កាល​ពី​សម័យ​សង្រ្គាម​លោក​លើក​ទី​២ ឪពុក​របស់​ខ្ញុំ​បាន​រង​របួស​ជើង​យ៉ាង​ធ្ងន់​ធ្ងរ ដោយ​សារ​ត្រូវ​គ្រាប់​កំា​ភ្លើង ពេល​គាត់​ដឹក​នំា​ទ័ព វាយ​ដំណ្តើម​ទួល លេខ៦០៩ ក្នុង​តំបន់​អាហ្វ្រិក​ខាង​ជើង។ ចាប់​តាំង​ពី​ពេល​នោះ​មក  គាត់​មិន​មាន​កាយ​សម្បទា​មួយ​រយ​ភាគ​រយ​ទៀត​ឡើយ។ ​បួន​ប្រាំ​ឆ្នំា​ក្រោយ​មក ​ខ្ញុំ​ក៏​បាន​ចាប់​កំណើត ហើយ​ពេល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​មិន​ដែល​ដឹង​ថា គាត់​ធ្លាប់​ត្រូវ​របួស​ឡើយ ទាល់​តែ​មាន​គេ​ប្រាប់​ខ្ញុំ នៅ​ពេល​ក្រោយ​មក​ទៀត។​ ទោះ​បី​ជា​ជើង​គាត់​មាន​ការ​ឈឺ​ចាប់​ជាប់​ជា​និច្ច​ក៏​ដោយ ក៏​គាត់​មិន​ដែល​ត្អូញ​ត្អែរ ហើយ​ក៏​មិន​ដែល​យក​វា​ជា​លេស ដើម្បី​គេច​ចេញ​ពី​ការ​ចិញ្ចឹម​គ្រួសារ​នោះ​ឡើយ។

ឪពុក​ម្តាយ​ខ្ញុំ​ស្រឡាញ់​ព្រះ​ដ៏​ជា​ព្រះ​សង្រ្គោះ ហើយ​បាន​ចិញ្ចឹម​អប់​រំ​ខ្ញុំ ឲ្យ​ស្រឡាញ់ ទុក​ចិត្ត និង​បម្រើ​ទ្រង់។ ពួក​គាត់​បាន​ទុក​ចិត្ត​ព្រះ ខិត​ខំ​ធ្វើ​ការ ហើយ​ស្រឡាញ់​ដោយ​គ្មាន​លក្ខខ័ណ្ឌ ទោះ​ជា​ស្ថិត​ក្នុង​ពេល​ដ៏​ពិបាក​យ៉ាង​ណា​ក្តី។ បទ​គម្ពីរ​សុភាសិត ១៤:២៦ បាន​ចែង​ថា “មនុស្ស​ដែល​កោតខ្លាច​ដល់​ព្រះយេហូវ៉ា នោះ​មាន​ទី​ពឹង​មាំមួន ហើយ​កូន​ចៅ​របស់​គេ​នឹង​បាន​ទី​ពំនាក់​ដែរ”។ ឪពុក​របស់​ខ្ញុំ​បាន​បំពេញ​នូវ​កិច្ច​ការ​ទាំង​នេះ​ឯង សម្រាប់​ក្រុម​គ្រួសារ​។ ទោះ​គាត់​ជួប​ទុក្ខ​លំបាក​អ្វី​ក៏​ដោយ គាត់​នៅ​តែ​ផ្តល់​កន្លែង​ដ៏​មាន​សុវត្ថិ​ភាព​សម្រាប់​យើង ទាំង​ខាង​វិញ្ញាណ ខាង​ផ្លូវ​អារម្មណ៍ និង​ផ្លូវ​កាយ។

ឪពុក​ម្តាយ​របស់​ខ្ញុំ​អាច​ផ្តល់​ឲ្យ​នូវ​កន្លែង​ដ៏​សុខ​សាន្ត សម្រាប់​ក្រុម​គ្រួសារ ដោយ​សារ​ជំនួយ​មក​ពី​ព្រះ​វរ​បិតា ដែល​គង់​នៅ​ស្ថាន​សួគ៌ ដែល​ក្តី​ស្រឡាញ់​ទ្រង់ មាន​ភាព​ជ្រាលជ្រៅ ហើយ​ស្ថិត​ស្ថេរ​អស់​កល្ប​ជា​និច្ច។-Dave Branon