ការរ​ស់​នៅ​មាន​ការ​លំបាក សម្រាប់​អ្នក​ភូមិ​ទាំង​ឡាយ​ ដែល​រស់​នៅ​តំបន់​ភ្នំ ក្នុង​ខេត្ត​យូណាន​​នៃ​ប្រទេស​ចិន។ ប្រភព​អាហារ​ជា​ចម្បង​របស់​ពួកគេ​ គឺមាន​ពោត និង​ស្រូវ។ ប៉ុន្តែ នៅខែ​ ឧសភា​ឆ្នាំ​២០១២ មាន​គ្រោះ​រាំង​ស្ងួត​ដ៏​ធ្ងន់​ធ្ងរ​មួយ​បាន​វាយ​ប្រហារ​តំបន់​នោះ ហើយ​ដំណាំ​ទាំង​ឡាយ​ត្រូវ​ក្រៀម​ស្វិត។ មនុស្ស​គ្រប់​គ្នា​មាន​ការ​ខ្វល់​ខ្វាយ ហើយ​គេ​ក៏​បាន​ប្រារព្ធ​ធ្វើ​ពិធី​ផ្សេង​ៗ ​តាម​អបីយ​ជំនឿ ដើម្បី​បញ្ឈប់​គ្រោះ​រាំង​ស្ងួត​នោះ។ ទោះ​ពួក​គេ​ព្យាយាម​បុណ្យ​ស្រន់​យ៉ាង​ណា ក៏​មិន​ឃើញ​មាន​ភ្លៀង​ធ្លាក់​មក បាន​ជា​អ្នក​ភូមិ​ក៏​បាន​ចាប់​ផ្ដើម​ស្តី​បន្ទោស​ឲ្យ​គ្រីស្ទ​បរិស័ទ​ប្រាំ​នាក់ ​នៅ​ក្នុងភូមិ​នោះ​ថា ពួក​គេ​បាន​ធ្វើ​ឲ្យ​វិញ្ញាណ​ដូនតា​ខឹង​សម្បារ។

គ្រីស្ទ​បរិស័ទ​ទាំង​ប្រាំ​នាក់​នោះ​បាន​ជួប​ជុំ​គ្នា​អធិស្ឋាន។ មិន​យូរ​ប៉ុន្មាន មេឃ​ក៏​ប្រែ​ជា​ងងឹត ហើយ​ផ្គរ​លាន់​ក៏​បន្លឺ​ឡើង។ ភ្លៀង​មួយ​មេ​ធំ​បាន​បង្អុរ​ធ្លាក់​ចុះ​មក ចាប់​តាំង​ពី​ថ្ងៃ​រសៀល​រហូត​ដល់​ពេញ​មួយ​យប់។ ដំណាំ​ទាំង​ប៉ុន្មាន​ក៏ត្រូវ​បាន​ស្រោច​ស្រង់! ទោះ​បី​ជា​អ្នក​ភូមិ​ភាគ​ច្រើន​មិន​ជឿ​ថា ​ព្រះ​ទ្រង់​បាន​បង្អុរ​ភ្លៀង​ឲ្យ​ធ្លាក់​ចុះ​មក​ក្ដី ក៏​មាន​អ្នក​ដទៃ​ទៀត​បាន​ជឿ​ថា​ ទ្រង់​ពិត​ជា​បាន​ប្រទាន​ទឹក​ភ្លៀង​មែន ហើយ​ក៏​មាន​ចិត្ត​ចង់​ស្វែង​យល់​បន្ថែម​អំពី​ព្រះយេស៊ូវ។

នៅ​ក្នុង​ព្រះ​គម្ពីរ ១ពង្សាវតាក្សត្រ ជំពូក១៧ និង១៨ យើង​ឃើញ​ថា ​មាន​គ្រោះ​រាំង​ស្ងួត​ដ៏​ធ្ងន់​ធ្ងរ​មួយ​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល។ ប៉ុន្តែ​ ក្នុង​ករណី​នោះ យើង​ដឹង​ថា គ្រោះ​រាំង​ស្ងួត​នោះ​គឺ​ជា​ការ​ជំនុំ​ជំរះ​របស់​ព្រះ មក​លើ​រាស្រ្ត​របស់​ទ្រង់(១៧:១)។ កាល​នោះ ពួក​គេ​បាន​ចាប់​ផ្ដើម​នាំ​គ្នា​ថ្វាយ​បង្គំ​ព្រះ​បាល ដែល​ជា​ព្រះ​របស់​ពួក​សាសន៍​កាណាន ដោយ​មាន​ជំនឿ​ថា ​ព្រះ​មួយ​អង្គ​នេះ​អាច​ចាត់​ឲ្យ​មាន​ភ្លៀង​ស្រោច​ស្រប់​ផល​ដំណាំ​របស់​ពួក​គេ។ ក្រោយ​មក ព្រះ​ទ្រង់​ក៏​បាន​ប្រើ​លោក​អេលីយ៉ា​ដែល​ជា​ហោរា​របស់​ទ្រង់ ឲ្យ​បង្ហាញ​ឲ្យ​មនុស្ស​គ្រប់​គ្នា​បាន​ដឹង​ច្បាស់​ថា ព្រះ​អង្គ​គឺ​ជា​ព្រះ​ពិត​តែ​១​អង្គ​គត់ ដែល​អាច​សម្រេច ថា​តើ​ភ្លៀង​ត្រូវ​ធ្លាក់​នៅ​ពេល​ណា។

ព្រះ​ដ៏​មាន​គ្រប់​អំណាច​ចេស្ដា​នៃ​យើង សព្វ​ព្រះ​ហឫ​ទ័យ​ព្រះ​សណ្ដាប់​នូវ​ការ​អធិ​ស្ឋាន​របស់​​យើង និង​ឆ្លើយ​តប​ពាក្យ​ទូល​អង្វរ​របស់​យើង​ផង​ដែរ។ ហើយ​ទោះ​បី​ជា​យើង​មិន​យល់​អំពី​ពេល​វេលា និង​បំណង​ព្រះ​ហឫ​ទ័យ​របស់​ទ្រង់ ​ឲ្យ​បាន​គ្រប់​ពេល​ក៏​ដោយ ក៏​ទ្រង់​តែង​តែ​ឆ្លើយ​តប​មក​កាន់​​យើង ​ដោយ​ចម្លើយ​ដ៏​ល្អ​បំផុត សម្រាប់​ជីវិត​របស់​យើង។-POH FANG CHIA