ក្នុងអំឡុងពេលកម្មវិធីថ្វាយបង្គំព្រះ នៅព្រះវិហារ ខ្ញុំបានសង្កេតឃើញទារកម្នាក់ ដែលឪពុករបស់វាកំពុងអង្គុយពរ នៅលើកៅអីនៅជួរខាងមុខខ្ញុំ ប្រហែលបីបួនជួរ។ ពេលដែលទារកដ៏តូចនោះអើតមើលមកក្រោយ រំលងស្មារបស់ឪពុកវា ខ្ញុំឃើញកែវភ្នែកវាបើកធំៗ មើលមកសមាជិកពួកជំនុំទាំងឡាយ ដោយចម្ងល់។ វាបានញញឹមដាក់មនុស្សមួយចំនួន ទាំងហៀរទឹកមាត់កក្លាក់ ហើយវាក៏បានដាក់ម្រាមដៃរបស់វា ចូលក្នុងមាត់ តែវាមិនដែលភ្លេចបៀបមេដៃរបស់វាឡើយ។ ខ្ញុំក៏បានបង្វែរអារម្មណ៍ចេញពីការអធិប្បាយរបស់លោកគ្រូគង្វាល ខណៈពេលដែលភ្នែករបស់ខ្ញុំចេះតែចង់ងាកមើលទារក ដ៏គួរឲ្យស្រឡាញ់ម្នាក់នេះ ម្តងហើយម្តងទៀត។
ក្នុងការរស់នៅ ជាធម្មតា យើងអាចជួបការរំខានគ្រប់បែបគ្រប់សណ្ឋាន។ តាមព្រះគម្ពីរលូកា យើងឃើញថា មានពេលមួយនាងម៉ាថាត្រូវចំណាយពេលស្តាប់ព្រះយេស៊ូវមានបន្ទូល ជាមួយនាងម៉ារាប្អូនស្រីរបស់នាង តែការរវល់រៀបចំម្ហូបអាហារ បម្រើទ្រង់ គឺជាការរំខានមិនឲ្យនាងនៅស្តាប់ព្រះបន្ទូលទ្រង់។ ពេលនោះ នាងម៉ារានៅតែបន្តផ្តោតចិត្តស្តាប់ទ្រង់ ដោយមិនឲ្យអ្វីរំខាននាងឡើយ។ នាងម៉ារា “បានអង្គុយស្តាប់ព្រះបន្ទូល នៅទៀបព្រះបាទព្រះអម្ចាស់”(លូកា ១០:៣៩)។ ពេលនាងម៉ាថារអ៊ូរ ដោយសារនាងម៉ារាមិនបានជួយកិច្ចការនាង ព្រះយេស៊ូវក៏បានមានបន្ទូលថា “ម៉ាថាៗអើយ នាងព្រួយចិត្តខំប្រឹងរៀបចំធ្វើអីច្រើនម៉្លេះ មានសេចក្តីតែ១ទេ ដែលសំរាប់ត្រូវការ ឯម៉ារា នាងបានរើសចំណែកយ៉ាងល្អ ដែលមិនត្រូវយកចេញពីនាងឡើយ”(ខ.៤១-៤២)។
ព្រះបន្ទូលព្រះយេស៊ូវត្រង់ចំណុចនេះ បានរំឭកយើងថា ទំនាក់ទំនង ដែលយើងមានជាមួយទ្រង់ គឺសំខាន់ជាងការរវល់ដទៃទៀត ដែលយើងប្រហែលជាកំពុងផ្តោតចិត្ត។ កិច្ចការល្អៗ អាចធ្វើឲ្យយើងខកខានមិនបានធ្វើកិច្ចការដែលសំខាន់បំផុត។ បានសេចក្តីថា សម្រាប់អ្នកដើរតាមព្រះយេស៊ូវ កិច្ចការដែលសំខាន់បំផុត ក្នុងជីវិតនេះ គឺជាការស្គាល់ ហើយដើរជាមួយទ្រង់។-Jennifer Benson Schuldt