មើលទៅឯភ្នំ
គេអាចមើលឃើញទីក្រុងរីអូ ដឺ ចេនេរ៉ូ នៃប្រទេសប្រេស៊ីល ពីលើកំពូលភ្នំ ខរខូវ៉ាដូ ដែលនៅលើកំពូលភ្នំនោះ មានរូចចម្លាក់ព្រះគ្រីស្ទ ដ៏ជាព្រះប្រោសលោះ ដែលស្ថិតក្នុងចំណោមរូបចម្លាក់ព្រះគ្រីស្ទដែលខ្ពស់ជាងគេ ក្នុងពិភពលោក។ រូបចម្លាក់នេះមានកម្ពស់ ២៨ម៉ែត្រ និងមានទម្ងន់៦៣៥តោន។ គេអាចមើលឃើញរូបចម្លាក់មួយនេះ ទាំងយប់ថ្ងៃ ពីទីកន្លែងស្ទើរតែទាំងអស់ ក្នុងទីក្រុងរីអូ។ ដូចនេះ គេគ្រាន់តែងាកទៅរកភ្នំនោះតែបន្តិច គឺនឹងបានឃើញរូបចម្លាក់ព្រះគ្រីស្ទដ៏ជាព្រះប្រោសលោះហើយ។
យ៉ាងណាមិញ ព្រះគម្ពីរសញ្ញាថ្មីបានប្រាប់យើងថា ព្រះគ្រីស្ទមិនគ្រាន់តែជាព្រះដ៏ប្រោសលោះប៉ុណ្ណោះទេ តែព្រះអង្គក៏ជាព្រះអាទិករនៃចក្រវាលទាំងមូល គឺដូចដែលមានចែងយ៉ាងច្បាស់ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១២១។ ក្នុងបទគម្ពីរនេះ អ្នកនិពន្ធបានលើកទឹកចិត្តយើង ឲ្យងើបភ្នែកមើលទៅឯភ្នំ ហើយសួរថា តើសេចក្តីជំនួយជួយដល់យើងមកពីណា “សេចក្តីជំនួយរបស់យើងមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី”(ខ.១-២)។ មានតែព្រះអង្គទេ ដែលអាចប្រទានកម្លាំងដល់យើង និងនាំផ្លូវយើងគ្រប់ជំហាន ខណៈពេលដែលយើងកំពុងធ្វើដំណើរឆ្លងកាត់លោកិយដ៏គ្រោះថ្នាក់ និងមានពេញដោយបញ្ហា។
យើងងើបភ្នែកឡើង ឆ្ពោះទៅរកព្រះ ដែលមើលថែរយើង(ខ.៣) ការពារយើង (ខ.៥-៦) ហើយគ្របបាំងយើងដោយស្រមោល ទោះជាមានគ្រោះភ័យអ្វីក៏ដោយ។ ព្រះអង្គថែរក្សាយើងឲ្យរួចពីការអាក្រក់ ហើយមើលថែរព្រលឹងយើង ឲ្យមានសុវត្ថិភាពអស់កល្បជានិច្ច(ខ.៧-៨)។ យើងងើបភ្នែកឡើង ទៅរកព្រះដ៏ប្រោសលោះ និងព្រះអាទិករនៃយើង ដោយសេចក្តីជំនឿ។ ព្រះអង្គជាជំនួយ និងជាក្តីសង្ឃឹម ហើយជាទីលំនៅដ៏អស់កល្បជានិច្ចរបស់យើង។-Bill Crowder
ការសួរសំណួរផ្សេង
ពេលដែលជីវិតយើងជួបសោកនាដកម្ម មានសំណួរជាច្រើនបានចោទឡើង។ ពេលយើងបាត់បង់មនុស្សជាទីស្រឡាញ់ យើងប្រហែលជាទូលសួរព្រះ នូវសំណួរជាច្រើន ដែលមានដូចជា “ហេតុអ្វីបានជាព្រះអង្គបណ្តោយឲ្យមានរឿងនេះកើតឡើង?” “តើវាជាកំហុសរបស់អ្នកណា?” “តើព្រះអង្គជ្រាបទេថា ទូលបង្គំឈឺចាប់ប៉ុណ្ណា?” សម្រាប់ខ្លួនខ្ញុំផ្ទាល់ ពេលដែលកូនស្រីរបស់ខ្ញុំស្លាប់យ៉ាងសោកសៅ ខ្ញុំក៏បានសួរសំណួរដូចនេះផងដែរ។
ព្រះគម្ពីរយ៉ូបបានកត់ទុកនូវសំណួរ ដែលលោកយ៉ូបបានសួរ ពេលគាត់កំពុងអង្គុយរៀបរាប់ពីទុក្ខវេទនារបស់គាត់ ដល់មិត្តសំឡាញ់ទាំងឡាយ។ គាត់បានបាត់បង់គ្រួសារ និងទ្រព្យសម្បត្តិអស់ ហើយថែមទាំងធ្លាក់ខ្លួនមានជម្ងឺទៀត។ បានជាគាត់សួរថា “ហេតុអ្វីបានជាឲ្យមានពន្លឺភ្លឺ ដល់មនុស្សរងវេទនា ព្រមទាំងឲ្យជីវិត ដល់អ្នកដែលមានសេចក្តីជូរចត់ក្នុងចិត្តដូច្នេះ”(៣:២០)។ ក្រោយមក គាត់ក៏បានសួរទៀតថា “តើកំឡាំងខ្ញុំជាអ្វី ដែលខ្ញុំនឹងនៅចាំទៀត តើចុងបំផុតខ្ញុំជាយ៉ាងណា បានជាត្រូវឲ្យខ្ញុំទ្រាំអត់”(៦:១១)។ “ដែលសង្កត់សង្កិនដូច្នេះ តើមានប្រយោជន៍ដល់ទ្រង់ឬ?”(១០:៣)។ ក្នុងលោកិយនេះ មានមនុស្សជាច្រើន បានឈរនៅទីបញ្ចុះសពរបស់អ្នកដែលឆាប់លាចាកលោក ហើយពួកគេក៏បានសួរសំណួរ ស្រដៀងនឹងសំណួរលោកយ៉ូបផងដែរ។
ប៉ុន្តែ ពេលដែលអ្នកបានអានកណ្ឌគម្ពីរយ៉ូប រហូតដល់ចុងបញ្ចប់ អ្នកនឹងមានការភ្ញាក់ផ្អើល។ ពេលដែលព្រះអម្ចាស់ឆ្លើយតប ចំពោះលោកយ៉ូប(ជំពូក ៣៨-៤១) គឺព្រះអង្គបានឆ្លើយតប តាមរបៀបដែលគេមិននឹកស្មានដល់។ ព្រះអង្គក៏បានកែប្រែស្ថានការណ៍ ហើយសួរលោកយ៉ូបវិញ ដោយសំណួរផ្សេង ដែលបង្ហាញពីប្រាជ្ញា និងអំណាចគ្រប់គ្រងរបស់ព្រះអង្គ។ គឺសំណួរអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ ដែលមានដូចជា ផែនដី ផ្កាយ និងសមុទ្រជាដើម។ ហើយសំណួរទាំងនោះ សុទ្ធតែនាំឲ្យគេគិត នឹងស្ងែងខ្លាចដល់ព្រះដែលមានអំណាចគ្រប់គ្រង មានគ្រប់ចេស្តា…
ពេលដែលច្របូកច្របល់
ក្នុងអំឡុងពេលនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក កាលពីប៉ុន្មានឆ្នាំមុន មានមនុស្សជាច្រើនបានបាត់បង់ការងារ។ គួរឲ្យស្តាយណាស់ ប្អូនថ្លៃរបស់ខ្ញុំ ក៏ស្ថិតក្នុងចំណោមអ្នកដែលបាត់បង់ការងារផងដែរ។ មានពេលមួយ ប្អូនស្រីរបស់ខ្ញុំ និងស្វាមីក៏បានសរសេរសំបុត្រផ្ញើមកខ្ញុំ ដើម្បីប្រាប់អំពីស្ថានភាពរបស់ខ្លួន។ ប្អូនស្រីរបស់ខ្ញុំបានរៀបរាប់ថា ទោះបីជាពួកគេមិនដឹងថា ពេលអនាគតនឹងទៅជាយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែមានសន្តិភាពក្នុងចិត្ត ព្រោះពួកគេដឹងថា ព្រះនៅតែមើលថែរពួកគេជានិច្ច។
អ្នកដែលទុកចិត្តលើព្រះយេស៊ូវអាចមានចិត្តស្ងប់ ពេលស្ថិតក្នុងស្ថានភាពច្របូកច្របល់ ព្រោះពួកគេបានទទួលការធានាថា ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ ទ្រង់ស្រឡាញ់កូនរបស់ព្រះអង្គ ហើយក៏បំពេញការខ្វះខាតរបស់ពួកគេ(ម៉ាថាយ ៦:២៥-៣៤)។ យើងអាចថ្វាយការព្រួយបារម្ភរបស់យើង ដល់ព្រះអង្គដោយចិត្តដែលដឹងគុណ ដោយទុកចិត្តថា ព្រះអង្គនឹងបំពេញសេចក្តីត្រូវការរបស់យើង ហើយឲ្យយើងមានសន្តិភាពក្នុងចិត្ត(ភីលីព ៤:៦-៧)។
គឺដូចដែលសាវ័កប៉ុលមានប្រសាសន៍ថា “សេចក្តីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត និងជួយការពារចិត្ត ហើយនិងគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ”(ខ.៧)។ សេចក្តីសុខសាន្ត ឬសន្តិភាពរបស់ព្រះយេស៊ូវ ហួសលើសអស់ទាំងគំនិតរបស់យើង ដូចនេះយើងមិនអាចពន្យល់អំពីសន្តិភាពរបស់ព្រះអង្គ ឲ្យអស់សេចក្តីទេ តែយើងអាចពិសោធនឹងសន្តិភាពរបស់ព្រះអង្គ ដោយសារព្រះអង្គបានការពារចិត្ត និងគំនិតរបស់យើង។
សន្តិភាពក្នុងចិត្តរបស់យើង គឺកើតចេញពីការទុកចិត្តថា ព្រះអម្ចាស់ស្រឡាញ់យើង ហើយព្រះអង្គកំពុងគ្រប់គ្រងស្ថានភាពរបស់យើង។ មានតែព្រះអង្គទេដែលប្រទាននូវការកម្សាន្តចិត្ត ដែលសម្រួលអារម្មណ៍យើង ជួយឲ្យគំនិតយើងមានពេញដោយក្តីសង្ឃឹម ហើយអនុញ្ញាតឲ្យយើងសម្រាក សូម្បីតែនៅពេលដែលមានការប្រែប្រួល និងឧបស័គ្គ។-POH FANG CHIA
ឫសគល់នៃសេចក្តីស្លាប់
កញ្ញាឡូរេន ខូណាគី(Lauren Kornacki) មានចិត្តសប្បាយរីករាយ ដែលបានទៅរៀន នៅថ្នាក់ជួយសង្រ្គោះបឋម តែកាលនោះ នាងមិនបាននឹកស្មានថា នឹងបានអនុវត្តការជួយសង្រ្គោះនោះ សម្រាប់នរណាម្នាក់ ឬសម្រាប់មនុស្សជាទីស្រឡាញ់ក្នុងពេលឆាប់ៗឡើយ។ ថ្ងៃមួយ ពេលឪពុករបស់នាងកំពុងជួសជុលឡានរបស់គាត់ ដែកគ្រីបក៏បានដួល បណ្តាលឲ្យឡានសង្កត់មកលើគាត់។ សារពត៌មានក៏បានផ្សាយអំពីហេតុការណ៍នេះថា កញ្ញាឡូរេន ដែលមានអាយុ២២ឆ្នាំ បានបំបាស់ឡានដែលមានទម្ងន់ជាង១តោនកន្លះ ដោយគ្មានចិត្តអល់ឯក ល្មមនឹងអាចទាញគាត់ចេញពីក្រោមឡាននោះបាន។ បន្ទាប់មក នាងក៏បានធ្វើការជួយសង្រ្គោះបឋម ដល់ឪពុកនាង រហូតដល់ពេលដែលឡានពេទ្យមកដល់។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការជួយសង្រ្គោះដែលអស្ចារ្យជាងនេះទៀត គឺការជួយសង្រ្គោះរបស់ព្រះយេស៊ូវ ដែលរំដោះយើងឲ្យរួចពីបាប ដោយការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ។ ពេលព្រះយេស៊ូវចាត់ពួកសាវ័កទាំង១២នាក់ ឲ្យចេញទៅធ្វើការថ្វាយព្រះអង្គ ព្រះអង្គបានឲ្យពួកគេផ្សាយដំណឹងល្អ ដើម្បីឲ្យគេបានដឹងថា ព្រះអង្គសព្វព្រះទ័យនឹងជួយសង្រ្គោះមនុស្សលោក(លូកា ៩:១-៦)។ ពួកគេមិនបានធ្វើកិច្ចការនេះ ដោយពឹងអាងកម្លាំងខ្លួនឯងឡើយ តែពេលដែលពួកគេបង្រៀនអ្នកដទៃ អំពីសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ ព្រះអង្គបានត្រៀមខ្លួនជាស្រេច ដើម្បីលើកបន្ទុកដ៏ធ្ងន់នៃអំពើបាប ចេញពីជីវិតរបស់អ្នកដែលបានឮដំណឹងល្អនៃសេចក្តីសង្រ្គោះ។ ការអធិប្បាយ និងការប្រោសជម្ងឺ ដែលពួកគេបានធ្វើដោយអំណាច និងចេស្តារបស់ព្រះយេស៊ូវ គឺបានបង្ហាញថា ព្រះយេស៊ូវពិតជាបាននាំការសង្រ្គោះរបស់ព្រះ មកក្នុងលោកិយនេះមែន។
សព្វថ្ងៃនេះ មានមនុស្សជាច្រើន កំពុងជាប់នៅក្រោមទម្ងន់នៃអំពើបាប តែព្រះដ៏អស្ចារ្យនៃយើង អាចសង្រ្គោះយើង ឲ្យរួចពីបន្ទុកទាំងនោះបាន ហើយព្រះអង្គក៏ចាត់យើងឲ្យចេញទៅក្នុងលោកិយ ដើម្បីប្រាប់អ្នកដទៃថា ព្រះអង្គអាចរំដោះពួកគេឲ្យរួចពីបាបផងដែរ។-Marvin Williams…
មិនមែនជាបង្គោលចងសេះ
អ្នកប្រហែលជាធ្លាប់ឮគេនិយាយថា “យើងគួរតែឲ្យអតីតកាល ធ្វើជាបង្គោលនាំផ្លូវ ជាជាងធ្វើជាបង្គោលចងសេះ”។ យើងងាយនឹងចងខ្លួនឯង ជាប់នឹងអនុស្សាវរីយនៃ “ថ្ងៃដ៏ល្អ ដែលយើងមានកាលពីមុន” ជាជាងប្រើបទពិសោធន៍របស់យើង ដើម្បីស្វែងរកទិសដៅធ្វើដំណើរទៅមុខទៀត។ យើងងាយនឹងទទួលឥទ្ធិពល ពីសេចក្តីប៉ងប្រាថ្នាដែលធ្វើឲ្យយើងទៅមុខលែងរួច គឺការប៉ងប្រាថ្នាចង់បាន អ្វីដែលធ្លាប់មានពីមុន។
មានពេលមួយព្រះអម្ចាស់បានត្រាស់ហៅលោកយេរេមា ឲ្យធ្វើជាហោរាដល់អស់ទាំងសាសន៍ ដែលកាលនោះ គាត់ជាសង្ឃរបស់ព្រះ នៅក្រុងតូចមួយក្បែរទីក្រុងយេរូសាឡិម(យេរេមា ១:៥)។ ព្រះអង្គបានឲ្យគាត់ធ្វើកិច្ចការដ៏ពិបាកមួយ គឺឲ្យគាត់ប្រកាសប្រាប់អំពីការជំនុំជម្រះរបស់ព្រះ មកលើជនជាតិយូដា ដែលបានងាកបែរចេញពីព្រះអង្គ។ ពេលលោកយេរេមាប្រកាសប្រាប់ពួកគេ គាត់ក៏បានបញ្ចាក់យ៉ាងច្បាស់ថា គាត់កំពុងប្រកាសព្រះរាជសាររបស់ព្រះ គឺមិនមែនចេះតែពោលតាមចិត្តខ្លួនឯងទេ(៧:១-២)។
ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា “ចូរឲ្យឯងរាល់គ្នាឈរតាមផ្លូវ ហើយមើលចុះ ត្រូវឲ្យសួររកផ្លូវចាស់ទាំងប៉ុន្មាន មើលជាមានផ្លូវណាដែលល្អ រួចឲ្យដើរតាមផ្លូវនោះចុះ នោះឯងរាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង”។ តែគេប្រកែកថា “យើងរាល់គ្នាមិនព្រមដើរតាមទេ”(៦:១៦)។
ព្រះអម្ចាស់បានជំរុញរាស្រ្តរបស់ព្រះអង្គ ឲ្យងាកមកក្រោយសិន ដើម្បីឲ្យពួកគេអាចធ្វើដំណើរឆ្ពោះទៅមុខ ពោលគឺងាកមកគិតពិចារណា អំពីផ្លូវចាស់ដែលព្រះអង្គបានប្រទានពីបុរាណមក ដើម្បីឲ្យពួកគេរកឃើញ “ផ្លូវដ៏ល្អ”នៅខាងមុខ ដែលមានភាពស្មោះត្រង់ ការអត់ទោស និងការត្រាសហៅរបស់ព្រះអង្គ។
ព្រះទ្រង់អាចបង្រៀនយើង ឲ្យងាកមកគិតអំពីផ្លូវចាស់ ដែលយើងធ្លាប់ដើរជាមួយព្រះអង្គកាលពីមុន ដែលជាផ្លូវដ៏ល្អបំផុត។-David McCasland
តារាងតាមដានការលូតលាស់
បើសិនជាក្រុមគ្រួសាររបស់ខ្ញុំត្រូវរើផ្ទះ ទៅនៅកន្លែងផ្សេង ខ្ញុំចង់ដោះទ្វារបន្ទប់ដាក់ឥវ៉ាន់ យកវាទៅដាក់នៅផ្ទះថ្មី ជាមួយនឹងខ្ញុំដែរ! ទ្វារនោះពិសេស ព្រោះវាបានបង្ហាញ អំពីការលូតលាស់របស់កូនៗរបស់ខ្ញុំ ជារៀងរាល់ឆ្នាំ។ រៀងរាល់ពេលពីរបីខែម្តង ខ្ញុំនិងស្វាមីរបស់ខ្ញុំ បានឲ្យកូនយើងឈរផ្អែកលើទ្វារនោះ ហើយយកខ្មៅដៃមកគូសលើទ្វារ ត្រឹមកម្ពស់ក្បាលរបស់ពួកគេ ដើម្បីកត់ចំណាំថា ពួកគេមានកម្ពស់ប៉ុន្មានហើយ។ តាមតារាងតាមដានការលូតលាស់របស់កូន ខ្ញុំឃើញថា កូនស្រីរបស់ខ្ញុំលូតកម្ពស់បាន១០សង់ទីម៉ែត្រ ក្នុងរយៈពេលតែមួយឆ្នំា។
ខណៈពេលដែលកូនៗរបស់ខ្ញុំ មានការលូតលាស់ផ្នែករូបកាយ ដែលជាផ្នែកធម្មជាតិនៃជីវិត មានការលូតលាស់មួយប្រភេទទៀត ដែលតម្រូវឲ្យយើងមានការខិតខំ គឺការលូតលាស់ខាងវិញ្ញាណ ឲ្យមានលក្ខណៈដូចព្រះគ្រីស្ទ។ សាវ័កពេត្រុសបានលើកទឹកចិត្តគ្រីស្ទបរិស័ទ ឲ្យ“ចម្រើនឡើងក្នុងព្រះគុណ ហើយក្នុងការស្គាល់ដល់ព្រះយេស៊ូវគ្រីស្ទ”(២ពេត្រុស ៣:១៨)។ គាត់មានប្រសាសន៍ថា ភាពពេញវ័យខាងសេចក្តីជំនឿ ជួយឲ្យយើងត្រៀមខ្លួន សម្រាប់ការយាងមកវិញនៃព្រះគ្រីស្ទ។ គាត់ចង់ឲ្យព្រះយេស៊ូវយាងត្រឡប់មកវិញ ឃើញគ្រីស្ទបរិស័ទរស់នៅ ដោយមេត្រីភាព និងសេចក្តីសុចរិត(ខ.១៤)។ លោកពេត្រុសបានបង្ហាញថា ការលូតលាស់ខាងវិញ្ញាណ ជាការការពារប្រឆាំងនឹងការបង្រៀនខុសឆ្គង ដែលកាត់ស្រាយព្រះបន្ទូលព្រះខុស និងនាំគេឲ្យវង្វេង(ខ.១៦-១៧)។
សូម្បីតែនៅពេលដែលយើងមានអារម្មណ៍បាក់ទឹកចិត្ត និងដាច់ចេញពីព្រះក៏ដោយ ក៏យើងនៅតែអាចចាំថា ព្រះអង្គនឹងជួយឲ្យយើងមានការរីកចម្រើនខាងសេចក្តីជំនឿ ដោយធ្វើឲ្យយើងមានលក្ខណៈកាន់តែដូចព្រះរាជបុត្រាព្រះអង្គ។ ព្រះបន្ទូលព្រះអង្គបានធានាយើងថា “ព្រះអង្គដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង ទាល់តែដល់ថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ”(ភីលីព ១:៦)។-Jennifer Benson Schuldt
ថ្ងៃពឹងផ្អែកលើព្រះអង្គ
នៅសហរដ្ឋអាមេរិក ថ្ងៃទី៤ ខែកក្កដា ជាថ្ងៃបុណ្យជាតិ ដែលប្រជាជនប្រារព្ធធ្វើ ដោយមានការជួបជុំគ្នាអាំងសាច់ញាំក្រៅផ្ទះ និងមានមនុស្សជាច្រើនកកកុញ នៅមាត់សមុទ្រ ហើយនៅតាមបណ្តាទីក្រុងតូចធំ មានការដើរដង្ហែរក្បួន និងការបាញ់កំាជ្រួច ការទៅញាំអាហារជាក្រុមៗនៅកន្លែងកម្សាន្ត ព្រមទាំងមានការអបអរស្មារតីស្នេហាជាតិ។ គេបានធ្វើការអបអរទាំងអស់នេះឡើង ដើម្បីរំឭកអំពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៧៧៦ ជាថ្ងៃដែលរដ្ឋចំណុះទាំង១៣របស់អាមេរិក ប្រកាសទាមទារឯករាជ្យពីអាណានិគមអង់គ្លេស។
មនុស្សគ្រប់ជំនាន់សុទ្ធតែត្រូវការឯករាជ្យ។ ព្រោះកាលណាយើងមានឯករាជ្យ គឺមានន័យថា យើងមាន “សេរីភាពរួចពីការគ្រប់គ្រង ឥទ្ធិពល ការគាំទ្រ និងជំនួយរបស់អ្នកដទៃ”។ ជាក់ស្តែង ជាធម្មតា ក្មេងជំទង់ជជែកគ្នាអំពីការចង់រស់នៅដោយឯករាជ្យ រួចផុតពីការគ្រប់គ្រងរបស់ឪពុកម្តាយ។ មនុស្សពេញវ័យជាច្រើន បានកំណត់គោលដៅថា ខ្លួននឹងខិតខំស្វែងរកទ្រព្យសម្បត្តិឲ្យបានច្រើន ដើម្បីឲ្យ “មានឯករាជ្យផ្នែកទ្រព្យសម្បត្តិ”។ ហើយពលរដ្ឋដែលមានវ័យចំណាស់ចង់រក្សាឯករាជ្យរបស់ខ្លួន។ តើមនុស្សម្នាក់ៗពិតជាមានឯករាជ្យពិតប្រាកដឬទេ?
ការស្រេកឃ្លានចង់បានឯករាជ្យផ្នែកនយោបាយ ឬឯករាជ្យផ្ទាល់ខ្លួន ជាបញ្ហាដែលកើតមានជាធម្មតា តែយើងនឹងជួបឧបស័គ្គជាច្រើន ពេលដែលយើងហ៊ានស្វែងរកឯករាជ្យខាងព្រលឹងវិញ្ញាណ។ ផ្ទុយទៅវិញ អ្វីដែលយើងត្រូវការនោះ គឺការទទួលស្គាល់ និងការទទួលយក នូវការពឹងផ្អែកខាងវិញ្ញាណ។ ព្រះយេស៊ូវបានមានបន្ទូលថា “ខ្ញុំជាគល់ អ្នករាល់គ្នាជាខ្នែង អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នកនោះ នោះទើបនឹងបង្កើតផលឡើងជាច្រើន ដ្បិតបើដាច់ពីខ្ញុំចេញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើអ្វីបានទេ”(យ៉ូហាន ១៥:៥)។
យើងមិនត្រូវពឹងផ្អែកលើខ្លួនឯងទេ។ យើងត្រូវពឹងផ្អែកទាំងស្រុង និងអស់កល្បជានិច្ច ទៅលើព្រះមួយអង្គ…
ការមើលថែរដ៏ស្រទន់
លោកម៉ាក(Max) មានកសិដ្ឋានដ៏តូចមួយ សម្រាប់ចិញ្ចឹមសត្វ ជាការកម្សាន្ត។ ថ្មីៗនេះ ពេលគាត់ទៅពិនិត្យមើលសត្វគោ ដែលគាត់ចិញ្ចឹម គាត់មានការភ្ញាក់ផ្អើលណាស់ ពេលបានឃើញកូនគោមួយក្បាលទើបកើត។ ពេលគាត់ទិញគោមួយហ្វូងមកចិញ្ចឹម គាត់មិនដឹងថា មានគោមួយក្បាលផើមទេ។ តែគួរឲ្យស្តាយណាស់ បន្ទាប់ពីកូនគោកើតមិនទាន់បានប៉ុន្មានផង មេគោនោះក៏បានឈឺស្លាប់។ ភ្លាមនោះ លោកម៉ាកក៏បានទិញម្សៅទឹកដោះគោលាយទឹកច្រកក្នុងដប ឲ្យកូនគោនោះបៅ។ គាត់ក៏បានប្រាប់ខ្ញុំថា “កូនគោនោះ វាគិតថា ខ្ញុំជាមេវា!”
ពេលខ្ញុំបានស្តាប់រឿងដែលលោកម៉ាកចិញ្ចឹមកូនគោ ខ្ញុំក៏បាននឹកចាំ អំពីការដែលសាវ័កប៉ុលមើលថែរពួកជំនុំនៅក្រុងថែស្សាឡូនិច ដោយប្រដូចខ្លួនគាត់ ទៅនឹងម្តាយដែលចិញ្ចឹមកូន។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “យើងខ្ញុំបាននៅកណ្តាលអ្នករាល់គ្នា ដោយស្លូតបូតវិញ ប្រៀបដូចជាម្តាយថ្នមកូន ដែលកំពុងនៅបៅ”(១ថែស្សាឡូនិច ២:៧)។
សាវ័កប៉ុលមានអាកប្បកិរិយ៉ាជាអ្នកចិញ្ចឹមបីបាច់កូន ពេលគាត់បង្រៀនអ្នកដទៃ។ គាត់ដឹងថា អ្នកជឿព្រះត្រូវការ “ទឹកដោះនៃព្រះបន្ទូល” ដើម្បីលូតលាស់ខាងវិញ្ញាណ(១ពេត្រុស ២:២)។ តែគាត់ក៏បានផ្តល់ការយកចិត្តទុកដាក់ជាពិសេស ចំពោះការខ្វះខាតរបស់ពួកគេផងដែរ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “យើងខ្ញុំបានប្រព្រឹត្តនឹងអ្នករាល់គ្នានីមួយៗ ដូចជាឪពុកនឹងកូន ទាំងទូន្មាន និងកំសាន្តចិត្តផង ហើយទាំងធ្វើបន្ទាល់ឲ្យអ្នករាល់គ្នាបានដើរយ៉ាងគួរនឹងព្រះ ដែលទ្រង់ហៅអ្នករាល់គ្នាមកក្នុងនគរ ហើយក្នុងសិរីល្អរបស់ទ្រង់”(១ថែស្សាឡូនិច ២:១១-១២)។
ពេលយើងបម្រើគ្នាទៅវិញទៅមក យើងអាចបម្រើ តាមគំរូនៃការមើលថែរដ៏ស្រទន់របស់ព្រះសង្រ្គោះនៃយើង ដោយលើកទឹកចិត្តគ្នាទៅវិញទៅមក ក្នុងដំណើរជីវិតខាងវិញ្ញាណរបស់យើង(ហេព្រើ ១០:២៤)។-Dennis Fisher
មេរៀនអំពីការព្រួយបារម្ភ
មានពេលមួយ មិត្តភក្តិរបស់ខ្ញុំម្នាក់ បានឲ្យទឹកមួយកែវធំមកខ្ញុំ ហើយក៏បានឲ្យខ្ញុំកាន់ទឹកមួយកែវនោះឲ្យបានយូរ។ ពេលដែលខ្ញុំកាន់វាកាន់តែយូរ ខ្ញុំមានអារម្មណ៍ថា វាមានទម្ងន់កាន់តែធ្ងន់។ ទីបំផុតខ្ញុំក៏រួយដៃ ហើយខ្ញុំក៏បានដាក់កែវទឹកនោះចុះ។ គាត់ក៏បានប្រាប់ខ្ញុំថា ការនេះបានបង្រៀនគាត់ថា ការព្រួយបារម្ភអាចមានផលវិបាក មិនខុសពីការកាន់កែវទឹកនោះទេ។ កាលណាគាត់ព្រួយបារម្ភអំពីអ្វីមួយ កាន់តែយូរប៉ុណ្ណា នោះការភ័យខ្លាចក៏គ្របសង្កត់គាត់កាន់តែធ្ងន់ទៅៗផងដែរ។
យ៉ាងណាមិញ ស្តេចដាវីឌបានជ្រាបច្បាស់អំពីគ្រោះថ្នាក់នៃការភ័យខ្លាច។ មានពេលមួយ ជីវិតរបស់ទ្រង់បានជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ។ អាប់សាឡំម ដែលជាបុត្រារបស់ទ្រង់ បានដណ្តើមយកភាពស្មោះស្ម័គ្ររបស់ពួកមន្ត្រីនៃនគរអ៊ីស្រាអែលពីទ្រង់ ហើយបានព្យាយាមដណ្តើមរាជ្យទ្រង់។ ពេលនោះ ស្តេចដាវីឌមិនដឹងថា នរណាខ្លះស្ម័គ្រស្មោះចំពោះទ្រង់ ហើយមានប៉ុន្មាននាក់ដែលប្រឆាំងនឹងទ្រង់ទេ។ ដូចនេះ ទ្រង់គ្មានជម្រើសអ្វីក្រៅពីរត់គេចឡើយ។ គឺដូចដែលទ្រង់មានបន្ទូលទៅកាន់អ្នកបម្រើទ្រង់ថា “ចូរយើងនាំគ្នារត់ចេញទៅ ពុំនោះ នឹងគ្មានពួកយើងណាមួយ បានរួចពីអាប់សាឡំមឡើយ ចូរប្រញាប់ប្រញាល់ចេញទៅចុះ ក្រែងលោវាមកទាន់ ធ្វើអាក្រក់ដល់យើងរាល់គ្នា ហើយប្រហារពួកក្រុងដោយមុខដាវ”(២សាំយ៉ូអែល ១៥:១៤)។
ពេលទ្រង់កំពុងរត់គេច ទ្រង់បាននិពន្ធទំនុកដំកើងដែលបានចែងថា “ខ្ញុំឡើងសម្លេងអំពាវនាវដល់ព្រះយេហូវ៉ា ទ្រង់ក៏ឆ្លើយតបមកខ្ញុំ ពីលើភ្នំបរិសុទ្ធរបស់ទ្រង់”(ទំនុកដំកើង ៣:៤)។ ពេលទ្រង់កំពុងមានការភ័យខ្លាច ទ្រង់បានសម្លឹងឆ្ពោះទៅរកព្រះអម្ចាស់។ ព្រះទ្រង់ក៏បានបង្ហាញព្រះគុណ ហើយជួយឲ្យទ្រង់ឡើងគ្រងរាជឡើងវិញ។
មានការព្រួយបារម្ភជាច្រើន ដែលអាចគ្របសង្កត់យើងធ្ងន់ឡើងៗ។ តែពេលដែលយើងផ្ទេរបន្ទុកទាំងអស់នោះដាច់ដល់ព្រះហស្តនៃព្រះដ៏មានចេស្តា ព្រះអង្គនឹងជួយនាំយើងឆ្លងកាត់ទុក្ខលំបាក ដោយជ័យជម្នះ។-Anne Cetas
តើព្រះយេស៊ូវជានរណា?
ថ្ងៃមួយ អ្នកស្រីខេលី ស្តេនហូស(Kelly Steinhaus) បានទៅទីលានហាវើត ដើម្បីសួរនិស្សិតមហាវិទ្យាល័យ អំពីទស្សនៈដែលពួកគេមានចំពោះព្រះយេស៊ូវ។ ពេលនោះ គាត់បានទទួលនូវចម្លើយខុសៗគ្នាជាច្រើន។ មាននិស្សិតម្នាក់បានឆ្លើយថា ព្រះអង្គជា “មនុស្សដែលមើលថែរប្រជាជន”។ និស្សិតម្នាក់ទៀតថា “ទ្រង់ជាមនុស្សដែលគួរឲ្យចាប់អារម្មណ៍”។ មាននិស្សិតផ្សេងទៀតឆ្លើយបដិសេធព្រះអង្គធ្ងន់ៗថា “គាត់គ្រាន់តែជាមនុស្សម្នាក់ប៉ុណ្ណោះ ខ្ញុំមិនជឿថា គាត់ជាព្រះសង្រ្គោះទេ។ ហើយខ្ញុំមិនចូលចិត្តសាសនាណា ដែលអះអាងថា ព្រះរបស់ខ្លួនជាព្រះពិតដែលមានតែមួយនោះទេ“។ អ្នកខ្លះបានសួរថា ព្រះយេស៊ូវជានរណា ដោយការគិតពិចារណា ហើយអ្នកខ្លះទៀតបានបដិសេធព្រះអង្គ ទាំងមិនបានត្រិះរិះទាល់តែសោះ។
កាលពីជាង២ពាន់ឆ្នាំមុន ពេលដែលព្រះយេស៊ូវកំពុងប្រឈមមុខនឹងសេចក្តីស្លាប់ មានមនុស្សជាច្រើនបានសើចចំអកឲ្យព្រះអង្គ ដោយមិនបានគិតថា ព្រះអង្គជាអង្គបុគ្គលដែលពិសេសនោះឡើយ។ គេបានបិទប្រកាសកាត់ទោសទ្រង់ ដាក់ពីលើព្រះសិរថា “នេះឈ្មោះយេស៊ូវ ជាស្តេចសាសន៍យូដា”(ម៉ាថាយ ២៧:៣៧)។ ហើយក៏មានមនុស្សជាច្រើនមិនជឿថា ព្រះអង្គ មានអំណាចចេស្តាឡើយ បានជាពួកគេស្រែកដាក់ព្រះអង្គថា “ឯងដែលបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញក្នុងរវាង៣ថ្ងៃអើយ ចូរជួយសង្គ្រោះខ្លួនចុះ បើឯងជាព្រះរាជបុត្រានៃព្រះមែន នោះឲ្យចុះពីឈើឆ្កាងមក”(ខ.៤០)។ រីឯពួកអ្នកដឹកនាំសាសនាវិញ ពួកគេថែមទាំងបានចំអកឲ្យព្រះអង្គថា “វាជួយសង្គ្រោះមនុស្សឯទៀតបាន តែមិនអាចនឹងជួយសង្គ្រោះដល់ខ្លួនវាបានទេ”(ខ.៤២)។
ពេលព្រះយេស៊ូវសុគត ព្រះអង្គហាក់ដូចជាគ្មានអំណាចចេស្តាសោះ។ ប៉ុន្តែ បើយើងអានរឿងនេះពីដើមដល់ចប់ យើងឃើញថា ព្រះអង្គបានលះបង់ព្រះជន្ម ដោយស្ម័គ្រព្រះទ័យទេ។ ព្រះអង្គបានបង្ហាញថា ព្រះអង្គជាព្រះរាជបុត្រានៃព្រះ ហើយមានអំណាចចេស្តាដែលគ្មានដែនកំណត់…