មាន​អ្នក​កាសែត​ម្នាក់​ឈ្មោះ យ៉ាកុប រីស(Jacob Riis) បាន​ធ្វើ​ការ​ពិពណ៌នា អំពី​ភាព​ក្រី​ក្រ នៅ​ទីក្រុង​ញូយ៉ក ក្នុង​សតវត្សរ៍​ទី​១៩ ធ្វើ​ឲ្យ​មាន​ភាព​តក់​ស្លត់ ដល់​សាធារណៈ​ជន​ទូទៅ ដែល​មិន​ខ្វល់​ពី​សង្គម។  គាត់​បាន​និពន្ធ​សៀវ​ភៅ​ដែល​មាន​ចំណង​ជើង​ថា ការ​រស់​នៅ​របស់​ប្រជាជន​ពាក់​កណ្តាល​ទៀត​ ដែល​ក្នុង​នោះ គាត់​បាន​បង្ហាញ​រូប​ថត​នៃ​តថ​ភាព​សង្គម​នៃ​អ្នក​ក្រ​តោក​យ៉ាក យ៉ាង​ច្បាស់​លាស់ ដែល​សាធារណៈ​ជន​មិន​អាច​ប្រកែក​បាន។ ក្នុង​នាម​ជា​កូន​ទីបី ក្នុង​គ្រួសារ​ក្រីក្រ​ដែល​មាន​កូន​១៥​នាក់ គាត់​បាន​សរសេរ​ពិពណ៌នា​យ៉ាង​មាន​ប្រសិទ្ធិ​ភាព ព្រោះ​គាត់​ធ្លាប់​រស់​នៅ ក្នុង​ពិភព​នៃ​ភាព​ទាល់​ក្រ​អស់​សង្ឃឹម។

បន្ទាប់​ពី​គាត់​បាន​ដាក់​លក់​សៀវភៅ​នោះ​ មិន​ទាន់​បាន​យូរប៉ុន្មាន​ផង គាត់​ក៏​បាន​ទទួល​កាត​ប៉ូស្ទាល់​ពី​យុវជន​ម្នាក់​ដែល​ទើប​តែចាប់​ផ្តើម​អាជីព​ជា​អ្នក​នយោ​បាយ។ នៅ​ខ្នង​កាត​ប៉ូស្ទាល់​ យុវ​ជន​នោះ​បាន​សរសេរ​ថា “ខ្ញុំ​បាន​អាន​សៀវភៅ​របស់​លោក ហើយ​ខ្ញុំ​បាន​មក​ជួយ​ហើយ។ ពី​ខ្ញុំស៊ីអេដូរ រូសសេវែល(Theodore Roosevelt)”(ក្រោយ​មក អ្នក​នយោបាយ​វ័យ​ក្មេង​រូប​នេះ ក៏​បាន​ក្លាយ​ជា​ប្រធានា​ធិបតី​អាមេរិក)។​

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា តាម​បទ​គម្ពីរ យ៉ាកុប(១:១៩-២៧) អ្នក​ដែល​មាន​ក្តី​ជំនឿ​ដ៏​ពិត ឆ្លើយ​តប​ចំពោះ​សេចក្តី​ត្រូវ​ការ​របស់​អ្នក​ដទៃ។ សូម​ឲ្យ​ចិត្ត​យើង​បាន​ផ្លាស់​ប្រែ ពី​ភាព​អសកម្ម ទៅ​ជា​សកម្ម និង​ពី​ការ​និយាយ​តែ​ម៉ាត់ ទៅ​ជា​ការ​អនុវត្ត ដោយ​ជួយ​អ្នក​ដទៃ។

ក្តី​អាណិត​មិន​គ្រាន់​តែ​ជួយ​ដល់​អ្នក​ដែល​មាន​ទុក​លំបាក ក្នុង​ជីវិត​ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​ឲ្យ​ពួក​គេ​បើក​ចិត្ត​ទទួល​ព្រះ​បន្ទូល​ដ៏​អស្ចារ្យ ពី​ព្រះ​សង្រ្គោះ​នៃ​យើង ដែល​ស្គាល់​ពី​តម្រូវ​ការ​របស់​ពួក​គេ ​ហើយ​អាច​ធ្វើ​ការ​ជា​ច្រើន ដើម្បី​ជួយ​ពួក​គេ។-Randy Kilgore