កាល​ពី​ពេល​ព្រឹក​ថ្ងៃ​មួយ លីលៀ(Lilia) បាន​រៀប​ចំ​ខ្លួន​ទៅ​ធ្វើ​ការ ទន្ទឹម​នឹង​នោះ ជេស(Jess)កូន​ស្រី​របស់​គាត់​ដែល​មាន​អាយុ​៤​ឆ្នាំ ក៏​រៀប​ចំ​ខ្លួន​ធ្វើ​កិច្ចការ​របស់​នាង​ផង​ដែរ។​ គ្រួសារ​មួយ​នេះ​បាន​ទិញ​ម៉ាស៊ីន​អាំង​នំប៉័ង​ស្វ័យ​ប្រវត្តិ ដែល​បង្វិល​នំប៉័ង​ពី​ទម្រ​ខាង​លើ ចុះ​មក​ទម្រ​ខាង​ក្រោម ធ្វើ​ឲ្យ​ជេស​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ ពី​បី​នាទី​ក្រោយ​មក លីលៀ​ក៏​បាន​ឃើញ​នំប៉័ង​មួយ​ដុំ​ដែល​មិន​ទាន់​អំាង និង​នំប៉័ង​កន្លះ​ចំណិត ដែល​បាន​អាំង​ហើយ នៅ​លើ​ទម្រ​ខាង​ក្រោម​។ ជេស​ក៏​បាន​និយាយ​ឮ​ៗ​ថា “ខ្ញុំ​ពិត​ជា​ពូកែ​ដុត​នំមែន!”

នេះ​មិន​មែន​ជា​ការ​អស្ចារ្យ​ទេ ដែល​ក្មេង​ស្រី​ដែល​ចង់​ដឹង​ចង់​ឃើញ​ម្នាក់ អាច​អាំង​នំប៉័ង​ដោយ​ប្រើ​មាស៊ីន​ស្វ័យ​ប្រវត្តិ។​ ប៉ុន្តែ ពេល​ដែល​ព្រះ​យេស៊ូវ​ធ្វើ​ឲ្យ​នំប៉័ង​៥​ដុំ និង​ត្រី​ពីរ​កន្ទុយ ក្លាយ​ជា​អាហារ​សម្រាប់​មនុស្ស​រាប់​ពាន់​នាក់ នៅ​ជើង​ភ្នំ ពួក​គេ​ក៏​បាន​ទទួល​ស្គាល់​ការ​អស្ចារ្យ ក្នុង​ព្រឹត្តិ​ការណ៍​នោះ ហើយ​ចង់​តាំង​ទ្រង់​ជា​ស្តេច(យ៉ូហាន ៦:១-១៥)។

ជា​ការ​ពិត​ណាស់ នគរ​របស់​ព្រះ​យេស៊ូវ ​មិន​មែន​ជា “នគរ​របស់​លោកិយ”ទេ(យ៉ូហាន ១៨:៣៦) ហើយ​ទ្រង់​ក៏​បាន​យាង​ចេញ​ទៅ។ ពេល​ពួក​បណ្តា​ជន​រក​ឃើញ​ទ្រង់ នៅ​ថ្ងៃ​បន្ទាប់ ព្រះ​គ្រីស្ទ​ទ្រង់​ក៏​បាន​បង្ហាញ​ថា ពួក​គេ​បាន​គិត​ខុស​ហើយ។ គឺ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា “ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​រក​ខ្ញុំ មិន​មែន​ដោយ​ព្រោះ​បាន​ឃើញ​ទី​សំគាល់​ទេ គឺ​ដោយ​ព្រោះ​តែ​បាន​បរិភោគ​នំបុ័ង​ឆ្អែត​ប៉ុណ្ណោះ”(៦:២៦)។ ពួក​គេ​ច្រឡំ​ថា ព្រះ​យេស៊ូវ នឹង​ធ្វើ​ជា​ស្តេច ដែល​ប្រទាន​ឲ្យ​ពួក​គេ​មាន​អាហារ​បរិភោគ​ឆ្អែត និង​រំដោះ​ជន​ជាតិ​ពួក​គេ​ពី​ការ​គ្រប់​គ្រង​របស់​បរទេស។ តែ​ព្រះ​យេស៊ូវ​ទ្រង់​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ថា “កុំ​ឲ្យ​ខំ​ប្រឹង​ឲ្យ​បាន​តែ​អាហារ ដែល​តែង​តែ​ពុករលួយ​នោះ​ឡើយ ចូរ​ខំ​ឲ្យ​បាន​អាហារ ដែល​នៅ​ស្ថិតស្ថេរ ដរាប​ដល់​ជីវិត​អស់​កល្ប​ជានិច្ច​វិញ”(ខ.២៧)។

ទស្សនៈ​បែក​លោកិយ​ធ្វើ​ឲ្យ​យើង​ចាត់​ទុក​ព្រះយេស៊ូវ ជា​ក្របី​សម្រាប់​ចម្លង​ភក់។ តាម​ពិត ​ទ្រង់​ជា​នំប៉័ង​ជីវិត។-Tim Gustafson