នៅភាគ​ខាង​ជើង​នៃ​ប្រទេស​ហ្កាណា ដែល​ជា​ស្រុក​កំណើត​របស់​ខ្ញុំ ភ្លើង​ឆេះ​ព្រៃ​បាន​កើតឡើង​ជា​ទៀង​ទាត់ ក្នុង​រដូវ​ប្រាំង ចាប់​ពី​ខែ​ធ្នូ​ដល់​ខែ​មិនា។ ខ្ញុំ​បាន​ឃើញ​ផ្ទៃ​ដី​របស់​កសិដ្ឋាន​រាប់​ហិច​តា ត្រូវ​ភ្លើង​ឆេះ ដោយ​សារ​ខ្យល់​ដែល​បាន​បក់​នាំ​កំទេច​ភ្លើង​តូច​ៗ ពី​ភ្នក់​ភ្លើង ឬ​ពីកន្ទុយ​បារី​ ដែល​អ្នក​ដំណើរ​បាន​ចោល​នៅ​តាម​ផ្លូវ ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន។ ផ្កា​ភ្លើង​តែ​បន្តិច អាច​ដុត​បញ្ឆេះ​រុក្ខ​ជាតិ​ដែល​ក្រៀម​ក្រោះ នៅ​ទីវាល ហើយ​រាល​ដាល​កើត​ជា​ភ្លើង​ឆេះ​ព្រៃ​វិនាស​ហិន​ហោច​បាន។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ អំពី​ការ​ពិពណ៌នា​របស់សាវ័ក​យ៉ាកុប អំពី​អណ្តាត​របស់​មនុស្ស ដោយ​ប្រៀប​ធៀប​ទៅ​នឹង​ផ្កា​ភ្លើង យ៉ាង​ដូចនេះ​ថា “អណ្តាត​ក៏​ជា​ភ្លើង​ដែរ គឺ​ជា​លោកីយ៍​ដ៏​ពេញ​ដោយ​សេចក្តី​ទុច្ចរិត ជា​គ្រឿង​រាប់​បញ្ចូល​ជា​១​នឹង​អវយវៈ​ឯ​ទៀត​របស់​យើង ជា​របស់​ដែល​ធ្វើ​ឲ្យ​រូបកាយ​ទាំង​មូល​ស្មោកគ្រោក ក៏​បញ្ឆេះ​ទាំង​ផ្លូវ​ជីវិត​ផង ហើយ​ភ្លើង​ឆេះ​នោះ​មក​ពី​ស្ថាន​នរក​ដែរ”(យ៉ាកុប ៣:៦)។ ការ​និយាយ​ខុស ឬ​ការ​និយាយ​ដើម​ពី​ក្រោយ​ខ្នង ក៏​ដូច​ជាការ​និយាយ​ស្តី​ដោយ​គ្មាន​ការ​ពិចារណា អាច​បំផ្លាញ​ទំនាក់​ទំនង​បាន​។ គឺ​ដូច​ដែល​បទ​គម្ពីរ សុភាសិត ១២:១៨ បាន​ចែង​ថា “មាន​គេ​ដែល​ពោល​ពាក្យ​ឥត​បើ​គិត ដូច​ជា​ចាក់​ដោយ​ដាវ តែ​សំដី​របស់​មនុស្ស​ប្រាជ្ញ​ជា​ថ្នាំ​ផ្សះ​វិញ”។ “អណ្តាត​មាន​អំណាច​នៃ​ជីវិត និង​សេចក្តី​ស្លាប់”(១៨:២១) គឺ​មិន​ខុស​ពី​ភ្លើង​ដែល​អាច​បំផ្លាញ ហើយ​ក៏​អាច​មាន​ប្រយោជន៍។

ដើម្បី​ឲ្យ​ការ​សន្ទនា​ឆ្លុះ​បញ្ចាំង​អំពី​ព្រះ​វត្ត​មាន​ព្រះ ក្នុង​ជីវិត​យើង ហើយ​ជាទី​សព្វ​ព្រះទ័យ​ដល់ទ្រង់ យើង​ត្រូវ​ឲ្យ​ពាក្យ​សម្តី​យើង “ប្រកប​ដោយ​ព្រះ​គុណ”ជា​និច្ច​(កូល៉ុស ៤:៦)។ ពេល​យើង​បង្ហាញ​ពី​ទស្សនៈ​របស់​យើង ពេល​មាន​ការ​មិន​ចុះ​សម្រុង​គ្នា ចូរ​យើង​ទូល​សូម​ឲ្យ​ព្រះ​ជួយ ឲ្យ​យើងប្រើ​ភាសា ដែល​ថ្វាយ​ព្រះ​កិត្ត​នាម​ដល់​ទ្រង់។-Lawrence Darmani