ពេលដែលលោកបប់ ប៊តមែន(Bob Boardman) ដែលជាមិត្តភក្តិខ្ញុំ មានអាយុ៥៩ឆ្នាំ គាត់បានសរសេរថា “ប្រសិនបើរយៈពេល៧០ឆ្នាំ នៃអាយុរបស់មនុស្ស ត្រូវបានបង្រួមឲ្យមកនៅត្រឹមរយៈពេលមួយថ្ងៃ ដែលមាន២៤ម៉ោង គិតមកដល់ឆ្នាំនេះ គឺខ្ញុំកំពុងរស់នៅក្នុងម៉ោង៨:៣០ ល្ងាចនៃជីវិតរបស់ខ្ញុំ . . . ។ ពេលវេលាកន្លងផុតទៅលឿនណាស់”។
ដោយសារមនុស្សយើងពិបាក នៅក្នុងការទទួលស្គាល់ថា ពេលវេលានៃជីវិតយើងនៅលើផែនដីនេះមានកំណត់ គេក៏បានច្នៃបង្កើតនាឡិកាដៃ “ធិកគ័រ(Tikker)” ដែលអាចប្រាប់ម៉ោង និងរាប់ចំនួនអាយុរបស់អ្នក ហើយថែមទំាងរាប់ពេលវេលានៃជីវិតរបស់អ្នក ដែលនៅសល់។ នៅក្នុងការផ្សាយពាណិជ្ជកម្មរបស់នាឡិកានេះ គេបានហៅវាថា នាឡិការ“ដែលរាប់ថយក្រោយនូវពេលវេលានៃជីវិតអ្នក ដែលនៅសល់ ដើម្បីឲ្យអ្នកអាចប្រើប្រាស់ពេលគ្រប់វិនាទី ឲ្យមានតម្លៃ។”
នៅក្នុងបទគម្ពីរទំនុកដំកើង ជំពូក៣៩ ស្ដេចដាវីឌបានជញ្ជឹងគិត អំពីភាពផុយស្រួយនៃព្រះជន្មរបស់ទ្រង់ ដោយបានមានបន្ទូលថា “ឱព្រះយេហូវ៉ាអើយ សូមឲ្យទូលបង្គំដឹងពីចុងបំផុតនៃទូលបង្គំ ហើយពីចំនួនថ្ងៃអាយុនៃទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានដឹងជាមានជីវិតស្រួយអម្បាលម៉ានទៅ”(ខ.៤)។ ទ្រង់ក៏បានពិពណ៌នាថា ព្រះជន្មរបស់ទ្រង់ មិនវែងជាងមួយចំអាមផង គឺបានតែមួយភ្លែតនៅចំពោះព្រះ ហើយស្មើនឹងខ្យល់មួយដង្ហើមប៉ុណ្ណោះ(ខ.៥)។ រួចទ្រង់ក៏បានសន្និដ្ឋានថា “ឥឡូវនេះ ឱព្រះអម្ចាស់អើយ តើទូលបង្គំនៅរង់ចាំអ្វីទៀត ដ្បិតទូលបង្គំសង្ឃឹមដល់ទ្រង់តែ១ប៉ុណ្ណោះ” (ខ ៧)។
នាឡិកាកំពុងដើរម្តងមួយវិនាទីៗទៅមុខជានិច្ច។ ពេលនេះ គឺជាពេលដែលត្រូវស្វែងរកព្រះចេស្ដារបស់ព្រះ ដើម្បីជួយយើងឲ្យក្លាយជាមនុស្សដែលទ្រង់សព្វព្រះហឫទ័យ។ ការរកឃើញក្ដីសង្ឃឹម នៅក្នុងព្រះដ៏អស់កល្បនៃយើង នាំឲ្យជីវិតយើងមានន័យ។-DAVID MCCASLAND