នៅចុង​សតវត្សរ៍​ទី​១៨ លោក​វីលៀម ខារេយ(William Carey) បាន​ទទួល​ការ​ត្រាស់​ហៅ ឲ្យ​ធ្វើ​ដំណើរ ទៅ​ប្រទេស​ឥណ្ឌា ធ្វើ​បេសក​ជន​ផ្សាយ​ដំណឹង​ល្អ នៃ​ព្រះយេស៊ូវ។ បណ្តា​គ្រូ​គង្វាល​ដែល​នៅ​ក្បែរ​គាត់​បាន​ចម្អក​ឲ្យ​គាត់​ថា “អ្នក​កំលោះ បើ​ព្រះ​សព្វ​ព្រះ​ទ័យ​នឹង​សង្រ្គោះ​នរណា​ម្នាក់ នៅ​ប្រទេស​ឥណ្ឌា ទ្រង់​នឹង​សង្រ្គោះ ដោយ​មិន​ចាំ​បាច់​ប្រើ​អ្នក ឬ​ខ្ញុំ​ទេ!” ត្រង់​ចំណុចនេះ គ្រូ​គង្វាល​ទាំង​នោះ មិន​បាន​យល់​អំពី​ចំណុច​សំខាន់​នៃ​ការ​ធ្វើ​ការ​ជា​ដៃ​គូ​ជាមួយ​ព្រះ​ទេ។ តាម​ពិត ព្រះ​ទ្រង់​បាន​ធ្វើ​នូវ​កិច្ច​ការ​ជា​ច្រើន ដោយ​ប្រើ​មនុស្ស​ដូច​យើង​រាល់​គ្នា។

ក្នុង​នាម​ជា​ដៃ​គូ ក្នុង​ការ​ងារ​បម្រើ​ព្រះ នៅ​លើ​ផែន​ដី​នេះ យើង​ចង់​ឲ្យ​បំណង​ព្រះ​ទ័យ​ព្រះ​បាន​សម្រេច តែ​ទន្ទឹម​នឹង​នោះ យើង​ក៏ត្រូវ​ប្តេជ្ញា​ចិត្ត​ធ្វើ​អ្វី​ក៏ដោយ     ដែល​ព្រះ​ទ្រង់​តម្រូវ​ឲ្យ​យើង​ធ្វើ​ថ្វាយ​ទ្រង់។ ព្រះ​យេស៊ូវ​បាន​បង្រៀន​យើង​ឲ្យ​អធិស្ឋាន​ថា “សូម​រាជ្យ​ទ្រង់បាន​មក​ដល់ សូម​ឲ្យ​បំណង​ព្រះ​ទ័យ​ទ្រង់​បាន​សម្រេច”(ម៉ាថាយ ៦:១០)។ សេចក្តី​អធិស្ឋាន​នេះ មិន​មែន​សម្រាប់​ឲ្យ​យើង​អធិស្ឋាន ដោយ​មិន​ធ្វើ​អ្វី​សោះ​នោះ​ឡើយ។

យើង​មាន​តួនាទី​ខុស​ៗ​គ្នា ដើម្បី​បំពេញ ក្នុង​ការ​ធ្វើ​ការ​ជា​មួយ​ព្រះ។ យើង​មាន​តួនាទី​ដើរ​តាម​គំរូ​របស់​ព្រះ​យេស៊ូវ ដោយ​ធ្វើ​ការ​ថ្វាយ​នគរ​ទ្រង់ ដោយ​ការ​ប្រព្រឹត្ត និង​ការ​អធិស្ឋាន​របស់​យើង។  យើង​ជា​រូប​កាយ​ព្រះ​គ្រីស្ទ  នៅ​ក្នុង​លោកិយ​នេះ  គឺ​ដូច​ដែល​សាវ័ក​ប៉ុល​​បាន​ចែង​ក្នុង​បទ​គម្ពីរ កូល៉ុស ១:២៤។ ពេល​យើង​បម្រើ​អ្នក​ដទៃ ព្រះ​គ្រីស្ទ​ក៏​កំពុង​បម្រើ​អ្នក​នោះ ក្នុង​ពេល​តែ​មួយ​ផង​ដែរ។ ពេល​យើង​បង្ហាញ​ក្តី​មេត្តា ដល់​អ្នក​ដែល​កំពុង​មាន​ការ​ឈឺ​ចាប់ គឺ​មាន​ន័យ​ថា យើង​កំពុង​តែ​ឈោង​ទៅ​រក​គាត់ ដោយ​ព្រះ​ហស្ត​របស់​ព្រះ​គ្រីស្ទ។-Philip Yancey