នៅភាគខាងជើងនៃប្រទេសហ្កាណា ដែលជាស្រុកកំណើតរបស់ខ្ញុំ ភ្លើងឆេះព្រៃបានកើតឡើងជាទៀងទាត់ ក្នុងរដូវប្រាំង ចាប់ពីខែធ្នូដល់ខែមិនា។ ខ្ញុំបានឃើញផ្ទៃដីរបស់កសិដ្ឋានរាប់ហិចតា ត្រូវភ្លើងឆេះ ដោយសារខ្យល់ដែលបានបក់នាំកំទេចភ្លើងតូចៗ ពីភ្នក់ភ្លើង ឬពីកន្ទុយបារី ដែលអ្នកដំណើរបានចោលនៅតាមផ្លូវ ដោយគ្មានការប្រុងប្រយ័ត្ន។ ផ្កាភ្លើងតែបន្តិច អាចដុតបញ្ឆេះរុក្ខជាតិដែលក្រៀមក្រោះ នៅទីវាល ហើយរាលដាលកើតជាភ្លើងឆេះព្រៃវិនាសហិនហោចបាន។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការពិពណ៌នារបស់សាវ័កយ៉ាកុប អំពីអណ្តាតរបស់មនុស្ស ដោយប្រៀបធៀបទៅនឹងផ្កាភ្លើង យ៉ាងដូចនេះថា “អណ្តាតក៏ជាភ្លើងដែរ គឺជាលោកីយ៍ដ៏ពេញដោយសេចក្តីទុច្ចរិត ជាគ្រឿងរាប់បញ្ចូលជា១នឹងអវយវៈឯទៀតរបស់យើង ជារបស់ដែលធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក ក៏បញ្ឆេះទាំងផ្លូវជីវិតផង ហើយភ្លើងឆេះនោះមកពីស្ថាននរកដែរ”(យ៉ាកុប ៣:៦)។ ការនិយាយខុស ឬការនិយាយដើមពីក្រោយខ្នង ក៏ដូចជាការនិយាយស្តីដោយគ្មានការពិចារណា អាចបំផ្លាញទំនាក់ទំនងបាន។ គឺដូចដែលបទគម្ពីរ សុភាសិត ១២:១៨ បានចែងថា “មានគេដែលពោលពាក្យឥតបើគិត ដូចជាចាក់ដោយដាវ តែសំដីរបស់មនុស្សប្រាជ្ញជាថ្នាំផ្សះវិញ”។ “អណ្តាតមានអំណាចនៃជីវិត និងសេចក្តីស្លាប់”(១៨:២១) គឺមិនខុសពីភ្លើងដែលអាចបំផ្លាញ ហើយក៏អាចមានប្រយោជន៍។
ដើម្បីឲ្យការសន្ទនាឆ្លុះបញ្ចាំងអំពីព្រះវត្តមានព្រះ ក្នុងជីវិតយើង ហើយជាទីសព្វព្រះទ័យដល់ទ្រង់ យើងត្រូវឲ្យពាក្យសម្តីយើង “ប្រកបដោយព្រះគុណ”ជានិច្ច(កូល៉ុស ៤:៦)។ ពេលយើងបង្ហាញពីទស្សនៈរបស់យើង ពេលមានការមិនចុះសម្រុងគ្នា ចូរយើងទូលសូមឲ្យព្រះជួយ ឲ្យយើងប្រើភាសា ដែលថ្វាយព្រះកិត្តនាមដល់ទ្រង់។-Lawrence Darmani