មាន​ពេល​មួយ ខ្ញុំ​បាន​ទទួល​កូន​សៀវ​ភៅ​មួយ​ក្បាល ពី​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់ ដែល​មាន​ចំណង​ជើងថា “ការ​ចែក​ចាយ​រឿង អំពី​ទំនាក់​ទំនង ដែល​មាន​រយៈ​ពេល​៨៦​ឆ្នាំ ជា​មួយ​ព្រះ​អម្ចាស់”។ ក្នុង​កូន​សៀវ​ភៅ​នេះ លោក​អាល អេកខេនហេល(Al Ackenheil) បាន​កត់​សំគាល់​អំពីបុគ្គល​ដែល​ជា​គន្លឹះ​ដ៏​សំខាន់ និង​អំពី​ព្រឹត្តិការណ៍​ទាំង​ឡាយ ក្នុង​ការ​ធ្វើ​ដំណើរ​ខាង​សេចក្តី​ជំនឿ​របស់​គាត់ អស់​រយៈ​ពេល​ជិត​៩​ទសវត្សរ៍។ កាល​នោះ គាត់​បាន​ទន្ទេញ​ខ​គម្ពីរ ជួប​ប្រជុំ​ជា​មួយ​អ្នក​ដទៃ ដើម្បី​អធិស្ឋាន ប្រាប់​អ្នក​ជិត​ខាង​គាត់ អំពី​ព្រះ​យេស៊ូវ ដែល​ការ​ទាំង​អស់​នេះ​ហាក់​ដូច​ជា ​សកម្ម​ភាព​ធម្មតា​ទេ តែ​វា​បាន​ក្លាយ​ជា​ចំណុច​របត់ ដែល​បាន​ផ្លាស់​ប្តូរ​ទិស​ដៅ​នៃ​ជីវិត​គាត់។ ខ្ញុំ​មាន​អំណរ​ណាស់ ដែល​បាន​អាន​អំពី​របៀប​ដែល​ព្រះ​ហស្ត​ព្រះ​បាន​ដឹក​នាំ និង​លើក​ទឹក​ចិត្ត​លោក​អាល។

បទ​គម្ពីរ​ទំនុក​ដំកើង ៣៧:២៣ បានចែងថា “គឺ​ព្រះយេហូវ៉ា​ដែល​តម្រូវ​អស់​ទាំង​ជំហាន​នៃ​មនុស្ស​ល្អ ហើយ​ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​ផ្លូវ​ដែល​គេ​ដើរ​ដែរ”(ទំនុកដំកើង ៣៧:២៣)។ បទ​គម្ពីរ​ទំនុក​ដំកើង ក្នុង​ជំពូក​នេះ ក៏​បាន​បន្ត​រៀប​រាប់ ដោយ​និយាយ ​អំពី​ភាព​ស្មោះ​ត្រង់​របស់​ព្រះ នៅ​ក្នុង​ការ​ថែ​រក្សា​អ្នក ដែល​ចង់​ដើរ​ជា​មួយ​ទ្រង់។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ក្រឹត្យ​វិន័យ​របស់​ព្រះ​នៃ​គេ នោះ​នៅ​ក្នុង​ចិត្ត ឯ​ជំហាន​នៃ​គេ ក៏​នឹង​មិន​ភ្លាំងភ្លាត់​ឡើយ”(ខ.៣១)។

យើង​ម្នាក់​ៗ​សុទ្ធ​តែ​អាច​កត់​ត្រា អំពី​ការ​ដឹក​នាំ​របស់​ព្រះ និង​ភាព​ស្មោះ​ត្រង់​របស់​ទ្រង់ ដោយ​ឆ្លុះ​បញ្ចាំង អំពី​ការ​ដឹក​នាំ​របស់​ទ្រង់ ដោយ​ប្រើ​មនុស្ស ទី​កន្លែង និង​បទ​ពិសោធន៍ ដែល​សុទ្ធ​តែ​សំខាន់ នៅ​ក្នុង​ការ​ធ្វើ​ដំណើរនៃ​សេចក្តី​ជំនឿ។ ការ​នឹក​ចាំ អំពី​សេចក្តី​ល្អ​របស់​ព្រះ​អម្ចាស់ លើក​ទឹក​ចិត្ត​យើង​ឲ្យ​បន្ត​ដើរ​ជា​មួយ​ទ្រង់ ហើយ​អរ​គុណ​អ្នក​ដែល​បាន​ជះ​ឥទ្ធិ​ពល​ល្អ​មក​លើ​យើង។

ព្រះ​អម្ចាស់​ដឹក​នាំ និង​ការពារ​អស់​អ្នក ដែល​ដើរ​ជា​មួយ​ទ្រង់។-David Mccasland