរបស់ពួកគេ។ លោកវេជ្ជបណ្ឌិត អាយរីស បូរ៉ូស្គី ជាអ្នកនិពន្ធ ទស្សនាវដ្តីជំងឺកុមារមានប្រសាសន៍ថា៖ «យុវជនទាំងនេះប្រហែលជាប្រថុយប្រថាននឹងជីវិត ព្រោះពួកគេអស់សង្ឃឹម និងគ្មានសេសសល់អ្វីច្រើនទេ»។
គ្មាននរណាម្នាក់ស៊ាំនឹងការអស់សង្ឃឹមឡើយ។ បទគម្ពីរទំនុកដំកើងសុំជំនួយពីព្រះអង្គម្តងហើយម្តងទៀត ពេលណាជីវិតធ្លាក់ក្នុងភាពងងឹត។ ឱព្រលឹងខ្ញុំអើយ ហេតុអ្វីបានជាត្រូវអស់សង្ឃឹមដូច្នេះ? ហេតុអ្វីបានជាឯងរំខានខ្ញុំដូច្នេះ? «ចូរសង្ឃឹមដល់ព្រះអង្គចុះ ដ្បិតអញនឹងបានសរសើរដល់ទ្រង់ទៀត » (ទំនុកដំកើង ៤២:៥)។ នៅក្នុងការបោះជំហានដោយសេចក្តីជំនឿ អ្នកនិពន្ធគម្ពីរទំនុកដំកើង មិនដែលភ្លេចពីព្រះជាម្ចាស់ឡើយ ទ្រង់ក៏មិនដែលបោះបង់ចោលយើងឡើយ។
លោកឃទីស អាល់គីសបានសរសេរថា៖ «សេចក្តីសង្ឃឹមលើព្រះជាម្ចាស់បានទទួលថាមពលតាមរយៈវត្តមានព្រះអង្គ... និងទទួលថាមពលដោយសារអនាគតរបស់ព្រះជាម្ចាស់នៅក្នុងជីវិតខ្ញុំ»។ យើងអាចប្រកាសជាមួយអ្នកនិពន្ធគម្ពីរទំនុកដំកើងថា៖ «យើងនឹងបានសរសើរដល់ទ្រង់ទៀត»(ខ.៥)។ អ្នកដើរតាមព្រះគ្រីស្ទមិនគួររាររែកក្នុងការស្វែងរកយោបល់ពេលអស់សង្ឃឹមនោះឡើយ។ ហើយកុំគិតថា ជំនឿ និងការអធិស្ឋានសាមញ្ញពេកមិនអាចជួយយើងបានដែរ។ ព្រះជាម្ចាស់តែងផ្តល់ក្តីសង្ឃឹមដល់យើងជានិច្ច ។-David McCasland
ការលើកលែងទោសរបស់ព្រះជាម្ចាស់
នៅ រាល់ឆ្នាំ នាចុងខែវិច្ឆិកា ប្រធានាធិបតីសហរដ្ឋអាមេរិក បានចេញការសុំទោសជាសាធារណៈក្នុងពិធីអរព្រះគុណ។ នៅក្នុងពិធីនោះ ប្រធានាធិបតីមួយរូបរបស់សហរដ្ឋអាមេរិកថ្លែងសន្ទរកថា៖ «ភ្ញៀវកិត្តិយសរបស់យើងនៅថ្ងៃនេះ ដូចជាភ័យបន្តិច។ គ្មាននរណាម្នាក់ប្រាប់គាត់ថា ខ្ញុំនឹងលើកទោសគាត់ទេ»។ មាន់បារាំងដ៏កំសត់មានហេតុផលនឹងភ័យខ្លាច ព្រោះគេនឹងយកវាធ្វើជាអាហារពេលល្ងាចបុណ្យអរព្រះគុណថ្ងៃនេះ។
យើងក៏មិនខុសគ្នាអ្វីដែរ ពេលណាយើងដឹងថាខ្លួនមានបាប។ បើសិនជាគ្មានព្រះជាម្ចាស់លើកលែងទោសទេ នោះយើងនឹងវិនាស។ លក្ខខណ្ឌនេះ គឺជាលទ្ធផលផ្ទាល់កើតចេញពីកំហុសរបស់យើង។ ព្រះគម្ពីរចែងថា៖ «ឈ្នួលរបស់អំពើបាបគឺជាសេចក្តីស្លាប់»(រ៉ូម ៦:២៣)។ ទោះជាយ៉ាងណា យើងបានរួចពីទោសមួយជីវិត ដោយសារព្រះបុត្រាព្រះជាម្ចាស់ទទួលបាបជំនួសយើង នៅលើឈើឆ្កាង។ អំពើបាបយើងជាប់ឆ្កាងជាមួយព្រះអង្គ យើងរស់ក្នុងសេចក្តីសុចរិត ដោយសារស្នាមរំពាត់លើអង្គទ្រង់យើងបានជាសះស្បើយ (១ពេត្រុស ២:២៤)។ ទីមួយ បទព្រះគម្ពីរ យ៉ូហាន ១:៧ ប្រាប់យើងថា ព្រះលោហិតព្រះយេស៊ូវបានសម្អាតយើងរួចពីបាបហើយ។
យើងដឹងថា ព្រះជាមា្ចស់បានលើសទោសយើងរួចពីបាបហើយ ពេលយើងប្រកាសទទួលស្គាល់ព្រះយេស៊ូវ គឺជាព្រះអម្ចាស់ ហើយជឿថាព្រះបិតាបានប្រោសព្រះយេស៊ូវឲ្យរស់ពីសុគតឡើងវិញ (រ៉ូម ១០:៩)។
ថ្ងៃនេះ ចូរពិចារណាមើល ថាតើអ្នកត្រូវឆ្លើយតបចំពោះព្រះជាម្ចាស់ដោយរបៀបណា ដែលទ្រង់ដែលបានប្រទានការអត់ទោសដល់អ្នកដូច្នេះ ។-Jennifer Benson Schuldt
ពិភពសំបូរបែប
ក្រុមហ៊ុនទូរទស្សន៍ខ្សែកាបបានផ្ញើសំបុត្រអញ្ជើញខ្ញុំទៅពិនិត្យមើលប៉ុស្តិ៍ទូរទស្សន៍ថ្មីបន្ថែមទៀត។ នៅក្នុងលិខិតនោះបានសរសេរថា ខ្ញុំត្រូវទាក់ទងទៅក្រុមហ៊ុនដើម្បីទទួលបានប្រអប់ឌីជីថលថ្មីមួយ ហើយបានពន្យល់ខ្ញុំពីរបៀបតម្លើងវាថែមទៀត។ រួចមកគេប្រាប់ខ្ញុំថា៖ «គ្រាន់តែអង្គុយចុះ ហើយរីករាយនឹងពិភពសំបូរបែបទាំងនោះចុះ»។
នៅក្នុងលិខិតនោះធ្វើឲ្យខ្ញុំគិតដល់«ពិភពសំបូរបែប» ដែលគ្រីស្ទបរិស័ទមានឯកសិទ្ធិនឹងទៅរស់នៅទីនោះ។ ពេលដែលព្រះជាម្ចាស់រំដោះមនុស្សចេញពីពិភពងងឹតនៃអំពើបាប ហើយនាំគេមកពិភពនៃពន្លឺវិញ(១ពេត្រុស ២:៩) យើងក៏ទទួលបានជីវិតថ្មីមួយ។
បទគម្ពីររ៉ូម៥ បានប្រាប់យើងថា មានរបស់ជាច្រើនដែលយើងបានទទួលពីព្រះគ្រីស្ទដូចជា៖ ព្រះជាម្ចាស់បានសម្រុះសម្រួលយើងជាមួយព្រះបិតា ដោយសារការសុគតរបស់ព្រះបុត្រា (ខ.១០) ហេតុដូច្នេះហើយបានជាយើងមានសន្តិភាពជាមួយព្រះជាម្ចាស់តាមរយៈព្រះអម្ចាស់យេស៊ូវគ្រីស្ទ (ខ.១)។ យើងអាចចូលទៅព្រះជាម្ចាស់ដើម្បីទទួលព្រះគុណ(ខ.២)។ យើងមានអំណរទោះជាជួបទុក្ខលំបាក ព្រោះនេះជាឱកាសដែលយើងរីកលូតលាស់អត្តចរិត ដោយការទុកចិត្តលើព្រះអង្គ (ខ.៣-៤)។ លើលពីនេះទៅទៀត ព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះអង្គបានប្រទានមកយើងរាល់គ្នា នឹងបង្ហូរសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ឲ្យពេញពោរក្នុងចិត្តយើង(ខ.៥) ហើយអំពើបាបគ្មានអំណាចលើបងប្អូនទៀតឡើយ(៦:១៨)។
ក្នុងនាមជាគ្រីស្ទបរិស័ទម្នាក់ យើងអាចទទួលបានពិភពសំបូរបែបមកពីព្រះជាម្ចាស់។ តើនៅតែអាត្មានិយមដល់កាលណាទៀត ចូរចេះចែកចាយដល់អ្នកដទៃផង ដើម្បីឲ្យពួកគេទទួលបានពិភពសំបូរបែបមកពីព្រះជាម្ចាស់?។-Anne Cetas
ការដឹងគុណរកពាក្យថ្លែងពុំបាន
មូលហេតុនាំឲ្យយើងនិយាយថា អរគុណដល់អ្នកប្រទានអំណោយ ព្រោះយើងចង់កោតសរសើរដល់ម្ចាស់អំណោយ។ អ្នកនិពន្ធជីប៊ី ស្ទនមានប្រសាសន៍ ថា៖«ការដឹងគុណដោយស្ងៀមស្ងាត់មិនមានតម្លៃឡើយ»។
ពេលកូនយើងនៅតូចនៅឡើយ ជារឿយៗយើងត្រូវតែរំលឹកពួកគេ កុំឲ្យមើលមុខ មើលជើង ឬនិយាយពាក្យពិបាកយល់ជំនួសឲ្យពាក្យ«អរគុណ»នោះឡើយ។ ក្រោយពេលយើងរៀបការបានច្រើនឆ្នាំមក ខ្ញុំនិងប្តីខ្ញុំនៅតែរៀននិយាយពាក្យអរគុណដល់គ្នាទៅវិញទៅមក ព្រោះវាសំខាន់ណាស់។ ពេលណាយើងមានចិត្តចង់កោតសរសើរអ្វីមួយ យើងព្យាយាមនិយាយចេញមក ទោះបីជាយើងបាននិយាយដដែលនេះញឹកញាប់ក៏ដោយ។ លោកវីលៀម អាកធួ វត មានប្រសាសន៍ថា៖«ការដឹងគុណដោយអារម្មណ៍ ហើយមិនបានបញ្ចេញមក ប្រៀបបីដូចបានខ្ចប់កាដូ តែមិនបានជូនដល់អ្នកណាម្នាក់»។
ការសម្តែងការដឹងគុណពិតជាមានសំខាន់ណាស់សម្រាប់ទំនាក់ទំនងរបស់មនុស្ស ហើយរឹតតែពិសេសទៅទៀតគឺជាមួយព្រះជាម្ចាស់នៃយើង។ កាលណាយើងរំលឹកទៅដល់ព្រះពររាប់មិនអស់ ដែលទ្រង់បានប្រទានមកយើង តើយើងបានអរព្រះគុណព្រះអង្គហើយឬនៅ? កាលណាយើងគិតដល់អំណោយដ៏ពិសេស ដែលព្រះអង្គបានសុគត និង រស់ឡើងវិញអត់ទោសបាបយើង តើដួងចិត្តយើងពោរពេញដោយការកោតសរសើរ និងអរព្រះគុណទ្រង់ទេ? (រ៉ូម ៦:២៣, ២កូរិនថូស ៩:១៥)។
សូមនឹកចាំបទគម្ពីរទំនុកដំកើង ១០៧:១ ក្នុងចិត្តអ្នករាល់ថ្ងៃ៖ «សូមអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ» ។-Cindy Hess Kasper
ស្នាដៃឯក
ពេលថ្មីៗនេះ ខ្ញុំបានឃើញឯកសារមួយស្តីអំពីវិធីផលិតព្យាណូរបស់លោកស្តេនវ៉េ ឯកសារនោះបង្ហាញថា គាត់គូសវាសយ៉ាងផ្ចិតផ្ចង់ ដើម្បីផលិតឧបករណ៍ដ៏ប្រណិតមួយឡើង។ តាំងពីកាត់ជ្រៀកឈើរហូតដល់ព្យាណូលេចរូបរាងឡើង ដាក់ក្នុងបន្ទប់តាំងបង្ហាញ ទាមទារជំនាញ និងការច្នៃប្រឌិតប៉ិនប្រសប់មិនអាចកាត់ថ្លៃបាន។ ការចំណាយពេលមួយឆ្នាំផលិតចប់រួចរាល់ហើយ តន្ត្រីករក៏យកព្យាណូមកលេង នោះគេក៏លាន់មាត់សរសើរពីសម្លេងដ៏ពិរោះ ដែលកុំព្យូទ័រមិនអាចធ្វើបានឡើយ។ អាថ៌កំបាំងក្នុងការផលិតរបស់ឲ្យបានល្អ ទាមទារអ្នកផលិតមានស្នាដៃឯក។
ពេលគេសង់រោងឧបោសថ យើងឃើញថា ព្រះជាម្ចាស់ក៏ឲ្យតម្លៃទៅលើស្នាដៃដែរ។ ទ្រង់បានរើសជាងមានស្នាដៃឈ្មោះបេតសាលាល ដោយមានព្រះបន្ទូលថា៖ «ហើយអញបានបំពេញគាត់ដោយព្រះវិញ្ញាណនៃព្រះ ឲ្យមានគំនិតវាងវៃ មានយោបល់ មានចំណេះចេះធ្វើការគ្រប់មុខទាំងអស់ ឲ្យបានប្រសប់នឹងបង្កើតអស់ទាំងការ គឺឲ្យចេះការខាងគ្រឿងមាស ប្រាក់ ហើយនឹងលង្ហិន ចេះច្នៃត្បូងសម្រាប់ដាំ ចេះឆ្លាក់ឈើ និងការគ្រប់មុខទាំងអស់ផង» (និក្ខំមនំ ៣១:៣-៥)។
សព្វថ្ងៃនេះ ព្រះជាម្ចាស់គង់នៅក្នុងចិត្តអ្នកជឿគ្រប់រូប។ ព្រះជាម្ចាស់មិនបានឈប់ត្រាស់ហៅជាងមានស្នាដៃនោះទេ។ ឥឡូវនេះ អ្នកជឿម្នាក់ៗជា«ស្នាដៃដែលទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវ» (អេភេសូរ ២:១០)។ ព្រះវិញ្ញាណបរិសុទ្ធជាមេជាងដ៏ចំណាន ដែលច្នៃអត្តចរិតរបស់យើង ឲ្យបានដូចជាព្រះយេស៊ូវ (រ៉ូម ៨:២៨-២៩)។ កាលណាស្នាដៃយើងលេចចេញជារូបរាងឡើង នោះយើងនឹងដឹងថា អាថ៌កំបាំងនៃការផលិតរបស់ល្អគឺចេញមកពីស្នាដៃឯក។-Dennis Fisher