ពេលខ្ញុំ និងអ្នកស្រីស៊ីនឌី(Cindy)កំពុងដើរចេញពីពិធីបុណ្យសព គាត់ក៏បានលាន់មាត់ថា “ពិធីបុណ្យសពនេះ ពិតជាធ្វើឲ្យខ្ញុំមានការប៉ះពាល់ចិត្តខ្លាំងណាស់!” នៅថ្ងៃនោះ អ្នកស្រីហេឡិន(Helen) ដែលជាមិត្តភក្តិរបស់យើង បានលាចាកលោក ទៅនៅជាមួយព្រះ។ ហើយមានមិត្តភក្តិរបស់គាត់ជាច្រើន បានឡើងចែកចាយ ដោយកោតសរសើរអាកប្បកិរិយ៉ារបស់គាត់ ដែលនាំឲ្យគេមានភាពសប្បាយរីករាយ។ ប៉ុន្តែ ជីវិតរបស់អ្នកស្រីហេឡិនមិនតែងតែមានភាពកំប្លុកកំប្លែង និងមានការសើចសប្បាយជានិច្ចឡើយ។ ក្មួយប្រុសរបស់គាត់បានចែកចាយ អំពីក្តីជំនឿដែលគាត់មានចំពោះព្រះយេស៊ូវ និងការដែលគាត់យកចិត្តទុកដាក់ចំពោះអ្នកដទៃ។ គាត់បានយកក្មួយប្រុសម្នាក់នេះ ទៅចិញ្ចឹម ពេលគេនៅក្មេង និងកំពុងជួបការលំបាក។ ពេលនេះក្មួយប្រុសរបស់គាត់ ដែលមានអាយុជាង២០ឆ្នាំហើយ បាននិយាយថា “គាត់ប្រៀបដូចជាម្តាយរបស់ខ្ញុំ។ គាត់មិនដែលបោះបង់ខ្ញុំចោល ពេលខ្ញុំមានទុក្ខលំបាក។ ខ្ញុំដឹងច្បាស់ថា បើសិនជាគ្មានគាត់ទេ នោះខ្ញុំប្រាកដជាបាត់បង់សេចក្តីជំនឿហើយ”។ ការនេះបានបង្ហាញថា អ្នកស្រីហេឡិនពិតជាបានជះឥទ្ធិពលដ៏ល្អ មកលើក្មួយប្រុសគាត់។ គាត់បានពឹងផ្អែកលើព្រះយេស៊ូវ ហើយចង់ឲ្យក្មួយប្រុសគាត់ ទុកចិត្តទ្រង់ផងដែរ។ ក្នុងព្រះគម្ពីរសញ្ញាចាស់ យើងឃើញថា ស្តេចដាវីឌបានឲ្យព្រះអង្គម្ចាស់មភីបូសែត ចូលដំណាក់ទ្រង់ ក្នុងគោលបំណងដើម្បីបង្ហាញភាពសប្បុរស ដោយយល់ដល់ព្រះអង្គម្ចាស់យ៉ូណាថាន ដែលជាបិតាទ្រង់(ជាមិត្តសំឡាញ់របស់ស្តេចដាវីឌ ដែលបានស្លាប់ក្នុងសង្រ្គាម មើល២សាំយ៉ូអែល ៩:១)។ កាលពីប៉ុន្មានឆ្នាំមុន ព្រះអង្គម្ចាស់មភីបូសែតបានជួបគ្រោះថ្នាក់ ដោយសារមេដោះរបស់ទ្រង់បានបីទ្រង់ធ្លាក់ ពេលពួកគេរត់ភាសខ្លួន បន្ទាប់ពីបានទទួលដំណឹងថា ព្រះបិតាទ្រង់ត្រូវគេធ្វើគត់(៤:៤)។ ទ្រង់មានព្រះទ័យភ្ញាក់ផ្អើល ពេលស្តេចដាវីឌយកព្រះទ័យទុកដាក់ចំពោះទ្រង់ ដែលកាលនោះ ទ្រង់ថែមទាំងបានប្រដូចខ្លួនឯងទៅនឹង “ឆ្កែស្លាប់” (៩:៨)។ តែស្តេចដាវីឌបានចាត់ទុកទ្រង់ ដូចបុត្រាទ្រង់បង្កើត(៩:១១)។
ខ្ញុំក៏ចង់ធ្វើជាមនុស្សប្រភេទនេះផងដែរ។ គឺមនុស្សដែលខ្វល់ពីអ្នកដទៃ ហើយជួយពួកគេឲ្យមានជំនឿរឹងមាំ ក្នុងព្រះយេស៊ូវ ទោះការរស់នៅហាក់ដូចជាគ្មានសង្ឃឹមក៏ដោយ។-Anne Cetas