អ្នក​ស្រី​យុន​នី លេ​ហ្វេវ​រេ(Yoni Lefevre) ដែល​ជា​សិល្បៈ​ករ​ជន​ជាតិ​ហូឡង់ បាន​បង្កើត​គម្រោង​មួយ មាន​ឈ្មោះ​ថា​ “អំណាច​ពណ៌​ប្រផេះ” ដើម្បី​បង្ហាញ​អំពី​ភាព​ក្លៀវ​ក្លា នៃ​ជំនាន់​មនុស្ស​ចាស់ ក្នុង​ប្រទេស​ហូឡង់។ គាត់​បាន​សុំ​ឲ្យ​ក្មេង​សិស្ស​សាលា​ក្នុង​តំបន់ គូ​រូប​យាយ​តា​របស់​ខ្លួន​។ អ្នក​ស្រី​លេហ្វេវរេ ចង់​បង្ហាញ​អំពី “ទស្សនៈ​ដ៏​ស្មោះ​ត្រង់ និង​បរិសុទ្ធ” អំពី​មនុស្ស​ចាស់ ហើយ​គាត់​ជឿ​ថា ក្មេង​ៗ​អាច​បង្ហាញ​នូវ​ទស្សនៈ​ដ៏​ស្មោះ​ត្រង់ និង​បរិសុទ្ធ​នេះ​បាន តាម​រយៈ​ការ​គូរូប​ជីដូន​ជីតា​របស់​ខ្លួន។ គំនូ​របស់​ក្មេង​ៗ​បាន​ឆ្លុះ​បញ្ចាំង អំពី​ទស្សនៈ​ថ្មី​ៗ និង​រស់​រវើក អំពី​សាច់​ញាតិ​របស់​ខ្លួន​ដែល​មាន​វ័យ​ចំណាស់ ដូច​ជា ការ​គូ​រូប​ជីដូន ឬ​ជីតា​កំពុង​លេង​កីឡា​វាយ​កូន​បាល់​តិន្នីស ធ្វើ​កា​រក្នុង​ច្បារ​ដំណាំ គូ​គំនូ ។ល។

នៅ​ប្រទេស​អ៊ីស្រាអែល កាល​ពី​សម័យ​បុរាណ ពេល​លោក​កាលែប​នៅ​ក្មេង គាត់​បាន​លួច​ចូល​ទៅ​ក្នុង​ទឹក​ដី​សន្យា ដើម្បី​ស៊ើប​ការ ​មុន​ពេល​ពួក​អ៊ីស្រា​អែល​ចូល​កាន់​កាប់។ លោក​កាលែប​ជឿ​ថា ព្រះ​នឹង​ជួយ​ជន​ជាតិ​គាត់ ឲ្យ​វាយ​ឈ្នះ​សាសន៍​កាណាន តែ​ពួក​ស៊ើប​ការ​ដទៃ​ទៀត​មាន​គំនិត​ផ្ទុយ​ពី​គាត់​(យ៉ូស្វេ ១៤:៨)។ ដោយ​សារ​ក្តីជំនឿ​របស់​លោក​កាលែប ព្រះ​ទ្រង់​ក៏​បាន​រក្សា​ជីវិត​គាត់ ដោយ​ការ​អស្ចារ្យ ឲ្យ​គាត់​រស់​នៅ​បាន​៤៥​ឆ្នាំ​ទៀត ដើម្បី​ឲ្យ​គាត់​បាន​រួច​ជីវិត ក្នុង​ការ​វិល​វល់ ក្នុង​វាល​រហោ​ស្ថាន ហើយ​ចូល​ទឹក​ដី​សន្យា។  ដល់​ពេល​ដែល​ត្រូវ​ចូល​ទឹក​ដី​កាណាន លោក​កាលែប​មាន​អាយុ​៨៥​ឆ្នាំ​ហើយ។ ពេល​នោះ​គាត់​និយាយ​ថា “សព្វ​ថ្ងៃ​នេះ​ខ្ញុំ​នៅ​តែ​មាន​កំឡាំង ដូច​ក្នុង​កាល​ដែល​លោក​ម៉ូសេ​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​នោះ​នៅ​ឡើយ កំឡាំង​ខ្ញុំ​ឥឡូវ​នេះ​ក៏​ដូច​ជា​កាល​ពី​ដើម​ដែរ”(ខ.១១)។ ដោយ​មាន​ជំនួយ​ពី​ព្រះ នោះ​លោក​កាលែប​ក៏​បាន​ចូល​កាន់​កាប់​ទឹក​ដីសន្យា ជា​មួយ​ប្រជាជន​អ៊ីស្រាអែល​ដោយ​ជោគ​ជ័យ​(ជនគណនា ១៤:២៤)។

ព្រះ​ទ្រង់​មិន​បំភ្លេច​យើង នៅ​ពេល​យើង​មាន​វ័យ​ចាស់​ឡើយ។ ទោះ​រូប​កាយ​យើង​មាន​ភាព​ចាស់ ហើយ​សុខ​ភាព​យើង​ទន់​ខ្សោយ ក៏​ព្រះវិញ្ញាណ​នៃ​ព្រះ កែ​ប្រែ​ផ្នែក​ខាង​ក្នុង​យើង ឲ្យ​ថ្មី​ឡើង​ជានិច្ច(២កូរិនថូស ៤:១៦) កាល​បើ​យើង​អនុញ្ញាត​ឲ្យ​ទ្រង់ ធ្វើ​ការ​ក្នុង​ជីវិត​យើង។ ទ្រង់​ជួយ​ឲ្យ​ជីវិតយើង អាច​មាន​ភាព​គ្រប់​គ្រាន់ នៅ​គ្រប់​ដំណាក់​កាល និង​គ្រប់​វ័យ។-Jennifer Benson Schuldt