ពេល​ល្ងាច​ថ្ងៃ​មួយ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ ​បាន​យក​ស្លាក​មួយ ក្នុង​ចំណោម​ស្លាក​ទាំង​បី​សម្រាប់​តុប​តែង​ មក​បង្ហាញ​ខ្ញុំ ដែល​គាត់​នឹង​ប្រើ​សម្រាប់​ការ​តុប​តែង​លម្អរ​បន្ទប់​ទទួល​​ភ្ញៀវ​របស់​គាត់។ នៅ​លើ​ស្លាក​នោះ មាន​សរសេរ​អក្សរ​ថា “បន្ទាប់​ពី​សេចក្តី​ជំនឿ គឺ​មាន​សេចក្តី​សង្ឃឹម”។ គាត់​បាន​កាន់​ស្លាក​បណ្តើរ ហើយ​ប្រាប់​ខ្ញុំ​បណ្តើរ​ថា “ឃើញ​ទេ ខ្ញុំ​មាន សេចក្ដី​ស្រឡាញ់ ​រួច​ហើយ”។

ខ្ញុំ​ក៏​បាន​គិត​ក្នុង​ចិត្ត​ថា ដូច្នេះ​ យើង​ត្រូវ​មាន សេចក្ដី​ស្រឡាញ់​ ជា​មុន។ រួច​មិន​យូរ​ប៉ុន្មាន សេចក្តី​ជំនឿ និង​សេចក្តី​សង្ឃឹម​នឹង​មក​តាម​ក្រោយ!

សេចក្តី​ស្រឡាញ់​ពិត​ជា​នៅ​ខាង​មុខ​គេ​មែន។ តាម​ការ​ពិត​ទៅ ​សេចក្តី​ស្រឡាញ់​មាន​ដើម​កំណើត​   នៅ​ក្នុង​ព្រះ​   តាំង​ពី​ដើម​រៀង​មក។ បទ​គម្ពីរ ១យ៉ូហាន ៤:១៩ បាន​រំឭក​យើង​ថា “យើង​ស្រឡាញ់​ព្រះ ពី​ព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន”។ ​បទ​គម្ពីរ ១កូរិនថូស ជំពូក ១៣ (ដែល​គេ​ហៅ​ថា​ “ជំពូក​នៃ​សេចក្តី​ស្រឡាញ់”) បាន​បក​ស្រាយ​អំពី​លក្ខណៈ​ដ៏​ពិត​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ គឺ​ដូច​ដែល​បាន​ចែង​មក​ថា “សេចក្តី​ស្រឡាញ់​មិន​ចេះ​ផុត​ឡើយ”(ខ.៨)។

សេចក្តី​ជំនឿ និង​សេចក្តី​សង្ឃឹម មាន​សារៈ​សំខាន់​ចំពោះ​គ្រីស្ទ​បរិស័ទ​ណាស់។ ​ ​ដោយ​សារ​យើង​រាល់​គ្នា​បាន​រាប់​ជា​សុចរិត ដោយ​ព្រោះ​សេចក្តី​ជំនឿ នោះ “​យើង​បាន​ជា​មេត្រី​នឹង​ព្រះ ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា​”(រ៉ូម ៥:១)។ ចំណែក​ឯ សេចក្ដី​សង្ឃឹម ដែល​មាន​ចែង​ទុក​ ក្នុង​បទ​គម្ពីរ​ហេព្រើរ ៦:១៩ ​ ជា​ “យុថ្កា​នៃ​ព្រលឹង​ ដ៏​ជាប់​លាប់ ​មាំ​មួន”។

ថ្ងៃ​មួយ គ្រីស្ទ​បរិស័ទ​នឹង​លែង​ត្រូវ​ការ​សេចក្តី​ជំនឿ និង​សេចក្តី​សង្ឃឹម​ទៀត​ហើយ។ ព្រោះ​នៅ​ស្ថាន​សួគ៌ យើង​នឹង​បាន​ឃើញ​ព្រះ​យេស៊ូវ ហើយ​សេចក្តី​សង្ឃឹម​របស់​យើង​នឹង​បាន​ក្លាយ​ជា​ការ​ពិត ​នៅ​ពេល​ដែល​យើង​បាន​ជួប​ព្រះ​អង្គ​សង្រ្គោះ​នៃ​យើង​ មុខ​ទល់​នឹង​មុខ។ ប៉ុន្តែ សេចក្តី​ស្រឡាញ់​ស្ថិត​ស្ថេរ​នៅ​អស់​កល្ប​ជា​និច្ច ពីព្រោះ​ព្រះ​ទ្រង់​ជា​សេចក្តី​ស្រឡាញ់(១យ៉ូហាន ៤:៧-៨)។ “ឥឡូវ​នេះ នៅ​មាន​សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម នឹង​សេចក្ដី​ស្រឡាញ់​ទាំង​៣​មុខ​នេះ តែ​សេចក្ដី​ដែល​វិសេស​ជាង​គេ គឺ​ជា​សេចក្ដី​ស្រឡាញ់”(១កូរិនថូស ១៣:១៣)។ សេចក្តី​ស្រឡាញ់​ជា​ដើម និងជា​ចុង។-CINDY HESS KASPER