ខ្សែភាព​យន្ត​ហូលីវូដ ដែល​មាន​ចំណង​ជើង​ថា ព្រះ​គុណ​អស្ចារ្យ និយាយ​អំពី​រឿង​ដែល​បានកើត​ឡើង នៅ​ចុង​ទសវត្សរ៍​ឆ្នាំ ១៧០០។ រឿង​នេះ​ដំណាល​អំពី​លោក​វីលៀម វីលប៊ើហ្វ៊ស(William Wilberforce) ដែល​ជា​អ្នក​នយោបាយ​ម្នាក់ ដែល​បាន​ទទួល​ការ​បណ្តាល​ចិត្ត ដោយ​សារ​ជំនឿ​លើ​ព្រះ​គ្រីស្ទ ឲ្យ​លះ​បង់​ទ្រព្យ​សម្បត្តិ និង​កម្លាំង ដើម្បី​លុប​បំបាត់​ការ​ជួញ​ដូរ​ទាសករ ក្នុង​ចក្រ​ភព​អង់​គ្លេស នៅ​សម័យ​នោះ។ មាន​ពេល​មួយ មេ​ការ ក្នុង​ផ្ទះ​លោក​វីលៀម បាន​ឃើញ​គាត់កំពុង​អធិស្ឋាន។ មេការ​រូប​នោះ​ក៏​បាន​សួរ​គាត់​ថា “តើ​លោក​បាន​រក​ឃើញ​ព្រះ​ទេ?” លោក​វីលៀម​ក៏​បាន​ឆ្លើយ​ថា “ខ្ញុំ​យល់​ថា គឺ​ទ្រង់​ទេ​ដែល​រក​ឃើញ​ខ្ញុំ”។

ព្រះ​គម្ពីរ​បាន​ប្រៀប​ប្រដូច​មនុស្ស​ជាតិ ទៅ​នឹង​សត្វ​ចៀម​ដ៏​រឹង​ចចេស ដែល​ដើរ​វង្វេង​ទៅ​តាម​ផ្លូវ​របស់​ខ្លួន។ គឺ​ដូច​មាន​សេចក្តី​ចែង​មក​ថា “យើង​ទាំង​អស់​គ្នា​បាន​ទាស​ចេញ​ដូច​ជា​ចៀម គឺ​យើង​បាន​បែរ​ចេញ​ទៅ​តាម​ផ្លូវ​យើង​រៀង​ខ្លួន ហើយ​ព្រះយេហូវ៉ា​បាន​ទំលាក់​អំពើ​ទុច្ចរិត​របស់​យើង​ទាំង​អស់​គ្នា​  ទៅ​លើ​ទ្រង់”(អេសាយ ៥៣:៦)។ តាម​ពិត ភាព​រឹង​ចចេស​នេះ បាន​ចាក់​ឫស​ចូល​យ៉ាងជ្រៅ ក្នុង​យើង​ម្នាក់​ៗ បាន​ជា​សាវ័ក​ប៉ុល​មាន​ប្រសាសន៍​ថា “គ្មាន​អ្នក​ណា​សុចរិត​សោះ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង គ្មាន​អ្នក​ណា​ដែល​យល់ គ្មាន​អ្នក​ណា​ដែល​ស្វែង​រក​ព្រះ គ្រប់​គ្នា​បាន​បែរ​ចេញ”(រ៉ូម ៣:១០-១២)។ ហេតុ​នេះ​ហើយ បាន​ជា​ព្រះយេស៊ូវ​ទ្រង់​យាង​មក។ យើង​មិន​ដែល​ទៅ​រក​ទ្រង់​មុនទេ ហេតុ​នេះ​ហើយ​ជា​ទ្រង់​យាង​មក​ស្វែង​រក​យើង។ គឺ​ដូច​ដែល​ព្រះ​យេស៊ូវ​ទ្រង់​បាន​ប្រកាស​បេសកកម្ម​របស់​ទ្រង់​ថា “ដ្បិត​កូន​មនុស្ស​បាន​មក ដើម្បី​នឹង​រក ហើយ​ជួយ​សង្គ្រោះ​ដល់​មនុស្ស​បាត់បង់”(លូកា ១៩:១០)។

លោក​វីលៀម​ពិត​ជា​និយាយ​ត្រូវ។ ព្រះ​យេស៊ូវ​បាន​យាង​មក​រក​យើង ព្រោះ​យើង​មិន​អាច​រក​ទ្រង់​ឃើញ​ទេ បើ​យើង​ពឹង​សមត្ថ​ភាព​របស់​យើង។ ការ​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់ នូវ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អាទិករ ចំពោះ​ស្នា​ព្រះ​ហស្ត​ទ្រង់​ដែល​បាន​វង្វេង ដោយ​ទ្រង់​តាម​រក​យើង ហើយ​សព្វ​ព្រះ​ទ័យ​នឹង​ឲ្យ​យើង​ធ្វើ​ជា​កូន​ទ្រង់។-Bill Crowder