ខ្សែភាពយន្តហូលីវូដ ដែលមានចំណងជើងថា ព្រះគុណអស្ចារ្យ និយាយអំពីរឿងដែលបានកើតឡើង នៅចុងទសវត្សរ៍ឆ្នាំ ១៧០០។ រឿងនេះដំណាលអំពីលោកវីលៀម វីលប៊ើហ្វ៊ស(William Wilberforce) ដែលជាអ្នកនយោបាយម្នាក់ ដែលបានទទួលការបណ្តាលចិត្ត ដោយសារជំនឿលើព្រះគ្រីស្ទ ឲ្យលះបង់ទ្រព្យសម្បត្តិ និងកម្លាំង ដើម្បីលុបបំបាត់ការជួញដូរទាសករ ក្នុងចក្រភពអង់គ្លេស នៅសម័យនោះ។ មានពេលមួយ មេការ ក្នុងផ្ទះលោកវីលៀម បានឃើញគាត់កំពុងអធិស្ឋាន។ មេការរូបនោះក៏បានសួរគាត់ថា “តើលោកបានរកឃើញព្រះទេ?” លោកវីលៀមក៏បានឆ្លើយថា “ខ្ញុំយល់ថា គឺទ្រង់ទេដែលរកឃើញខ្ញុំ”។
ព្រះគម្ពីរបានប្រៀបប្រដូចមនុស្សជាតិ ទៅនឹងសត្វចៀមដ៏រឹងចចេស ដែលដើរវង្វេងទៅតាមផ្លូវរបស់ខ្លួន។ គឺដូចមានសេចក្តីចែងមកថា “យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នា ទៅលើទ្រង់”(អេសាយ ៥៣:៦)។ តាមពិត ភាពរឹងចចេសនេះ បានចាក់ឫសចូលយ៉ាងជ្រៅ ក្នុងយើងម្នាក់ៗ បានជាសាវ័កប៉ុលមានប្រសាសន៍ថា “គ្មានអ្នកណាសុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង គ្មានអ្នកណាដែលយល់ គ្មានអ្នកណាដែលស្វែងរកព្រះ គ្រប់គ្នាបានបែរចេញ”(រ៉ូម ៣:១០-១២)។ ហេតុនេះហើយ បានជាព្រះយេស៊ូវទ្រង់យាងមក។ យើងមិនដែលទៅរកទ្រង់មុនទេ ហេតុនេះហើយជាទ្រង់យាងមកស្វែងរកយើង។ គឺដូចដែលព្រះយេស៊ូវទ្រង់បានប្រកាសបេសកកម្មរបស់ទ្រង់ថា “ដ្បិតកូនមនុស្សបានមក ដើម្បីនឹងរក ហើយជួយសង្គ្រោះដល់មនុស្សបាត់បង់”(លូកា ១៩:១០)។
លោកវីលៀមពិតជានិយាយត្រូវ។ ព្រះយេស៊ូវបានយាងមករកយើង ព្រោះយើងមិនអាចរកទ្រង់ឃើញទេ បើយើងពឹងសមត្ថភាពរបស់យើង។ ការនេះបានបង្ហាញយ៉ាងច្បាស់ នូវសេចក្តីស្រឡាញ់របស់ព្រះអាទិករ ចំពោះស្នាព្រះហស្តទ្រង់ដែលបានវង្វេង ដោយទ្រង់តាមរកយើង ហើយសព្វព្រះទ័យនឹងឲ្យយើងធ្វើជាកូនទ្រង់។-Bill Crowder