មាន​រឿង​និទាន​បុរាណ​មួយ របស់​ជន​ជាតិ​ដើម​អាមេរិក​បាន​ដំណាល​ថា គេ​បាន​ឲ្យ​ក្មេង​ប្រុស​ម្នាក់​ ដើរ​ចូល​ក្នុង​ព្រៃ​តែ​ម្នាក់​ឯង នៅ​ពេល​យប់​នា​រដូវ​លំ​ហើយ ដើម្បី​បង្ហាញ​ថា គាត់​ជា​អ្នក​ក្លា​ហាន​។ មិន​យូរ​ប៉ុន្មាន ផ្ទៃ​មេឃ​ក៏​ចាប់​ផ្ដើម​ងងឹត ហើយ​សម្លេង​ធម្ម​ជាតិ​នៃ​រាត្រី​ងងឹត ​ក៏​បាន​លាន់​ឮ​ពេញ​អាកាស។ ដើម​ឈើ​ទាំង​ឡាយ​បាន​បញ្ចេញ​សូរ​ក្រេត​ក្រត​ៗ និង​ថ្ងួច​ថ្ងូ​ររងំ សត្វ​ទីទុយ​យំ​រងោច​ៗ ហើយ​ឆ្កែ​ព្រៃ​ខៃយ៉ូទី​ក៏​លូរ​លាន់​គ្រលួច​ទៀត។ ថ្វី​ដ្បិត​តែ​គាត់​មាន​ការ​ភ័យ​ខ្លាច​​ក៏ដោយ ក៏​គាត់​បាន​នៅ​ក្នុង​ព្រៃ​អស់​ពេញ​មួយ​យប់ ដើម្បី​ល្បង​ល​សេចក្តី​ក្លា​ហាន​។ នៅ​ទី​បញ្ចប់​ ពេល​ព្រឹក​ព្រលឹម​ក៏​ចូល​មក​ដល់ ​គាត់​ក៏​បាន​ឃើញ​មនុស្ស​ម្នាក់​នៅ​ក្បែរ​គាត់​។ អ្នក​នោះ​គឺ​ជា​ជីតា​របស់​គាត់​ ដែល​បាន​តាម​ឃ្លាំ​មើល​គាត់​​អស់​ពេល​ពេញ​មួយ​យប់។

នៅ​ពេល​លោក​ម៉ូសេ​ចូល​ទៅ​ក្នុង​ទីរហោ​ស្ថាន​កាន់​តែ​ជ្រៅ គាត់​ក៏​បាន​ឃើញ​គុម្ព​បន្លា​មួយ ​ដែល​កំពុង​ឆេះ តែ​មិន​ចេះ​សុះ។ បន្ទាប់​មក ព្រះ​ទ្រង់​ក៏​បាន​ចាប់​ផ្ដើម​មាន​ព្រះ​បន្ទូល​ មក​កាន់​គាត់ ​​ចេញ​ពី​គុម្ព​បន្លា​នោះ ដោយ​បង្គាប់​ឲ្យ​គាត់​ ​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ ដើម្បី​ដឹក​នាំ​ពួក​កូន​ចៅ​អ៊ីសា្រ​អែល ​ចេញ​ពី​ភាព​ជា​ទាសករ​ដ៏​ព្រៃ​ផ្សៃ ហើយ​មាន​សេរី​ភាព។ ដោយ​ក្ដី​ស្ទាក់​ស្ទើរ លោក​ម៉ូសេ​បាន​ចាប់​ផ្ដើម​ទូល​សួរ​ទ្រង់​ថា “តើ​ទូល​បង្គំ​ជា​នរណា​ដែល​គួរ​ទៅ​យ៉ាង​ដូច្នេះ?”

ព្រះ​ទ្រង់​គ្រាន់​តែ​ឆ្លើយ​ថា ទ្រង់​នឹង​នៅ​ជា​មួយ​គាត់។

រួច​គាត់​ទូល​ព្រះ​អម្ចាស់​ទៀត​ថា “ឧបមា ទូល​បង្គំ​និយាយ​ប្រាប់​ពួក​គេ​ថា «ព្រះ​នៃ​ពួក​ព្ធយុកោ​របស់​អ្នក​រាល់​គ្នា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា» រួច​ពួក​គេ​សួរ​ទូល​បង្គំ​វិញ​ថា «ព្រះ​អង្គ​នោះ​មាន​ព្រះ​នាម​អ្វី?» តើ​ត្រូវ​ឲ្យ​ទូល​បង្គំ​ប្រាប់​ពួក​គេ​ថា​ដូច​ម្ដេច​វិញ?”

ព្រះ​ទ្រង់​មាន​ព្រះ​បន្ទូល​តប​ថា “អញ​ជា​ព្រះ​ដ៏​ជា​ព្រះ . . . [ចូរ​ប្រាប់​ពួក​គេ​ថា] «គឺ​អញ ដែល​​បាន​ចាត់​ឲ្យ​ឯង​ទៅ​ឯ​ពួក​គេ»” (និក្ខមនំ ៣:១១-១៤)។ ឃ្លា​ថា «អញ​ជា​ព្រះ​ដ៏​ជា​ព្រះ» គឺ​អាច​ប្រែ​មក​ថា “ព្រះ​ទ្រង់​ឥឡូវ​នេះ​យ៉ាង​ម៉េច ទៅ​មុខ​ទៀត​ក៏​នៅ​តែ​អី​ចឹង​ដដែល” បាន​សេចក្តី​ថា ព្រះ​ទ្រង់​មាន​លក្ខណៈ​សម្បត្តិ ដែល​ស្ថិត​ស្ថេរ​អស់​កល្ប និង​មាន​ភាព​គ្រប់​គ្រាន់​ជា​និច្ច។

ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​គង់​នៅ​ជា​មួយ​នឹង​អ្នក​ណា ​ដែល​ជឿ​លើ​អង្គ​ព្រះ​យេស៊ូវ​ ហើយ​មិន​ដែល​យាង​ចេញ​ពី​ពួក​គេ​ឡើយ។ ទោះ​យប់​មាន​ភាព​ងងឹត​អន្ធ​កាល​យ៉ាង​ណា ព្រះ​ដែល​មនុស្ស​មើល​មិន​ឃើញ នៅ​តែ​ប្រុង​ចាំ​ជួយ​បំពេញ​តម្រូវ​ការ​របស់​យើង យ៉ាង​ត្រឹម​ត្រូវ​គ្រប់​ពេល​វេលា​ជានិច្ច។-DAVE EGNER