ខ្ញុំ និង​កូន​ស្រី​ខ្ញុំ​បាន​ចាត់​ទុក​នំខេក​ប្រោននី ជា​អាហារ​ដ៏​អស្ចារ្យ​ក្នុង​ចំណោម​អាហារ​ដ៏​អស្ចារ្យ​ទាំង៧ នៃ​ពិភព​អាហារ​ឆ្ងាញ់​ៗ។ ថ្ងៃ​មួយ ពេល​យើង​កំពុង​លាយ​គ្រឿង​ផ្សំ ជា​មួយ​ស្ករ​សូកូឡា ដែល​យើង​ចូល​ចិត្ត​ប្រើ​ធ្វើ​នំខេក កូន​ស្រី​ខ្ញុំ​ក៏​បាន​សុំ​ឲ្យ​ខ្ញុំ ទុក​ម្សៅ​ដែល​បាន​លាយ​ហើយ​ខ្លះ នៅ​បាត​ចាន បន្ទាប់​ពី​ចាក់​ចូល​ទៅ​ក្នុង​ខ្ទះ​សម្រាប់​ដុត​នំ​ហើយ។ នាង​ចង់​ញាំ​ម្សៅ​ដែល​នៅ​សល់​នោះ។ ខ្ញុំ​ក៏​បានញញឹម ហើយ​យល់​ព្រម។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​ប្រាប់​នាង​ថា “កូន​អាច​ប្រមូល​ម្សៅ​លាយ​ដែល​នៅសល់​នោះ តែ​បើ​កូន​ចង់​ធ្វើ​នំខេក​ប្រោនី កូន​ត្រូវ​យក​វា​ទៅ​ដុត​សិន”។

ខណៈ​ពេល​ដែល​យើង​កំពុង​ធ្វើ​នំ​យ៉ាង​សប្បាយ​រី​ករាយ ខ្ញុំ​ក៏​បាន​ពន្យល់​កូន​ស្រី​ខ្ញុំ​ថា នៅ​គ្រា​សញ្ញា​ចាស់នាង​រស់​បាន​ដើរ​ប្រមូល​គ្រាប់​ស្រូវ​ដែល​នៅសល់ ក្នុង​វាល​ស្រែ ដើម្បី​ធ្វើ​អាហារ​សម្រាប់​ខ្លួន​ឯង និង​សម្រាប់នាង​ណាអូមី ដែល​ម្តាយ​ក្មេក​​របស់​នាង(នាងរស់ ២:២-៣)។ ដោយ​សារ​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​ត្រូវ​ប្តី​ស្លាប់​ចោល ពួក​គេ​ក៏​បាន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​នាង​ណា​អូមី។ នៅ​ទីនោះ នាង​រស់​ក៏បាន​ជួប​លោក​បូអូស ដែល​ជា​ម្ចាស់​ដី​ដ៏​មាន​ស្តុក​ស្តម្ភ។ នាង​បាន​សុំ​ឲ្យ​គាត់​អនុញ្ញាត​ឲ្យ​នាង ដើរ​រើស​គួរ​ស្រូវ​ដែល​ពួក​អ្នក​ច្រូត​ស្រូវ​ជ្រុះ(ខ.៧)។ គាត់​ក៏​បាន​យល់​ព្រម ហើយ​បង្គាប់​ពួក​ឈ្នួល​គាត់ ឲ្យ​ទម្លាក់​គួរ​ស្រូវ​ខ្លះ​ឲ្យ​នាង​រើស(ខ.១៦)។

យ៉ាង​ណា​មិញ ព្រះ​ទ្រង់​ក៏​បាន​ផ្គត់​ផ្គង់​យើង ដោយ​ព្រះ​ពរ​ដ៏​បរិបូរ គឺ​ដូច​ដែល​លោក​បូអូស​បាន​ជួយ​នាង​រស់ ឲ្យ​ទទួល​ផល​ពី​វាល​ស្រែ​របស់​គាត់​ផង​ដែរ។ ទ្រង់​មាន​ធន​ធាន​ច្រើន​ហូរ​ហៀរ ​ហើយ​ទ្រង់​ក៏​បាន​ទម្លាក់​ព្រះ​ពរ​ឲ្យ​យើង​ទទួល។ ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ប្រទាន​ឲ្យ​យើង​មាន​ជីវ​ជាតិ​ចិញ្ចឹម​ខាង​វិញ្ញាណ និង​ខាង​សាច់​ឈាម យ៉ាង​គ្រប់​គ្រាន់។ គ្រប់​ទាំង​អំណោយ​ល្អ​ៗ ដែល​យើង​បាន​ទទួល សុទ្ធ​តែ​ជា​ព្រះ​ពរ​របស់​ទ្រង់។-Jennifer Benson Schuldt