កាល​កូន​ស្រី​របស់​ខ្ញុំ​មាន​អាយុ​១៥ឆ្នាំ នាង​បាន​រត់​ចេញ​ពី​ផ្ទះ។ នាង​បាត់​ខ្លួន​ អស់​រយៈ​ពេល​​ជាង​៣​សប្តាហ៍។ រយៈ​ពេល​៣​សប្តាហ៍​នោះ ជា​រយៈ​ពេល​ដែល​មាន​ការ​ពិបាក​យូរ​បំផុត​នៅ​ក្នុង​ជីវិត​គ្រួសារ​ខ្ញុំ។ យើង​ខំ​ស្វែង​រក​នាង​គ្រប់​ទី​កន្លែង ហើយ​ក៏​បាន​ស្វែង​រក​ជំនួយ​ ពី​អាជ្ញា​ធរ ​និង​មិត្ត​ភក្ដិ​ផង។ ក្នុង​អំឡុង​ពេល​ដ៏​អស់​សង្ឃឹម​នោះ ខ្ញុំ​និង​ប្រពន្ធ​របស់​ខ្ញុំ បាន​រៀន​អំពី​សារៈ​សំខាន់​​នៃ​ការ​រង់​ចាំ​ព្រះ​ ក្នុង​ការ​អធិ​ស្ឋាន។ ពួក​យើង​បាន​ប្រើ​កម្លាំង និង​ធន​ធាន​អស់​ពី​សមត្ថ​ភាព​ហើយ។ យើង​មាន​តែ​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ​ប៉ុណ្ណោះ។

ក្នុង​ឱកាស​ទិវា​នៃ​លោក​ឪពុក យើង​ក៏​បាន​រក​ឃើញ​នាង។ កាល​នោះ យើង​នៅ​កន្លែង​ចំណត​រថ​យន្ត​របស់​ភោជនីយ​ដ្ឋាន​មួយ កំពុង​រៀប​ចំ​ខ្លួន​ទៅ​ទទួល​ទាន​អាហារ​ពេល​ល្ងាច ហើយ​យើង​ក៏​បានឮ​ទូរស័ព្ទ​រោទិ៍​ឡើង។ អ្នក​រត់​តុ​ម្នាក់ ក្នុង​ភោជ​នីយ​ដ្ឋាន​ផ្សេង​ទៀត​ បាន​ប្រទះ​ឃើញ​នាង។ កូនស្រី​របស់​យើង​កំពុង​នៅ​ចម្ងាយ ពីរ​បី​ផ្លូវពី​ពួក​យើង​ប៉ុណ្ណោះ។ មិន​យូរ​ប៉ុន្មាន យើង​ក៏​បាន​នាំ​នាង​មក​ដល់​ផ្ទះវិញ​ ដោយ​សុវត្ថិ​ភាព។

យើង​ត្រូវ​តែ​រង់​ចាំ​ព្រះ​ឆ្លើយ​តប      នៅ​ពេល​ដែល​យើង​អធិស្ឋាន។ យើង​ប្រហែល​មិន​ដឹង​ថា ​ព្រះ​អង្គ​នឹង​ឆ្លើយ​តប​ ​ដោយ​របៀប​ណា និង​នៅ​ពេល​ណា​ទេ ប៉ុន្តែ ​យើង​អាច​ដាក់​ចិត្ត​រង់​ចាំ​ទ្រង់​ជា​និច្ច។ ពេល​ខ្លះ យើង​មិន​បាន​ទទួល​ចម្លើយ​ ចំ​ពេល​ដែល​យើង​ចង់​បាន​នោះ​ទេ។ បញ្ហា​អាច​ប្រែ​ជា​ធ្ងន់ទៅ​ៗ​ក៏​មាន។ ប៉ុន្តែ យើង​ត្រូវ​តែ​បន្ត​អត់​ធ្មត់​ទ្រាំ​ទ្រ ហើយ​បន្ត​មាន​ជំនឿ ព្រម​ទាំង​បន្ត​ទូល​អង្វរ​ជា​និច្ច។

ការ​រង់​ចាំ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ប៉ុន្តែ​ លទ្ធ​ផល​ចុង​ក្រោយ គឺ​សក្តិ​សម​នឹង​ឲ្យ​យើង​រង់ចាំ​ ទោះ​លទ្ធ​ផល​នោះ​មាន​លក្ខណៈ​ដូច​ម្តេច​ក៏​ដោយ។ ស្ដេច​ដាវីឌ​មាន​បន្ទូល​យ៉ាង​ដូច្នេះ​ថា “ឯ​អស់​អ្នក​ដែល​ស្គាល់​ព្រះ​នាម​ទ្រង់ គេ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់ ដ្បិត ឱ​ព្រះ​យេហូវ៉ា​អើយ ទ្រង់​មិន​បាន​បោះ​បង់​ចោល​ពួក​អ្នក ដែល​ស្វែង​រក​ទ្រង់​ឡើយ” (ទំនុកដំកើង ៩:១០)។ ចូរ​បន្ត​ស្វែង​រក ចូរ​បន្ត​ទុក​ចិត្ត ចូរ​បន្ត​ទូល​សូម ចូរ​បន្ត​អធិស្ឋាន​ជា​និច្ច។-JAMES BANKS