ពេល​ខ្ញុំ​អាន​កាសែត ឬ​ទស្សនា​វដ្តី​ម្តង​ៗ ខ្ញុំ​ច្រើន​តែ​កត់​សំគាល់​ឃើញ គេ​សរសេរ​ខុស​វេយ្យករណ៍ ឬ​ខុស​អក្ខរា​វិរុទ្ធ។ ខ្ញុំ​មិន​ព្យាយាម​ចាប់​កំហុស​​​អ្នក​សរសេរ​នោះ​ទេ តែ​យើង​ងាយ​នឹង​មើល​ឃើញ​គេ​សរសេរ​ខុស​ជា​ញឹក​ញាប់។ ពេល​នោះ ខ្ញុំ​ក៏​បាន​ឆ្លើយ​តប ដោយ​រិះ​គន់​ការ​សែត និង​អ្នក​ដែល​បោះ​ពុម្ភ​ផ្សាយ​ថា “ហេតុ​អ្វី​បាន​ជា​គេ​មិន​ប្រើ​កម្ម​វិធី ពិនិត្យ​អក្ខរា​វិរុទ្ធ ឬ​ជួល​អ្នក​ពិនិត្យ​អក្ខរា​វិរុទ្ធ?”

អ្នក​ប្រហែល​ជា​មាន​បទ​ពិសោធន៍​ស្រដៀង​នឹង​ខ្ញុំ​ដែរ នៅ​ក្នុងមុខ​​ជំនាញ​របស់​អ្នក។ ជា​ញឹក​ញាប់ ពេល​ដែល​យើង​កាន់​តែ​មាន​ការ​យល់​ដឹង ក្នុង​ផ្នែក​អ្វី​មួយ​កាន់​តែច្បាស់ នោះ​យើង​ហាក់​ដូច​ជា​កាន់​តែ​ងាយ​រក​ឃើញ​កំហុស នៅ​ក្នុង​ផ្នែក​នោះ។ ការ​នេះ​ក៏​អាច​ជះ​ផល​អាក្រក់​មក​លើ​ទំនាក់​ទំនង របស់​យើង​ជា​មួយ​អ្នក​ដទៃ​ផង​ដែរ។

ប៉ុន្តែ បទ​គម្ពីរ​ភីលីព ១:៩ បាន​ប្រាប់​យើង​ឲ្យ​មាន​ការ​ឆ្លើយ​តប​ខុស​ពី​នេះ។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​យើង ឲ្យ​មានសេចក្តី​ស្រឡាញ់​ ចម្រើន​កាន់​តែ​ច្រើន​ឡើង ដោយ​នូវ​សេចក្តី​ចេះ​ដឹង និង​យោបល់​គ្រប់​ជំពូក។ ព្រះ​ទ្រង់​មាន​ផែន​ការ​ឲ្យ​យើង​មាន​ក្តីស្រឡាញ់​កាន់​តែ​ជ្រាល​ជ្រៅ ពេល​យើង​បាន​ដឹង និង​បាន​យល់​កាន់​តែ​ច្រើន។ យើង​មិន​គួរ​បង្កើត​ឲ្យ​មាន​វិញ្ញាណ​ដែល​ពូកែ​រិះ​គន់ ហើយ​ធ្វើ​ពុត​ជា មិន​ចាប់​អារម្មណ៍ ឬ​មិន​ខ្វល់​ពី​អ្នក​ដទៃ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ពេល​យើង​ដឹង​អំពី​អ្នក​ដទៃកាន់​តែ​ច្រើន យើង​ក៏​គួរ​តែ​អាណិត​គេ​កាន់​តែ​ខ្លាំង​ផង​ដែរ។ និយាយ​រួម យើង​ត្រូវ​ជំនួស​ការ​រិះ​គន់ ដោយ​សេចក្តី​អាណិត​វិញ។

ព្រះ​អម្ចាស់​មិន​បាន​ត្រាស​ហៅ​យើង ឲ្យ​ធ្វើ​ជា​អ្នក​តាម​ចាប់​កំហុស​អ្នក​ដទៃ​ឡើយ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​ហៅ​យើង​ឲ្យ “ពេញ​ជា​ផល​នៃ​សេចក្តី​សុចរិត​ដែល​មក​ដោយសារ​ព្រះយេស៊ូវគ្រីស្ទ សំរាប់​ជា​សិរីល្អ ហើយ​ជា​សេចក្តី​សរសើរ​ដល់​ព្រះ​”(ខ.១១)។

ពេល​ព្រះ​អម្ចាស់​បំពេញ​ចិត្ត​យើង ដោយ​ក្តី​ស្រឡាញ់ យើង​អាច​មើល​រំលង​កំហុស​អ្នក​ដទៃ បញ្ឈប់​ការ​រិះ​គន់ ហើយ​ស្រឡាញ់​គេ ទោះ​ជា​យើង​បាន​ស្គាល់​គេ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ!-David Mccasland