មានអ្នកជំនួញម្នាក់ ដែលជាគ្រីស្ទបរិស័ទ បានចែកចាយទីបន្ទាល់របស់គាត់ នៅព្រះវិហាររបស់ខ្ញុំ។ គាត់បានចែកចាយ ដោយគ្មានលាក់លៀម អំពីការតស៊ូរបស់គាត់ ក្នុងក្តីជំនឿ និងទ្រព្យសម្បត្តិដ៏ច្រើនបរិបូរ។ គាត់មានប្រសាសន៍ថា “ទ្រព្យសម្បត្តិបានធ្វើឲ្យខ្ញុំមានការភ័យខ្លាច!” គាត់ក៏បានដកស្រង់ព្រះបន្ទូលព្រះយេស៊ូវថា “ដ្បិតដែលសត្វអូដ្ឋនឹងចូលទៅតាមប្រហោងម្ជុល នោះងាយជាជាងអ្នកមានចូលទៅក្នុងនគរព្រះទៅទៀត”(លូកា ១៨:២៥)។ គាត់ក៏បានដកស្រង់បទគម្ពីរលូកា ១៦:១៩-៣១ ដែលនិយាយអំពីបុរសអ្នកមានម្នាក់ និងលោកឡាសា និងអំពីការដែលបុរសអ្នកមាននោះ បានធ្លាក់ស្ថាននរក។ រឿងប្រៀបប្រដូច អំពី “អ្នកមានដែលល្ងង់ខ្លៅ” (លូកា ១២:១៦-២១) បានប៉ះពាល់ចិត្តគាត់យ៉ាងខ្លាំង។ ប៉ុន្តែ អ្នកជំនួញរូបនេះបានបញ្ជាក់ថា តាមការបង្រៀនរបស់ស្តេចសាឡូម៉ូន ទ្រព្យសម្បត្តិដ៏ច្រើនបរិបូរ សុទ្ធតែ “គ្មានន័យ”(សាស្តា ២:១១a)។ គាត់ក៏បានតាំងចិត្តថា គាត់នឹងមិនបណ្តោយឲ្យទ្រព្យសម្បត្តិរារាំង ការប្តេជ្ញាចិត្តដែលគាត់មានចំពោះព្រះឡើយ។ ផ្ទុយទៅវិញ គាត់ចង់បម្រើព្រះ ដោយប្រើទ្រព្យសម្បត្តិរបស់គាត់ ហើយជួយអ្នកដែលខ្វះខាត។
អស់ជាច្រើនសតវត្សរ៍មកហើយ ដែលព្រះទ្រង់បានប្រទានព្រះពរជាសម្ភារៈ ដល់មនុស្សមួយចំនួន។ ជាក់ស្តែងបទគម្ពីរ ២របាក្សត្រ ១៧:៥ បានចែងអំពីស្តេចយ៉ូសាផាតយ៉ាងដូចនេះថា “ព្រះយេហូវ៉ាទ្រង់តាំងរាជ្យ ឲ្យមាំមួនក្នុងអំណាចយ៉ូសាផាត … ទ្រង់មានព្រះរាជ្យទ្រព្យ និងកិត្តិយសជាបរិបូរ”។ ទ្រង់មិនបានប្រែជាមានអំណួត ឬធ្វើបាបអ្នកដទៃ ដោយប្រើទ្រព្យសម្បត្តិរបស់ទ្រង់នោះទេ។ ផ្ទុយទៅវិញ “ព្រះទ័យទ្រង់បានតាំងឡើង ក្នុងអស់ទាំងផ្លូវនៃព្រះយេហូវ៉ា”(ខ.៦)។ ម្យ៉ាងទៀត “ទ្រង់ដើរតាមផ្លូវរបស់អេសា ជាព្រះបិតាទ្រង់ ឥតងាកបែរចេញឡើយ ក៏ប្រព្រឹត្តអំពើដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា”(២០:៣២)។
ព្រះអម្ចាស់មិនមានព្រះទ័យទាស់ប្រឆាំងនឹងទ្រព្យសម្បត្តិទេ ដ្បិតទ្រង់បានប្រទានពរអ្នកខ្លះ ឲ្យមានទ្រព្យសម្បត្តិ តែទ្រង់ពិតជាប្រឆាំងនឹងការស្វែងរក និងប្រើប្រាស់ទ្រព្យសម្បត្តិតាមផ្លូវខុស។ ទ្រង់សក្តិសមនឹងឲ្យអ្នកដើរតាមទ្រង់ទាំងអស់ ថ្វាយចិត្តដាច់ដល់ទ្រង់។-Lawrence Darmani