មាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​ទស្សនា​នៅ​សារៈមន្ទីរ​របស់​ចក្រ​ភព​អង់​គ្លេស។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​បាន​ឃើញ​នាឡិការ​ដែល​ដំណើរ​ការ​ដោយ​គ្រាប់​ឃ្លី​ដែក​ដែល​រមាល​ចុះ​ឡើង​ៗ ឥត​ឈប់​ឈរ។ គ្រាប់​ឃ្លី​ដែក​នោះ​រមាល​តាម​ចង្អូរ ​នៅ​លើ​បន្ទះ​ដែក​បះ​បើក​មួយ​បន្ទះ រហូត​ទៅប៉ះ​នឹង​គន្លឹះ​នៅ​ចុង​ម្ខាង​ទៀត។ បន្ទះ​ដែក​នោះ​ក៏​បះ​ឡើង នៅ​ចុង​ម្ខាង​ទៀត ធ្វើ​ឲ្យ​គ្រាប់​ឃ្លី​នោះ​រមាល​ធ្លាក់​មក​ខាង​នោះ​វិញ ហើយ​ធ្វើ​ឲ្យ​ទ្រនិច​នាឡិការ​ដើរ​បាន​មួយ​នាទី។ រៀង​រាល់​ឆ្នាំ គ្រាប់​ឃ្លី​ដែក​នោះ បាន​ធ្វើ​ដំណើរ​ចុះ​ឡើង​ៗ​ដដែល​ៗ ចម្ងាយ​សរុប ៤០២៣​គីឡូ​ម៉ែត្រ នៅ​លើ​បន្ទះ​ដែក​នោះ​ដដែល​ៗ មិន​ដែល​បាន​ទៅ​កន្លែង​ណា​ផ្សេងឡើយ។

យើង​ម្នាក់​ៗ​ងាយ​នឹង​មាន​អារម្មណ៍​ថា ជាប់​ខ្លួន​ទៅ​ណា​មិន​រួច ដោយ​សារ​សកម្ម​ភាព​ដដែល​ៗ​ប្រចាំ​ថ្ងៃ ដែល​ហាក់​ដូច​ជា​គ្មាន​អ្វីប្លែក ពេល​ដែល​យើង​មិន​អាច​មើល​ឃើញ​គោល​បំណង​ដែល​ធំ​ជាងនោះ។ សាវ័ក​ប៉ុល​មាន​ចិត្ត​ប្រាថ្នា​ចង់​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ប្រកាស​ដំណឹងល្អ នៃ​ព្រះគ្រីស្ទ។ គាត់​មាន​ប្រសាសន៍​ថា “បាន​ជា​ខ្ញុំ​ខំ​រត់​យ៉ាង​ដូច្នោះ មិន​មែន​បែប​ដូច​ជា​មិន​ស្គាល់​ផ្លូវ​ទេ ខ្ញុំ​ក៏​ខំ​ប្រដាល់​យ៉ាង​ដូច្នោះ​ដែរ មិន​មែន​ដូច​ជា​ដាល់​ខ្យល់​ទេ”(១កូរិនថូស ៩:២៦)។ កិច្ចការ​អ្វី​ក៏​អាច​មាន​ភាព​ច្រំដែល ដូច​ជា​ការ​ធ្វើ​ដំណើរ ការ​អធិ​ប្បាយ​ព្រះ​បន្ទូល ការ​បង្រៀន និង​ជា​ពិសេស គឺ​ការ​នៅ​ជាប់​ក្នុង​ពន្ធ​ធនាគា។​ តែ​សាវ័ក​ប៉ុល​ជឿ​ថា គាត់​អាច​បម្រើ​ព្រះ​គ្រីស្ទ ដែល​ជា​ព្រះ​អម្ចាស់ នៅ​គ្រប់​ស្ថាន​ភាព​ទាំង​អស់។

ការ​ធ្វើ​កិច្ច​ការ​ច្រំ​ដែល​ៗ អាច​នាំ​ឲ្យ​ស្លាប់​បាន​ នៅ​ពេល​ដែល​យើង​មិន​អាច​មើល​ឃើញ​គោលបំណង នៅ​ក្នុង​ការ​ធ្វើ​កិច្ច​ការ​នោះ។ សាវ័ក​ប៉ុល​មាន​ទស្សន​វិស័យ​ដែល​មើល​ឃើញ​គោល​បំណង ​ដោយ​ជម្នះ​កាលៈ​ទេសៈ​ដែល​លំបាក​លំបិន ព្រោះ​គាត់​កំពុង​ស្ថិត​ក្នុង​ការ​រត់​ប្រណាំង​នៃក្តី​ជំនឿ ដែល​ត្រូវ​បន្ត​រហូត​ដល់​ទី។ សាវ័ក​ប៉ុល​បាន​អនុញ្ញាត​ឲ្យ​ព្រះ​យេស៊ូវ​គង់​នៅ ក្នុង​គ្រប់​ផ្នែក​ទាំង​អស់​នៃ​ជីវិត​គាត់ ធ្វើ​ឲ្យ​គាត់​រក​ឃើញ​អត្ថ​ន័យ​នៃ​ជីវិត ទោះ​ជា​ត្រូវធ្វើកិច្ចការដដែលៗក៏ដោយ។ យើងក៏អាចធ្វើដូចគាត់ផងដែរ។-David McCasland