មានរឿងនិទានបុរាណមួយ របស់ជនជាតិដើមអាមេរិកបានដំណាលថា គេបានឲ្យក្មេងប្រុសម្នាក់ ដើរចូលក្នុងព្រៃតែម្នាក់ឯង នៅពេលយប់នារដូវលំហើយ ដើម្បីបង្ហាញថា គាត់ជាអ្នកក្លាហាន។ មិនយូរប៉ុន្មាន ផ្ទៃមេឃក៏ចាប់ផ្ដើមងងឹត ហើយសម្លេងធម្មជាតិនៃរាត្រីងងឹត ក៏បានលាន់ឮពេញអាកាស។ ដើមឈើទាំងឡាយបានបញ្ចេញសូរក្រេតក្រតៗ និងថ្ងួចថ្ងូររងំ សត្វទីទុយយំរងោចៗ ហើយឆ្កែព្រៃខៃយ៉ូទីក៏លូរលាន់គ្រលួចទៀត។ ថ្វីដ្បិតតែគាត់មានការភ័យខ្លាចក៏ដោយ ក៏គាត់បាននៅក្នុងព្រៃអស់ពេញមួយយប់ ដើម្បីល្បងលសេចក្តីក្លាហាន។ នៅទីបញ្ចប់ ពេលព្រឹកព្រលឹមក៏ចូលមកដល់ គាត់ក៏បានឃើញមនុស្សម្នាក់នៅក្បែរគាត់។ អ្នកនោះគឺជាជីតារបស់គាត់ ដែលបានតាមឃ្លាំមើលគាត់អស់ពេលពេញមួយយប់។
នៅពេលលោកម៉ូសេចូលទៅក្នុងទីរហោស្ថានកាន់តែជ្រៅ គាត់ក៏បានឃើញគុម្ពបន្លាមួយ ដែលកំពុងឆេះ តែមិនចេះសុះ។ បន្ទាប់មក ព្រះទ្រង់ក៏បានចាប់ផ្ដើមមានព្រះបន្ទូល មកកាន់គាត់ ចេញពីគុម្ពបន្លានោះ ដោយបង្គាប់ឲ្យគាត់ ត្រឡប់ទៅស្រុកអេស៊ីព្ទវិញ ដើម្បីដឹកនាំពួកកូនចៅអ៊ីសា្រអែល ចេញពីភាពជាទាសករដ៏ព្រៃផ្សៃ ហើយមានសេរីភាព។ ដោយក្ដីស្ទាក់ស្ទើរ លោកម៉ូសេបានចាប់ផ្ដើមទូលសួរទ្រង់ថា “តើទូលបង្គំជានរណាដែលគួរទៅយ៉ាងដូច្នេះ?”
ព្រះទ្រង់គ្រាន់តែឆ្លើយថា ទ្រង់នឹងនៅជាមួយគាត់។
រួចគាត់ទូលព្រះអម្ចាស់ទៀតថា “ឧបមា ទូលបង្គំនិយាយប្រាប់ពួកគេថា «ព្រះនៃពួកព្ធយុកោរបស់អ្នករាល់គ្នាបានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា» រួចពួកគេសួរទូលបង្គំវិញថា «ព្រះអង្គនោះមានព្រះនាមអ្វី?» តើត្រូវឲ្យទូលបង្គំប្រាប់ពួកគេថាដូចម្ដេចវិញ?”
ព្រះទ្រង់មានព្រះបន្ទូលតបថា “អញជាព្រះដ៏ជាព្រះ . . . [ចូរប្រាប់ពួកគេថា] «គឺអញ ដែលបានចាត់ឲ្យឯងទៅឯពួកគេ»” (និក្ខមនំ ៣:១១-១៤)។ ឃ្លាថា «អញជាព្រះដ៏ជាព្រះ» គឺអាចប្រែមកថា “ព្រះទ្រង់ឥឡូវនេះយ៉ាងម៉េច ទៅមុខទៀតក៏នៅតែអីចឹងដដែល” បានសេចក្តីថា ព្រះទ្រង់មានលក្ខណៈសម្បត្តិ ដែលស្ថិតស្ថេរអស់កល្ប និងមានភាពគ្រប់គ្រាន់ជានិច្ច។
ព្រះទ្រង់បានសន្យាថា នឹងគង់នៅជាមួយនឹងអ្នកណា ដែលជឿលើអង្គព្រះយេស៊ូវ ហើយមិនដែលយាងចេញពីពួកគេឡើយ។ ទោះយប់មានភាពងងឹតអន្ធកាលយ៉ាងណា ព្រះដែលមនុស្សមើលមិនឃើញ នៅតែប្រុងចាំជួយបំពេញតម្រូវការរបស់យើង យ៉ាងត្រឹមត្រូវគ្រប់ពេលវេលាជានិច្ច។-DAVE EGNER