កាលពីសម័យសង្រ្គាមលោកលើកទី២ ឪពុករបស់ខ្ញុំបានរងរបួសជើងយ៉ាងធ្ងន់ធ្ងរ ដោយសារត្រូវគ្រាប់កំាភ្លើង ពេលគាត់ដឹកនំាទ័ព វាយដំណ្តើមទួល លេខ៦០៩ ក្នុងតំបន់អាហ្វ្រិកខាងជើង។ ចាប់តាំងពីពេលនោះមក គាត់មិនមានកាយសម្បទាមួយរយភាគរយទៀតឡើយ។ បួនប្រាំឆ្នំាក្រោយមក ខ្ញុំក៏បានចាប់កំណើត ហើយពេលខ្ញុំនៅក្មេង ខ្ញុំមិនដែលដឹងថា គាត់ធ្លាប់ត្រូវរបួសឡើយ ទាល់តែមានគេប្រាប់ខ្ញុំ នៅពេលក្រោយមកទៀត។ ទោះបីជាជើងគាត់មានការឈឺចាប់ជាប់ជានិច្ចក៏ដោយ ក៏គាត់មិនដែលត្អូញត្អែរ ហើយក៏មិនដែលយកវាជាលេស ដើម្បីគេចចេញពីការចិញ្ចឹមគ្រួសារនោះឡើយ។
ឪពុកម្តាយខ្ញុំស្រឡាញ់ព្រះដ៏ជាព្រះសង្រ្គោះ ហើយបានចិញ្ចឹមអប់រំខ្ញុំ ឲ្យស្រឡាញ់ ទុកចិត្ត និងបម្រើទ្រង់។ ពួកគាត់បានទុកចិត្តព្រះ ខិតខំធ្វើការ ហើយស្រឡាញ់ដោយគ្មានលក្ខខ័ណ្ឌ ទោះជាស្ថិតក្នុងពេលដ៏ពិបាកយ៉ាងណាក្តី។ បទគម្ពីរសុភាសិត ១៤:២៦ បានចែងថា “មនុស្សដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះមានទីពឹងមាំមួន ហើយកូនចៅរបស់គេនឹងបានទីពំនាក់ដែរ”។ ឪពុករបស់ខ្ញុំបានបំពេញនូវកិច្ចការទាំងនេះឯង សម្រាប់ក្រុមគ្រួសារ។ ទោះគាត់ជួបទុក្ខលំបាកអ្វីក៏ដោយ គាត់នៅតែផ្តល់កន្លែងដ៏មានសុវត្ថិភាពសម្រាប់យើង ទាំងខាងវិញ្ញាណ ខាងផ្លូវអារម្មណ៍ និងផ្លូវកាយ។
ឪពុកម្តាយរបស់ខ្ញុំអាចផ្តល់ឲ្យនូវកន្លែងដ៏សុខសាន្ត សម្រាប់ក្រុមគ្រួសារ ដោយសារជំនួយមកពីព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ ដែលក្តីស្រឡាញ់ទ្រង់ មានភាពជ្រាលជ្រៅ ហើយស្ថិតស្ថេរអស់កល្បជានិច្ច។-Dave Branon