នៅក្នុង​ការ​ប្រកួត​ជើង​ឯក​កីឡា​វាយ​កូន​ហ្គោល​របស់​ស្រ្តី នៅ​សហ​រដ្ឋ​អាមេរិក កាល​ពី​ឆ្នាំ២០០៣ អ្នក​ស្រី​ហ៊ីលឡារី លូងគ៍(Hilary Lunke) មិន​មែន​ជា​កីឡាករ​ដែល​ធ្លាប់​មានឈ្មោះ​ល្បី​ទេ តែ​គាត់​ដណ្តើម​បាន​ពាន​រង្វាន់​ធំ​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត​នៃ​កីឡា​វាយកូនហ្គោល​របស់ស្រ្តី។ គាត់​មិន​គ្រាន់​តែ​បាន​វាយ​កូន​ហ្គោល​បញ្ចូល​រុន្ធ​ទាំង​១៨ ក្នុង​ការ​ប្រកួត​បើក នៅ​សហ​រដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ទេ​  តែ​នេះ​ថែម​ទាំង​ជា​ជ័យ​ជម្នះ​តែ​មួយ​គត់ ក្នុង​អាជីព​របស់​គាត់​ជា​កីឡាករ​វាយ​កូនហ្គោល។

គេ​មិន​នឹក​ស្មាន​សោះ​ថា គាត់​នឹង​ទទួល​ជ័យ​ជម្នះ​យ៉ាង​ដូចនេះ។  ជ័យ​ជម្នះ​របស់​គាត់  ជា​ជ័យ​ជម្នះ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល និង​បាន​ជម្រុញ​ចិត្ត​អ្នក​ដទៃ ដែល​ស​បញ្ជាក់​ផង​ដែរ​ថា ផ្នែក​ដែល​រំភើប​រីក​រាយ​បំផុត​នៅ​ក្នុង​វិស្ស័យ​កីឡា គឺ​ភាព​មិន​អាច​ទាយ​ស្មាន​របស់​កីឡា។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ភាព​មិន​អាច​ទាយ​ស្មាន ដែល​កើត​មានក្នុង​ជីវិត​មនុស្ស មិន​តែង​តែ​មាន​ភាព​រំភើប​រីក​រាយ​យ៉ាង​ដូច​នេះ​ឡើយ​។ យើង​ប្រើ​គំនិត​យោបល ហើយ​ប្រើ​យុទ្ធ​សាស្រ្ត។ យើង​ធ្វើ​ផែន​ការ ធ្វើ​ការ​ប៉ាន់​ស្មាន ហើយ​ធ្វើ​ការ​ស្នើរ​សុំ នូវ​ការ​អ្វី​ដែល​យើងចង់​ឲ្យ​កើត​ឡើង  ក្នុង​ជីវិត តែ​ជា​ញឹក​ញាប់ យើង​គ្រាន់​តែ​អាច​ទាយ​ស្មាន​ប៉ុណ្ណោះ។ យើង​មិន​ដឹង​ថា ខ្លួន​នឹង​ទទួល​លទ្ធ​ផល​យ៉ាង​ណា នៅ​ឆ្នាំ​ក្រោយ ខែ​ក្រោយ សប្តាហ៍​ក្រោយ ឬ​ថ្ងៃ​ក្រោយ​ឡើយ។ ដូច​នេះ យើង​ត្រូវ​អធិស្ឋាន ហើយ​ធ្វើផែន​ការ ហើយ​បន្ទាប់​មក យើង​ត្រូវ​ទុក​ចិត្ត​ព្រះ ដែល​ជ្រាប​ទាំង​ស្រុង គ្មាន​កន្លែង​ចន្លោះ អំពី​ការ​អ្វី​ដែល​យើង​មិន​អាច​ទាយ​ស្មាន​បាន។ ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​ស្រឡាញ់​ព្រះ​បន្ទូល​សន្យា​ក្នុង​បទគម្ពីរ ទំនុកដំកើង ៤៦:១០ ដែល​បាន​ចែង​ថា “ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា អញ​ជា​ព្រះ អញ​នឹង​បាន​ថ្កើង​ឡើង នៅ​កណ្តាល​ពួក​សាសន៍​ដទៃ អញ​នឹង​បាន​ថ្កើង​ឡើង​នៅ​ផែនដី”។

ជីវិត​មនុស្ស​មាន​ពេញ​ទៅ​ដោយ​ភាព​មិន​អាច​ទាយ​ស្មាន។ មាន​ការ​ជា​ច្រើន​រាប់​មិន​អស់ ដែលខ្ញុំ​មិន​អាច​ដឹង​ច្បាស់​ជា​មុន។ តែ​ខ្ញុំ​គ្រាន់​តែ​ដឹង​ថា មាន​ព្រះ​មួយ​អង្គ ដែល​ជ្រាប​អំពី​ការ​គ្រប់​យ៉ាង ហើយ​ក៏​បាន​ស្រឡាញ់​ខ្ញុំ​យ៉ាង​ខ្លាំង។ ហើយ​ពេល​ខ្ញុំ​បាន​ស្គាល់​ទ្រង់​ នោះ​ខ្ញុំ​អាច “ឈប់​បង្អង់” ពោល​គឺ​ខ្ញុំ​អាច មាន​សន្តិ​ភាព​ក្នុង​ចិត្ត។-Bill Crowder